កាឡាទី 1:2-10

កាឡាទី 1:2-10 គកស១៦

ខ្ញុំ ព្រម​ទាំង​បង‌ប្អូន​ទាំង​អស់​គ្នា ដែល​នៅ​ជា​មួយ​ខ្ញុំ សូម​ជម្រាប​មក​ក្រុម​ជំនុំ​ទាំង​ឡាយ​នៅ​ស្រុក​កាឡាទី។ សូម​ព្រះ ជា​ព្រះ‌វរ‌បិតា​នៃ​យើង និង​ព្រះ‌អម្ចាស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ ប្រទាន​ព្រះ‌គុណ និង​សេចក្ដី​សុខ​សាន្ត​ដល់​អ្នក​រាល់​គ្នា។ ព្រះ‌អង្គ​បាន​ប្រគល់​អង្គ​ទ្រង់​ដោយ​ព្រោះ​តែ​បាប​របស់​យើង ដើម្បី​រំដោះ​យើងឲ្យ​រួច​ពី​លោកីយ៍​ដ៏​អាក្រក់​សព្វ​ថ្ងៃ​នេះ តាម​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ ជា​ព្រះ‌វរ‌បិតា​របស់​យើង។ សូម​លើក​តម្កើង​សិរី‌ល្អរបស់​ព្រះ‌អង្គ អស់​កល្ប​ជា‌និច្ច​រៀង​រាប​តទៅ។ អាម៉ែន។ ខ្ញុំ​ឆ្ងល់​ណាស់ ដែល​អ្នក​រាល់​គ្នា​បាន​ផ្លាស់​ប្រែ​ចេញ​ពី​ព្រះ ដែល​ទ្រង់​បានត្រាស់​ហៅ​អ្នក​រាល់​គ្នា​មក​ក្នុង​ព្រះ‌គុណ​របស់​ព្រះ‌គ្រីស្ទ​ឆាប់​យ៉ាង​នេះ ហើយ​ទៅ​តាម​ដំណឹង​ល្អ​មួយ​ផ្សេង នេះ​មិន​មែន​មាន​ន័យ​ថា មាន​ដំណឹង​ល្អ​ណា​មួយ​ផ្សេង​ទៀតនោះ​ទេ តែ​មានអ្នក​ខ្លះ​បំភាន់​អ្នក​រាល់​គ្នា ហើយ​ចង់​បង្ខូច​ដំណឹង​ល្អ​ព្រះ‌គ្រីស្ទ​ប៉ុណ្ណោះ។ ប៉ុន្តែ ប្រសិន‌បើ​យើង​ខ្ញុំ ឬ​ទេវតា​ពី​ស្ថាន‌សួគ៌ ប្រាប់​ដំណឹង​ណា​មក​អ្នក​រាល់​គ្នា ខុស​ពី​ដំណឹង​ល្អ​ដែល​យើង​បាន​ប្រកាស​ប្រាប់​អ្នក​រាល់​គ្នា សូម​ឲ្យ​អ្នក​នោះ​ត្រូវ​បណ្ដាសា​ចុះ។ ដូច​យើង​បាន​និយាយ​ពី​មុន​មក​ហើយ ឥឡូវ​នេះ ខ្ញុំ​និយាយ​ម្តង​ទៀត​ថា ប្រសិន‌បើ​អ្នក​ណា​ប្រកាស​ដំណឹង​ល្អ​ប្រាប់​អ្នក​រាល់​គ្នា ខុស​ពី​ដំណឹង​ល្អ​ដែល​អ្នក​រាល់​គ្នា​បាន​ទទួល សូមឲ្យអ្នក​នោះ​ត្រូវ​បណ្ដាសា​ចុះ។ ដ្បិត​ឥឡូវ​នេះ តើ​ខ្ញុំ​ចង់​ផ្គាប់​ចិត្ត​មនុស្ស ឬ​ធ្វើ​ឲ្យ​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ? ឬ​មួយ​ខ្ញុំ​ព្យាយាម​បំពេញ​ចិត្ត​មនុស្ស? ប្រសិន‌បើ​ខ្ញុំ​នៅ​តែ​ព្យាយាម​បំពេញ​ចិត្ត​មនុស្ស នោះ​ខ្ញុំ​មិន​មែន​ជា​អ្នក​បម្រើ​របស់​ព្រះ‌គ្រីស្ទ​ទេ។

អាន កាឡាទី 1