នោះលោកម៉ូសេក៏ទៅឈរនៅមាត់ទ្វារជំរំ ហើយប្រកាសថា៖ «អ្នកណាដែលនៅខាងព្រះយេហូវ៉ា ត្រូវមកឯខ្ញុំ!» នោះកូនចៅលេវីទាំងអស់ក៏នាំគ្នាចូលមកឯលោក។ លោកមានប្រសាសន៍ទៅគេថា៖ «ព្រះយេហូវ៉ា ជាព្រះនៃអ៊ីស្រាអែល មានព្រះបន្ទូលដូច្នេះ "ចូរអ្នករាល់គ្នាក្រវាត់ដាវនៅចង្កេះ ដើរទៅមកក្នុងជំរំ ពីទ្វារមួយទៅទ្វារមួយ ហើយសម្លាប់បងប្អូន មិត្តភក្តិ និងអ្នកជិតខាងរបស់ខ្លួនទៅ"»។ កូនចៅលេវីក៏ធ្វើតាមបង្គាប់លោកម៉ូសេ ហើយនៅថ្ងៃនោះ មានមនុស្សស្លាប់ប្រមាណបីពាន់នាក់។ លោកម៉ូសេប្រាប់ថា៖ «ថ្ងៃនេះ អ្នករាល់គ្នាបានថ្វាយខ្លួនដល់ព្រះយេហូវ៉ា ដើម្បីឲ្យព្រះអង្គបានប្រទានពរអ្នករាល់គ្នានៅថ្ងៃនេះ ដ្បិតគ្រប់គ្នាបានទាស់នឹងកូន ព្រមទាំងបងប្អូនរបស់ខ្លួន»។ លុះស្អែកឡើង លោកម៉ូសេមានប្រសាសន៍ទៅកាន់ប្រជាជនថា៖ «អ្នករាល់គ្នាបានប្រព្រឹត្តអំពើបាបយ៉ាងធ្ងន់ តែឥឡូវនេះ ខ្ញុំនឹងឡើងទៅឯព្រះយេហូវ៉ា ប្រហែលជាខ្ញុំអាចសូមឲ្យព្រះអង្គលើកលែងទោសឲ្យអ្នករាល់គ្នាបានរួចពីបាប»។ ដូច្នេះ លោកម៉ូសេត្រឡប់ទៅឯព្រះយេហូវ៉ា ហើយទូលថា៖ «ប្រជាជននេះបានប្រព្រឹត្តអំពើបាបធ្ងន់ណាស់ គឺពួកគេបានឆ្លាក់ធ្វើព្រះពីមាសសម្រាប់ខ្លួនគេ។ ប៉ុន្ដែ ឥឡូវនេះ សូមព្រះអង្គអត់ទោសអំពើបាបរបស់ពួកគេផង បើមិនដូច្នោះទេ សូមលុបឈ្មោះទូលបង្គំចេញពីបញ្ជីដែលព្រះអង្គបានកត់ទុកនោះទៅ»។ ប៉ុន្ដែ ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «អ្នកណាដែលបានប្រព្រឹត្តអំពើបាបទាស់នឹងយើង នោះយើងនឹងលុបឈ្មោះអ្នកនោះចេញពីបញ្ជីរបស់យើង។ ដូច្នេះ ឥឡូវនេះ ចូរទៅចុះ ហើយនាំប្រជាជនទៅកន្លែងដែលយើងបានប្រាប់អ្នក ទេវតារបស់យើងនឹងនាំមុខអ្នក។ ប៉ុន្តែ នៅថ្ងៃដែលយើងនឹងមកជំនុំជម្រះ នោះយើងនឹងដាក់ទោសពួកគេ ព្រោះតែអំពើបាបដែលពួកគេបានប្រព្រឹត្ត»។ ពេលនោះ ព្រះយេហូវ៉ាបានចាត់គ្រោះកាចមកលើប្រជាជន ព្រោះពួកគេបានធ្វើរូបកូនគោដែលលោកអើរ៉ុនបានសិតឲ្យ។
អាន និក្ខមនំ 32
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: និក្ខមនំ 32:26-35
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
ទំព័រដើម
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ