អេ‌សេ‌គាល 35

35
ការ​ជំនុំ​ជម្រះ​មក​លើ​ភ្នំ​សៀរ
1ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​ខ្ញុំ​ថា៖ 2«កូន​មនុស្ស​អើយ ចូរ​តាំង​មុខ​ទាស់​នឹង​ស្រុក​ភ្នំ​សៀរ ចូរ​ថ្លែងទំនាយ​ទាស់​នឹង​វា​ថា 3ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ
ស្រុក​ភ្នំ​សៀរ​អើយ យើង​ទាស់​នឹង​អ្នក
យើង​នឹង​លូក​ដៃ​យើង​ទៅ​លើ​អ្នក
ព្រម​ទាំង​ធ្វើ​ឲ្យ​អ្នក​ទៅ​ជា​ស្ងាត់​ជ្រងំ
ហើយ​ជា​ទី​ស្រឡាំង‌កាំង។
4យើង​នឹង​ឲ្យ​ទី​ក្រុង​ទាំង​ប៉ុន្មាន​របស់​អ្នក​ខូច‌អស់
ហើយ​អ្នក​នឹង​ត្រូវ​ចោល​ស្ងាត់ នោះ​អ្នក​នឹង​ដឹង​ថា
យើង​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត
5ពី​ព្រោះ​អ្នក​បាន​ព្យាបាទ​ជា‌និច្ច ក៏​បាន​ប្រគល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ដល់​អំណាច​នៃ​ដាវ នៅ​ថ្ងៃ​ដែល​គេ​មាន​សេចក្ដី​អន្តរាយ គឺ​ក្នុង​កាល​ដែល​សេចក្ដី​ទុច្ចរិត​បាន​ដល់​កំណត់​ហើយ។ 6ហេតុ​នោះ ព្រះ‌អម្ចាស់‌យេហូវ៉ា ព្រះ‌អង្គ​ស្បថ​ថា ដូច​ជា​យើង​រស់​នៅ ប្រាកដ​ជា​យើង​នឹង​ត្រៀម​អ្នក​ទុក​ដល់​គ្រា​ខ្ចាយ​ឈាម ហើយ​ឈាម​នឹង​ដេញ​តាម​អ្នក ដោយ​ព្រោះ​អ្នក​មិន​បាន​ស្អប់​ឈាម​ទេ នោះ​ឈាម​នឹង​ដេញ​តាម​អ្នក​ជា​ពិត។ 7គឺ​យ៉ាង​នោះ​ដែល​យើង​នឹង​ធ្វើ​ឲ្យ​ភ្នំ​សៀរ​ទៅ​ជា​ទី​ស្រឡាំង‌កាំង ហើយ​ត្រូវ​ស្ងាត់​ជ្រងំ ឯ​អស់​អ្នក​ណា​ដែល​ដើរ​កាត់​ស្រុក​នោះ និង​ពួក​អ្នក​ដែល​ត្រឡប់​មក​វិញ នោះ​យើង​នឹង​កាត់​គេ​ចេញ។ 8យើង​នឹង​បំពេញ​អស់​ទាំង​ភ្នំ​ដោយ​សាក‌សព​នៃ​មនុស្ស​ដែល​ត្រូវ​សម្លាប់ ពួក​អ្នក​ដែល​ត្រូវ​ស្លាប់​ដោយ​ដាវ គេ​នឹង​ដួល​នៅ​លើ​ភ្នំ​តូច នៅ​ច្រក​ភ្នំ​ហើយ​នៅ​ក្នុង​ផ្លូវ​ទឹក​ទាំង​ប៉ុន្មាន​របស់​អ្នក។ 9យើង​នឹង​ធ្វើ​ឲ្យ​អ្នក​នៅ​ស្ងាត់‌ច្រៀប​ជា‌និច្ច​ត​ទៅ ទី​ក្រុង​ទាំង​ប៉ុន្មាន​របស់​អ្នក​នឹង​គ្មាន​មនុស្ស​ណា​នៅ​ទៀត​ឡើយ នោះ​អ្នក​រាល់​គ្នា​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត។
10ដោយ​ព្រោះ​អ្នក​បាន​ថា សាសន៍​ទាំង​ពីរ និង​ស្រុក​ទាំង​ពីរ​នោះ ជា​របស់​យើង យើង​នឹង​ចាប់​បាន​ជា​របស់​យើង ទោះ​បើ​ព្រះ‌យេហូវ៉ា​គង់​នៅ​ទី​នោះ​ក៏​ដោយ 11បាន​ជា​ព្រះ‌យេហូវ៉ា​ស្បថ​ថា ដូច​ជា​យើង​រស់​នៅ ប្រាកដ​ជា​យើង​នឹង​សម្រេច​តាម​កំហឹង​របស់​អ្នក ហើយ​តាម​សេចក្ដី​ច្រណែន​ដែល​អ្នក​បាន​សម្ដែង​ចេញ ដោយ​ចិត្ត​គុំ‌គួន​ដល់​គេ យើង​នឹង​ធ្វើ​ឲ្យ​មនុស្ស​ស្គាល់​យើង​នៅ​កណ្ដាល​ពួក​គេ ក្នុង​កាល​ដែល​យើង​ជំនុំ‌ជម្រះ​អ្នក។ 12អ្នក​នឹង​ដឹង​ថា យើង​នេះ​គឺ​ព្រះ‌យេហូវ៉ា​បាន​ឮ​អស់​ទាំង​ពាក្យ​ត្មះ‌តិះ‌ដៀល ដែល​អ្នក​បាន​ពោល​ទាស់​នឹង​ភ្នំ​នៃ​ស្រុក​អ៊ីស្រា‌អែល ទាំង​ប៉ុន្មាន​ថា ស្រុក​គេ​ត្រូវ​ចោល​ស្ងាត់​ហើយ គឺ​បាន​ប្រគល់​មក​ឲ្យ​យើង​ត្របាក់​លេប។ 13ប៉ុន្តែ អ្នក​រាល់​គ្នា​បាន​តម្កើង​ខ្លួន​ទាស់​នឹង​យើង ដោយ‌សារ​មាត់​អ្នក ព្រម​ទាំង​ចម្រើន​ពាក្យ​របស់​អ្នក​ទាស់​នឹង​យើង​ផង យើង​បាន​ឮ​ហើយ។ 14ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា កាល​ណា​ផែន‌ដី​ទាំង​មូល​បាន​រីក‌រាយ​ឡើង នោះ​យើង​នឹង​ធ្វើ​ឲ្យ​អ្នក​ស្ងាត់​ជ្រងំ​វិញ។ 15អ្នក​បាន​អរ​សប្បាយ​ពី​ដំណើរ​មត៌ក​នៃ​ពួក​វង្ស​អ៊ីស្រា‌អែល ដោយ​ព្រោះ​ត្រូវ​ចោល​ស្ងាត់​ជា​យ៉ាង​ណា នោះ​យើង​នឹង​ធ្វើ​ដល់​អ្នក​យ៉ាង​នោះ​ដែរ។ ឱ​ភ្នំ​សៀរ និង​ស្រុក​អេដុម​ទាំង​មូល​អើយ អ្នក​នឹង​ត្រូវ​ចោល​ស្ងាត់ នោះ​គេ​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត»។

ទើបបានជ្រើសរើសហើយ៖

អេ‌សេ‌គាល 35: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល