និក្ខមនំ 35

35
វិន័យ​អំពី​ថ្ងៃ​សប្ប័ទ
1លោក​ម៉ូសេ​បាន​ប្រមូល​ក្រុម​ជំនុំ​នៃ​កូន​ចៅ​អ៊ី‌ស្រា‌អែល​ទាំង​អស់​មក​ប្រាប់​ថា៖ «នេះ​ជា​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​ឲ្យ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​តាម
2ក្នុង​រយៈ​ពេល​ប្រាំមួយ​ថ្ងៃ​អាច​ធ្វើ​ការ​បាន តែ​ដល់​ថ្ងៃ​ទី​ប្រាំពីរ​ជា​ថ្ងៃ​បរិសុទ្ធ​សម្រាប់​អ្នក​រាល់​គ្នា ថ្ងៃ​នោះ​ជា​ថ្ងៃ​ឈប់​សម្រាក គឺ​ជា​ថ្ងៃ​សប្ប័ទ​ថ្វាយ​ព្រះ‌យេហូវ៉ា អ្នក​ណា​ដែល​ធ្វើ​ការ​អ្វី​នៅ​ថ្ងៃ​នោះ​នឹង​ត្រូវ​ស្លាប់។ 3អ្នក​រាល់​គ្នា​មិន​ត្រូវ​បង្កាត់​ភ្លើង​នៅ​ក្នុង​ផ្ទះ​ណា​មួយ​នៅ​ថ្ងៃ​សប្ប័ទ​ឡើយ»។
ការ​រៀប​ចំ​សម្រាប់​ធ្វើ​រោង​ឧបោ‌សថ
4លោក​ម៉ូសេ​មាន​ប្រសាសន៍​ទៅ​កាន់​ក្រុម​ជំនុំ​នៃ​កូន​ចៅ​អ៊ី‌ស្រា‌អែល​ទាំង​អស់​ថា៖ «នេះ​ជា​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់ 5គឺ​ត្រូវ​យក​តង្វាយ​ពី​របស់​ដែល​អ្នក​រាល់​គ្នា​មាន​ទាំង​ប៉ុន្មាន មក​ថ្វាយ​ព្រះ‌យេហូវ៉ា ត្រូវ​ឲ្យ​អ្នក​ណា​ដែល​ថ្វាយ​ស្ម័គ្រ​ពី​ចិត្ត យក​តង្វាយ​នេះ​មក​ថ្វាយ​ព្រះ‌យេហូវ៉ា គឺ​មាស ប្រាក់ លង្ហិន 6ល័ខ​ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ ពណ៌​ក្រហម សំពត់​ខ្លូត‌ទេស​យ៉ាង​ម៉ដ្ត និង​រោម​ពពែ 7ស្បែក​ចៀម​ឈ្មោល​ជ្រលក់​ពណ៌​ក្រហម ស្បែក​ផ្សោត ឈើ​នាង‌នួន 8ប្រេង​សម្រាប់​ចង្កៀង គ្រឿង​ក្រអូប​សម្រាប់​លាយ​ប្រេង​លាប​តាំង និង​គ្រឿង​ក្រអូប​សម្រាប់​ដុត 9ត្បូង​អូនីក្ស ត្បូង​ផ្សេងៗ​ទៀត​សម្រាប់​ដាំ​អេផូឌ និង​ប្រដាប់​បាំង​ទ្រូង។
10អ្នក​ដែល​មាន​គំនិត​វាង‌វៃ​ទាំង​ប៉ុន្មាន​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ត្រូវ​មក​ធ្វើ​អស់​ទាំង​កិច្ច​ការ​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់ 11គឺ​សង់​រោង​ឧបោ‌សថ ត្រសាល​រោង​ឧបោ‌សថ និង​ដំបូល​ត្រសាល ហើយ​តម្ពក់ ស៊ុម រនុក សសរ និង​ជើង​ទ្រ 12ហិប ព្រម​ទាំង​ឈើ​ស្នែង ទី​សន្តោស​ប្រោស វាំង‌នន​សម្រាប់​បាំង 13តុ ព្រម​ទាំង​ឈើ​ស្នែង គ្រឿង​ប្រដាប់​សម្រាប់​តុ និង​នំបុ័ង​ដែល​ដាក់​តាំង 14ជើង​ចង្កៀង អស់​ទាំង​ចង្កៀង គ្រឿង​ប្រដាប់​របស់​ចង្កៀង និង​ប្រេង​សម្រាប់​ដុត 15អាស‌នា​សម្រាប់​ដុត​គ្រឿង​ក្រអូប ព្រម​ទាំង​ឈើ​ស្នែង ប្រេង​សម្រាប់​លាប​តាំង និង​គ្រឿង​ក្រអូប ព្រម​ទាំង​រនាំង​បាំង​មាត់​ទ្វារ​រោង​ឧបោ‌សថ 16អាស‌នា​សម្រាប់​តង្វាយ​ដុត ប្រទាស​លង្ហិន ឈើ​ស្នែង និង​អស់​ទាំង​គ្រឿង​ប្រដាប់​របស់​អាស‌នា ចាន​ក្លាំ ព្រម​ទាំង​ជើង​ទ្រ 17រនាំង​បាំង​ទី‌លាន បង្គោល​រនាំង និង​ជើង​ទ្រ ហើយ​រនាំង​សម្រាប់​មាត់​ទ្វារ​ទី‌លាន 18ចម្រឹង​រោង​ឧបោ‌សថ និង​ចម្រឹង​ទី‌លាន ព្រម​ទាំង​ខ្សែ​ចង​រោង​ឧបោសថ 19សម្លៀក‌បំពាក់​ការ‌ងារ​សម្រាប់​បំពេញ​មុខ​ងារ​ក្នុង​ទី​បរិសុទ្ធ សម្លៀក‌បំពាក់​បរិសុទ្ធ​សម្រាប់​សង្ឃ​អើរ៉ុន និង​សម្លៀក​បំពាក់​សម្រាប់​កូន​របស់​លោក ដែល​បំពេញ​មុខ​‌ងារ​ជា​សង្ឃ»។
តង្វាយ​សម្រាប់​រោង​ឱបោសថ
20បន្ទាប់​មក ក្រុម​ជំនុំ​ទាំង​អស់​នៃ​កូន​ចៅ​អ៊ី‌ស្រា‌អែល​ក៏​ចេញ​ពី​មុខ​លោក​ម៉ូសេ​ទៅ។ 21ដូច្នេះ អស់​អ្នក​ដែល​មាន​សេចក្ដី​រំជួល​ក្នុង​ចិត្ត ជា​អ្នក​ដែល​មាន​វិញ្ញាណ​បណ្ដាល​ឲ្យ​ថ្វាយ​ស្ម័គ្រ​ពី​ចិត្ត ក៏​យក​តង្វាយ​មក​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា សម្រាប់​ការ​ធ្វើ​ត្រសាល​ជំនុំ សម្រាប់​ការ‌ងារ​ក្នុង​ត្រសាល ហើយ​សម្រាប់​សម្លៀក​បំពាក់​បរិសុទ្ធ។ 22ឯ​អស់​អ្នក​ដែល​ថ្វាយ​ដោយ​ស្ម័គ្រ​ពី​ចិត្ត ក៏​ចូល​មក​ទាំង​ប្រុស​ទាំង​ស្រី ព្រម​ទាំង​យកកាវ កង​ជើង កង​ដៃ កន្លះ​ក និង​ចិញ្ចៀន ព្រម​ទាំង​គ្រឿង​អលង្ការ​គ្រប់​មុខ​ដែល​ធ្វើ​ពី​មាស គឺ​គ្រប់​គ្នា​យក​តង្វាយ​ជា​មាស មក​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា។ 23អស់​អ្នក​ដែល​មាន​ល័ខ​ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ ពណ៌​ក្រហម ខ្លូត‌ទេស​យ៉ាង​ម៉ដ្ត និង​រោម​ពពែ ស្បែក​ចៀម​ឈ្មោល​ជ្រលក់​ពណ៌​ក្រហម ស្បែក​ផ្សោត ក៏​យក​របស់​ទាំង​នោះ​មក​ថ្វាយ​ដែរ។ 24អស់​អ្នក​ដែល​មាន​ប្រាក់ ឬ​លង្ហិន ក៏​យក​តង្វាយ​នោះ​មក​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា ឯ​អស់​អ្នក​ដែល​មាន​ឈើ​នាង‌នួន​ដែល​អាច​ធ្វើ​វត្ថុ​ផ្សេងៗ​បាន ក៏​យក​ឈើ​នោះ​មក​ដែរ។ 25អស់​ទាំង​ស្រ្ដី​ណា​ដែល​ប៉ិន​ប្រសប់​ក្នុង​ការ​វេញ​ដោយ​ដៃ ក៏​យក​អំបោះ​ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ ពណ៌​ក្រហម និង​អំបោះ​ខ្លូត‌ទេស​យ៉ាង​ម៉ដ្ត ដែល​គេ​បាន​វេញ​នោះ​មក​ដែរ។ 26អស់​ទាំង​ស្រ្ដី​ណា​ដែល​មាន​ចិត្ត​បណ្ដាល​ចង់​ប្រើជំនាញ​របស់​ខ្លួន នោះ​ក៏​នាំ​គ្នា​វេញ​រោម​ពពែ។ 27ឯ​ពួក​មេ​ដឹក​នាំ​ក៏​យក​ត្បូង​អូនីក្ស និង​ត្បូង​ឯ​ទៀត​ៗ​សម្រាប់​ដាំ​អេផូឌ និង​ប្រដាប់​បាំង​ទ្រូង 28ព្រម​ទាំង​គ្រឿង​ក្រអូប ប្រេង​សម្រាប់​ចង្កៀង សម្រាប់​ប្រេង​លាប​តាំង និង​សម្រាប់​គ្រឿង​ក្រអូប។ 29កូន​ចៅ​អ៊ី‌ស្រា‌អែល​ទាំងអស់ គឺ​ទាំង​ប្រុស​ទាំង​ស្រី ដែល​មាន​ចិត្ត​បណ្ដាល​ឲ្យ​ថ្វាយ​អ្វី​ៗ​សម្រាប់​កិច្ច​ការ​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​លោក​ម៉ូសេ នោះ​ក៏​នាំ​គ្នា​យក​តង្វាយ​មក​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា​ដោយ​ស្ម័គ្រ​ពី​ចិត្ត។
បេតសា‌លាល និង​អូហូ‌លីអាប់
30បន្ទាប់​មក លោក​ម៉ូសេ​មាន​ប្រសាសន៍​ទៅ​កូន​ចៅ​អ៊ី‌ស្រា‌អែល​ថា៖ «មើល៍! ព្រះ‌យេហូវ៉ា​បាន​ហៅ​បេតសា‌លាល កូន​យូរី ដែល​ជា​កូន​ហ៊ើរ ក្នុង​កុល‌សម្ព័ន្ធ​យូដា 31ហើយ​ព្រះ‌អង្គ​បាន​ប្រទាន​ឲ្យ​គាត់​បាន​ពេញ​ដោយ​ព្រះ‌វិញ្ញាណ ពេញ​ដោយ​គំនិត​វាង‌វៃ មាន​យោបល់ និង​ឲ្យ​មាន​ចំណេះ​ចេះ​ធ្វើ​ការ​គ្រប់​មុខ 32ឲ្យ​គាត់​ចេះ​បង្កើត​ការ​យ៉ាង​ប្រសប់ គឺ​ជា​ជាង​មាស ជាង​ប្រាក់ និង​ជាង​លង្ហិន 33ព្រម​ទាំង​ចេះ​ច្នៃ​ត្បូង​សម្រាប់​ដាំ ចេះ​ឆ្លាក់​ឈើ និង​ធ្វើ​ការ​គ្រប់​មុខ​ទាំង​អស់។ 34ព្រះ‌អង្គ​ក៏​ប្រទាន​ឲ្យ​គាត់​ចេះ​បង្រៀន គឺ​ទាំង​ខ្លួន​គាត់ និង​អូហូ‌លីអាប់ ជា​កូន​អ័ហ៊ី‌សាម៉ាក់ ក្នុង​កុល‌សម្ព័ន្ធ​ដាន់​ដែរ។ 35ព្រះ‌អង្គ​បាន​ប្រទាន​ឲ្យ​អ្នក​ទាំង​ពីរ​មាន​គំនិត​វាង‌វៃ​គ្រប់​យ៉ាង សម្រាប់​ចាត់​ចែង​កិច្ច‌ការ​ខាង​ជាង​ចម្លាក់ អ្នក​រចនា អ្នក​ប៉ាក់ អ្នក​ត្បាញ​សំពត់​ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ និង​សំពត់​ខ្លូត‌ទេស​យ៉ាង​ម៉ដ្ត សម្រាប់​ធ្វើ​ការ​គ្រប់​យ៉ាង ព្រម​ទាំង​បង្កើត​គម្រោង​ការ​ថ្មី​ផង»។

ទើបបានជ្រើសរើសហើយ៖

និក្ខមនំ 35: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល