កាលលោកម៉ូសេកំពុងតែឃ្វាលហ្វូងសត្វរបស់លោកយេត្រូ ជាឪពុកក្មេក ដែលជាសង្ឃនៅស្រុកម៉ាឌាន លោកនាំហ្វូងសត្វទៅខាងនាយទីរហោស្ថាន រហូតដល់ភ្នំហូរែប ជាភ្នំរបស់ព្រះ។ នៅទីនោះ ទេវតារបស់ព្រះយេហូវ៉ាលេចមកឲ្យលោកឃើញក្នុងអណ្ដាតភ្លើង ចេញពីកណ្ដាលគុម្ពបន្លា លោកមើលទៅ ឃើញភ្លើងឆេះគុម្ពបន្លា តែគុម្ពបន្លាមិនបានសុសទេ។ លោកម៉ូសេគិតថា៖ «ខ្ញុំនឹងឆៀងទៅមើលហេតុការណ៍ដ៏អស្ចារ្យនេះ ហេតុអ្វីបានជាគុម្ពបន្លានេះឆេះមិនសុសដូច្នេះ?» កាលព្រះយេហូវ៉ាឃើញលោកឆៀងមកមើលដូច្នេះ ព្រះក៏មានព្រះបន្ទូលហៅលោកពីក្នុងគុម្ពបន្លាថា៖ «ម៉ូសេ ម៉ូសេអើយ!» លោកទូលឆ្លើយថា៖ «ព្រះករុណាថ្លៃវិសេសព្រះអម្ចាស់»។ ពេលនោះ ព្រះអង្គមានព្រះបន្ទូលថា៖ «កុំមកជិតកន្លែងនេះ! ចូរដោះស្បែកជើងចេញ ដ្បិតកន្លែងដែលអ្នកឈរនេះជាដីបរិសុទ្ធ»។ ព្រះអង្គមានព្រះបន្ទូលទៀតថា៖ «យើងជាព្រះនៃបុព្វបុរសរបស់អ្នក គឺជាព្រះរបស់អ័ប្រាហាំ ជាព្រះរបស់អ៊ីសាក និងជាព្រះរបស់យ៉ាកុប»។ លោកម៉ូសេក៏ខ្ទប់មុខ ព្រោះលោកមិនហ៊ានមើលចំទៅព្រះទេ។ បន្ទាប់មក ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «យើងបានឃើញទុក្ខវេទនារបស់ប្រជារាស្ត្រយើង ដែលនៅស្រុកអេស៊ីព្ទហើយ យើងក៏បានឮសម្រែករបស់គេ ព្រោះតែពួកអ្នកដែលសង្កត់សង្កិនដែរ។ យើងដឹងពីទុក្ខវេទនារបស់គេហើយ ដូច្នេះ យើងបានចុះមក ដើម្បីរំដោះគេឲ្យរួចចេញពីកណ្ដាប់ដៃរបស់ពួកសាសន៍អេស៊ីព្ទ ហើយនាំគេឡើងចេញពីស្រុកនោះ ទៅឯស្រុកមួយដ៏ល្អ ធំទូលាយ ជាស្រុកដែលមានទឹកដោះ និងទឹកឃ្មុំហូរហៀរ ជាស្រុករបស់សាសន៍កាណាន សាសន៍ហេត សាសន៍អាម៉ូរី សាសន៍ពេរិស៊ីត សាសន៍ហេវី និងសាសន៍យេប៊ូស។ មើល៍ ឥឡូវនេះ សម្រែករបស់កូនចៅអ៊ីស្រាអែលបានលាន់ឮដល់យើង ហើយយើងក៏បានឃើញទុក្ខលំបាកដែលសាសន៍អេស៊ីព្ទសង្កត់សង្កិនគេដែរ។
អាន និក្ខមនំ 3
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: និក្ខមនំ 3:1-9
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ