អេសេគាល 35
35
ការជំនុំជម្រះមកលើភ្នំសៀរ
1ព្រះបន្ទូលរបស់ព្រះយេហូវ៉ាបានមកដល់ខ្ញុំថា៖ 2«កូនមនុស្សអើយ ចូរតាំងមុខទាស់នឹងស្រុកភ្នំសៀរ ចូរថ្លែងទំនាយទាស់នឹងវាថា 3ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះ
ស្រុកភ្នំសៀរអើយ យើងទាស់នឹងអ្នក
យើងនឹងលូកដៃយើងទៅលើអ្នក
ព្រមទាំងធ្វើឲ្យអ្នកទៅជាស្ងាត់ជ្រងំ
ហើយជាទីស្រឡាំងកាំង។
4យើងនឹងឲ្យទីក្រុងទាំងប៉ុន្មានរបស់អ្នកខូចអស់
ហើយអ្នកនឹងត្រូវចោលស្ងាត់ នោះអ្នកនឹងដឹងថា
យើងនេះជាព្រះយេហូវ៉ាពិត
5ពីព្រោះអ្នកបានព្យាបាទជានិច្ច ក៏បានប្រគល់ពួកកូនចៅអ៊ីស្រាអែលដល់អំណាចនៃដាវ នៅថ្ងៃដែលគេមានសេចក្ដីអន្តរាយ គឺក្នុងកាលដែលសេចក្ដីទុច្ចរិតបានដល់កំណត់ហើយ។ 6ហេតុនោះ ព្រះអម្ចាស់យេហូវ៉ា ព្រះអង្គស្បថថា ដូចជាយើងរស់នៅ ប្រាកដជាយើងនឹងត្រៀមអ្នកទុកដល់គ្រាខ្ចាយឈាម ហើយឈាមនឹងដេញតាមអ្នក ដោយព្រោះអ្នកមិនបានស្អប់ឈាមទេ នោះឈាមនឹងដេញតាមអ្នកជាពិត។ 7គឺយ៉ាងនោះដែលយើងនឹងធ្វើឲ្យភ្នំសៀរទៅជាទីស្រឡាំងកាំង ហើយត្រូវស្ងាត់ជ្រងំ ឯអស់អ្នកណាដែលដើរកាត់ស្រុកនោះ និងពួកអ្នកដែលត្រឡប់មកវិញ នោះយើងនឹងកាត់គេចេញ។ 8យើងនឹងបំពេញអស់ទាំងភ្នំដោយសាកសពនៃមនុស្សដែលត្រូវសម្លាប់ ពួកអ្នកដែលត្រូវស្លាប់ដោយដាវ គេនឹងដួលនៅលើភ្នំតូច នៅច្រកភ្នំហើយនៅក្នុងផ្លូវទឹកទាំងប៉ុន្មានរបស់អ្នក។ 9យើងនឹងធ្វើឲ្យអ្នកនៅស្ងាត់ច្រៀបជានិច្ចតទៅ ទីក្រុងទាំងប៉ុន្មានរបស់អ្នកនឹងគ្មានមនុស្សណានៅទៀតឡើយ នោះអ្នករាល់គ្នានឹងដឹងថា យើងនេះជាព្រះយេហូវ៉ាពិត។
10ដោយព្រោះអ្នកបានថា សាសន៍ទាំងពីរ និងស្រុកទាំងពីរនោះ ជារបស់យើង យើងនឹងចាប់បានជារបស់យើង ទោះបើព្រះយេហូវ៉ាគង់នៅទីនោះក៏ដោយ 11បានជាព្រះយេហូវ៉ាស្បថថា ដូចជាយើងរស់នៅ ប្រាកដជាយើងនឹងសម្រេចតាមកំហឹងរបស់អ្នក ហើយតាមសេចក្ដីច្រណែនដែលអ្នកបានសម្ដែងចេញ ដោយចិត្តគុំគួនដល់គេ យើងនឹងធ្វើឲ្យមនុស្សស្គាល់យើងនៅកណ្ដាលពួកគេ ក្នុងកាលដែលយើងជំនុំជម្រះអ្នក។ 12អ្នកនឹងដឹងថា យើងនេះគឺព្រះយេហូវ៉ាបានឮអស់ទាំងពាក្យត្មះតិះដៀល ដែលអ្នកបានពោលទាស់នឹងភ្នំនៃស្រុកអ៊ីស្រាអែល ទាំងប៉ុន្មានថា ស្រុកគេត្រូវចោលស្ងាត់ហើយ គឺបានប្រគល់មកឲ្យយើងត្របាក់លេប។ 13ប៉ុន្តែ អ្នករាល់គ្នាបានតម្កើងខ្លួនទាស់នឹងយើង ដោយសារមាត់អ្នក ព្រមទាំងចម្រើនពាក្យរបស់អ្នកទាស់នឹងយើងផង យើងបានឮហើយ។ 14ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះថា កាលណាផែនដីទាំងមូលបានរីករាយឡើង នោះយើងនឹងធ្វើឲ្យអ្នកស្ងាត់ជ្រងំវិញ។ 15អ្នកបានអរសប្បាយពីដំណើរមត៌កនៃពួកវង្សអ៊ីស្រាអែល ដោយព្រោះត្រូវចោលស្ងាត់ជាយ៉ាងណា នោះយើងនឹងធ្វើដល់អ្នកយ៉ាងនោះដែរ។ ឱភ្នំសៀរ និងស្រុកអេដុមទាំងមូលអើយ អ្នកនឹងត្រូវចោលស្ងាត់ នោះគេនឹងដឹងថា យើងនេះជាព្រះយេហូវ៉ាពិត»។
ទើបបានជ្រើសរើសហើយ៖
អេសេគាល 35: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies