នៅគ្រានោះ ព្រះបាទអ័ប៊ីម៉្មាឡិច និងភីកុល ជាមេទ័ពរបស់ស្ដេច ពោលទៅលោកអ័ប្រាហាំថា៖ «ព្រះទ្រង់គង់ជាមួយអ្នកក្នុងគ្រប់កិច្ចការដែលអ្នកធ្វើ ដូច្នេះ សូមអ្នកស្បថនឹងព្រះឲ្យខ្ញុំនៅទីនេះឥឡូវថា អ្នកនឹងមិនប្រព្រឹត្តចំពោះខ្ញុំ ឬកូនចៅរបស់ខ្ញុំតរៀងទៅ ដោយភូតភរឡើយ សូមប្រព្រឹត្តនឹងខ្ញុំ និងស្រុកដែលអ្នកបានស្នាក់នៅនេះដោយសប្បុរស ដូចជាខ្ញុំបានប្រព្រឹត្តនឹងអ្នកដែរ»។ លោកអ័ប្រាហាំទូលថា៖ «ទូលបង្គំសូមស្បថ»។ កាលលោកអ័ប្រាហាំបន្ទោសព្រះបាទអ័ប៊ីម៉្មាឡិច ពីរឿងអណ្តូងទឹកដែលពួកអ្នកបម្រើរបស់ស្ដេចបានដណ្តើមយក ព្រះបាទអ័ប៊ីម៉្មាឡិចតបវិញថា៖ «ខ្ញុំមិនដឹងថាអ្នកណាបានធ្វើដូច្នេះទេ អ្នកក៏មិនបានប្រាប់ខ្ញុំ ហើយខ្ញុំមិនបានឮពីការនេះដែរ រហូតដល់ថ្ងៃនេះ»។ លោកអ័ប្រាហាំយកចៀម និងគោមកថ្វាយព្រះបាទអ័ប៊ីម៉្មាឡិច រួចលោកទាំងពីរក៏តាំងសញ្ញាជាមួយគ្នា។ លោកអ័ប្រាហាំញែកកូនចៀមញីប្រាំពីរទុកដោយឡែក។ ព្រះបាទអ័ប៊ីម៉្មាឡិចសួរលោកអ័ប្រាហាំថា៖ «កូនចៀមញីប្រាំពីរដែលអ្នកញែកទុកដោយឡែកនេះ តើមានន័យដូចម្តេច?» លោកទូលឆ្លើយថា៖ «កូនចៀមញីប្រាំពីរដែលព្រះករុណានឹងទទួលពីដៃទូលបង្គំនេះ គឺដើម្បីឲ្យបានជាបន្ទាល់ដល់ទូលបង្គំថា ទូលបង្គំពិតជាបានជីកអណ្តូងនេះមែន»។ ហេតុនេះហើយបានជាគេហៅកន្លែងនោះថា "បៀរ-សេបា" ព្រោះលោកទាំងពីរបានស្បថនឹងគ្នានៅទីនោះ។ ដូច្នេះ លោកទាំងពីរបានតាំងសញ្ញាជាមួយគ្នានៅបៀរ-សេបា។ បន្ទាប់មក ព្រះបាទអ័ប៊ីម៉្មាឡិច និងភីកុល ជាមេទ័ពរបស់ស្ដេចក៏ក្រោកឡើង ហើយវិលត្រឡប់ទៅស្រុកភីលីស្ទីនវិញ។ លោកអ័ប្រាហាំ បានដាំដើមឈើមួយដើមនៅបៀរ-សេបា ហើយនៅទីនោះ លោកអំពាវនាវដល់ព្រះនាមព្រះយេហូវ៉ា ជាព្រះដ៏មានព្រះជន្មអស់កល្បជានិច្ច ។ លោកអ័ប្រាហាំស្នាក់នៅស្រុកភីលីស្ទីនជាច្រើនថ្ងៃ។
អាន លោកុប្បត្តិ 21
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: លោកុប្បត្តិ 21:22-34
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ