កាលផារ៉ោនចូលទៅជិត កូនចៅអ៊ីស្រាអែលក៏ងើបភ្នែកឡើង ឃើញសាសន៍អេស៊ីព្ទដេញតាមពីក្រោយ គេមានការភ័យខ្លាចជាខ្លាំង ហើយស្រែកអំពាវនាវរកព្រះយេហូវ៉ា។ គេពោលទៅកាន់លោកម៉ូសេថា៖ «តើដោយព្រោះតែគ្មានផ្នូរនៅស្រុកអេស៊ីព្ទឬ បានជាលោកនាំពួកយើងមកឲ្យស្លាប់នៅទីរហោស្ថានដូច្នេះ? តើលោកបានប្រព្រឹត្តចំពោះពួកយើង ដោយនាំពួកយើងចេញពីស្រុកអេស៊ីព្ទមកដូច្នេះឬ? កាលនៅស្រុកអេស៊ីព្ទនៅឡើយ តើពួកយើងមិនបាននិយាយសេចក្ដីនេះនឹងលោកថា "កុំឲ្យមករវីរវល់នឹងពួកយើង ទុកឲ្យពួកយើងនៅបម្រើសាសន៍អេស៊ីព្ទចុះ" ដ្បិតដែលពួកយើងនៅបម្រើសាសន៍អេស៊ីព្ទ នោះប្រសើរជាងមកស្លាប់នៅទីរហោស្ថានបែបនេះ»។ ប៉ុន្ដែ លោកម៉ូសេឆ្លើយទៅប្រជាជនវិញថា៖ «កុំខ្លាចអី តាំងចិត្តឲ្យមាំឡើង ចាំមើលការសង្គ្រោះរបស់ព្រះយេហូវ៉ា ដែលព្រះអង្គនឹងប្រោសអ្នករាល់គ្នានៅថ្ងៃនេះ។ ដ្បិតសាសន៍អេស៊ីព្ទដែលអ្នករាល់គ្នាឃើញនៅថ្ងៃនេះ អ្នករាល់គ្នានឹងលែងឃើញតទៅទៀតហើយ។ ព្រះយេហូវ៉ានឹងច្បាំងជំនួសអ្នករាល់គ្នា ហើយអ្នករាល់គ្នាគ្រាន់តែនៅស្ងៀមប៉ុណ្ណោះ»។ ពេលនោះ ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «តើអ្នកស្រែករកយើងធ្វើអី? ចូរប្រាប់កូនចៅអ៊ីស្រាអែលឲ្យដើរទៅមុខទៅ។ ចូរលើកដំបងរបស់អ្នកឡើង ហើយលើកដៃទៅលើសមុទ្រ ញែកទឹកចេញពីគ្នាទៅ ដើម្បីឲ្យកូនចៅអ៊ីស្រាអែលបានដើរតាមដីគោកនៅកណ្ដាលសមុទ្រ។ យើងនឹងធ្វើឲ្យសាសន៍អេស៊ីព្ទមានចិត្តរឹងទទឹង ឲ្យគេចូលតាមក្រោយអ្នករាល់គ្នា ដូច្នេះ យើងនឹងបានកិត្តិសព្ទដោយបំបាក់ផារ៉ោន កងទ័ពរបស់ស្ដេចទាំងអស់ រទេះចម្បាំង និងពួកពលសេះរបស់ស្ដេចផង។ ពេលនោះ សាសន៍អេស៊ីព្ទនឹងដឹងថា យើងជាព្រះយេហូវ៉ា នៅពេលយើងបានកិត្តិសព្ទដោយបំបាក់ផារ៉ោន រទេះចម្បាំង និងពួកពលសេះរបស់ស្ដេច»។
អាន និក្ខមនំ 14
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: និក្ខមនំ 14:10-18
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ