អែសរ៉ា 10:1-12

អែសរ៉ា 10:1-12 គកស១៦

កាល​លោក​អែសរ៉ា​កំពុង​អធិស្ឋាន ហើយ​លន់‌តួ ដោយ​យំ ហើយ​ផ្តួល​ខ្លួន ក្រាប​ចុះ​នៅ​មុខ​ព្រះ‌ដំណាក់​របស់​ព្រះ នោះ​មាន​ពួក​អ៊ីស្រា‌អែល​ច្រើនសន្ធឹក ទាំង​ប្រុស ទាំង​ស្រី និង​ក្មេងៗ​នាំ​គ្នាចេញ​មក​ឯ​លោក ដ្បិត​ប្រជា‌ជន​ក៏​យំ​សោក​ជា​ខ្លាំង​ដែរ។ ពេល​នោះ សេ‌កានា កូន​យេហ៊ី‌អែល ជា​កូន​ចៅ​អេឡាំ ពោល​ទៅ​កាន់​លោក​អែសរ៉ា​ថា៖ «យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​រំលងទាស់​នឹង​ព្រះ​របស់​យើង​ខ្ញុំ ដោយ​បាន​រៀប​ការ​ជាមួយ​ស្ដ្រី​សាសន៍​ដទៃ ជា​ប្រជា‌ជន​រស់​នៅ​ស្រុក​នេះ ប៉ុន្តែ ទោះ​ជា​យ៉ាង​នេះ​ក្ដី ក៏​ពេល​នេះ​នៅ​មាន​សង្ឃឹម​ដល់​អ៊ីស្រា‌អែល​ដែរ។ ដូច្នេះ សូម​ឲ្យ​យើង​ខ្ញុំ​តាំង​សញ្ញា​ជាមួយ​ព្រះ​នៃ​យើង ឲ្យ​យើង​ខ្ញុំ​បោះ​បង់​ប្រពន្ធជា​សាសន៍​ដទៃ និង​កូន​ទាំង​ប៉ុន្មាន​ដែល​កើត​ពីនាង​ទាំង​នោះ តាម​ឱវាទ​របស់​លោក​ម្ចាស់​ខ្ញុំ និង​អស់​អ្នក​ដែល​ញាប់‌ញ័រ​នឹង​បទ​បញ្ជា​របស់​ព្រះ​នៃ​យើង ហើយ​សូម​ឲ្យ​ការ​នោះ​បាន​សម្រេច​តាម​ក្រឹត្យ‌វិន័យ​ចុះ។ សូម​លោក​ក្រោក​ឡើង ដ្បិត​នេះ​ជា​កិច្ច​ការ​រប​ស់​លោក ហើយ​យើង​ខ្ញុំ​ក៏​នៅ​ជា​មួយ​លោក​ដែរ។ សូម​មាន​ចិត្ត​ក្លាហាន ហើយ​សម្រេច​កិច្ច​ការ​នេះ​ទៅ»។ ពេល​នោះ លោក​អែសរ៉ា​ក្រោក​ឡើង ហើយ​បង្គាប់​ឲ្យ​មេដឹក​នាំ​ពួក​សង្ឃ ពួក​លេវី និង​ពួក​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន​ស្បថ ដើម្បី​ឲ្យ​គេ​ធ្វើ​តាម​ពាក្យ​សម្បថ​នោះ។ ដូច្នេះ ពួកគេ​ក៏នាំ​គ្នា​ស្បថ។ បន្ទាប់​មក លោក​អែសរ៉ា​ក្រោក​ឡើង​នៅ​មុខ​ព្រះ‌ដំណាក់​របស់​ព្រះ ហើយ​ចូល​ទៅ​ក្នុង​បន្ទប់​របស់​យ៉ូ‌ហា‌ណាន ជា​កូន​របស់​អេលី‌យ៉ាស៊ីប។ លោក​សម្រាក​នៅ​ទី​នោះ​មួយ​យប់ ដោយ​មិន​បាន​បរិ‌ភោគ​អាហារ ឬ​ផឹក​ទឹក​ឡើយ ដ្បិត​លោក​មាន​ចិត្ត​សោក​សង្រេង​នឹង​អំពើ​រំលង​របស់​ពួក​អ្នក​ដែល​វិល​មក​ពី​សណ្ឋាន​ជា​ឈ្លើយ។ ដូច្នេះ គេ​ក៏​ប្រកាស​ពាស​ពេញ​ស្រុក​យូដា និង​ក្រុង​យេរូ‌សាឡិម ដល់​ពួក​អ្នក​ដែល​ចេញ​មក​ពី​សណ្ឋាន​ជា​ឈ្លើយ ឲ្យ​គេ​មក​ជួប​ជុំ​គ្នា​នៅ​ក្រុង​យេរូ‌សាឡិម ហើយ​បើ​អ្នក​ណា​មិន​មក​ក្នុង​អំឡុង​ពេល​បី​ថ្ងៃ តាម​បង្គាប់​របស់​ពួក​អ្នក​ដឹក​នាំ និង​ពួក​ចាស់​ទុំ នោះ​នឹង​ត្រូវ​រឹប​យក​ទ្រព្យ​សម្បត្តិ​របស់​អ្នក​ទាំង​អស់ ហើយ​អ្នក​នោះ​នឹង​ត្រូវ​កាត់​ចេញ​ពី​ក្រុម​ជំនុំ​នៃ​ពួក​អ្នក​ដែល​វិល​ត្រឡប់​មក​ពី​សណ្ឋាន​ជា​ឈ្លើយ​នោះ​ទៀត​ផង។ ដូច្នេះ បុរស​ទាំង​អស់​ក្នុង​ពួក​យូដា និង​បេនយ៉ាមីន បាន​មក​ជួប​ជុំ​គ្នា​នៅ​ក្រុង​យេរូ‌សាឡិម​ក្នុង​អំឡុង​ពេល​បី​ថ្ងៃ គឺ​នៅ​ថ្ងៃ​ទី​ម្ភៃ ខែ​ទី​ប្រាំ​បួន។ មនុស្ស​ទាំង​អស់​នោះ​អង្គុយ​នៅ​ក្នុង​ទី​ធ្លា នៅ​មុខ​ព្រះ‌ដំណាក់​របស់​ព្រះ ទាំង​ញាប់​ញ័រ​ដោយ​ព្រោះ​ដំណើរ​នោះ និង​ដោយ​ព្រោះមាន​ភ្លៀង​យ៉ាង​ធំ។ ពេល​នោះ សង្ឃ​អែសរ៉ា​ឈរ​ឡើង មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​រំលង ដោយ​រៀប​ការ​ជាមួយ​ស្ត្រី​សាសន៍​ដទៃ ហើយ​ធ្វើ​ឲ្យ​មាន​ទោស​កាន់​តែ​ច្រើន​ឡើង​ដល់​អ៊ីស្រា‌អែល។ ដូច្នេះ ចូរ​លន់‌តួ​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​បុព្វ‌បុរស​អ្នក​រាល់​គ្នាឥឡូវ​នេះទៅ ហើយ​ប្រព្រឹត្ត​តាម​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌អង្គ​វិញ។ ចូរ​ញែក​ខ្លួន​ចេញ​ពី​ពួក​អ្នក​នៅ​ស្រុក​នេះ និង​ពី​ប្រពន្ធ​ជា​ស្ត្រី​សាសន៍​ដទៃ​ទៅ»។ ពេល​នោះ ក្រុម​ជំនុំ​ទាំង​អស់​ក៏​ឆ្លើយ​តប ដោយ​សំឡេង​ខ្លាំងៗ​ថា៖ «ពិត​មែន​ហើយ យើង​ខ្ញុំ​ត្រូវ​តែ​ធ្វើ​តាមប្រសាសន៍របស់​លោក។

អាន អែសរ៉ា 10