និក្ខមនំ 4:1-13

និក្ខមនំ 4:1-13 គកស១៦

ប៉ុន្ដែ លោក​ម៉ូសេ​ប្រកែក​ថា៖ «មើល៍ គេ​នឹង​មិន​ជឿ​ទូល‌បង្គំ ឬ​ស្តាប់​តាម​ទូល‌បង្គំ​ទេ ដ្បិត​គេ​នឹង​ពោល​ថា "ព្រះ‌យេហូវ៉ា​មិន​បាន​លេច​មក​ឲ្យ​អ្នក​ឃើញ​ទេ"»។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ថា៖ «តើ​មាន​អ្វី​នៅ​ដៃ​របស់​អ្នក?» លោក​ឆ្លើយ​ថា៖ «មាន​ដំបង»។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​បោះ​វា​ទៅ​ដី​ទៅ!» លោក​ក៏​បោះ​ដំបង​ទៅ​ដី ហើយ​ដំបង​ត្រឡប់​ទៅ​ជា​សត្វ​ពស់ លោក​ម៉ូសេ​ក៏​រត់​ចេញ​ពី​សត្វ​ពស់។ ប៉ុន្ដែ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​លូក​ដៃ​ទៅ​ចាប់​កន្ទុយ​វា​ទៅ!» លោក​ក៏​លូក​ដៃ​ទៅ​ចាប់ រួច​ពស់​នោះ​ត្រឡប់​ទៅ​ជា​ដំបង​នៅ​ដៃ​របស់​លោក​វិញ។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ប្រាប់​លោក​ថា៖ «នេះ​ដើម្បី​ឲ្យ​គេ​ជឿ​ថា ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​នៃ​បុព្វ‌បុរស​របស់​គេ គឺ​ជា​ព្រះ​របស់​អ័ប្រា‌ហាំ ជា​ព្រះ​របស់​អ៊ីសាក និង​ជា​ព្រះ​របស់​យ៉ាកុប បាន​លេច​មក​ឲ្យ​អ្នក​ឃើញ​មែន»។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ទៀត​ថា៖ «ចូរ​ដាក់​ដៃ​ទៅ​លើ​ទ្រូង​អ្នក​ទៅ» លោក​ក៏​ដាក់​ដៃ​ចូល​ទៅ រួច​ពេល​ដក​ដៃ​មក​វិញ មើល៍ ដៃ​របស់​លោក​កើត​ឃ្លង់ ឡើង​ស​ដូចហិមៈ។ បន្ទាប់​មក ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ដាក់​ដៃ​ចូល​ទៅ​លើ​ទ្រូង​អ្នក​ម្តង​ទៀត»។ លោក​ក៏​ដាក់​ដៃ​ចូល​ទៅ រួចកាល​លោក​ដក​ដៃ​មក​វិញ នោះ​មើល៍ ដៃរបស់​លោក​ត្រឡប់​មក​ដូច​ធម្មតា​វិញ។ ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​ថា៖ «បើ​គេ​មិន​ជឿ​អ្នក ហើយ​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​ទី​សម្គាល់​ទីមួយ​ទេ គេ​មុខ​ជា​ជឿ​ទី​សម្គាល់​ក្រោយ​នេះ។ ប្រសិន‌បើ​គេ​មិន​ជឿ​ទី​សម្គាល់​ទាំង​ពីរ​នេះ ហើយ​មិន​ព្រម​ស្តាប់​តាម​ពាក្យ​អ្នក​ទេ ត្រូវ​យក​ទឹក​ទន្លេ​នីល​មក​ចាក់​លើ​ដី​គោក រួច​ទឹក​ដែល​អ្នក​យក​ពី​ទន្លេ​នីល​មក​នឹង​ត្រឡប់​ទៅ​ជា​ឈាម​នៅ​លើ​ដី​ស្ងួត»។ ប៉ុន្ដែ លោក​ម៉ូសេ​ទូល​ព្រះ‌យេហូវ៉ា​ថា៖ «ឱ​ព្រះ‌អម្ចាស់​អើយ ទូល‌បង្គំ​ជា​មនុស្ស​មិន​សូវ​មាន​វោហារ​ទេ គឺ​តាំង​ពី​ដើម​រៀង​មក រហូត​ដល់​ដែល​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ទូល‌បង្គំ​នៅ​ពេល​នេះ ដ្បិត​ទូល‌បង្គំ​មាន​មាត់​រឹង ហើយ​អណ្ដាត​ក៏​ដំឡាន់​ផង»។ ពេល​នោះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ថា៖ «តើ​អ្នក​ណា​បាន​បង្កើត​មាត់​មនុស្ស? តើ​អ្នក​ណាធ្វើ​ឲ្យ​គេ​ទៅ​ជា​គ ថ្លង់ មើល​ឃើញ ឬ​ខ្វាក់? តើ​មិន​មែន​ជា​យើង ជា​ព្រះ‌យេហូវ៉ា​ទេ​ឬ? ឥឡូវ​នេះ ចូរ​ចេញ​ទៅ​ចុះ យើង​នឹង​នៅ​ជា‌មួយ​មាត់​អ្នក ហើយ​បង្រៀន​ពី​សេចក្ដី​ដែល​អ្នក​ត្រូវ​និយាយ»។ លោក​ម៉ូសេ​ទូល​ថា៖ «ឱ​ព្រះ‌អម្ចាស់​អើយ សូម​ព្រះ‌អង្គ​ចាត់​អ្នក​ណា​ម្នាក់​ផ្សេង​វិញ​ទៅ!»។

អាន និក្ខមនំ 4