អែសរ៉ា 10:1-12

អែសរ៉ា 10:1-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ពេល​លោក​អែសរ៉ា​ក្រាប​នៅ​មុខ​ព្រះ‌ដំណាក់​ព្រះ‌ជាម្ចាស់ លោក​ទូល‌អង្វរ និង​លន់‌តួ​បាប ទាំង​សម្រក់​ទឹក​ភ្នែក ជន‌ជាតិ​អ៊ីស្រា‌អែល​ជា​ច្រើន ទាំង​ប្រុស ទាំង​ស្រី និង​ក្មេង នាំ​គ្នា​មក​ជុំ‌វិញ​លោក ហើយ​យំ​សោក​យ៉ាង​ខ្លាំង។ ពេល​នោះ លោក​សេកា‌នា ជា​កូន​របស់​លោក​យេហ៊ី‌អែល និង​ជា​ពូជ‌ពង្ស​របស់​លោក​អេឡាំ ជម្រាប​លោក​អែសរ៉ា​ថា៖ «យើង​ខ្ញុំ​បាន​ក្បត់​ព្រះ‌ជាម្ចាស់ ដោយ​រៀបការ​ជា​មួយ​ស្ត្រី​សាសន៍​ដទៃ ជា​ប្រជា‌ជន​រស់​នៅ​ក្នុង​ស្រុក​នេះ។ ប៉ុន្តែ ទោះ​បី​យ៉ាង​នេះ​ក្ដី ក៏​ជន‌ជាតិ​អ៊ីស្រា‌អែល​នៅ​តែ​មាន​សង្ឃឹម។ យើង​ខ្ញុំ​សូម​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​ព្រះ​នៃ​យើង​ថា យើង​ខ្ញុំ​នឹង​បោះ​បង់​ប្រពន្ធ​សាសន៍​ដទៃ ព្រម​ទាំង​កូន​ដែល​កើត​ពី​ស្ត្រី​ទាំង​នោះ​ទៀត​ផង។ យើង​ខ្ញុំ​សុខ​ចិត្ត​ធ្វើ​តាម​សំណូម​ពរ​របស់​លោក​ម្ចាស់ និង​អស់​អ្នក​ដែល​គោរព​កោត​ខ្លាច ចំពោះ​បទ‌បញ្ជា​របស់​ព្រះ​នៃ​យើង។ សូម​ឲ្យ​បាន​សម្រេច​តាម​ក្រឹត្យ‌វិន័យ​ចុះ។ សូម​លោក​ក្រោក​ឡើង ហើយ​បំពេញ​កិច្ចការ​របស់​លោក​ចុះ យើង​ខ្ញុំ​គាំទ្រ​លោក។ សូម​លោក​មាន​ចិត្ត​ក្លាហាន​ឡើង រួច​សម្រេច​កិច្ចការ​នេះ​ទៅ»។ លោក​អែសរ៉ា​ក្រោក​ឡើង បង្គាប់​មេ​ដឹក​នាំ ក្រុម​បូជា‌ចារ្យ និង​ក្រុម​លេវី ព្រម​ទាំង​មេ​ដឹក​នាំ​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល ឲ្យ​ស្បថ ហើយ​ធ្វើ​តាម​សំណើ​របស់​លោក​សេកា‌នា។ ពួក​គេ​ក៏​នាំ​គ្នា​ស្បថ។ បន្ទាប់​មក លោក​អែសរ៉ា​ចាក​ចេញ​ពី​មុខ​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់ ហើយ​ចូល​ទៅ​ក្នុង​បន្ទប់​របស់​លោក​យ៉ូហាណាន ដែល​ជា​កូន​លោក​អេលីយ៉ាស៊ីប។ នៅ​ទី​នោះ លោក​មិន​ព្រម​ពិសា​អាហារ ឬ​ទឹក​ឡើយ ដ្បិត​លោក​នៅ​តែ​សោក​សង្រេង ដោយ‌សារ​កំហុស​ដ៏​ធ្ងន់​របស់​ប្រជា‌ជន​ដែល​ជាប់​ជា​ឈ្លើយ ហើយ​វិល​មក​វិញ។ បន្ទាប់​មក​ទៀត គេ​ចេញ​ប្រកាស​ពាស‌ពេញ​ក្រុង​យេរូ‌សាឡឹម និង​ស្រុក​យូដា បង្គាប់​ឲ្យ​អស់​អ្នក​ដែល​ជាប់​ជា​ឈ្លើយ ហើយ​វិល​មក​វិញ​នោះ ជួប‌ជុំ​គ្នា​នៅ​ក្រុង​យេរូ‌សាឡឹម។ អ្នក​ណា​មិន​ព្រម​មក ក្នុង​រយៈ​ពេល​បី​ថ្ងៃ តាម​សេចក្ដី​សម្រេច​របស់​មេ​ដឹក​នាំ និង​ព្រឹទ្ធា‌ចារ្យ គេ​នឹង​រឹប​អូស​ទ្រព្យ‌សម្បត្តិ​របស់​អ្នក​នោះ ហើយ​បណ្ដេញ​គាត់​ចេញ​ពី​សហគមន៍​អ៊ីស្រា‌អែល។ ក្នុង​អំឡុង​ពេល​បី​ថ្ងៃ ប្រុសៗ​ទាំង​អស់​ក្នុង​កុល‌សម្ព័ន្ធ​យូដា និង​បេន‌យ៉ាមីន មក​ជួប‌ជុំ​គ្នា​នៅ​ក្រុង​យេរូ‌សាឡឹម។ នៅ​ថ្ងៃ​ទី​ម្ភៃ ក្នុង​ខែ​ទី​ប្រាំ​បួន ប្រជា‌ជន​ទាំង​មូល​អង្គុយ​នៅ​ត្រង់​ទីធ្លា ខាង​មុខ​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់។ ពួក​គេ​ញាប់‌ញ័រ​ជា​ខ្លាំង ព្រោះ​តែ​ព្រឹត្តិ‌ការណ៍​នេះ និង​ព្រោះ​តែ​មាន​ភ្លៀង​ផង។ លោក​បូជា‌ចារ្យ​អែសរ៉ា​ក្រោក​ឈរ​ឡើង ពោល​ទៅ​កាន់​ពួក​គេ​ថា៖ «អ្នក​រាល់​គ្នា​បាន​ក្បត់​ព្រះ‌ជាម្ចាស់ ដោយ​រៀបការ​ជា​មួយ​ស្ត្រី​សាសន៍​ដទៃ ធ្វើ​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល​រឹត​តែ​មាន​ទោស។ ឥឡូវ​នេះ ចូរ​លន់‌តួ​បាប​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​បុព្វបុរស​របស់​អ្នក​រាល់​គ្នា ហើយ​ប្រព្រឹត្ត​តាម​ព្រះ‌ហឫទ័យ​ព្រះអង្គ។ ចូរ​ញែក​ខ្លួន​ចេញ​ពី​ជាតិ​សាសន៍​ដែល​រស់​នៅ​ក្នុង​ស្រុក ព្រម​ទាំង​ញែក​ខ្លួន​ចេញ​ពី​ប្រពន្ធ​របស់​អ្នក​រាល់​គ្នា ដែល​ជា​សាសន៍​ដទៃ​ផង»។ សហគមន៍​ទាំង​មូល​ឆ្លើយ​តប ដោយ​បន្លឺ​សំឡេង​យ៉ាង​ខ្លាំងៗ​ថា៖ «ពិត​មែន​ហើយ យើង​ខ្ញុំ​នឹង​ធ្វើ​តាម​ពាក្យ​របស់​លោក!

ចែក​រំលែក
អាន អែសរ៉ា 10

អែសរ៉ា 10:1-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

កាល​លោក​អែសរ៉ា​កំពុង​អធិស្ឋាន ហើយ​លន់‌តួ ដោយ​យំ ហើយ​ផ្តួល​ខ្លួន ក្រាប​ចុះ​នៅ​មុខ​ព្រះ‌ដំណាក់​របស់​ព្រះ នោះ​មាន​ពួក​អ៊ីស្រា‌អែល​ច្រើនសន្ធឹក ទាំង​ប្រុស ទាំង​ស្រី និង​ក្មេងៗ​នាំ​គ្នាចេញ​មក​ឯ​លោក ដ្បិត​ប្រជា‌ជន​ក៏​យំ​សោក​ជា​ខ្លាំង​ដែរ។ ពេល​នោះ សេ‌កានា កូន​យេហ៊ី‌អែល ជា​កូន​ចៅ​អេឡាំ ពោល​ទៅ​កាន់​លោក​អែសរ៉ា​ថា៖ «យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​រំលងទាស់​នឹង​ព្រះ​របស់​យើង​ខ្ញុំ ដោយ​បាន​រៀប​ការ​ជាមួយ​ស្ដ្រី​សាសន៍​ដទៃ ជា​ប្រជា‌ជន​រស់​នៅ​ស្រុក​នេះ ប៉ុន្តែ ទោះ​ជា​យ៉ាង​នេះ​ក្ដី ក៏​ពេល​នេះ​នៅ​មាន​សង្ឃឹម​ដល់​អ៊ីស្រា‌អែល​ដែរ។ ដូច្នេះ សូម​ឲ្យ​យើង​ខ្ញុំ​តាំង​សញ្ញា​ជាមួយ​ព្រះ​នៃ​យើង ឲ្យ​យើង​ខ្ញុំ​បោះ​បង់​ប្រពន្ធជា​សាសន៍​ដទៃ និង​កូន​ទាំង​ប៉ុន្មាន​ដែល​កើត​ពីនាង​ទាំង​នោះ តាម​ឱវាទ​របស់​លោក​ម្ចាស់​ខ្ញុំ និង​អស់​អ្នក​ដែល​ញាប់‌ញ័រ​នឹង​បទ​បញ្ជា​របស់​ព្រះ​នៃ​យើង ហើយ​សូម​ឲ្យ​ការ​នោះ​បាន​សម្រេច​តាម​ក្រឹត្យ‌វិន័យ​ចុះ។ សូម​លោក​ក្រោក​ឡើង ដ្បិត​នេះ​ជា​កិច្ច​ការ​រប​ស់​លោក ហើយ​យើង​ខ្ញុំ​ក៏​នៅ​ជា​មួយ​លោក​ដែរ។ សូម​មាន​ចិត្ត​ក្លាហាន ហើយ​សម្រេច​កិច្ច​ការ​នេះ​ទៅ»។ ពេល​នោះ លោក​អែសរ៉ា​ក្រោក​ឡើង ហើយ​បង្គាប់​ឲ្យ​មេដឹក​នាំ​ពួក​សង្ឃ ពួក​លេវី និង​ពួក​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន​ស្បថ ដើម្បី​ឲ្យ​គេ​ធ្វើ​តាម​ពាក្យ​សម្បថ​នោះ។ ដូច្នេះ ពួកគេ​ក៏នាំ​គ្នា​ស្បថ។ បន្ទាប់​មក លោក​អែសរ៉ា​ក្រោក​ឡើង​នៅ​មុខ​ព្រះ‌ដំណាក់​របស់​ព្រះ ហើយ​ចូល​ទៅ​ក្នុង​បន្ទប់​របស់​យ៉ូ‌ហា‌ណាន ជា​កូន​របស់​អេលី‌យ៉ាស៊ីប។ លោក​សម្រាក​នៅ​ទី​នោះ​មួយ​យប់ ដោយ​មិន​បាន​បរិ‌ភោគ​អាហារ ឬ​ផឹក​ទឹក​ឡើយ ដ្បិត​លោក​មាន​ចិត្ត​សោក​សង្រេង​នឹង​អំពើ​រំលង​របស់​ពួក​អ្នក​ដែល​វិល​មក​ពី​សណ្ឋាន​ជា​ឈ្លើយ។ ដូច្នេះ គេ​ក៏​ប្រកាស​ពាស​ពេញ​ស្រុក​យូដា និង​ក្រុង​យេរូ‌សាឡិម ដល់​ពួក​អ្នក​ដែល​ចេញ​មក​ពី​សណ្ឋាន​ជា​ឈ្លើយ ឲ្យ​គេ​មក​ជួប​ជុំ​គ្នា​នៅ​ក្រុង​យេរូ‌សាឡិម ហើយ​បើ​អ្នក​ណា​មិន​មក​ក្នុង​អំឡុង​ពេល​បី​ថ្ងៃ តាម​បង្គាប់​របស់​ពួក​អ្នក​ដឹក​នាំ និង​ពួក​ចាស់​ទុំ នោះ​នឹង​ត្រូវ​រឹប​យក​ទ្រព្យ​សម្បត្តិ​របស់​អ្នក​ទាំង​អស់ ហើយ​អ្នក​នោះ​នឹង​ត្រូវ​កាត់​ចេញ​ពី​ក្រុម​ជំនុំ​នៃ​ពួក​អ្នក​ដែល​វិល​ត្រឡប់​មក​ពី​សណ្ឋាន​ជា​ឈ្លើយ​នោះ​ទៀត​ផង។ ដូច្នេះ បុរស​ទាំង​អស់​ក្នុង​ពួក​យូដា និង​បេនយ៉ាមីន បាន​មក​ជួប​ជុំ​គ្នា​នៅ​ក្រុង​យេរូ‌សាឡិម​ក្នុង​អំឡុង​ពេល​បី​ថ្ងៃ គឺ​នៅ​ថ្ងៃ​ទី​ម្ភៃ ខែ​ទី​ប្រាំ​បួន។ មនុស្ស​ទាំង​អស់​នោះ​អង្គុយ​នៅ​ក្នុង​ទី​ធ្លា នៅ​មុខ​ព្រះ‌ដំណាក់​របស់​ព្រះ ទាំង​ញាប់​ញ័រ​ដោយ​ព្រោះ​ដំណើរ​នោះ និង​ដោយ​ព្រោះមាន​ភ្លៀង​យ៉ាង​ធំ។ ពេល​នោះ សង្ឃ​អែសរ៉ា​ឈរ​ឡើង មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​រំលង ដោយ​រៀប​ការ​ជាមួយ​ស្ត្រី​សាសន៍​ដទៃ ហើយ​ធ្វើ​ឲ្យ​មាន​ទោស​កាន់​តែ​ច្រើន​ឡើង​ដល់​អ៊ីស្រា‌អែល។ ដូច្នេះ ចូរ​លន់‌តួ​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​បុព្វ‌បុរស​អ្នក​រាល់​គ្នាឥឡូវ​នេះទៅ ហើយ​ប្រព្រឹត្ត​តាម​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌អង្គ​វិញ។ ចូរ​ញែក​ខ្លួន​ចេញ​ពី​ពួក​អ្នក​នៅ​ស្រុក​នេះ និង​ពី​ប្រពន្ធ​ជា​ស្ត្រី​សាសន៍​ដទៃ​ទៅ»។ ពេល​នោះ ក្រុម​ជំនុំ​ទាំង​អស់​ក៏​ឆ្លើយ​តប ដោយ​សំឡេង​ខ្លាំងៗ​ថា៖ «ពិត​មែន​ហើយ យើង​ខ្ញុំ​ត្រូវ​តែ​ធ្វើ​តាមប្រសាសន៍របស់​លោក។

ចែក​រំលែក
អាន អែសរ៉ា 10

អែសរ៉ា 10:1-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

កាល​អែសរ៉ា​កំពុង​តែ​អធិស្ឋាន ហើយ​លន់‌តួ​ដោយ​យំ ហើយ​ផ្តួល​ខ្លួន​ក្រាប​ចុះ នៅ​មុខ​ព្រះ‌វិហារ​នៃ​ព្រះ​ដូច្នោះ នោះ​មាន​ពួក​អ៊ីស្រាអែល​យ៉ាង​សន្ធឹក ទាំង​ប្រុស​ទាំង​ស្រី នឹង​ក្មេងៗ​ប្រជុំ​គ្នា​មក​ឯ​លោក ពី​ព្រោះ​ពួក​បណ្តាជន​ក៏​យំ​ជា​ខ្លាំង​ដែរ នោះ​សេកានា កូន​យេហ៊ី‌អែល ជា​កូន​ចៅ​អេឡាំ គាត់​និយាយ​ទៅ​អែសរ៉ា​ថា យើង​រាល់​គ្នា​បាន​រំលង​ទាស់​នឹង​ព្រះ​នៃ​យើង​ខ្ញុំ​ហើយ ដោយ​បាន​យក​ប្រពន្ធ​ជា​ស្រី​សាសន៍​ដទៃ ជា​ពួក​ស្រី​នៅ​ស្រុក​នេះ ប៉ុន្តែ នៅ​មាន​ទី​សង្ឃឹម​ដល់​ពួក​អ៊ីស្រាអែល ពី​ដំណើរ​នេះ​ដែរ ដូច្នេះ សូម​ឲ្យ​យើង​រាល់​គ្នា​ចុះ​សញ្ញា​នឹង​ព្រះ​នៃ​យើង​ឥឡូវ ឲ្យ​លែង​អស់​ទាំង​ប្រពន្ធ នឹង​កូន​ទាំង​ប៉ុន្មាន​ដែល​កើត​ពី​នាង​ទាំង​នោះ តាម​ឱវាទ​នៃ​លោក​ម្ចាស់​ខ្ញុំ នឹង​ពួក​អ្នក​ដែល​ញាប់‌ញ័រ​ចំពោះ​ក្រិត្យ‌ក្រម​របស់​ព្រះ​នៃ​យើង​ខ្ញុំ សូម​ឲ្យ​ការ​នោះ​បាន​សំរេច​តាម​ក្រិត្យ‌វិន័យ សូម​លោក​ក្រោក​ឡើង ពី​ព្រោះ​ការ​នេះ​ស្រេច​នៅ​លោក ហើយ​យើង​ខ្ញុំ​ក៏​នៅ​ជា​មួយ​នឹង​លោក​ដែរ សូម​ឲ្យ​មាន​ចិត្ត​ក្លាហាន​ឡើង ហើយ​សំរេច​ការ​ទៅ។ ដូច្នេះ អែសរ៉ា​ក៏​ក្រោក​ឡើង ឲ្យ​អស់​ទាំង​មេ​ពួក​សង្ឃ ពួក​លេវី នឹង​ពួក​អ៊ីស្រាអែល​ទាំង​អស់ ស្បថ​នឹង​ធ្វើ​តាម​ពាក្យ​នោះ គេ​ក៏​ស្បថ រួច​អែសរ៉ា​ក្រោក​ឡើង​នៅ​មុខ​ព្រះ‌វិហារ​នៃ​ព្រះ ចូល​ទៅ​ក្នុង​បន្ទប់​របស់​យ៉ូហា‌ណាន ជា​កូន​របស់​អេលី‌យ៉ាស៊ីប​ទៅ តែ​កាល​លោក​បាន​ចូល​ទៅ​ហើយ លោក​មិន​បាន​បរិភោគ​អាហារ​អ្វី​ឡើយ ដ្បិត​លោក​មាន​សេចក្ដី​សៅ‌សោក ដោយ​ព្រោះ​អំពើ​រំលង​របស់​ពួក​អ្នក​ដែល​មក​ពី​សណ្ឋាន​ជា​ឈ្លើយ ដូច្នេះ គេ​ក៏​ប្រកាស​ប្រាប់​ទួទៅ​គ្រប់​ក្នុង​ស្រុក​យូដា នឹង​ក្រុង​យេរូ‌សាឡិម ដល់​ពួក​អ្នក​ទាំង​ប៉ុន្មាន ដែល​រួច​ពី​សណ្ឋាន​ជា​ឈ្លើយ ឲ្យ​គេ​មូល​មក​ឯ​ក្រុង​យេរូ‌សាឡិម​គ្រប់​គ្នា ហើយ បើ​អ្នក​ណា​មិន​មក​ក្នុង​កំណត់​៣​ថ្ងៃ តាម​បង្គាប់​របស់​ពួក​អ្នក​ជា​ប្រធាន នឹង​ពួក​ចាស់‌ទុំ នោះ​នឹង​ត្រូវ​រឹប​យក​ទ្រព្យ​សម្បត្តិ​របស់​អ្នក​នោះ​អស់​រលីង​ទៅ ហើយ​ខ្លួន​អ្នក​នោះ​នឹង​ត្រូវ​កាត់​ចេញ​ពី​ពួក​ជំនុំ​របស់​ពួក​អ្នក ដែល​រួច​ពី​សណ្ឋាន​ជា​ឈ្លើយ​ផង។ ដូច្នេះ ពួក​យូដា នឹង​បេន‌យ៉ាមីន ក៏​មូល​គ្នា​មក​ឯ​ក្រុង​យេរូ‌សាឡិម​ទាំង​អស់ ក្នុង​កំណត់​៣​ថ្ងៃ​នោះ គឺ​ត្រូវ​ជា​ថ្ងៃ​២០ ខែ​មិគសិរ ឯ​មនុស្ស​ទាំង​នោះ​គេ​អង្គុយ​ត្រង់​ទី‌ធ្លា នៅ​មុខ​ព្រះ‌វិហារ​នៃ​ព្រះ ទាំង​ញ័រដោយ​ព្រោះ​ដំណើរ​នោះ ហើយ​ដោយ​ព្រោះ​ភ្លៀង​ធំ​ផង នោះ​អែសរ៉ា​ដ៏​ជា​សង្ឃ លោក​ឈរ​ឡើង​និយាយ​ទៅ​គេ​ថា អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​រំលង ដោយ​យក​ប្រពន្ធ​ជា​ស្រី​សាសន៍​ដទៃ ជា​ការ​ដែល​ចំរើន​ទោស​ដល់​សាសន៍​អ៊ីស្រាអែល ដូច្នេះ ចូរ​លន់‌តួ​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ឰយុកោ​អ្នក​រាល់​គ្នា​ឥឡូវ​ទៅ ហើយ​ប្រព្រឹត្ត​តាម​ដែល​ទ្រង់​សព្វ​ព្រះ‌ហឫទ័យ​ចុះ ត្រូវ​ឲ្យ​ញែក​ខ្លួន​ពី​ពួក​អ្នក​នៅ​ស្រុក​នេះ ហើយ​ពី​ស្រី​សាសន៍​ដទៃ​ចេញ ពួក​ជំនុំ​ទាំង​អស់​គ្នា​ក៏​ឆ្លើយ​តប​ឡើង ដោយ​សំឡេង​យ៉ាង​ខ្លាំង​ថា យើង​ខ្ញុំ​ត្រូវ​តែ​ធ្វើ​តាម ដូច​ជា​លោក​មាន​ប្រសាសន៍​ហើយ

ចែក​រំលែក
អាន អែសរ៉ា 10