និក្ខមនំ 3:1-12

និក្ខមនំ 3:1-12 គកស១៦

កាល​លោក​ម៉ូសេ​កំពុង​តែ​ឃ្វាល​ហ្វូង​សត្វ​របស់​លោក​យេត្រូ ជា​ឪពុក​ក្មេក ដែល​ជា​សង្ឃ​នៅ​ស្រុក​ម៉ាឌាន លោក​នាំ​ហ្វូង​សត្វ​ទៅ​ខាង​នាយ​ទី​រហោ‌ស្ថាន រហូត​ដល់​ភ្នំ​ហូរែប ជា​ភ្នំ​របស់​ព្រះ។ នៅ​ទី​នោះ ទេវតា​របស់​ព្រះ‌យេហូវ៉ា​លេច​មក​ឲ្យ​លោក​ឃើញ​ក្នុង​អណ្ដាត​ភ្លើង ចេញ​ពី​កណ្ដាល​គុម្ព​បន្លា លោក​មើល​ទៅ ឃើញ​ភ្លើង​ឆេះ​គុម្ព​បន្លា តែ​គុម្ព​បន្លា​មិន​បាន​សុស​ទេ។ លោក​ម៉ូសេ​គិត​ថា៖ «ខ្ញុំ​នឹង​ឆៀង​ទៅ​មើល​ហេតុ‌ការណ៍​ដ៏​អស្ចារ្យ​នេះ ហេតុ​អ្វី​បាន​ជា​គុម្ព​បន្លា​នេះ​ឆេះ​មិន​សុស​ដូច្នេះ?» កាល​ព្រះ‌យេហូវ៉ា​ឃើញ​លោក​ឆៀង​មក​មើល​ដូច្នេះ ព្រះ​ក៏​មាន​ព្រះ‌បន្ទូល​ហៅ​លោក​ពី​ក្នុង​គុម្ព​បន្លា​ថា៖ «ម៉ូសេ ម៉ូសេ​អើយ!» លោក​ទូល​ឆ្លើយ​ថា៖ «ព្រះ​ករុណា​ថ្លៃ​វិសេស​ព្រះ‌អម្ចាស់»។ ពេល​នោះ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «កុំ​មក​ជិត​កន្លែង​នេះ! ចូរ​ដោះ​ស្បែក​ជើង​ចេញ ដ្បិត​កន្លែង​ដែល​អ្នក​ឈរ​នេះ​ជា​ដី​បរិសុទ្ធ»។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៀត​ថា៖ «យើង​ជា​ព្រះនៃ​បុព្វ‌បុរស​របស់​អ្នក គឺ​ជា​ព្រះ​របស់​អ័ប្រា‌ហាំ ជា​ព្រះ​របស់​អ៊ីសាក និង​ជា​ព្រះ​របស់​យ៉ាកុប»។ លោក​ម៉ូសេ​ក៏​ខ្ទប់​មុខ ព្រោះ​លោក​មិន​ហ៊ាន​មើល​ចំ​ទៅ​ព្រះ​ទេ។ បន្ទាប់​មក ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​បាន​ឃើញ​ទុក្ខ​វេទនា​របស់​ប្រជា‌រាស្ត្រ​យើង ដែល​នៅ​ស្រុក​អេស៊ីព្ទ​ហើយ យើង​ក៏​បាន​ឮ​សម្រែក​របស់​គេ ព្រោះ​តែ​ពួក​អ្នក​ដែល​សង្កត់‌សង្កិន​ដែរ។ យើង​ដឹង​ពី​ទុក្ខ​វេទនា​របស់​គេ​ហើយ ដូច្នេះ យើង​បាន​ចុះ​មក ដើម្បី​រំដោះ​គេ​ឲ្យ​រួច​ចេញ​ពី​កណ្ដាប់​ដៃ​របស់​ពួក​សាសន៍​អេស៊ីព្ទ ហើយ​នាំ​គេ​ឡើង​ចេញ​ពី​ស្រុក​នោះ ទៅ​ឯ​ស្រុក​មួយ​ដ៏​ល្អ ធំ​ទូលាយ ជា​ស្រុក​ដែល​មាន​ទឹក​ដោះ និង​ទឹក​ឃ្មុំ​ហូរ‌ហៀរ ជា​ស្រុក​របស់​សាសន៍​កាណាន សាសន៍​ហេត សាសន៍​អាម៉ូរី សាសន៍​ពេរិស៊ីត សាសន៍​ហេវី និង​សាសន៍​យេប៊ូស។ មើល៍ ឥឡូវ​នេះ សម្រែក​របស់​កូន​ចៅ​អ៊ីស្រា‌អែល​បាន​លាន់​ឮ​ដល់​យើង ហើយ​យើង​ក៏​បាន​ឃើញ​ទុក្ខ​លំបាក​ដែល​សាសន៍​អេស៊ីព្ទ​សង្កត់‌សង្កិន​គេ​ដែរ។ ដូច្នេះ ឥឡូវ​នេះ យើង​នឹង​ចាត់​អ្នក​ឲ្យ​ទៅ​ជួប​ផារ៉ោន ដើម្បី​ឲ្យ​អ្នក​បាន​នាំ​ប្រជា‌រាស្ត្រ​របស់​យើង គឺ​កូន​ចៅ​អ៊ីស្រា‌អែល ចេញ​ពី​ស្រុក​អេស៊ីព្ទ»។ លោក​ម៉ូសេ​ទូល​ព្រះ​ថា៖ «តើ​ទូល‌បង្គំ​ជា​អ្វី​ដែល​ត្រូវ​ទៅ​ជួប​ផារ៉ោន ហើយ​នាំ​កូន​ចៅ​អ៊ីស្រា‌អែល​ចេញ​ពី​ស្រុក​អេស៊ីព្ទ​ដូច្នេះ?» ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នឹង​នៅ​ជា‌មួយ​អ្នក កាល​ណា​អ្នក​បាន​នាំ​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ អ្នក​រាល់​គ្នា​នឹង​មក​ថ្វាយ​បង្គំ​ព្រះ​នៅ​លើ​ភ្នំ​នេះ ហើយ​នេះ​ជា​ទី​សម្គាល់​ថា យើង​បាន​ចាត់​អ្នក​ឲ្យ​ទៅ​មែន»។

អាន និក្ខមនំ 3