កាឡាទី 3

3
ក្រឹត្យ‌វិន័យ និង​ជំនឿ
1ឱ​បង‌ប្អូន​អ្នក​ស្រុក​កាឡាទី​ល្ងង់​ខ្លៅ​អើយ! តើ​អ្នក​ណា​បាន​ធ្វើ​អំពើ​មក​លើ​អ្នក​រាល់​គ្នា? អ្នក​រាល់​គ្នា​បាន​ទទួល​សេចក្ដី​បរិយាយ​យ៉ាង​ច្បាស់ អំពី​ព្រះ‌យេស៊ូវ‌គ្រីស្ទ​ដែល​ត្រូវ​គេ​ឆ្កាង នៅ​ចំពោះ​ភ្នែក​អ្នក​រាល់​គ្នា​ហើយ។ 2ខ្ញុំ​គ្រាន់​តែ​ចង់​សួរ​អ្នក​រាល់​គ្នា​ប៉ុណ្ណេះ​ថា តើ​អ្នក​រាល់​គ្នា​បាន​ទទួល​ព្រះ‌វិញ្ញាណ ដោយ​ប្រព្រឹត្ត​តាម​ក្រឹត្យ‌វិន័យ ឬ​ដោយ​ឮ​ដំណឹង​ល្អ ហើយ​មាន​ជំនឿ? 3ម្ដេច​ក៏​អ្នក​រាល់​គ្នា​ល្ងង់​ខ្លៅ‌ម៉្លេះ? អ្នក​រាល់​គ្នា​បាន​ចាប់​ផ្តើម​ដោយ​ព្រះ‌វិញ្ញាណ តែ​ឥឡូវ​នេះ បញ្ចប់​ដោយ​សាច់​ឈាម​ដូច្នេះ​ឬ? 4តើ​អ្នក​រាល់​គ្នា​រង​ទុក្ខ​ជា​ច្រើន​ឥត​ប្រយោជន៍​ឬ? ប្រហែល​ជាឥត​ប្រយោជន៍​មែន​ទេ​ដឹង។ 5ឯ​ព្រះ​ដែល​ប្រទាន​ព្រះ‌វិញ្ញាណ​មក​អ្នក​រាល់​គ្នា និង​ធ្វើ​ការ​អស្ចារ្យ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា តើ​ដោយ​សារ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​តាម​ក្រឹត្យ‌វិន័យ ឬ​ដោយ​សារ​ឮ ហើយ​មាន​ជំនឿ?
6លោក​អ័ប្រា‌ហាំ «បាន​ជឿ​ព្រះ ហើយ​ព្រះ‌អង្គ​បាន​រាប់​លោក​ជា​សុចរិតដោយ​សារ​ជំនឿ» ។ 7ដូច្នេះ ចូរ​ដឹង​ថា អស់​អ្នក​ដែល​មាន​ជំនឿ គេ​ជា​ពូជ​របស់​លោក​អ័ប្រា‌ហាំ។ 8គម្ពីរ​បាន​ដឹង​ជា​មុន​ថា ព្រះ​នឹង​រាប់​សាសន៍​ដទៃ​ជា​សុចរិត​ដោយ​សារ​ជំនឿ ហើយ​លោក​អ័ប្រា‌ហាំ​បាន​ទទួល​ដំណឹង​ល្អ​ជា​មុន​ថា «អស់​ទាំង​សាសន៍​នឹង​បាន​ពរ​ដោយ​សារ​អ្នក» ។ 9ហេតុ​នេះ អស់​អ្នក​ដែល​មាន​ជំនឿ នឹង​មាន​ពរ​ជា​មួយ​លោក​អ័ប្រា‌ហាំ ដែល​ជា​អ្នក​មាន​ជំនឿ​ដែរ។
10រីឯ​អស់​អ្នក​ដែល​អាង​លើការ​ប្រព្រឹត្ត​តាម​ក្រឹត្យ‌វិន័យ គេ​ត្រូវ​បណ្ដាសា​ហើយ ដ្បិត​មាន​សេចក្ដី​ចែង​ទុក​មក​ថា «ត្រូវ​បណ្ដាសា​ហើយ​អស់​អ្នក​ដែល​មិន​កាន់​ខ្ជាប់ និង​ប្រព្រឹត្ត​តាម​គ្រប់​ទាំង​សេចក្ដី​ដែល​ចែង​ទុក​ក្នុង​គម្ពីរ​ក្រឹត្យ‌វិន័យ» ។ 11ឥឡូវ​នេះ ច្បាស់​ហើយ​ថា គ្មាន​អ្នក​ណា​ម្នាក់​បាន​រាប់​ជា​សុចរិត​នៅ​ចំពោះ​ព្រះ ដោយ‌សារ​ក្រឹត្យ‌វិន័យ​ឡើយ ដ្បិត «មនុស្ស​សុចរិត​នឹង​រស់​ដោយ​ជំនឿ» ។ 12ប៉ុន្តែ ក្រឹត្យ‌វិន័យ​មិន​អាង​លើ​ជំនឿ​ទេ ផ្ទុយ​ទៅ​វិញ «អ្នក​ណា​ដែល​ប្រព្រឹត្ត​តាម​សេចក្ដី​ទាំង​នោះ អ្នក​នោះ​នឹង​រស់​នៅ​ដោយ‌សារ​សេចក្ដី​ទាំង​នោះ» ។ 13ព្រះ‌គ្រីស្ទ​បាន​លោះ​យើង​ឲ្យ​រួច​ពី​បណ្ដាសា​របស់​ក្រឹត្យ‌វិន័យ ដោយ​ទ្រង់​ត្រឡប់​ជា​ត្រូវ​បណ្ដាសា​ជំនួស​យើង (ដ្បិត​មាន​សេចក្ដី​ចែង​ទុក​មក​ថា «ត្រូវ​បណ្ដាសា​ហើយ​អ្នក​ណា​ដែល​ត្រូវ​គេ​ព្យួរ​នៅ​លើ​ឈើ») 14ដើម្បី​ឲ្យ​ពរ​របស់​លោក​អ័ប្រា‌ហាំ ក្នុង​ព្រះ‌គ្រីស្ទ‌យេស៊ូវ​បាន​ទៅ​ដល់​សាសន៍​ដទៃ ហើយ​ឲ្យ​យើង​អាច​ទទួល​ព្រះ‌វិញ្ញាណ​ជា​សេចក្តី​សន្យា​ដោយ‌សារ​ជំនឿ។
ព្រះ‌បន្ទូល​សន្យា​ដល់​លោក​អ័ប្រា‌ហាំ
15បង‌ប្អូន​អើយ ខ្ញុំ​សូម​លើក​ឧទាហរណ៍​មួយ​អំពី​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ​ថា កាល​បើ​កិច្ច​ព្រម​ព្រៀង​របស់​មនុស្ស​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ហើយ គ្មាន​អ្នក​ណា​អាច​លុប​បំបាត់ ឬ​បន្ថែម​អ្វី​បាន​ឡើយ។ 16ឥឡូវ​នេះ សេចក្ដី​សន្យា​ដែល​ព្រះ​បាន​តាំង​ដល់​លោក​អ័ប្រា‌ហាំ និង​ដល់​ពូជ​របស់​លោក មិន​មាន​ចែង​ថា «ដល់​ពូជ​ទាំង​ឡាយ» ដូច​ជា​ចង់​សំដៅ​ទៅ​លើ​ពូជ​ជា​ច្រើន​នោះ​ឡើយ គឺ​សំដៅទៅ​លើ​ម្នាក់​វិញ ដោយ​ថា «និង​ដល់​ពូជ​របស់​អ្នក» ពោល​គឺ​ព្រះ‌គ្រីស្ទ។ 17ខ្ញុំ​ចង់​និយាយ​ដូច្នេះ​ថា ក្រឹត្យ‌វិន័យ​ដែល​មក​ដល់​បួនរយ​សាមសិប​ឆ្នាំ​ក្រោយ មិន​មែន​លុប​ចោល​សេចក្តី​សញ្ញា ដែល​ព្រះ​បាន​ទទួល​ស្គាល់​ពី​មុន​នោះ​ឡើយ ពុំ​នោះ​ទេ​សេចក្តី​សន្យា​នឹង​ទៅ​ជា​អសា​ឥត​ការ។ 18ដ្បិត​ប្រសិន‌បើ​មត៌ក​នោះ​បាន​មក​ដោយ​អាង​លើក្រឹត្យ‌វិន័យ នោះ​មិន​អាង​លើ​សេចក្ដី​សន្យា​ទេ តែ​ព្រះ​បាន​ប្រទាន​មត៌ក​នោះ​ដល់​លោក​អ័ប្រា‌ហាំ តាម​សេចក្ដី​សន្យា​វិញ។
គោល​បំណង​នៃ​ក្រឹត្យ‌វិន័យ
19ដូច្នេះ ហេតុ​អ្វី​បាន​ជា​មាន​ក្រឹត្យ‌វិន័យ? ក្រឹត្យ‌វិន័យ​បន្ថែម​ដោយ​ព្រោះ​អំពើ​រំលង​ច្បាប់ រហូត​ដល់​ពូជ​ដែល​ព្រះ​បាន​សន្យា​នោះ​យាង​មក​ដល់ ហើយ​ពួក​ទេវតា​បាន​នាំ​យក​ក្រឹត្យ‌វិន័យ​នេះ​មក តាម​រយៈ​អ្នក​កណ្ដាល​ម្នាក់។ 20អ្នក​កណ្ដាល​មិន​មែន​សម្រាប់​តែ​ភាគី​ម្ខាង​នោះ​ឡើយ រីឯ​ព្រះ​វិញ មាន​តែ​មួយព្រះ‌អង្គ​ប៉ុណ្ណោះ។
21ដូច្នេះ តើ​ក្រឹត្យ‌វិន័យ​ទាស់​ទទឹង​នឹង​សេចក្ដី​សន្យា​របស់​ព្រះ​ឬ? មិន​មែន​ទេ! ដ្បិត​ប្រសិន‌បើ​មាន​ក្រឹត្យ‌វិន័យ​ណា​ដែល​មនុស្ស​ទទួល ហើយ​អាច​នឹង​ធ្វើ​ឲ្យ​រស់​បាន នោះ​ប្រាកដ​ជា​សេចក្ដី​សុចរិត​នឹង​មក ដោយ‌សារ​ក្រឹត្យ‌វិន័យ​នោះ​ហើយ។ 22ប៉ុន្តែ គម្ពីរ​បាន​បង្ខាំង​គ្រប់​ទាំង​អស់​ក្រោម​អំពើ​បាប ដើម្បី​ឲ្យ​សេចក្ដី​សន្យា​ដោយ​សារ​ជំនឿ​ក្នុង​ព្រះ‌យេស៊ូវ‌គ្រីស្ទ បាន​ប្រទាន​ដល់​អស់​អ្នក​ដែល​ជឿ។
23មុន​ពេល​ជំនឿ​ចូល​មក យើង​បានជាប់​ឃុំ​នៅ​ក្រោម​ក្រឹត្យ‌វិន័យ ទាំង​បង្ខាំង​ទុក​រហូត​ទាល់​តែ​ជំនឿ​ត្រូវ​លេច​ចេញ​មក។ 24ដូច្នេះ ក្រឹត្យ‌វិន័យ​ជា​អ្នក​មើល​ថែ​យើង រហូត​ដល់​ព្រះ‌គ្រីស្ទ​យាង​មក ដើម្បី​ឲ្យ​យើង​បាន​រាប់​ជា​សុចរិត​ដោយ​សារ​ជំនឿ។ 25ឥឡូវ​នេះ ជំនឿ​បាន​មក​ដល់​ហើយ យើង​មិន​នៅ​ក្រោម​អំណាច​របស់​អ្នក​មើល​ថែ​នោះ​ទៀត​ទេ 26ដ្បិត​នៅ​ក្នុង​ព្រះ​គ្រីស្ទ‌យេស៊ូវ អ្នក​រាល់​គ្នា​សុទ្ធ​តែ​ជា​កូន​របស់​ព្រះ។ 27ដ្បិត​អស់​ដែល​បាន​ទទួល​ពិធី​ជ្រមុជ​រួម​ជាមួយ​ព្រះ‌គ្រីស្ទ នោះ​បាន​ប្រដាប់​ខ្លួន​ដោយ​ព្រះ‌គ្រីស្ទ​ហើយ។ 28គ្មាន​សាសន៍​យូដា ឬ​សាសន៍​ក្រិក គ្មាន​បាវ​បម្រើ ឬ​អ្នក​ជា គ្មាន​ប្រុស ឬ​គ្មាន​ស្រី​ទៀត​ឡើយ ព្រោះ​អ្នក​រាល់​គ្នា​ទាំង​អស់​រួម​មក​តែ​មួយ​ក្នុង​ព្រះ‌គ្រីស្ទ‌យេស៊ូវ។ 29ប្រសិន‌បើ​អ្នក​រាល់​គ្នា​ជា​របស់​ព្រះ‌គ្រីស្ទ នោះ​អ្នក​រាល់​គ្នា​ជា​ពូជ​របស់​លោក​អ័ប្រា‌ហាំ ជា​អ្នក​គ្រង​មត៌ក​តាម​សេចក្ដី​សន្យា។

ទើបបានជ្រើសរើសហើយ៖

កាឡាទី 3: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល