និក្ខមនំ 26

26
រោង​ឧបោ‌សថ
1មួយ​វិញ​ទៀត អ្នក​ត្រូវ​ធ្វើ​រោង​ឧបោ‌សថ​ពី​វាំង‌នន​ដប់​ផ្ទាំង ដែល​ត្បាញ​ដោយ​អំបោះ​ខ្លូត‌ទេស វេញ​យ៉ាង​ខ្មាញ់ មាន​ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ និង​ពណ៌​ក្រហម ព្រម​ទាំង​ប៉ាក់​ជា​រូប​ចេរូ‌ប៊ីម តាម​រចនា​នៃ​ពួក​ជាង​មាន​ស្នាដៃ។ 2វាំង‌នន​នីមួយៗ​ត្រូវ​មាន​បណ្តោយ​ម្ភៃ​ប្រាំបី​ហត្ថ ទទឹង​បួន​ហត្ថ ស្មើ​គ្នា​ទាំង​អស់។ 3វាំង‌នន​ប្រាំ​ផ្ទាំង ត្រូវ​ដេរ​ភ្ជាប់​ជា‌មួយ​គ្នា ហើយ​វាំង‌នន​ប្រាំ​ផ្ទាំង​ទៀត ក៏​ត្រូវ​ដេរ​ភ្ជាប់​ជា‌មួយ​គ្នា​ដែរ។ 4ត្រូវ​ធ្វើ​ខ្សែ​ក្រវិល​មាន​ពណ៌​ខៀវ​តាម​ជាយ​វាំង‌នន​ទី​មួយ ខាង​ចុង​ផ្ទាំង​ត្រង់​កន្លែង​ដែល​ភ្ជាប់​គ្នា ហើយ​ត្រូវ​ធ្វើ​ដូច្នោះ​តាម​ជាយ​ខាង​ចុង​ផ្ទាំង​មួយ​ទៀត ត្រង់​កន្លែង​ដែល​ភ្ជាប់​គ្នា​ដែរ។ 5ត្រូវ​ធ្វើ​ឲ្យ​មាន​ខ្សែ​ក្រវិល​ហា​សិប​នៅ​វាំង‌នន​ទី​មួយ ហើយ​ហាសិប​ទៀត​នៅ​វាំង‌នន​ទី​ពីរ ត្រូវ​ដាក់​ខ្សែ​ក្រវិល​ទាំង​នោះ​ឲ្យ​ស្មើ​គ្នា​ទាំង​អស់។ 6ត្រូវ​ធ្វើ​តម្ពក់​មាស​ហាសិប ហើយ​ភ្ជាប់​វាំង‌នន​ទាំង​ពីរ​ផ្ទាំង​នឹង​តម្ពក់​នោះ ដើម្បីឲ្យ​រោង​ឧបោ‌សថ​បាន​ជាប់​នៅ​ជា​រោង​តែ​មួយ។
7ត្រូវ​ធ្វើ​វាំង‌នន​ពី​រោម​ពពែ ទុក​សម្រាប់​គ្រប​ពី​លើ​រោង​ឧបោ‌សថ គឺ​វាំង‌នន​នោះ​ត្រូវ​ធ្វើ​ដប់មួយ​ផ្ទាំង។ 8វាំង‌នន​នីមួយៗ​ត្រូវ​មាន​បណ្តោយ​សាម​សិប​ហត្ថ ទទឹង​បួន​ហត្ថ ហើយ​វាំង‌នន​ទាំង​ដប់​មួយ​នោះ ត្រូវ​មាន​ទំហំ​ស្មើ​គ្នា​ទាំង​អស់។ 9ត្រូវ​ដេរ​វាំង‌នន​ប្រាំ​ផ្ទាំង​ភ្ជាប់​ជា‌មួយ​គ្នា ហើយ​ប្រាំមួយ​ផ្ទាំង​ទៀត​ក៏​ត្រូវ​ដេរ​ភ្ជាប់​ជា‌មួយ​គ្នា​ដែរ វាំង‌នន​ទី​ប្រាំមួយ ត្រូវ​បត់​ផាត់​ទៅ​លើ ពី​ខាង​មុខ​ត្រសាល។ 10ត្រូវ​ធ្វើ​ខ្សែ​ក្រវិល​ហាសិប ដាក់​តាម​ជាយ​វាំង‌នន​ទី​មួយ ខាង​ចុង​ផ្ទាំង ត្រង់​កន្លែង​ដែល​ភ្ជាប់​គ្នា ហើយ​ខ្សែ​ក្រវិល​ហាសិប​ទៀត តាម​ជាយ​វាំង‌នន​ទី​ពីរ ខាង​ចុង​ផ្ទាំង ត្រង់​កន្លែង​ដែល​ភ្ជាប់​គ្នា​ដែរ។
11ត្រូវ​ធ្វើ​តម្ពក់​លង្ហិន​ហាសិប ហើយ​ស៊ក​តម្ពក់​នោះ​ចូល​ទៅ​ក្នុង​ក្រវិល​ទាំង​នោះ ដើម្បី​ភ្ជាប់​ត្រសាល​រួម​មក​តែ​មួយ។ 12វាំង‌នន​ត្រសាល​ដែល​លើស គឺ​វាំង‌នន​ពាក់​កណ្ដាល​ដែល​លើល​នោះ ត្រូវ​ឲ្យ​សំយាក​ធ្លាក់​ទៅ​បាំង​ខាង​ក្រោយ​រោង​ឧបោ‌សថ។ 13វាំង‌នន​ដែល​សល់​មួយ​ហត្ថ​ទាំង​សង​ខាង​តាម​បណ្តោយ​ផ្ទាំង​ទាំង​ប៉ុន្មាន ត្រូវ​ទម្លាក់​ទៅ​បាំង​រោង​ឧបោ‌សថ​ទាំង​សង​ខាង។ 14ត្រូវ​ធ្វើ​គម្រប​ពី​ស្បែក​ចៀម​ឈ្មោល​ជ្រលក់​ពណ៌​ក្រហម សម្រាប់​គ្រប​ត្រសាល ហើយយក​ស្បែក​ផ្សោត​មក​គ្រប​ពី​លើ​ថែម​ទៀត។
គម្រោង
15ត្រូវ​ធ្វើ​ស៊ុម​ពី​ឈើ​នាង‌នួន សម្រាប់​ដាក់​បញ្ឈរ​ទ្រ​រោង​ឧបោ‌សថ។ 16ស៊ុម​នីមួយៗ​ត្រូវ​មាន​បណ្តោយ​ដប់​ហត្ថ ហើយ​ទទឹង​មួយ​ហត្ថ​កន្លះ។ 17ស៊ុម​នីមួយៗ​ត្រូវ​មាន​ពន្លួញ​ពីរ​ភ្ជាប់​តាម​ជួរ​ជញ្ជាំង ត្រូវ​ធ្វើ​ឲ្យ​ដូច​គ្នា​ទាំង​អស់​សម្រាប់​រោង​ឧបោ‌សថ។ 18ត្រូវ​ធ្វើស៊ុម​ម្ភៃ​សម្រាប់​ប៉ែក​ខាង​ត្បូង​រោង​ឧបោ‌សថ 19ហើយ​នៅ​ក្រោម​ស៊ុម​ម្ភៃ​នោះ ត្រូវ​ធ្វើ​ជើង​ប្រាក់​ចំនួន​សែសិប គឺ​ជើង​ពីរៗ​នៅ​ក្រោម​គ្រប់​ទាំង​ស៊ុម សម្រាប់​ស៊ក​ពន្លួញ​ចូល​ទៅ 20ត្រូវ​ធ្វើ​ស៊ុម​ម្ភៃ សម្រាប់​រោង​ឧបោ‌សថ​នៅប៉ែក​ខាង​ជើង 21និង​ជើងទ្រ​ស៊ុមពី​ប្រាក់​ចំនួន​សែសិប សម្រាប់​ស៊ុម​ទាំង​នោះ​ដែរ គឺ​ជើង​ពីរៗ​នៅ​ក្រោម​គ្រប់​ទាំង​ស៊ុម។ 22ត្រូវ​ធ្វើ​ស៊ុម​ប្រាំមួយ សម្រាប់​ផ្នែក​ខាង​ក្រោយ​រោង​ឧបោ‌សថ​នៅ​ប៉ែក​ខាង​លិច។ 23ត្រូវ​ធ្វើ​ស៊ុម​ពីរ សម្រាប់​ជ្រុង​រោង​ឧបោ‌សថ​ផ្នែក​ខាង​ក្រោយ 24ស៊ុម​ពីរ​នោះ​ត្រូវ​ភ្ជាប់​គ្នា​នៅ​ខាង​ក្រោម និង​ខាង​លើ​ដោយ‌សារ​កង​មួយ នៅ​ជ្រុង​ទាំង​ពីរ ត្រូវ​មាន​ស៊ុម​ពីរ​ដូច​គ្នា។ 25ដូច្នេះ ត្រូវ​មាន​ស៊ុម​ប្រាំបី និង​ជើងទ្រធ្វើ​ពី​ប្រាក់​សម្រាប់​ស៊ុម​ទាំង​នោះ​ចំនួន​ដប់​ប្រាំមួយ គឺ​ជើង​ពីរៗ​នៅ​គ្រប់​ទាំង​ស៊ុម។
26ត្រូវ​យក​ឈើ​នាង‌នួន​ធ្វើ​រនុក​ប្រាំ សម្រាប់​ស៊ុមនៃ​រោង​ឧបោ‌សថ​ម្ខាង 27រនុក​ប្រាំ សម្រាប់​ស៊ុម​នៃ​រោង​ឧបោ‌សថ​ម្ខាង ហើយ​រនុក​ប្រាំ សម្រាប់​ស៊ុម​ផ្នែក​ខាង​ក្រោយ​នៃ​រោង​ឧបោ‌សថ​ប៉ែក​ខាង​លិច។ 28រនុក​កណ្ដាល ពាក់​កណ្ដាល​ស៊ុម​ឡើង​លើ ត្រូវ​បង្ហូត​ចាប់​ពី​ចុង​ម្ខាង​ដល់​ចុង​ម្ខាង។ 29ត្រូវ​ស្រោប​ស៊ុម​ទាំង​អស់​ដោយ​មាស ហើយ​ត្រូវ​ធ្វើ​កង​អំពី​មាស សម្រាប់​ស៊ក​រនុក​ចូល ហើយ​រនុក​ទាំង​នោះ​ក៏​ត្រូវ​ស្រោប​មាស​ដែរ។ 30ត្រូវ​ដំឡើង​រោង​ឧបោ‌សថ​តាម​គំរូ​ដែល​បាន​បង្ហាញ​ឲ្យ​អ្នក​ឃើញ​នៅ​លើ​ភ្នំ។
វាំងនន
31ត្រូវ​ធ្វើ​វាំង‌នន​ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ ពណ៌​ក្រហម ដោយ​អំបោះ​ខ្លូត‌ទេស​វេញ​យ៉ាង​ខ្មាញ់ ព្រម​ទាំង​ប៉ាក់​រូប​ចេរូ‌ប៊ីម ដោយ​ការ​រចនា​នៃ​ជាង​មាន​ស្នា​ដៃ។ 32ត្រូវ​ពាក់​វាំង‌នន​នោះ​លើ​សសរ​នាង‌នួន​បួន ដែល​ស្រោប​ដោយ​មាស បញ្ឈរ​លើ​ជើង​ប្រាក់​បួន មាន​ទាំង​តម្ពក់​មាស​ផង។ 33ត្រូវ​ពាក់​វាំង‌នន​នឹង​តម្ពក់​ទាំង​នោះ រួច​ត្រូវ​យក​ហិប​នៃ​សេចក្ដី​សញ្ញា ចូល​ទៅ​ដាក់​នៅ​ខាង​ក្នុង​វាំង‌នន ហើយ​វាំង‌នន​នោះ​នឹង​ខណ្ឌ​ទី​បរិសុទ្ធ ពី​ទី​បរិសុទ្ធ​បំផុត​ឲ្យ​អ្នក​រាល់​គ្នា។ 34ត្រូវ​ដាក់​ទី​សន្តោស​ប្រោស នៅ​លើ​ហិប​នៃ​សេចក្ដី​សញ្ញា​ខាង​ក្នុង​ទី​បរិសុទ្ធ​បំផុត។ 35ត្រូវ​ដាក់​តុ​ពី​ខាង​ក្រៅ​វាំង‌នន ចំហៀង​ខាង​ជើង ហើយ​ជើង​ចង្កៀង​ត្រូវ​ដាក់​នៅ​ពី​មុខ​តុ ចំហៀង​ខាង​ត្បូង ក្នុង​រោង​ឧបោ‌សថ។
36រីឯ​ច្រកចូល​ត្រសាល ត្រូវ​ធ្វើ​រនាំង​ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ ពណ៌​ក្រហម ដោយ​អំបោះ​ខ្លូត‌ទេស​វេញ​យ៉ាង​ខ្មាញ់ ហើយ​ត្រូវ​ប៉ាក់​ផង។ 37ត្រូវ​ធ្វើ​សសរ​នាង‌នួន​ប្រាំ ស្រោប​ដោយ​មាស​សម្រាប់​រនាំង​នោះ ត្រូវ​មាន​តម្ពក់​មាស ហើយ​ត្រូវ​សិត​ធ្វើ​ជើង​លង្ហិន​ប្រាំ​សម្រាប់​សសរ​ទាំង​នោះ។

ទើបបានជ្រើសរើសហើយ៖

និក្ខមនំ 26: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល