និក្ខមនំ 27

27
អាស‌នា​តង្វាយ​ដុត
1ត្រូវ​ធ្វើ​អាស‌នា​ពី​ឈើ​នាង‌នួន បណ្តោយ​ប្រាំ​ហត្ថ ទទឹង​ប្រាំ​ហត្ថ បួន​ជ្រុង​ស្មើ ហើយ​កម្ពស់​បី​ហត្ថ។ 2ត្រូវ​ធ្វើ​ស្នែង​ជាប់​នឹង​អាស‌នា​គ្រប់​ទាំង​បួន​ជ្រុង ហើយ​ត្រូវ​ស្រោប​ដោយ​លង្ហិន។ 3ត្រូវ​ធ្វើ​ប្រដាប់​ដាក់​ផេះ ចប‌ចូក ផើង សម និង​ជើង‌ក្រាន​សម្រាប់​អាស‌នា ឯ​គ្រឿង​ប្រដាប់​ទាំង​នោះ ត្រូវ​ធ្វើ​ពី​លង្ហិន​ទាំង​អស់។ 4ត្រូវ​ធ្វើ​ប្រទាស​លង្ហិន​ខ្ទាស់​ក្រឡា​គ្នា​សម្រាប់​អាស‌នា​ដែរ ហើយ​ត្រូវ​ធ្វើ​កង​លង្ហិន​បួន ដាក់​នៅតាម​ជ្រុង​ប្រទាស​ទាំង​បួន។ 5ត្រូវ​ដាក់​ប្រទាស​ពី​ខាង​ក្រោម​គែម​ឲ្យ​ជាប់​ត្រង់​ពាក់​កណ្ដាល​កម្ពស់​នៃ​អាស‌នា។ 6ត្រូវ​យក​ឈើ​នាង‌នួន ធ្វើ​ជា​ឈើ​ស្នែង​សម្រាប់​សែង​អាស‌នា ហើយ​ស្រោប​ដោយ​លង្ហិន​ដែរ។ 7ត្រូវ​ស៊ក​ឈើ​ស្នែង​នោះ​ទៅ​ក្នុង​កង ដើម្បី​ឲ្យ​ឈើ​ស្នែង​បាន​ជាប់​ទាំង​សង​ខាង​អាស‌នា​សម្រាប់​សែង។ 8អាស‌នា​នេះ​ត្រូវ​ធ្វើ​ពី​ក្ដារ ឲ្យ​មាន​ប្រហោង​កណ្ដាល គឺ​ត្រូវ​ធ្វើ​ដូច្នោះ ដូច​បាន​បង្ហាញ​ឲ្យ​អ្នក​ឃើញ​នៅ​លើ​ភ្នំ។
ទី‌លាន
9ត្រូវ​ធ្វើ​ទី‌លាន​នៃ​រោង​ឧបោ‌សថ​ដែរ គឺ​ខាង​ត្បូង​ត្រូវ​មាន​រនាំង​ធ្វើ​ពី​អំបោះ​ខ្លូត‌ទេស​វេញ​យ៉ាង​ខ្មាញ់ ប្រវែង​មួយ​រយ​ហត្ថ សម្រាប់​បាំង​ទី‌លាន​ម្ខាង​នោះ 10រនាំង​នោះ​មាន​សសរ​ម្ភៃ និង​ជើងសសរ​ម្ភៃ ត្រូវ​ធ្វើ​ពីលង្ហិន ឯ​តម្ពក់​សសរ និង​គន្លឹះ ត្រូវ​ធ្វើ​ពី​ប្រាក់។ 11នៅ​ខាង​ជើង ត្រូវ​មាន​រនាំង​ប្រវែង​មួយ​រយ​ហត្ថ ហើយ​សសរ​ម្ភៃ និង​ជើង​សសរ​លង្ហិន​ម្ភៃ​ដែរ ឯ​តម្ពក់​សសរ និង​គន្លឹះ ក៏​ត្រូវ​ធ្វើ​ពី​ប្រាក់​ដូច​គ្នា។ 12ទទឹង​ទី‌លាន​នៅ​ខាង​លិច ត្រូវ​មាន​រនាំង​ប្រវែង​ហាសិប​ហត្ថ ហើយ​សសរ​ដប់ និង​ជើង​ទ្រ​ដប់។ 13ទទឹង​ទី‌លាន​នៅ​ខាង​មុខ ប៉ែក​ខាង​កើត ត្រូវ​មាន​ប្រវែង​ហាសិប​ហត្ថ​ដូច​គ្នា។ 14រនាំង​ម្ខាង​ត្រូវ​មាន​ប្រវែង​ដប់ប្រាំ​ហត្ថ សសរ​បី និង​ជើង​ទ្រ​បី។ 15រីឯ​រនាំង​ម្ខាង​ទៀត ត្រូវ​មាន​ប្រវែង​ដប់ប្រាំ​ហត្ថ សសរ​បី និង​ជើងទ្រ​បី​ដូច​គ្នា។ 16នៅ​មាត់​ទ្វារ​ទី‌លាន ត្រូវ​មាន​រនាំង​ប្រវែង​ម្ភៃ​ហត្ថ ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ ពណ៌​ក្រហម ធ្វើ​ពី​អំបោះ​ខ្លូត‌ទេស​វេញ​យ៉ាង​ខ្មាញ់ ហើយ​ប៉ាក់​ផង ព្រម​ទាំង​សសរ​បួន និង​ជើង​ទ្រ​បួន​ដែរ។ 17សសរ​ទាំង​អស់​ដែល​នៅ​ជុំ‌វិញ​ទី‌លាន ត្រូវ​មាន​គន្លឹះ និង​តម្ពក់​ធ្វើ​ពី​ប្រាក់ និង​ជើង​ទ្រ​ធ្វើ​ពី​លង្ហិន។ 18ទី‌លាន​នោះ ត្រូវ​មាន​បណ្តោយ​មួយ​រយ​ហត្ថ និង​ទទឹង​ហាសិប​ហត្ថ​ស្មើ​គ្នា ហើយ​កម្ពស់​រនាំង​ប្រាំ​ហត្ថ រីឯ​រនាំង​នោះ ត្រូវ​ធ្វើ​ពី​អំបោះ​ខ្លូត‌ទេស​វេញ​យ៉ាង​ខ្មាញ់ ហើយ​ជើង​សសរ​ទាំង​ប៉ុន្មាន​ត្រូវ​ធ្វើ​ពី​លង្ហិន។ 19គ្រឿង​ប្រដាប់​ទាំង​ប៉ុន្មាន​សម្រាប់​ប្រើ​ប្រាស់​ក្នុង​រោង​ឧបោ‌សថ ហើយ​ចម្រឹង​រោង និង​ចម្រឹង​ទី‌លាន ត្រូវ​ធ្វើ​ពី​លង្ហិន​ទាំង​អស់។
ប្រេង​សម្រាប់​ចង្កៀង
20ត្រូវ​បង្គាប់​កូន​ចៅ​អ៊ីស្រា‌អែល​ឲ្យ​យក​ប្រេង​អូលីវ​សុទ្ធ​ដែល​ល្អបំផុត សម្រាប់​ដុតឲ្យ​ចង្កៀង​ភ្លឺ​ជា​អចិន្ត្រៃយ៍។ 21ចង្កៀង​នោះ ត្រូវ​ឲ្យ​អើរ៉ុន និង​កូន​របស់​គាត់​មើល​ថែ​ឲ្យ​ឆេះជានិច្ច​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា តាំង​ពី​ល្ងាច​រហូត​ដល់​ព្រឹក នៅ​ខាង​ក្រៅ​វាំង‌នន​ក្នុង​ត្រសាល​ជំនុំ ត្រង់​មុខ​ហិប​នៃ​សេចក្ដី​សញ្ញា ។ នេះ​ជា​ច្បាប់​អស់​កល្ប​ជានិច្ច ដែល​កូន​ចៅ​អ៊ីស្រា‌អែល​ត្រូវ​កាន់​តាម គ្រប់​ជំនាន់​តរៀង​ទៅ។

ទើបបានជ្រើសរើសហើយ៖

និក្ខមនំ 27: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល