អេ‌សេ‌គាល 36:6-15

អេ‌សេ‌គាល 36:6-15 គកស១៦

ដូច្នេះ ចូរ​ថ្លែងទំនាយ​ពី​ដំណើរ​ស្រុក​អ៊ីស្រា‌អែល ហើយ​ប្រាប់​ដល់​អស់​ទាំង​ភ្នំ​ធំ​តូច ផ្លូវ​ទឹក និង​ច្រក​ភ្នំ​ទាំង​ប៉ុន្មាន​ថា ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ យើង​បាន​និយាយ​ដោយ​សេចក្ដី​ប្រចណ្ឌ និង​សេចក្ដី​ក្រោធ​របស់​យើង ហើយ​ដោយ​ព្រោះ​អ្នក​រាល់​គ្នា​បាន​រង​ទ្រាំ​សេចក្ដី​ខ្មាស​របស់​សាសន៍​ដទៃ។ ហេតុ​នេះ ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា យើង​បាន​ស្បថ​ហើយ​ថា ពិត​ប្រាកដ​ជា​សាសន៍​ទាំង​ប៉ុន្មាន​ដែល​នៅ​ព័ទ្ធ​ជុំ‌វិញ​អ្នក គេ​នឹង​ត្រូវ​រង់​ទ្រាំ​សេចក្ដី​ខ្មាស​របស់​ខ្លួន​គេ​វិញ។ ប៉ុន្តែ អ្នក ឱ​ភ្នំ​អ៊ីស្រា‌អែល អ្នក​រាល់​គ្នា​នឹង​បែក​មែក ហើយ​បង្កើត​ផល​របស់​អ្នក ឲ្យ​អ៊ីស្រា‌អែល​ជា​ប្រជា‌រាស្ត្រ​យើង ពី​ព្រោះ​គេ​រៀប​នឹង​មក​ហើយ។ ដ្បិត​មើល៍! យើង​កាន់​ខាង​អ្នក ហើយ​យើង​នឹង​វិល​មក​ឯ​អ្នក​វិញ នោះ​នឹង​មាន​គេ​ភ្ជួរ​រាស់ ហើយ​សាប‌ព្រោះ​អ្នក។ យើង​នឹង​ឲ្យ​មនុស្ស​ចម្រើន​ឡើង​នៅ​ក្នុង​អ្នក គឺ​ជា​ពួក​វង្ស​អ៊ីស្រា‌អែល​ទាំង​មូល។ ដូច្នេះ ទី​ក្រុង​ទាំង​ប៉ុន្មាន​របស់​អ្នក​នឹង​មាន​មនុស្ស​នៅ ហើយ​អស់​ទាំង​កន្លែង​បាក់​បែក​នឹង​បាន​សង់​ឡើង​វិញ។ យើង​នឹង​ធ្វើ​ឲ្យ​ទាំង​មនុស្ស និង​សត្វ​បាន​ចម្រើន​ឡើង​នៅ​ក្នុង​អ្នក គេ​នឹង​ចម្រើន​ឡើង ហើយ​សាយ‌គ្រាយ​ចេញ​ទៅ យើង​នឹង​ឲ្យ​មាន​មនុស្ស​អាស្រ័យ​នៅ​ក្នុង​អ្នក​ដូច​ពី​ដើម ហើយ​ប្រព្រឹត្ត​នឹង​អ្នក​ដោយ​ល្អ​ជាង​ជាន់​ដើម​ទៅ​ទៀត នោះ​អ្នក​រាល់​គ្នា​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត។ យើង​នឹង​ឲ្យ​មាន​មនុស្ស​ដើរ​លើ​អ្នក គឺ​អ៊ីស្រា‌អែល​ជា​ប្រជា‌រាស្ត្រ​របស់​យើង គេ​នឹង​បាន​អ្នក​ជា​របស់​គេ ហើយ​អ្នក​នឹង​បាន​ជា​មត៌ក​ដល់​គេ នោះ​អ្នក​នឹង​មិន​ធ្វើ​ឲ្យ​គេ​ព្រាត់‌ប្រាស​កូន​ទៀត​ឡើយ។ ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ដោយ​ព្រោះ​គេ​និយាយ​ពី​អ្នក​ថា អ្នក​ជា​ស្រុក​ដែល​លេប​មនុស្ស​បាត់ ហើយ​ពង្រាត់​កូន​របស់​សាសន៍​អ្នក។ ដូច្នេះ អ្នក​នឹង​លែង​លេប​មនុស្ស​ទៀត ក៏​មិន​ពង្រាត់​កូន​របស់​សាសន៍​អ្នក​ទៀត​ដែរ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់‌យេហូវ៉ា។ យើង​មិន​ឲ្យ​អ្នក​ឮ​ពាក្យ​ត្មះ‌តិះ‌ដៀល​របស់​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន​ទៀត​ទេ អ្នក​មិន​ត្រូវ​រង​ទ្រាំ​សេចក្ដី​ប្រមាថ​មើល‌ងាយ​របស់​គេ អ្នក​នឹង​មិន​ធ្វើ​ជា​ហេតុ ឲ្យ​សាសន៍​របស់​អ្នក​ចំពប់​ដួល​ទៀត​ឡើយ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់‌យេហូវ៉ា»។

អាន អេ‌សេ‌គាល 36

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង អេ‌សេ‌គាល 36:6-15