អេ‌សេ‌គាល 37

37
ច្រក​ភ្នំ​ឆ្អឹង​ខ្មោច​ស្ងួត
1ព្រះ‌ហស្ត​របស់​ព្រះ‌យេហូវ៉ា​បាន​សណ្ឋិត​លើ​ខ្ញុំ ហើយ​ព្រះ‌អង្គ​ក៏​នាំ​យក​ខ្ញុំ ដោយ​ព្រះ‌វិញ្ញាណរបស់​ព្រះ‌យេហូវ៉ា ទៅ​ដាក់​ចុះ​នៅ​កណ្ដាល​ច្រក​ភ្នំ​មួយ ដែល​ពេញ​ដោយ​ឆ្អឹង​ខ្មោច។ 2ព្រះ‌អង្គ​ឲ្យ​ខ្ញុំ​ដើរ​ក្បែរ​ឆ្អឹង​ទាំង​នោះ​នៅ​ព័ទ្ធ​ជុំ‌វិញ ខ្ញុំ​ក៏​ឃើញ​ថា នៅ​វាល​ច្រក​នោះ មាន​ឆ្អឹង​យ៉ាង​សន្ធឹក ហើយ​ស្ងួត‌ហែង​ណាស់។ 3ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​សួរ​ខ្ញុំ​ថា៖ «កូន​មនុស្ស​អើយ តើ​ឆ្អឹង​ទាំង​នេះ​នឹង​រស់​ឡើង​បាន​ឬ?»។ ខ្ញុំ​ក៏​ទូល​ឆ្លើយ​ថា៖ «ឱ​ព្រះ‌អម្ចាស់‌យេហូវ៉ា​អើយ ព្រះ‌អង្គ​ជ្រាប​ហើយ»។ 4ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ទៀត​ថា៖ «ចូរ​ថ្លែងទំនាយ​ពី​ដំណើរ​ឆ្អឹង​ទាំង​នេះ ហើយ​ប្រាប់​ថា ឱ​ឆ្អឹង​ស្ងួត‌ហែង​ទាំង‌ឡាយ​អើយ ចូរ​ស្តាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​ចុះ។ 5ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដល់​ឆ្អឹង​ទាំង​នេះ​ដូច្នេះ​ថា: មើល៍! យើង​នឹង​ឲ្យ​មាន​ខ្យល់​ដង្ហើម​ចូល​ក្នុង​អ្នក​រាល់​គ្នា ហើយ​អ្នក​នឹង​មាន​ជីវិត​រស់។ 6យើង​នឹង​ដាក់​ឲ្យ​មាន​សរសៃ ធ្វើ​ឲ្យ​មាន​សាច់​ដុះ​លើ​អ្នក​រាល់​គ្នា ហើយ​គ្រប​រុំ​ដោយ​ស្បែក ព្រម​ទាំង​បញ្ចូល​ខ្យល់​ដង្ហើម​ទៅ​ក្នុង​អ្នក​រាល់​គ្នា នោះ​អ្នក​រាល់​គ្នា​នឹង​មាន​ជីវិត​រស់ ដូច្នេះ អ្នក​រាល់​គ្នា​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត»។
7ដូច្នេះ ខ្ញុំ​ក៏​ថ្លែងទំនាយ​ដូច​ជា​ព្រះ‌អង្គ​បង្គាប់ ហើយ​កំពុង​ដែល​ខ្ញុំ​ថ្លែង​នោះ មាន​ឮ​សូរ​ក្រិកៗ ឆ្អឹង​ទាំង​នោះ​បាន​កម្រើក ក៏​ផ្គុំ​ជាប់​គ្នា ឆ្អឹង​មួយ​ភ្ជាប់​ត្រង់​កន្លែង​របស់​ខ្លួន។ 8កាល​ខ្ញុំ​កំពុង​តែ​មើល៍ នោះ​ឃើញ​មាន​សរសៃ និង​សាច់​កើត​ឡើង​នៅ​ឆ្អឹង​ទាំង​នោះ រួច​មាន​ស្បែក​រុំ​គ្រប​ទៀត តែ​ឥត​មាន​ខ្យល់​ដង្ហើម​នៅ​ក្នុង​វា​ទេ។ 9ពេល​នោះ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «ចូរថ្លែង ហើយ​ប្រាប់​ដល់​ខ្យល់ ឱ​កូន​មនុស្ស​អើយ ចូរ​ថ្លែងទំនាយ​ចុះ ត្រូវ​ប្រាប់​ដល់​ខ្យល់​ថា ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ ឱ​ខ្យល់​ដង្ហើម ចូរ​មក​ពី​ខ្យល់​ទាំង​បួន​ទិស ផ្លុំ​លើ​ខ្មោច​ស្លាប់​ទាំង​នេះ ឲ្យ​មាន​ជីវិត​រស់​ឡើង»។ 10ដូច្នេះ ខ្ញុំ​ក៏​ថ្លែងទំនាយ​ដូច​ជា​ព្រះ‌អង្គ​បង្គាប់​មក រួច​ខ្យល់​ដង្ហើម​ក៏​ចូល​ទៅ​ក្នុង​សព​ទាំង​នោះ ហើយ​វា​ក៏​រស់​ឡើង បាន​ទាំង​ឈរ​ឡើង​ជា​កង‌ទ័ព​យ៉ាង​ធំ​ក្រៃ‌លែង។
11បន្ទាប់​មក ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «កូន​មនុស្ស​អើយ ឆ្អឹង​ទាំង​នេះ​ជា​ពួក​វង្ស​អ៊ីស្រា‌អែល គេ​និយាយ​ថា ឆ្អឹង​យើង​រាល់​គ្នា​ស្ងួត‌ហែង​ហើយ ទី​សង្ឃឹម​របស់​យើង​ក៏​បាត់​អស់ យើង​រាល់​គ្នា​ត្រូវ​កាត់​ចេញ​ហើយ។ 12ដូច្នេះ ចូរ​ថ្លែងទំនាយ​ប្រាប់​គេ​ថា ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ ម្នាល​ប្រជា‌រាស្ត្រ​របស់​យើង​អើយ យើង​នឹង​បើក​ផ្នូរ​ខ្មោច​របស់​អ្នក​រាល់​គ្នា ហើយ​នឹង​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​ឡើង​ចេញ​ពី​ផ្នូរ​មក រួច​នឹង​នាំ​អ្នក​ឲ្យ​ចូល​ទៅ​ក្នុង​ស្រុក​អ៊ីស្រា‌អែល​វិញ។ 13ឱ​ប្រជា‌រាស្ត្រ​របស់​យើង​អើយ អ្នក​រាល់​គ្នា​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត ក្នុង​កាល​ដែល​យើង​បើក​ផ្នូរ​របស់​អ្នក ឲ្យ​អ្នក​បាន​ឡើង​ចេញ​ពី​នោះ​មក។ 14គ្រា​នោះ យើង​នឹង​ដាក់​វិញ្ញាណ​យើង​នៅ​ក្នុង​អ្នក​រាល់​គ្នា អ្នក​នឹង​មាន​ជីវិត​រស់ ហើយ​យើង​នឹង​តាំង​អ្នក ឲ្យ​រស់​នៅ​ក្នុង​ស្រុក​ដែល​ជា​របស់​អ្នក នោះ​អ្នក​រាល់​គ្នា​នឹង​ដឹង​ថា គឺ​យើង ជា​ព្រះ‌យេហូវ៉ា​នេះ បាន​ចេញ​វាចា​ហើយ ក៏​បាន​សម្រេច​តាម​ផង នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា»។
បន្ទះ​ឈើ​ពីរ​កំណាត់
15ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​ខ្ញុំ​ថា៖ 16«កូន​មនុស្ស​អើយ ចូរ​យក​បន្ទះ​ឈើ​មួយ​មក​សរសេរ​ចុះ​ថា សម្រាប់​ពួក​យូដា និង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ជា​ភឿន​មិត្ត​របស់​គេ រួច​យក​បន្ទះ​ឈើ​មួយ​ទៀត​សរសេរ​ថា សម្រាប់​ពួក​យ៉ូសែប ជា​បន្ទះ​ឈើ​របស់​ពួក​អេប្រាអិម និង​ពួក​វង្ស​អ៊ីស្រា‌អែល​ជា​ភឿន​មិត្ត​របស់​គេ។ 17រួច​ភ្ជាប់​គ្នា​ទាំង​ពីរ​នោះ ធ្វើ​ជា​បន្ទះ​ឈើ​តែ​មួយ ដើម្បី​ឲ្យ​បាន​ជាប់​ជា‌មួយ​គ្នា​នៅ​ដៃ​អ្នក។ 18កាល​ណា​ពួក​កូន​ចៅ​សាសន៍​អ្នក​នឹង​សួរ​ដល់​អ្នក​ថា "សូម​ប្រាប់​ឲ្យ​យើង​ដឹង​ជា​ឈើ​ទាំង​ពីរ​នេះ​មាន​ន័យ​ដូច​ម្តេច?" 19ត្រូវ​ប្រាប់​គេ​ថា ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា មើល៍! យើង​នឹង​យក​បន្ទះ​ឈើ​របស់​យ៉ូសែប ដែល​នៅ​ដៃ​អេប្រាអិម និង​កុល‌សម្ព័ន្ធ​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន ដែល​ជា​គូកន​របស់​គេ ដាក់​ភ្ជាប់​ជា‌មួយ​បន្ទះ​ឈើ​របស់​យូដា ឲ្យ​រួម​ជា​បន្ទះ​ឈើ​តែ​មួយ​វិញ ដើម្បី​ឲ្យ​គេ​រួម​មក​តែ​មួយ​នៅ​ក្នុង​ដៃ​របស់​យើង។ 20បន្ទះ​ឈើ​ទាំង​ពីរ​ដែល​អ្នក​បាន​សរសេរ​ចុះ​នោះ នឹង​បាន​នៅ​ក្នុង​ដៃ​អ្នក​ចំពោះ​ភ្នែក​គេ 21ចូរ​ប្រាប់​គេ​ថា ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ យើង​នឹង​យក​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ចេញ​ពី​អស់​ទាំង​សាសន៍​ដែល​គេ​បាន​ទៅ​នោះ ហើយ​ប្រមូល​មក​ពី​គ្រប់​ទិស នាំ​ចូល​ទៅ​ក្នុង​ស្រុក​របស់​ផង​ខ្លួន។ 22យើង​នឹង​ធ្វើ​ឲ្យ​គេ​រួម​គ្នា​ជា​នគរ​តែ​មួយ​នៅ​ក្នុង​ស្រុក​នោះ គឺ​នៅ​លើ​អស់​ទាំង​ភ្នំ​នៃ​ស្រុក​អ៊ីស្រា‌អែល នោះ​នឹង​មាន​ស្តេច​តែ​មួយ​អង្គ​ធ្វើ​ជា​ស្តេច​លើ​គេ​គ្រប់​គ្នា គេ​នឹង​លែង​ធ្វើ​ជា​នគរ​ពីរ​ត​ទៅ ឥត​ដែល​បែក​ទៅ​ជា​នគរ​ពីរ​ទៀត​ឡើយ 23ក៏​មិន​ធ្វើ​ឲ្យ​ខ្លួន​ស្មោក‌គ្រោក​ដោយ​គោរព​ដល់​រូប​ព្រះ ឬ​ដោយ​របស់​គួរ​ស្អប់​ខ្ពើម ឬ​ដោយ​អំពើ​រំលង​របស់​ខ្លួន​ទៀត​ដែរ យើង​នឹង​ជួយ​សង្គ្រោះ​គេ ឲ្យ​រួច​ពី​គ្រប់​ទាំង​ទី​អាស្រ័យ​នៅ​របស់​គេ ជា​កន្លែង​ដែល​គេ​បាន​ធ្វើ​បាប​នោះ ហើយ​យើង​នឹង​ជម្រះ​គេ​ឲ្យ​ស្អាត​វិញ យ៉ាង​នោះ គេ​នឹង​បាន​ជា​ប្រជា‌រាស្ត្រ​របស់​យើង ហើយ​យើង​នឹង​ធ្វើ​ជា​ព្រះ​ដល់​គេ។
24ដាវីឌ​ជា​អ្នក​បម្រើ​របស់​យើង នឹង​ធ្វើ​ជា​ស្តេច​លើ​គេ ហើយ​គេ​ទាំង​អស់​គ្នា​នឹង​មាន​គង្វាល​តែ​ម្នាក់ គេ​នឹង​ដើរ​តាម​ក្រឹត្យ‌ក្រម​របស់​យើង ហើយ​រក្សា​បញ្ញត្តិ​ច្បាប់​ទាំង​ប៉ុន្មាន​របស់​យើង ព្រម​ទាំង​ប្រព្រឹត្ត​តាម​ផង។ 25គេ​នឹង​អាស្រ័យ​នៅ​ក្នុង​ស្រុក​ដែល​យើង​បាន​ឲ្យ​ដល់​យ៉ាកុប ជា​អ្នក​បម្រើ​យើង ជា​ស្រុក​ដែល​បុព្វ‌បុរស​របស់​អ្នក​រាល់​គ្នា​បាន​អាស្រ័យ​នៅ​ដែរ នោះ​ទាំង​ខ្លួន​គេ និង​កូន​ចៅ​របស់​គេ នឹង​នៅ​ជាប់​ក្នុង​ស្រុក​នោះ​ជា​ដរាប​ត​ទៅ ហើយ​ដាវីឌ​ជា​អ្នក​បម្រើ​យើង នឹង​ធ្វើ​ជា​ចៅ‌ហ្វាយ​លើ​គេ ជា​រៀង‌រហូត។ 26មួយ​ទៀត យើង​នឹង​តាំង​សញ្ញា​ជា​មួយ​គេ សញ្ញា​នោះ​នឹង​នៅ​ជាប់​នឹង​គេ​អស់​កល្ប​ជា‌និច្ច យើង​នឹង​តាំង​គេ​ឡើង ហើយ​ចម្រើន​គេ​ឲ្យ​មាន​គ្នា​ជា​ច្រើន ព្រម​ទាំង​ដាក់​ទី​បរិសុទ្ធ​របស់​យើង នៅ​កណ្ដាល​គេ​ឲ្យ​នៅ​អស់​កល្ប​ជា‌និច្ច។ 27ព្រះ‌វិហារ​របស់​យើង​នឹង​នៅ​ជា‌មួយ​គេ​ដែរ យើង​ក៏​នឹង​ធ្វើ​ជា​ព្រះ​ដល់​គេ ហើយ​គេ​នឹង​បាន​ជា​ប្រជា‌រាស្ត្រ​របស់​យើង។ 28អស់​ទាំង​សាសន៍​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌យេហូវ៉ា ដែល​ញែក​ពួក​អ៊ីស្រា‌អែល​ជា​បរិសុទ្ធ គឺ​ក្នុង​កាល​ដែល​ទី​បរិសុទ្ធ​របស់​យើង​បាន​តាំង​នៅ​កណ្ដាល​គេ ឲ្យ​បាន​នៅ​អស់​កល្ប​ជា‌និច្ច»។

ទើបបានជ្រើសរើសហើយ៖

អេ‌សេ‌គាល 37: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ