អេ‌សេ‌គាល 39

39
កង​ទ័ព​របស់​ស្តេច​កុក​ត្រូវបំផ្លាញ
1ដូច្នេះ កូន​មនុស្ស​អើយ ចូរ​ថ្លែងទំនាយ​ទាស់​នឹង​កុក ហើយ​ប្រាប់​ថា ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ ម្នាល​កុក ជា​ចៅ‌ហ្វាយ​នៃ​ពួក​រ៉ុស ពួក​មែសេក និង​ពួក​ទូបាល​អើយ យើង​ទាស់​នឹង​អ្នក 2យើង​នឹង​ធ្វើ​ឲ្យ​អ្នក​បែរ​មក ហើយ​នាំ​អ្នក​ទៅ​មុខ ក៏​នឹង​បណ្ដាល​ឲ្យ​អ្នក​ឡើង​មក​ពី​ស្រុក​ខាង​ជើង​បំផុត ព្រម​ទាំង​នាំ​អ្នក​មក​លើ​ភ្នំ​ទាំង​ប៉ុន្មាន​របស់​ស្រុក​អ៊ីស្រា‌អែល 3យើង​នឹង​វាយ​ធ្នូ​ចេញ​ពី​ដៃ​ឆ្វេង​របស់​អ្នក ហើយ​នឹង​ធ្វើ​ឲ្យ​ព្រួញ​ធ្លាក់​ចេញ​ពី​ដៃ​ស្តាំ​អ្នក។ 4អ្នក​នឹង​ដួល​នៅ​លើ​អស់​ទាំង​ភ្នំ​របស់​ស្រុក​អ៊ីស្រា‌អែល គឺ​ទាំង​អ្នក និង​ពួក​កក‌កុញ​របស់​អ្នក ហើយ​សាសន៍​ទាំង​ប៉ុន្មាន​ដែល​នៅ​ជា‌មួយ​ផង យើង​នឹង​ប្រគល់​អ្នក​ដល់​សត្វ​ហើរ​ផ្សេងៗ​ដែល​ស៊ី​គំរង់ ហើយ​ដល់​សត្វ​ព្រៃ​ឲ្យ​វា​ស៊ី​ទៅ 5អ្នក​នឹង​ដួល​នៅ​ទី​វាល​ទទេ ដ្បិត​យើង​បាន​ចេញ​វាចា​ហើយ នោះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់‌យេហូវ៉ា 6យើង​នឹង​ចាត់​ភ្លើង​ទៅ​លើ​ស្រុក​ម៉ាកុក ហើយ​លើ​ពួក​អ្នក​ដែល​អាស្រ័យ​នៅ ដោយ​សុខ‌សាន្ត​នៅ​កោះ​ទាំង‌ឡាយ នោះ​គេ​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត 7យើង​នឹង​ឲ្យ​មនុស្ស​ស្គាល់​ឈ្មោះ​ដ៏​បរិសុទ្ធ​របស់​យើង នៅ​កណ្ដាល​ពួក​អ៊ីស្រា‌អែល​ជា​ប្រជា‌រាស្ត្រ​យើង ក៏​មិន​ឲ្យ​ឈ្មោះ​បរិសុទ្ធ​របស់​យើង​ត្រូវ​បង្អាប់​ទៀត ដូច្នេះ អស់​ទាំង​សាសន៍​នឹង​ដឹង​ថា យើង​ជា​ព្រះ‌យេហូវ៉ា គឺ​ជា​ព្រះ​ដ៏​បរិសុទ្ធ​នៅ​ក្នុង​ពួក​អ៊ីស្រា‌អែល 8ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា មើល៍ ការ​នោះ​កំពុង​តែ​មក ហើយ​នឹង​បាន​សម្រេច​ជា​ពិត នេះ​ហើយ​ជា​ថ្ងៃ​ដែល​យើង​បាន​ប្រាប់​នោះ 9ឯ​ពួក​អ្នក​ដែល​នៅ​អស់​ទាំង​ទី​ក្រុង​នៃ​ស្រុក​អ៊ីស្រា‌អែល គេ​នឹង​ចេញ​ទៅ​ប្រមូល​គ្រឿង​សស្ត្រា‌វុធ​ដុត​ចោល គឺ​ទាំង​ខែល​តូច ខែល​ធំ ទាំង​ធ្នូ និង​ព្រួញ ដែក​ពួយ និង​លំពែង​ផង គេ​នឹង​ដុត​គ្រឿង​ទាំង​នោះ​អស់​ប្រាំពីរ​ឆ្នាំ 10ឥត​ត្រូវ​ការ​រើស​រំកាច់​ឈើ​នៅ​ទី​វាល ឬ​កាប់​ឧស​នៅ​ក្នុង​ព្រៃ​ឡើយ ដ្បិត​គេ​នឹង​ប្រើ​គ្រឿង​ទាំង​នោះ​សម្រាប់​ដុត​វិញ ហើយ​គេ​នឹង​រឹប‌ជាន់​ពួក​អ្នក​ដែល​បាន​រឹប‌ជាន់​ខ្លួន ព្រម​ទាំង​ប្លន់​ពួក​អ្នក​ដែល​បាន​ប្លន់​ខ្លួន​ដែរ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់‌យេហូវ៉ា។
11គ្រា​នោះ យើង​នឹង​ឲ្យ​កន្លែង​មួយ​ដល់​ពួក​កុក សម្រាប់​ជា​ទី​បញ្ចុះ​សព​នៅ​ក្នុង​ស្រុក​អ៊ីស្រា‌អែល គឺ​នៅ​ជ្រលង​ភ្នំ​របស់​អ្នក​ដំណើរ ខាង​កើត​សមុទ្រ។ ជ្រលង​ភ្នំ​នោះ​នឹង​បិទ​ខ្ទប់​អ្នក​ដំណើរ ហើយ​នៅ​ទី​នោះ​គេ​នឹង​កប់​សាក‌សព​ពួក​កុក និង​ប្រជា​ជន​ជា​ច្រើនឥតគណនា​ទាំង​ប៉ុន្មាន​របស់​វា គេ​នឹង​ហៅ​ជ្រលង​ភ្នំ​នោះ​ថា ហាមុន-កុក ។ 12ពួក​វង្ស​អ៊ីស្រា‌អែល​នឹង​បញ្ចុះ​សព​អ្នក​ទាំង​នោះ​អស់​ប្រាំពីរ​ខែ ទើប​បាន​ហើយ ដើម្បី​នឹង​សម្អាត​ស្រុក 13អើ មនុស្ស​ទាំង​អស់​នៅ​ស្រុក​នោះ​នឹង​ធ្វើ​ការ​បញ្ចុះ​សព​គេ ហើយ​ការ​នោះ​នឹង​បាន​ជា​ល្បី​ដល់​គេ ក្នុង​ថ្ងៃ​ដែល​យើង​បាន​តម្កើង​ឡើង នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់‌យេហូវ៉ា 14គេ​នឹង​តម្រូវ​ទុក​មនុស្ស​មួយ​ពួក ឲ្យ​ធ្វើ​ដំណើ​កាត់​ស្រុក​នោះ​ជា‌និច្ច ដើម្បី​បញ្ចុះ​សព​ពួក​ឈ្លាន​ពាន​ដែល​នៅ​សេស​សល់​ក្នុង​ស្រុក ប្រយោជន៍​នឹង​សម្អាត​ស្រុក។ ក្រោយ​ប្រាំពីរ​ខែ​នោះ​មក គេ​នឹង​ដើរ​ពិនិត្យ​មើល។ 15រួច​ពួក​អ្នក​ដែល​ដើរ​ចុះ​ឡើង គេ​នឹង​ដើរ​ទៅ​មក​មើល បើ​ឃើញ​ឆ្អឹង​ខ្មោច​មនុស្ស​ណា នោះ​គេ​នឹង​តាំង​ទី​សម្គាល់​មួយ​នៅ​ជិត​ខាង ទាល់​តែ​ពួក​បញ្ចុះ​សព​បាន​មក​កប់​ចោល នៅ​ក្នុង​ច្រក​ភ្នំ​ហាមុន-កុក​ទាំង​អស់​ទៅ 16ហើយ​ទី​ក្រុង​មួយ​នឹង​មាន​ឈ្មោះ​ហៅ​ថា ហាម៉ូណា គឺ​យ៉ាង​នោះ​ដែល​គេ​នឹង​សម្អាត​ស្រុក។
17ឯ​អ្នក កូន​មនុស្ស​អើយ ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ចូរ​ប្រាប់​ដល់​សត្វ​ស្លាប​គ្រប់​យ៉ាង និង​ដល់​អស់​ទាំង​សត្វ​ព្រៃ​នៅ​ផែនដី​ថា ចូរ​មូល​គ្នា​មក ចូរ​ប្រជុំ​គ្នា​ពី​គ្រប់​ទិស មក​ឯ​យញ្ញ‌បូជា​របស់​យើង ដែល​យើង​ធ្វើ​សម្រាប់​អ្នក​រាល់​គ្នា ជា​យញ្ញ‌បូជា​យ៉ាង​ធំ នៅ​លើ​អស់​ទាំង​ភ្នំ​ស្រុក​អ៊ីស្រា‌អែល ដើម្បី​ឲ្យ​អ្នក​បាន​ស៊ី​សាច់ ហើយ​ផឹក​ឈាម 18អ្នក​រាល់​គ្នា​នឹង​ស៊ី​សាច់​របស់​មនុស្ស​ខ្លាំង​ពូកែ ហើយ​ផឹក​ឈាម​របស់​ពួក​ចៅ‌ហ្វាយ​នៅ​ផែនដី ទាំង​ចៀម​ឈ្មោល កូន​ចៀម ពពែ និង​គោ​ផង សុទ្ធ​តែ​ជា​សត្វ​បំប៉ន​ពី​ស្រុក​បាសាន 19អ្នក​រាល់​គ្នា​នឹង​ស៊ី​ខ្លាញ់​ទាល់​តែ​ឆ្អែត ហើយ​ផឹក​ឈាម ទាល់​តែ​ស្រវឹង ដោយ‌សារ​យញ្ញ‌បូជា ដែល​យើង​ធ្វើ​សម្រាប់​អ្នក 20នៅ​តុ​យើង អ្នក​រាល់​គ្នា​នឹង​បាន​ឆ្អែត​ដោយ​សាច់​សេះ រទេះ​ចម្បាំង ពួក​មនុស្ស​ខ្លាំង​ពូកែ និង​ពួក​ទាហាន​ទាំង​ប៉ុន្មាន​ដែរ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់‌យេហូវ៉ា។
21យើង​នឹង​តាំង​សិរី‌ល្អ​របស់​យើង នៅ​កណ្ដាល​អស់​ទាំង​សាសន៍ ហើយ​អស់​ទាំង​សាសន៍​នឹង​ឃើញ​សេចក្ដី​យុត្តិ‌ធម៌​របស់​យើង ដែល​បាន​សម្រេច​នោះ និង​ដៃ​យើង​ដែល​បាន​ដាក់​លើ​គេ។ 22យ៉ាង​នោះ​ពួក​វង្ស​អ៊ីស្រា‌អែល​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌យេហូវ៉ា គឺ​ជា​ព្រះ​នៃ​គេ តាំង​តែ​ពី​ថ្ងៃ​នោះ​ត​ទៅ 23ឯ​ពួក​សាសន៍​ដទៃ គេ​នឹង​ដឹង​ថា ពួក​វង្ស​អ៊ីស្រា‌អែល​បាន​ត្រូវ​ដឹក‌នាំ​ទៅ​ជា​ឈ្លើយ ដោយ​ព្រោះ​អំពើ​ទុច្ចរិត​របស់​ខ្លួន ដោយ​ព្រោះ​គេ​ប្រព្រឹត្ត​រំលង​ទាស់​នឹង​យើង​ហើយ បាន​ជា​យើង​គេច​មុខ​ចេញ​ពី​គេ ដោយ​ហេតុ​នោះ បាន​ជា​យើង​ប្រគល់​គេ ទៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​ពួក​ខ្មាំង​សត្រូវ ហើយ​គេ​ត្រូវ​ដួល​ដោយ​ដាវ​ទាំង​អស់​គ្នា 24យើង​បាន​ធ្វើ​ដល់​គេ​តាម​សេចក្ដី​ស្មោក‌គ្រោក និង​អំពើ​រំលង​របស់​គេ ព្រម​ទាំង​គេច​មុខ​ចេញ​ពី​គេ​ផង។
25ហេតុ​នោះ ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ឥឡូវ​នេះ យើង​នឹង​នាំ​ពួក​យ៉ាកុប​ដែល​នៅ​ជា​ឈ្លើយ​ឲ្យ​មក​វិញ ហើយ​នឹង​មាន​សេចក្ដី​អាណិត​មេត្តា​ដល់​ពួក​វង្ស​អ៊ីស្រា‌អែល​ទាំង​មូល ហើយ​នឹង​មាន​សេចក្ដី​ប្រចណ្ឌ ដោយ​យល់​ដល់​ឈ្មោះ​បរិសុទ្ធ​របស់​យើង 26ក្រោយ​ដែល​គេ​បាន​រង​ទ្រាំ​សេចក្ដី​ខ្មាស និង​គ្រប់​ទាំង​អំពើ​រំលង​ដែល​គេ​បាន​ប្រព្រឹត្ត​ទាស់​នឹង​យើង ក្នុង​គ្រា​ដែល​គេ​នៅ​ក្នុង​ស្រុក​ខ្លួន ដោយ​សុខ‌សាន្ត ឥត​មាន​អ្នក​ណា​បំភ័យ​ឡើយ 27គឺ​ក្នុង​កាល​ដែល​យើង​បាន​នាំ​គេ​ចេញ​ពី​អស់​ទាំង​សាសន៍​មក​វិញ ហើយ​ប្រមូល​គេ​ពី​គ្រប់​ទាំង​ស្រុក​របស់​ខ្មាំង​សត្រូវ​គេ ព្រម​ទាំង​តាំង​ខ្លួន​យើង​ជា​បរិសុទ្ធ នៅ​ក្នុង​ពួក​គេ ចំពោះ​ភ្នែក​សាសន៍​ជា​ច្រើន 28ហើយ​គេ​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌យេហូវ៉ា គឺ​ជា​ព្រះ​នៃ​គេ ដោយ​យើង​បាន​ធ្វើ​ឲ្យ​គេ​ទៅ​ជា​ឈ្លើយ នៅ​កណ្ដាល​អស់​ទាំង​សាសន៍​រួច​បាន​ប្រមូល​គេ​មក ក្នុង​ស្រុក​របស់​ខ្លួន​គេ​វិញ ឥត​ទុក​អ្នក​ណា​មួយ​ឲ្យ​នៅ​សល់ ក្នុង​ស្រុក​ទាំង​នោះ​ទៀត។ 29យើង​ក៏​នឹង​មិន​គេច​មុខ​ពី​គេ​ទៀត​ដែរ ដ្បិត​យើង​បាន​ចាក់​វិញ្ញាណ​យើង​ទៅ​លើ​ពួក​វង្ស​អ៊ីស្រា‌អែល​ហើយ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់‌យេហូវ៉ា»។

ទើបបានជ្រើសរើសហើយ៖

អេ‌សេ‌គាល 39: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល