បន្ទាប់មក ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរចូលទៅជួបផារ៉ោន ហើយប្រាប់ស្ដេចថា ព្រះយេហូវ៉ាជាព្រះនៃសាសន៍ហេព្រើរមានព្រះបន្ទូលដូច្នេះថា "ចូរបើកឲ្យប្រជារាស្ត្ររបស់យើងចេញទៅ ដើម្បីឲ្យគេបានថ្វាយបង្គំយើង"។ ប្រសិនបើអ្នកមិនព្រមបើកឲ្យគេទៅទេ ហើយចេះតែឃាត់ឃាំងពួកគេ នោះព្រះហស្តនៃព្រះយេហូវ៉ានឹងនៅលើហ្វូងសត្វទាំងប៉ុន្មានរបស់អ្នកដែលនៅចម្ការ គឺទាំងសេះ លា អូដ្ឋ និងហ្វូងគោ ហ្វូងចៀមផង វានឹងកើតជំងឺអាសន្នរោគយ៉ាងវេទនា។ ប៉ុន្ដែ ព្រះយេហូវ៉ានឹងញែកហ្វូងសត្វរបស់សាសន៍អ៊ីស្រាអែល និងហ្វូងសត្វរបស់សាសន៍អេស៊ីព្ទចេញពីគ្នា ដូច្នេះ នឹងគ្មានសត្វណាមួយរបស់កូនចៅអ៊ីស្រាអែលស្លាប់ឡើយ»។ ព្រះយេហូវ៉ាក៏ដាក់កំណត់ថា៖ «ថ្ងៃស្អែក ព្រះយេហូវ៉ានឹងធ្វើការនេះនៅក្នុងស្រុកអេស៊ីព្ទ»។ នៅថ្ងៃបន្ទាប់ ព្រះយេហូវ៉ាក៏ធ្វើដូច្នោះ គឺហ្វូងសត្វរបស់សាសន៍អេស៊ីព្ទទាំងប៉ុន្មានស្លាប់អស់ តែគ្មានសត្វណាមួយក្នុងហ្វូងសត្វរបស់កូនចៅអ៊ីស្រាអែលត្រូវស្លាប់ឡើយ។ ផារ៉ោនបានចាត់គេឲ្យទៅស៊ើបសួរមើល ឃើញថា គ្មានសត្វណាមួយក្នុងហ្វូងសត្វរបស់សាសន៍អ៊ីស្រាអែលត្រូវស្លាប់ឡើយ ប៉ុន្តែ ផារ៉ោនមានព្រះហឫទ័យរឹងចចេស មិនព្រមបើកឲ្យប្រជាជនទៅទេ។
អាន និក្ខមនំ 9
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: និក្ខមនំ 9:1-7
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
ទំព័រដើម
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ