កាលលោកអែសរ៉ាកំពុងអធិស្ឋាន ហើយលន់តួ ដោយយំ ហើយផ្តួលខ្លួន ក្រាបចុះនៅមុខព្រះដំណាក់របស់ព្រះ នោះមានពួកអ៊ីស្រាអែលច្រើនសន្ធឹក ទាំងប្រុស ទាំងស្រី និងក្មេងៗនាំគ្នាចេញមកឯលោក ដ្បិតប្រជាជនក៏យំសោកជាខ្លាំងដែរ។ ពេលនោះ សេកានា កូនយេហ៊ីអែល ជាកូនចៅអេឡាំ ពោលទៅកាន់លោកអែសរ៉ាថា៖ «យើងខ្ញុំបានប្រព្រឹត្តរំលងទាស់នឹងព្រះរបស់យើងខ្ញុំ ដោយបានរៀបការជាមួយស្ដ្រីសាសន៍ដទៃ ជាប្រជាជនរស់នៅស្រុកនេះ ប៉ុន្តែ ទោះជាយ៉ាងនេះក្ដី ក៏ពេលនេះនៅមានសង្ឃឹមដល់អ៊ីស្រាអែលដែរ។ ដូច្នេះ សូមឲ្យយើងខ្ញុំតាំងសញ្ញាជាមួយព្រះនៃយើង ឲ្យយើងខ្ញុំបោះបង់ប្រពន្ធជាសាសន៍ដទៃ និងកូនទាំងប៉ុន្មានដែលកើតពីនាងទាំងនោះ តាមឱវាទរបស់លោកម្ចាស់ខ្ញុំ និងអស់អ្នកដែលញាប់ញ័រនឹងបទបញ្ជារបស់ព្រះនៃយើង ហើយសូមឲ្យការនោះបានសម្រេចតាមក្រឹត្យវិន័យចុះ។ សូមលោកក្រោកឡើង ដ្បិតនេះជាកិច្ចការរបស់លោក ហើយយើងខ្ញុំក៏នៅជាមួយលោកដែរ។ សូមមានចិត្តក្លាហាន ហើយសម្រេចកិច្ចការនេះទៅ»។ ពេលនោះ លោកអែសរ៉ាក្រោកឡើង ហើយបង្គាប់ឲ្យមេដឹកនាំពួកសង្ឃ ពួកលេវី និងពួកអ៊ីស្រាអែលទាំងប៉ុន្មានស្បថ ដើម្បីឲ្យគេធ្វើតាមពាក្យសម្បថនោះ។ ដូច្នេះ ពួកគេក៏នាំគ្នាស្បថ។ បន្ទាប់មក លោកអែសរ៉ាក្រោកឡើងនៅមុខព្រះដំណាក់របស់ព្រះ ហើយចូលទៅក្នុងបន្ទប់របស់យ៉ូហាណាន ជាកូនរបស់អេលីយ៉ាស៊ីប។ លោកសម្រាកនៅទីនោះមួយយប់ ដោយមិនបានបរិភោគអាហារ ឬផឹកទឹកឡើយ ដ្បិតលោកមានចិត្តសោកសង្រេងនឹងអំពើរំលងរបស់ពួកអ្នកដែលវិលមកពីសណ្ឋានជាឈ្លើយ។ ដូច្នេះ គេក៏ប្រកាសពាសពេញស្រុកយូដា និងក្រុងយេរូសាឡិម ដល់ពួកអ្នកដែលចេញមកពីសណ្ឋានជាឈ្លើយ ឲ្យគេមកជួបជុំគ្នានៅក្រុងយេរូសាឡិម ហើយបើអ្នកណាមិនមកក្នុងអំឡុងពេលបីថ្ងៃ តាមបង្គាប់របស់ពួកអ្នកដឹកនាំ និងពួកចាស់ទុំ នោះនឹងត្រូវរឹបយកទ្រព្យសម្បត្តិរបស់អ្នកទាំងអស់ ហើយអ្នកនោះនឹងត្រូវកាត់ចេញពីក្រុមជំនុំនៃពួកអ្នកដែលវិលត្រឡប់មកពីសណ្ឋានជាឈ្លើយនោះទៀតផង។ ដូច្នេះ បុរសទាំងអស់ក្នុងពួកយូដា និងបេនយ៉ាមីន បានមកជួបជុំគ្នានៅក្រុងយេរូសាឡិមក្នុងអំឡុងពេលបីថ្ងៃ គឺនៅថ្ងៃទីម្ភៃ ខែទីប្រាំបួន។ មនុស្សទាំងអស់នោះអង្គុយនៅក្នុងទីធ្លា នៅមុខព្រះដំណាក់របស់ព្រះ ទាំងញាប់ញ័រដោយព្រោះដំណើរនោះ និងដោយព្រោះមានភ្លៀងយ៉ាងធំ។ ពេលនោះ សង្ឃអែសរ៉ាឈរឡើង មានប្រសាសន៍ទៅគេថា៖ «អ្នករាល់គ្នាបានប្រព្រឹត្តរំលង ដោយរៀបការជាមួយស្ត្រីសាសន៍ដទៃ ហើយធ្វើឲ្យមានទោសកាន់តែច្រើនឡើងដល់អ៊ីស្រាអែល។ ដូច្នេះ ចូរលន់តួដល់ព្រះយេហូវ៉ា ជាព្រះនៃបុព្វបុរសអ្នករាល់គ្នាឥឡូវនេះទៅ ហើយប្រព្រឹត្តតាមព្រះហឫទ័យរបស់ព្រះអង្គវិញ។ ចូរញែកខ្លួនចេញពីពួកអ្នកនៅស្រុកនេះ និងពីប្រពន្ធជាស្ត្រីសាសន៍ដទៃទៅ»។ ពេលនោះ ក្រុមជំនុំទាំងអស់ក៏ឆ្លើយតប ដោយសំឡេងខ្លាំងៗថា៖ «ពិតមែនហើយ យើងខ្ញុំត្រូវតែធ្វើតាមប្រសាសន៍របស់លោក។
អាន អែសរ៉ា 10
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: អែសរ៉ា 10:1-12
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ