លោកយ៉ាកុបងើបមុខឡើង មើលទៅឃើញលោកអេសាវកំពុងមក មានទាំងមនុស្សបួនរយនាក់មកជាមួយផង រួចលោកចែកកូនឲ្យនាងលេអា នាងរ៉ាជែល និងស្រីបម្រើទាំងពីរនាក់។ លោកដាក់ស្រីបម្រើទាំងពីរ និងកូនរបស់ពួកនាងឲ្យដើរមុខគេ បន្ទាប់មក នាងលេអា និងកូនរបស់នាង រួចនាងរ៉ាជែល និងយ៉ូសែប ដើរក្រោយគេបង្អស់។ ខ្លួនលោកផ្ទាល់ដើរមុខគេ ហើយឱនក្រាបចុះដល់ដីប្រាំពីរដង រហូតទាល់តែចូលជិតដល់បងរបស់លោក។ លោកអេសាវរត់មកជួប ហើយឱបថើប រួចយំជាមួយគ្នាទាំងពីរនាក់។ លោកអេសាវងើបមុខឡើង ឃើញស្រីៗ និងកូនក្មេងទាំងនោះ ក៏សួរថា៖ «តើអ្នកទាំងនេះដែលមកជាមួយឯង ជាអ្នកណា?» លោកយ៉ាកុបឆ្លើយថា៖ «នេះជាកូនដែលព្រះបានប្រទានមកខ្ញុំ ជាអ្នកបម្រើរបស់បង»។ ស្រីបម្រើទាំងពីរ និងកូនរបស់ពួកនាងក៏ចូលមកឱនក្រាបចុះទាំងអស់គ្នា។ បន្ទាប់មក នាងលេអា និងកូនរបស់នាងក៏ចូលមកឱនក្រាបចុះ ហើយជាចុងក្រោយ យ៉ូសែប និងនាងរ៉ាជែលក៏ចូលមកឱនក្រាបចុះដែរ។ លោកអេសាវសួរថា៖ «តើឯងឲ្យពួកទាំងនោះដែលបងឃើញអម្បាញ់មិញមកធ្វើអ្វី?» លោកយ៉ាកុបជម្រាបថា៖ «ដើម្បីឲ្យខ្ញុំបានប្រកបដោយគុណរបស់បង»។ ប៉ុន្ដែ លោកអេសាវឆ្លើយថា៖ «ប្អូនអើយ បងមានបរិបូរហើយ ចូរឯងទុករបស់ឯងវិញចុះ»។ លោកយ៉ាកុបតបថា៖ «ទេ បើខ្ញុំប្រកបដោយគុណរបស់បង នោះសូមទទួលជំនូនពីដៃខ្ញុំទៅ ដ្បិតខ្ញុំបានឃើញមុខបង ទុកដូចជាឃើញព្រះភក្ត្រនៃព្រះដែរ ហើយបងបានទទួលខ្ញុំដោយស្រួល។ សូមទទួលជំនូនរបស់ខ្ញុំដែលគេបាននាំមកជូនចុះ ដ្បិតព្រះទ្រង់បានប្រទានពរមកខ្ញុំ ខ្ញុំក៏មានគ្រប់គ្រាន់ហើយ»។ ដូច្នេះ លោកយ៉ាកុបចេះតែបង្ខំ លោកអេសាវក៏ទទួលយក។
អាន លោកុប្បត្តិ 33
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: លោកុប្បត្តិ 33:1-11
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ