ព្រះហស្តរបស់ព្រះយេហូវ៉ាបានសណ្ឋិតលើខ្ញុំ ហើយព្រះអង្គក៏នាំយកខ្ញុំ ដោយព្រះវិញ្ញាណរបស់ព្រះយេហូវ៉ា ទៅដាក់ចុះនៅកណ្ដាលច្រកភ្នំមួយ ដែលពេញដោយឆ្អឹងខ្មោច។ ព្រះអង្គឲ្យខ្ញុំដើរក្បែរឆ្អឹងទាំងនោះនៅព័ទ្ធជុំវិញ ខ្ញុំក៏ឃើញថា នៅវាលច្រកនោះ មានឆ្អឹងយ៉ាងសន្ធឹក ហើយស្ងួតហែងណាស់។ ព្រះអង្គមានព្រះបន្ទូលសួរខ្ញុំថា៖ «កូនមនុស្សអើយ តើឆ្អឹងទាំងនេះនឹងរស់ឡើងបានឬ?»។ ខ្ញុំក៏ទូលឆ្លើយថា៖ «ឱព្រះអម្ចាស់យេហូវ៉ាអើយ ព្រះអង្គជ្រាបហើយ»។ ព្រះអង្គមានព្រះបន្ទូលមកខ្ញុំទៀតថា៖ «ចូរថ្លែងទំនាយពីដំណើរឆ្អឹងទាំងនេះ ហើយប្រាប់ថា ឱឆ្អឹងស្ងួតហែងទាំងឡាយអើយ ចូរស្តាប់ព្រះបន្ទូលរបស់ព្រះយេហូវ៉ាចុះ។ ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដល់ឆ្អឹងទាំងនេះដូច្នេះថា: មើល៍! យើងនឹងឲ្យមានខ្យល់ដង្ហើមចូលក្នុងអ្នករាល់គ្នា ហើយអ្នកនឹងមានជីវិតរស់។ យើងនឹងដាក់ឲ្យមានសរសៃ ធ្វើឲ្យមានសាច់ដុះលើអ្នករាល់គ្នា ហើយគ្របរុំដោយស្បែក ព្រមទាំងបញ្ចូលខ្យល់ដង្ហើមទៅក្នុងអ្នករាល់គ្នា នោះអ្នករាល់គ្នានឹងមានជីវិតរស់ ដូច្នេះ អ្នករាល់គ្នានឹងដឹងថា យើងនេះជាព្រះយេហូវ៉ាពិត»។ ដូច្នេះ ខ្ញុំក៏ថ្លែងទំនាយដូចជាព្រះអង្គបង្គាប់ ហើយកំពុងដែលខ្ញុំថ្លែងនោះ មានឮសូរក្រិកៗ ឆ្អឹងទាំងនោះបានកម្រើក ក៏ផ្គុំជាប់គ្នា ឆ្អឹងមួយភ្ជាប់ត្រង់កន្លែងរបស់ខ្លួន។ កាលខ្ញុំកំពុងតែមើល៍ នោះឃើញមានសរសៃ និងសាច់កើតឡើងនៅឆ្អឹងទាំងនោះ រួចមានស្បែករុំគ្របទៀត តែឥតមានខ្យល់ដង្ហើមនៅក្នុងវាទេ។ ពេលនោះ ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា៖ «ចូរថ្លែង ហើយប្រាប់ដល់ខ្យល់ ឱកូនមនុស្សអើយ ចូរថ្លែងទំនាយចុះ ត្រូវប្រាប់ដល់ខ្យល់ថា ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះ ឱខ្យល់ដង្ហើម ចូរមកពីខ្យល់ទាំងបួនទិស ផ្លុំលើខ្មោចស្លាប់ទាំងនេះ ឲ្យមានជីវិតរស់ឡើង»។ ដូច្នេះ ខ្ញុំក៏ថ្លែងទំនាយដូចជាព្រះអង្គបង្គាប់មក រួចខ្យល់ដង្ហើមក៏ចូលទៅក្នុងសពទាំងនោះ ហើយវាក៏រស់ឡើង បានទាំងឈរឡើងជាកងទ័ពយ៉ាងធំក្រៃលែង។ បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា៖ «កូនមនុស្សអើយ ឆ្អឹងទាំងនេះជាពួកវង្សអ៊ីស្រាអែល គេនិយាយថា ឆ្អឹងយើងរាល់គ្នាស្ងួតហែងហើយ ទីសង្ឃឹមរបស់យើងក៏បាត់អស់ យើងរាល់គ្នាត្រូវកាត់ចេញហើយ។ ដូច្នេះ ចូរថ្លែងទំនាយប្រាប់គេថា ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះ ម្នាលប្រជារាស្ត្ររបស់យើងអើយ យើងនឹងបើកផ្នូរខ្មោចរបស់អ្នករាល់គ្នា ហើយនឹងធ្វើឲ្យអ្នករាល់គ្នាឡើងចេញពីផ្នូរមក រួចនឹងនាំអ្នកឲ្យចូលទៅក្នុងស្រុកអ៊ីស្រាអែលវិញ។
អាន អេសេគាល 37
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: អេសេគាល 37:1-12
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ