លោកុប្បត្តិ 42:29-38

លោកុប្បត្តិ 42:29-38 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

កាល​គេ​បាន​មក​ជួប​លោក​យ៉ាកុប ជា​ឪពុក​នៅ​ស្រុក​កាណាន​ហើយ គេ​ក៏​រៀប​រាប់​ប្រាប់​លោក​ពី​គ្រប់​ទាំង​ហេតុ‌ការណ៍​ដែល​បាន​កើត​មាន​ដល់​គេ​ថា៖ «លោក​ដែល​ជា​ចៅ‌ហ្វាយ​នៅ​ស្រុក​នោះ បាន​និយាយ​មក​យើង​ដោយ​តឹង‌រ៉ឹង​ណាស់ ហើយ​ចោទ​ថា​យើង​ជា​អ្នក​ស៊ើប‌ការណ៍​ស្រុក​នោះ។ ប៉ុន្ដែ យើង​ខ្ញុំ​បាន​ជម្រាប​លោក​ថា "យើង​ខ្ញុំ​ជា​មនុស្ស​ទៀង​ត្រង់ មិន​មែន​ជា​អ្នក​សង្កេត​ការណ៍​ទេ។ យើង​ខ្ញុំ​មាន​បង‌ប្អូន​ដប់ពីរ​នាក់ ជា​កូន​របស់​ឪពុក​តែ​មួយ កូន​មួយ​មិន​នៅ​ទៀត​ទេ រី​ឯ​កូន​ពៅ សព្វ‌ថ្ងៃ​នេះ​នៅ​ជា‌មួយ​ឪពុក​របស់​យើង​ខ្ញុំ នៅ​ស្រុក​កាណាន"។ ពេល​នោះ លោក​ដែល​ជា​ចៅ‌ហ្វាយ​នៃ​ស្រុក​នោះ មាន​ប្រសាសន៍​មក​យើង​ខ្ញុំ​ថា "ធ្វើ​យ៉ាង​នេះ​ទើប​ខ្ញុំ​ដឹង​ថា ឯង​រាល់​គ្នា​ជា​មនុស្ស​ទៀង​ត្រង់ គឺ​ត្រូវ​ទុក​បង‌ប្អូន​ពួក​ឯង​ម្នាក់​ឲ្យ​នៅ​ជាមួយ​ខ្ញុំ រួច​យក​ស្រូវ​សម្រាប់​ក្រុម​គ្រួសារ​ឯង​រាល់​គ្នា​ដែល​អត់​ឃ្លាន​នោះ ហើយ​ចេញ​ទៅ។ ត្រូវ​នាំ​យក​ប្អូន​ពៅ​ពួក​ឯង​មក​ជួប​ខ្ញុំ នោះ​ខ្ញុំ​នឹង​ដឹង​ថា ឯង​រាល់​គ្នា​មិន​មែន​ជា​អ្នក​ស៊ើប‌ការណ៍​ទេ គឺ​ជា​មនុស្ស​ទៀង​ត្រង់​មែន។ បន្ទាប់​មក ខ្ញុំ​នឹង​ដោះ​លែង​បង‌ប្អូន​របស់​ពួក​ឯង​ម្នាក់​នេះ​ដល់​ឯង​វិញ ដើម្បី​ឲ្យ​ឯង​រាល់​គ្នា​បាន​រក​ស៊ី​លក់​ដូរ​ក្នុង​ស្រុក​នេះ"»។ កាល​គេ​បាន​ចាក់​ស្រូវ​ចេញ​ពី​បាវ ម្នាក់​ៗ​បាន​ឃើញ​កញ្ចប់​ប្រាក់​របស់​គេ​រៀង​ៗខ្លួន​នៅ​ក្នុង​បាវ។ កាល​គេ​ឃើញ​កញ្ចប់​ប្រាក់​ទាំង​នោះ ពួក‌គេ និង​ឪពុក មាន​ចិត្ត​ភ័យ​ញ័រ​ជា​ខ្លាំង។ លោក​យ៉ាកុប​ជា​ឪពុក​មាន​ប្រសាសន៍​ថា៖ «ឯង​រាល់​គ្នា​បាន​ធ្វើ​ឲ្យ​ពុក​បាត់​កូន​អស់​ហើយ គឺ​យ៉ូសែប​មិន​នៅ ហើយ​ស៊ីម្មាន​ក៏​មិន​នៅ​ដែរ ឥឡូវ​នេះ ឯង​ចង់​យក​បេនយ៉ាមីន​ទៅ​ទៀត! ការ​ទាំង​នេះ​បាន​មក​ទាស់​នឹង​ពុក​ហើយ»។ ពេល​នោះ រូបេន​ឆ្លើយ​ទៅ​ឪពុក​ថា៖ «បើ​ខ្ញុំ​មិន​នាំ​វា​មក​ជួប​លោក​ឪពុក​វិញ​ទេ សូម​សម្លាប់​កូន​ប្រុស​របស់​ខ្ញុំ​ទាំង​ពីរ​ចុះ សូម​ឲ្យ​វា​មក​ខ្ញុំ ខ្ញុំ​នឹង​នាំ​វា​មក​ជូន​លោក​ឪពុក​វិញ​មិន​ខាន»។ ប៉ុន្ដែ លោក​យ៉ាកុប​ប្រកែក​ថា៖ «ពុក​មិន​ឲ្យ​កូន​ពៅ​របស់​ឪពុក​ចុះ​ទៅ​ជា‌មួយ​ឯង​រាល់​គ្នា​ទេ ដ្បិត​បង​វា​ស្លាប់​ទៅ​ហើយ នៅ​សល់​តែ​ម្នាក់​ឯង​ប៉ុណ្ណោះ បើ​កាល​ណា​វា​កើត​មាន​គ្រោះ​ថ្នាក់​អ្វី​តាម​ផ្លូវ​ដែល​ឯង​ទៅ នោះ​ឯង​រាល់​គ្នា​នឹង​នាំ​ឲ្យ​សក់​ស្កូវ​របស់​ពុក ចុះ​ទៅ​ដល់​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ទាំង​ទុក្ខ​ព្រួយ​មិន​ខាន»។

លោកុប្បត្តិ 42:29-38 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

លុះ​គេ​ទៅ​ដល់​យ៉ាកុប​ជា​ឪពុក​នៅ​ស្រុក​កាណាន​ហើយ នោះ​ក៏​រ៉ាយ‌រ៉ាប់​ជំរាប​គាត់​ពី​គ្រប់​ទាំង​ការ​ដែល​បាន​កើត​ឡើង​ដល់​គេ​ថា អ្នក​ដែល​ជា​ចៅហ្វាយ​នៅ​ស្រុក​នោះ លោក​បាន​និយាយ​មក​យើង​ដោយ​តឹង‌រ៉ឹង​ណាស់ ហើយ​បាន​ទុក​យើង​ជា​ពួក​លប​សង្កេត​ស្រុក យើង​ខ្ញុំ​បាន​ជំរាប​លោក​ថា យើង​ខ្ញុំ​ជា​មនុស្ស​ទៀង​ត្រង់ មិន​មែន​ជា​ពួក​លប​សង្កេត​ស្រុក​ទេ ហើយ​ថា យើង​ខ្ញុំ​មាន​បង​ប្អូន​១២​នាក់​ជា​កូន​នៃ​ឪពុក​តែ​១ កូន​១​មិន​នៅ​ទៀត​ទេ ហើយ​កូន​ពៅ​វា​នៅ​ជា​មួយ​នឹង​ឪពុក​របស់​យើង​ខ្ញុំ នៅ​ស្រុក​កាណាន​សព្វ​ថ្ងៃ​នេះ តែ​អ្នក​ដែល​ជា​ចៅហ្វាយ​នៃ​ស្រុក​នោះ លោក​និយាយ​មក​យើង​ខ្ញុំ​ថា គឺ​យ៉ាង​នេះ​ដែល​អញ​នឹង​ដឹង​ថា ឯង​រាល់​គ្នា​ជា​មនុស្ស​ទៀង​ត្រង់​មែន ត្រូវ​ឲ្យ​ទុក​បង​ប្អូន​ឯង​ម្នាក់​នៅ​នឹង​អញ​សិន រួច​នាំ​យក​ស្រូវ​សំរាប់​ពួក​គ្រួ​ឯង​រាល់​គ្នា​ដែល​អត់​នោះ​ចេញ​ទៅ​ចុះ ហើយ​នាំ​ប្អូន​ឯង​មក​ឯ​អញ នោះ​អញ​នឹង​ដឹង​ថា ឯង​រាល់​គ្នា​មិន​មែន​ជា​ពួក​លប​សង្កេត​ស្រុក​ឡើយ គឺ​ជា​មនុស្ស​ទៀង​ត្រង់​ពិត រួច​សឹម​អញ​នឹង​លែង​ឲ្យ​បង​ប្អូន​ឯង​ម្នាក់​នេះ​ដល់​ឯង​វិញ ព្រម​ទាំង​បើក​ឲ្យ​ឯង​រាល់​គ្នា​ចេញ​ចូល​បាន​ក្នុង​ស្រុក​នេះ​ផង។ កាល​គេ​បាន​ចាក់​ស្រូវ​ចេញ​ពី​បាវ​ទៅ នោះ​ក៏​ឃើញ​កញ្ចប់​ប្រាក់​របស់​គេ​រៀង​ខ្លួន​នៅ​ក្នុង​បាវ រួច​គេ​នឹង​ឪពុក​គេ​មាន​សេចក្ដី​ភ័យ​ញ័រ ដោយ​ឃើញ​កញ្ចប់​ប្រាក់​ទាំង​នោះ យ៉ាកុប​ជា​ឪពុក​និយាយ​ថា ឯង​រាល់​គ្នា​បាន​បំបាត់​កូន​អញ​ទៅ គឺ​យ៉ូសែប​មិន​នៅ​ទៀត ហើយ​ស៊ីម្មាន​ក៏​មិន​នៅ​ដែរ ឥឡូវ​ឯង​ចង់​យក​បេន‌យ៉ាមីន​ទៅ​ទៀត​ឬ សេចក្ដី​ទាំង​នេះ​ជា​ទំនាស់​នឹង​អញ​ហើយ រូបេន​ឆ្លើយ​ទៅ​ឪពុក​ថា បើ​ខ្ញុំ​មិន​នាំ​វា​មក​វិញ នោះ​សូម​សំឡាប់​កូន​ប្រុស​ខ្ញុំ​ទាំង​២​ចុះ សូម​ឲ្យ​វា​មក​ខ្ញុំៗ​នឹង​នាំ​វា​មក​ជូន​លោក​ឪពុក​វិញ​ជា​មិន​ខាន តែ​យ៉ាកុប​ប្រកែក​ថា កូន​អញ​មិន​ត្រូវ​ចុះ​ទៅ​ជា​មួយ​នឹង​ឯង​រាល់​គ្នា​ទេ ដ្បិត​បង​វា​ស្លាប់​ទៅ​ហើយ នៅ​សល់​តែ​វា​១​ប៉ុណ្ណោះ បើ​កាល​ណា​វា​កើត​មាន​គ្រោះ​ថ្នាក់​អ្វី​តាម​ផ្លូវ​ដែល​ឯង​ទៅ នោះ​ឯង​រាល់​គ្នា​នឹង​នាំ​ឲ្យ​សក់​ស្កូវ​របស់​អញ ចុះ​ទៅ​ដល់​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ដោយ​ទុក្ខ​ព្រួយ​ហើយ។

លោកុប្បត្តិ 42:29-38 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ពេល​ពួក​គេ​បាន​ទៅ​ជួប‌ជុំ​នឹង​លោក​យ៉ាកុប ជា​ឪពុក នៅ​ស្រុក​កាណាន​វិញ គេ​ក៏​រៀប​រាប់​ប្រាប់​លោក​នូវ​ហេតុ‌ការណ៍​ទាំង​អស់ ដែល​កើត​មាន​ដល់​ពួក​គេ។ ពួក​គេ​ជម្រាប​ឪពុក​ថា៖ «លោក​ដែល​គ្រប់‌គ្រង​លើ​ស្រុក​អេស៊ីប​បាន​និយាយ​មក​ពួក​កូន​យ៉ាង​តឹង‌រ៉ឹង ព្រម​ទាំង​ចោទ​ពួក​កូន​ថា ជា​អ្នក​ស៊ើប‌ការណ៍​ទៀត​ផង។ ពួក​កូន​បាន​ឆ្លើយ​វិញ​ថា “យើង​ខ្ញុំ​ជា​មនុស្ស​ទៀង​ត្រង់ យើង​ខ្ញុំ​មិន​មែន​ជា​អ្នក​ស៊ើប‌ការណ៍​ទេ។ យើង​ខ្ញុំ​មាន​បងប្អូន​ដប់‌ពីរ​នាក់ ឪពុក​តែ​មួយ ប្អូន​យើង​ខ្ញុំ​ម្នាក់​បាន​ស្លាប់​បាត់​ទៅ​ហើយ រីឯ​ប្អូន​ពៅ​នៅ​ជា​មួយ​ឪពុក នៅ​ស្រុក​កាណាន”។ លោក​ដែល​គ្រប់‌គ្រង​លើ​ស្រុក​អេស៊ីប​នោះ មាន​ប្រសាសន៍​មក​ពួក​កូន​វិញ​ថា “តោង​ធ្វើ​ដូច្នេះ ដើម្បី​ឲ្យ​ខ្ញុំ​ដឹង​ថា ឯង​រាល់​គ្នា​ពិត​ជា​និយាយ​ត្រង់​មែន​ឬ​យ៉ាង​ណា គឺ​ទុក​ម្នាក់​ឲ្យ​នៅ​ទី​នេះ​ជា​មួយ​ខ្ញុំ​សិន ហើយ​អ្នក​ឯ​ទៀតៗ​យក​ស្រូវ​តាម​សេចក្ដី​ត្រូវ​ការ​របស់​គ្រួសារ ដែល​កំពុង​អត់​ឃ្លាន រួច​នាំ​គ្នា​ទៅ​ចុះ។ បន្ទាប់​មក ចូរ​នាំ​ប្អូន​ពៅ​មក​ជួប​ខ្ញុំ។ ដូច្នេះ ខ្ញុំ​នឹង​ដឹង​ថា ឯង​រាល់​គ្នា​មិន​មែន​ជា​អ្នក​ស៊ើប‌ការណ៍​ទេ តែ​ជា​មនុស្ស​ទៀង​ត្រង់។ បន្ទាប់​មក ខ្ញុំ​នឹង​ដោះ​លែង​អ្នក​ដែល​ជាប់​ឃុំ‌ឃាំង​នៅ​ទី​នេះ ហើយ​អ្នក​រាល់​គ្នា​អាច​រក​ស៊ី​លក់​ដូរ​នៅ​ស្រុក​នេះ​បាន”»។ ពេល​ចាក់​ស្រូវ​ចេញ​ពី​បាវ ម្នាក់ៗ​បាន​ឃើញ​ថង់​ប្រាក់​របស់​គេ​រៀងៗ​ខ្លួន។ ពេល​ឃើញ​ថង់​ប្រាក់​ទាំង​នោះ ពួក​គេ និង​ឪពុក មាន​ចិត្ត​ភ័យ​ខ្លាច​ជា​ខ្លាំង។ លោក​យ៉ាកុប ជា​ឪពុក​មាន​ប្រសាសន៍​ថា៖ «ឯង​រាល់​គ្នា​ធ្វើ​ឲ្យ​ពុក​បាត់​កូន​ទាំង​អស់​ហើយ គឺ​យ៉ូសែប​ក៏​បាត់ ស៊ីម្មាន​ក៏​បាត់ ឥឡូវ​នេះ ឯង​រាល់​គ្នា​ចង់​យក​បេន‌យ៉ាមីន​ទៅ​ទៀត! ការ​ទាំង​នេះ​ធ្វើ​ឲ្យ​ពុក​ខ្លោច‌ផ្សា​ខ្លាំង​ណាស់»។ លោក​រូបេន​ជម្រាប​ឪពុក​ថា៖ «ប្រសិន​បើ​កូន​មិន​នាំ​បេន‌យ៉ាមីន​មក​ជូន​លោក​ឪពុក​វិញ​ទេ​នោះ សូម​សម្លាប់​កូន​ប្រុស​ទាំង​ពីរ​របស់​កូន​ទៅ! កូន​សូម​ធានា​ខុស​ត្រូវ​ទាំង​ស្រុង គឺ​កូន​មុខ​ជា​នាំ​វា​មក​ជូន​លោក​ឪពុក​វិញ​មិន​ខាន»។ លោក​យ៉ាកុប​មាន​ប្រសាសន៍​ថា៖ «ពុក​មិន​ឲ្យ​កូន​ពៅ​របស់​ពុក​ទៅ​ជា​មួយ​កូន​ទាំង​អស់​គ្នា​ជា​ដាច់​ខាត! បង​វា​ស្លាប់​បាត់​ទៅ​ហើយ គឺ​នៅ​សល់​តែ​វា​ម្នាក់​ប៉ុណ្ណោះ។ ប្រសិន​បើ​គ្រោះ​ថ្នាក់​អ្វី​កើត​មាន​ដល់​វា នៅ​តាម​ផ្លូវ​ដែល​កូនៗ​បម្រុង​នឹង​ធ្វើ​ដំណើរ​ទៅ​នោះ កូនៗ​ទាំង​អស់​គ្នា​នឹង​ធ្វើ​ឲ្យ​ឪពុក​ដែល​កាន់​តែ​ចាស់​ជរា​ណាស់​ហើយ​នេះ ត្រូវ​លា​ចាក​លោក​ទៅ ទាំង​កើត​ទុក្ខ​ជា​មិន​ខាន»។