លុះស្អែកឡើង លោកម៉ូសេអង្គុយកាត់ក្ដីឲ្យប្រជាជន ឯប្រជាជននាំគ្នាឈរនៅមុខលោក តាំងពីព្រឹករហូតដល់ល្ងាច។ កាលឪពុកក្មេករបស់លោកម៉ូសេឃើញការទាំងអស់ ដែលលោកធ្វើសម្រាប់ប្រជាជន គាត់ក៏សួរថា៖ «តើកូនធ្វើអ្វីដូច្នេះ? ហេតុអ្វីបានជាកូនអង្គុយតែម្នាក់ឯង ហើយប្រជាជនឈរនៅចំពោះមុខ តាំងពីព្រឹកទាល់ល្ងាចយ៉ាងនេះ?» លោកម៉ូសេឆ្លើយទៅឪពុកក្មេកថា៖ «ព្រោះគេមករកខ្ញុំ ដើម្បីទូលសួរព្រះ។ កាលណាគេមានរឿងអ្វី គេតែងតែមករកខ្ញុំ ហើយខ្ញុំក៏ដោះស្រាយរឿងឲ្យពួកគេ ព្រមទាំងប្រាប់ឲ្យគេដឹងអស់ទាំងបញ្ញត្តិ និងច្បាប់របស់ព្រះ»។ ឪពុកក្មេកមានប្រសាសន៍មកលោកម៉ូសេថា៖ «អ្វីដែលកូនកំពុងធ្វើនេះ មិនល្អទេ។ ដ្បិតកូននឹងថយកម្លាំងទៅ ព្រមទាំងប្រជាជនដែលនៅជាមួយកូនទៀតដែរ ព្រោះការនេះធ្ងន់ធ្ងរពេក កូនមិនអាចធ្វើតែម្នាក់ឯងបានទេ។ ឥឡូវនេះ ចូរស្តាប់ពុកសិន ពុកនឹងទូន្មានកូន ក៏សូមឲ្យព្រះគង់ជាមួយកូនផង! កូនត្រូវធ្វើជាតំណាងឲ្យប្រជាជននៅចំពោះព្រះ ហើយយករឿងរបស់គេទៅទូលថ្វាយព្រះ ត្រូវបង្រៀនគេអំពីបញ្ញត្តិ និងច្បាប់ទាំងឡាយ ហើយបង្ហាញគេឲ្យស្គាល់ផ្លូវដែលគេត្រូវដើរ និងកិច្ចការដែលគេត្រូវធ្វើ។ កូនត្រូវរើសយកមនុស្សប៉ិនប្រសប់ ដែលមានចិត្តកោតខ្លាចព្រះក្នុងចំណោមប្រជាជន ជាមនុស្សទៀងត្រង់ ស្អប់ការស៊ីសំណូក ហើយត្រូវតែងតាំងមនុស្សយ៉ាងនោះឲ្យធ្វើជាមេលើប្រជាជន គឺជាមេលើមនុស្សមួយពាន់នាក់ ជាមេលើមនុស្សមួយរយនាក់ ជាមេលើមនុស្សហាសិបនាក់ និងជាមេលើមនុស្សដប់នាក់។ ត្រូវឲ្យអ្នកទាំងនោះកាត់ក្ដីឲ្យប្រជាជនគ្រប់ពេលវេលា ឯអស់ទាំងរឿងណាធំៗ នោះត្រូវឲ្យគេនាំមកដល់កូន តែបើរឿងតូចតាច ត្រូវឲ្យគេកាត់ក្ដីដោយខ្លួនគេទៅ។ ធ្វើដូច្នោះកូននឹងត្រូវបានស្រួលជាង ឯអ្នកទាំងនោះនឹងជួយរំលែកបន្ទុករបស់កូន។ ប្រសិនបើកូនព្រមធ្វើដូច្នេះ ហើយព្រះទ្រង់ក៏បង្គាប់កូនផង នោះកូនអាចនឹងស្ថិតស្ថេរបាន ហើយប្រជាជនទាំងនេះនឹងត្រឡប់ទៅកន្លែងរបស់គេវិញដោយសុខសាន្ត»។ លោកម៉ូសេក៏ស្តាប់តាមឪពុកក្មេក ហើយធ្វើតាមសេចក្ដីទាំងប៉ុន្មានដែលលោកមានប្រសាសន៍។ លោកម៉ូសេរើសយកមនុស្សដែលប៉ិនប្រសប់ ពីក្នុងចំណោមពួកអ៊ីស្រាអែលទាំងអស់ រួចតែងតាំងគេឲ្យធ្វើជាមេលើបណ្ដាជន គឺជាមេលើមនុស្សមួយពាន់នាក់ ជាមេលើមនុស្សមួយរយនាក់ ជាមេលើមនុស្សហាសិបនាក់ និងជាមេលើមនុស្សដប់នាក់។ អ្នកទាំងនោះកាត់ក្ដីឲ្យប្រជាជនគ្រប់ពេលវេលា ឯរឿងរ៉ាវណាពិបាកៗ គេយកមកដល់លោកម៉ូសេ តែអស់ទាំងរឿងរ៉ាវណាតូចតាច គេកាត់ក្ដីដោយខ្លួនគេ។ បន្ទាប់មក លោកម៉ូសេ និងឪពុកក្មេកក៏លាគ្នា ហើយលោកយេត្រូក៏វិលត្រឡប់ទៅស្រុករបស់គាត់វិញ។
អាន និក្ខមនំ 18
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: និក្ខមនំ 18:13-27
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ