នេះជាសំណៅសំបុត្រដែលព្រះបាទអើថាស៊ើកសេសប្រគល់ជូនសង្ឃអែសរ៉ា ជាស្មៀន គឺជាបុរសម្នាក់ដែលប្រសប់ខាងឯបទបញ្ជារបស់ព្រះយេហូវ៉ា និងច្បាប់របស់ព្រះអង្គ ដល់ពួកអ៊ីស្រាអែល។ សំបុត្រនេះមានសេចក្ដីថា៖ «អើថាស៊ើកសេស ជាស្តេចលើអស់ទាំងស្តេច ផ្ញើជូនសង្ឃអែសរ៉ា ជាស្មៀនខាងក្រឹត្យវិន័យរបស់ព្រះនៃស្ថានសួគ៌ ។ សូមឲ្យបានប្រកបដោយសេចក្ដីសុខសាន្ត ឥឡូវនេះ យើងចេញបង្គាប់ថា ក្នុងចំណោមប្រជាជនអ៊ីស្រាអែល ឬពួកសង្ឃ និងពួកលេវី នៅក្នុងរាជាណាចក្ររបស់យើង គឺអស់អ្នកដែលមានបំណងចង់ត្រឡប់ទៅក្រុងយេរូសាឡិម នោះយើងអនុញ្ញាតឲ្យទៅជាមួយលោក។ ដ្បិតយើង ជាស្តេច និងទីប្រឹក្សារបស់ស្ដេចទាំងប្រាំពីរ បានចាត់លោកឲ្យទៅពិនិត្យមើលអំពីស្រុកយូដា និងក្រុងយេរូសាឡិម តាមក្រឹត្យវិន័យនៃព្រះរបស់លោក ដែលនៅក្នុងដៃរបស់លោក ហើយឲ្យនាំយកប្រាក់ និងមាសដែលយើង ជាស្តេច និងទីប្រឹក្សាទាំងប្រាំពីរ បានថ្វាយដោយស្ម័គ្រពីចិត្ត ដល់ព្រះនៃសាសន៍អ៊ីស្រាអែល ជាព្រះដែលគង់នៅក្រុងយេរូសាឡិម ព្រមទាំងប្រាក់ និងមាសទាំងប៉ុន្មានដែលលោកនឹងរៃបាននៅក្នុងអាណាខេត្តបាប៊ីឡូនទាំងមូល ហើយព្រមទាំងតង្វាយដែលប្រជាជន និងពួកសង្ឃថ្វាយដោយស្ម័គ្រពីចិត្ត សម្រាប់ព្រះវិហាររបស់ព្រះនៃលោក ដែលនៅក្រុងយេរូសាឡិម ទៅជាមួយផង។ ដូច្នេះ លោកត្រូវយកចិត្តទុកដាក់ខ្នះខ្នែង យកប្រាក់នេះទៅទិញគោ ចៀមឈ្មោល និងកូនចៀម ព្រមទាំងគ្រឿងតង្វាយម្សៅ និងតង្វាយច្រួច ហើយលោកត្រូវថ្វាយតង្វាយទាំងនោះនៅលើអាសនា ក្នុងព្រះដំណាក់នៃព្រះរបស់ពួកលោក ដែលនៅក្រុងយេរូសាឡិម។ ឯប្រាក់ និងមាសដែលនៅសល់ លោក និងបងប្អូនរបស់លោកអាចយកទៅប្រើការ តាមតែលោកយល់ឃើញថាល្អ តាមព្រះហឫទ័យនៃព្រះរបស់អស់លោក។ ឯគ្រឿងប្រដាប់ទាំងប៉ុន្មាន ដែលគេបានប្រគល់ជូនលោក សម្រាប់ប្រើប្រាស់ក្នុងព្រះដំណាក់នៃព្រះរបស់លោក ចូរយកទៅប្រគល់នៅចំពោះព្រះនៃក្រុងយេរូសាឡិម។ ឯអ្វីៗផ្សេងទៀតដែលត្រូវការសម្រាប់ព្រះដំណាក់នៃព្រះរបស់លោក ដែលជាបន្ទុករបស់លោកត្រូវផ្គត់ផ្គង់ លោកអាចបើកពីឃ្លាំងរាជទ្រព្យ។ យើង ព្រះរាជាអើថាស៊ើកសេស ចេញបង្គាប់ដល់អ្នកកាន់ឃ្លាំងទាំងអស់ នៅក្នុងអាណាខេត្តខាងនាយទន្លេថា អ្វីៗដែលសង្ឃអែសរ៉ា ជាស្មៀនខាងក្រឹត្យវិន័យរបស់ព្រះនៃស្ថានសួគ៌ លោកស្នើសុំ នោះត្រូវអនុវត្តកិច្ចការនេះឲ្យបានសម្រេចដោយខ្នះខ្នែងបំផុត ទោះជាមានចំនួនរហូតដល់ប្រាក់មួយរយហាប ស្រូវមួយរយរង្វាល់ ស្រាទំពាំងបាយជូរមួយរយបាថ ប្រេងមួយរយបាថ និងអំបិលជាច្រើន ឥតមានកំណត់ក៏ដោយ។ អ្វីៗដែលព្រះនៃស្ថានសួគ៌ព្រះអង្គបង្គាប់ ត្រូវធ្វើឲ្យបានសម្រេចគ្រប់ទាំងអស់ សម្រាប់ព្រះដំណាក់របស់ព្រះនៃស្ថានសួគ៌ ក្រែងព្រះអង្គមានសេចក្ដីក្រោធទាស់នឹងរាជ្យរបស់ស្តេច និងពួកបុត្រារបស់ទ្រង់។ មួយទៀត យើងបញ្ជាក់ប្រាប់អស់លោកថា ចំណែកពួកសង្ឃ ពួកលេវី ពួកចម្រៀង ពួកឆ្មាំទ្វារ ពួកអ្នកបម្រើព្រះវិហារ ឬពួកអ្នកបំពេញការងារក្នុងព្រះដំណាក់របស់ព្រះនេះ នោះមិនត្រូវទារពន្ធដារ សួយអាករ ឬពន្ធផ្លូវពីអ្នកទាំងនោះឡើយ។ ចំពោះលោកអែសរ៉ាវិញ តាមប្រាជ្ញានៃព្រះរបស់លោក ដែលលោកមាននៅដៃ ត្រូវតែងតាំងឲ្យមានពួកអ្នកគ្រប់គ្រង និងពួកចៅក្រម ដែលអាចកាត់ក្ដីឲ្យប្រជាជនទាំងឡាយដែលនៅក្នុងអាណាខេត្តខាងនាយទន្លេ គឺជាអ្នកស្គាល់ក្រឹត្យវិន័យនៃព្រះរបស់លោក ហើយលោកត្រូវបង្ហាត់បង្រៀនក្រឹត្យវិន័យ ដល់អស់អ្នកដែលមិនស្គាល់ក្រឹត្យវិន័យផង។ អ្នកណាដែលមិនព្រមប្រព្រឹត្តតាមក្រឹត្យវិន័យនៃព្រះរបស់លោក និងច្បាប់របស់ស្តេច ត្រូវកាត់ទោសអ្នកនោះយ៉ាងម៉ឺងម៉ាត់ ទោះដល់ស្លាប់ ឬនិរទេស ឬរឹបអូសយកទ្រព្យសម្បត្តិ ឬដាក់គុកក៏ដោយ»។ «សូមសរសើរតម្កើងព្រះយេហូវ៉ា ជាព្រះនៃបុព្វបុរសរបស់យើង ដែលព្រះអង្គបានបណ្ដាលព្រះហឫទ័យរបស់ស្តេចដូច្នេះ ឲ្យតាក់តែងលម្អព្រះដំណាក់របស់ព្រះយេហូវ៉ា ដែលនៅក្រុងយេរូសាឡិម ព្រមទាំងប្រោសប្រទានសេចក្ដីសប្បុរសរបស់ព្រះអង្គដល់ខ្ញុំ នៅចំពោះស្តេច ពួកទីប្រឹក្សារបស់ស្ដេច និងនៅចំពោះមន្ត្រីដ៏មានអំណាចរបស់ស្តេចទៀតផង។ ខ្ញុំមានសេចក្ដីក្លាហាន ដ្បិតព្រះហស្តរបស់ព្រះយេហូវ៉ាជាព្រះនៃខ្ញុំ បានសណ្ឋិតលើខ្ញុំ ហើយខ្ញុំបានប្រមូលអស់លោកដែលជាមេដឹកនាំរបស់អ៊ីស្រាអែល ឲ្យឡើងទៅជាមួយខ្ញុំ»។
អាន អែសរ៉ា 7
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: អែសរ៉ា 7:11-28
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ