ព្រះគ្រីស្ទបានប្រោសយើងឲ្យរួចហើយ ដូច្នេះ ចូរអ្នករាល់គ្នាឈរឲ្យមាំមួនក្នុងសេរីភាពនេះចុះ កុំបណ្តោយឲ្យជាប់ចំណងជាបាវបម្រើទៀតឡើយ។ មើល៍! ខ្ញុំ ប៉ុល សូមប្រាប់អ្នករាល់គ្នាថា បើអ្នករាល់គ្នាទទួលពិធីកាត់ស្បែក នោះព្រះគ្រីស្ទគ្មានប្រយោជន៍ដល់អ្នករាល់គ្នាទេ។ ខ្ញុំសូមធ្វើបន្ទាល់ម្តងទៀតប្រាប់អស់អ្នកដែលទទួលពិធីកាត់ស្បែកថា អ្នកនោះមានកាតព្វកិច្ចតម្រូវឲ្យប្រតិបត្តិតាមក្រឹត្យវិន័យគ្រប់ជំពូក។ អ្នករាល់គ្នាដែលចង់ពឹងលើក្រឹត្យវិន័យ ដើម្បីឲ្យបានរាប់ជាសុចរិត អ្នកបានផ្ដាច់ខ្លួនចេញពីព្រះគ្រីស្ទហើយ ក៏បានធ្លាក់ចេញពីព្រះគុណដែរ។ ដ្បិតដោយសារជំនឿ យើងទន្ទឹងរង់ចាំសេចក្ដីសង្ឃឹមនៃសេចក្ដីសុចរិត តាមរយៈព្រះវិញ្ញាណ។ ព្រោះនៅក្នុងព្រះគ្រីស្ទយេស៊ូវ ការកាត់ស្បែក ឬមិនកាត់ស្បែក នោះមិនសំខាន់អ្វីទេ គឺមានតែជំនឿដែលប្រព្រឹត្តដោយសេចក្ដីស្រឡាញ់ប៉ុណ្ណោះ ទើបសំខាន់។ អ្នករាល់គ្នាបានរត់យ៉ាងល្អ តើអ្នកណារាំងរាអ្នករាល់គ្នាមិនឲ្យស្តាប់បង្គាប់សេចក្ដីពិតដូច្នេះ? ការបញ្ចុះបញ្ចូលនេះ មិនមែនមកពីព្រះអង្គដែលត្រាស់ហៅអ្នករាល់គ្នាទេ។ ដំបែតែបន្តិច អាចធ្វើឲ្យម្សៅទាំងមូលដោរឡើងបាន ។ ខ្ញុំទុកចិត្តអ្នករាល់គ្នាក្នុងព្រះអម្ចាស់ថា អ្នករាល់គ្នានឹងគ្មានគំនិតណាផ្សេងទៀតឡើយ តែអ្នកដែលបំភាន់អ្នករាល់គ្នា គេនឹងត្រូវទោសវិញ ទោះជាអ្នកណាក៏ដោយ។ ប៉ុន្តែ បងប្អូនអើយ ប្រសិនបើខ្ញុំនៅតែប្រកាសឲ្យគេធ្វើពិធីកាត់ស្បែក ហេតុអ្វីបានជាគេនៅតែបៀតបៀនខ្ញុំ? ប្រសិនបើខ្ញុំលែងប្រកាសអំពីឈើឆ្កាងវិញ នោះច្បាស់ជាគ្មានអ្នកណាជំពប់ចិត្តឡើយ។ ខ្ញុំចង់ឲ្យអស់អ្នកដែលធ្វើឲ្យអ្នករាល់គ្នាច្រួលច្របល់ ក្រៀវខ្លួនឯងទៅ! បងប្អូនអើយ ព្រះបានហៅអ្នករាល់គ្នាមកឲ្យមានសេរីភាព តែសូមកុំប្រើសេរីភាពរបស់អ្នករាល់គ្នាជាឱកាសសម្រាប់សាច់ឈាមឡើយ គឺត្រូវបម្រើគ្នាទៅវិញទៅមកដោយសេចក្ដីស្រឡាញ់។ ដ្បិតក្រឹត្យវិន័យទាំងមូលបានសម្រេចក្នុងពាក្យមួយឃ្លានេះថា «ចូរស្រឡាញ់អ្នកជិតខាងរបស់អ្នកដូចខ្លួនឯង» ។ ប៉ុន្ដែ បើអ្នករាល់គ្នាប្រខាំគ្នា ហើយហែកហួរគ្នាទៅវិញទៅមកដូច្នេះ ចូរប្រយ័ត្នក្រែងលោអ្នករាល់គ្នាវិនាសអស់រលីងទៅ។ ប៉ុន្ដែ ខ្ញុំសូមជម្រាបថា ចូរដើរដោយព្រះវិញ្ញាណ មិនត្រូវបំពេញសេចក្ដីប៉ងប្រាថ្នារបស់សាច់ឈាមឡើយ។ ដ្បិតសេចក្ដីប៉ងប្រាថ្នារបស់សាច់ឈាម តែងតែទាស់នឹងព្រះវិញ្ញាណ ហើយសេចក្ដីប៉ងប្រាថ្នារបស់ព្រះវិញ្ញាណ ក៏ទាស់នឹងសាច់ឈាមដែរ ព្រោះទាំងពីរនេះប្រឆាំងគ្នា ក៏រាំងរាអ្នករាល់គ្នាមិនឲ្យធ្វើការ ដែលអ្នករាល់គ្នាចង់ធ្វើទៅកើត។ ប៉ុន្ដែ ប្រសិនបើព្រះវិញ្ញាណដឹកនាំអ្នករាល់គ្នា នោះអ្នករាល់គ្នាមិននៅក្រោមបន្ទុកក្រឹត្យវិន័យទៀតឡើយ។ រីឯកិច្ចការរបស់សាច់ឈាម នោះប្រាកដច្បាស់ហើយ គឺសហាយស្មន់ ស្មោកគ្រោក អាសអាភាស ថ្វាយបង្គំរូបព្រះ មន្តអាគម សម្អប់គ្នា ឈ្លោះប្រកែក ឈ្នានីស កំហឹង ទាស់ទែងគ្នា បាក់បែក បក្សពួក ច្រណែន [កាប់សម្លាប់] ប្រមឹក ស៊ីផឹកជ្រុល និងអំពើផ្សេងៗទៀតដែលស្រដៀងការទាំងនេះ។ ខ្ញុំសូមប្រាប់អ្នករាល់គ្នាជាមុន ដូចខ្ញុំបានប្រាប់រួចមកហើយថា អស់អ្នកដែលប្រព្រឹត្តអំពើដូច្នេះ មិនអាចទទួលព្រះរាជ្យរបស់ព្រះទុកជាមត៌កបានឡើយ។ រីឯផលផ្លែរបស់ព្រះវិញ្ញាណវិញ គឺសេចក្ដីស្រឡាញ់ អំណរ សេចក្ដីសុខសាន្ត សេចក្ដីអត់ធ្មត់ សេចក្ដីសប្បុរស ចិត្តសន្ដោស ភាពស្មោះត្រង់ ចិត្តស្លូតបូត និងការចេះគ្រប់គ្រងចិត្ត គ្មានក្រឹត្យវិន័យណាទាស់នឹងសេចក្ដីទាំងនេះឡើយ។ អស់អ្នកដែលជារបស់ព្រះគ្រីស្ទយេស៊ូវ បានឆ្កាងសាច់ឈាម ព្រមទាំងតណ្ហា និងសេចក្ដីប៉ងប្រាថ្នាផ្សេងៗរបស់សាច់ឈាមនោះចោលហើយ។ ប្រសិនបើយើងរស់ដោយសារព្រះវិញ្ញាណ យើងត្រូវដើរដោយព្រះវិញ្ញាណ។ យើងមិនត្រូវរកកេរ្តិ៍ឈ្មោះដែលឥតប្រយោជន៍ ទាំងរករឿងគ្នា ហើយឈ្នានីសគ្នាទៅវិញទៅមកឡើយ។
អាន កាឡាទី 5
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: កាឡាទី 5:1-26
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ