និក្ខមនំ 13

13
1ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ 2«ក្នុង​ចំណោម​កូន​ចៅ​អ៊ីស្រា‌អែល ត្រូវ​ញែក​កូន​ច្បង​ទាំង​អស់​សម្រាប់​យើង គឺ​កូន​ដំបូង​ទាំង​អស់​ដែល​កើត​ពី​ពោះ​ម្តាយ ទោះ​មនុស្ស ឬសត្វ​ក្ដី នោះ​ជា​របស់​យើង»។
បុណ្យ​នំបុ័ង​ឥត​ដំបែ
3លោក​ម៉ូសេ​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជា‌ជន​ថា៖ «ចូរ​នឹក​ចាំ​ពី​ថ្ងៃ​នេះ ជា​ថ្ងៃ​ដែល​អ្នក​រាល់​គ្នា​បាន​ចេញ​ពី​ស្រុក​អេស៊ីព្ទ ពី​ផ្ទះ​ដែល​អ្នក​ធ្វើ​ជា​ទាសករ ព្រោះ​ព្រះ‌យេហូវ៉ា​បាន​នាំ​អ្នក​រាល់​គ្នា​ចេញ​មក ដោយ​ព្រះ‌ហស្ត​ដ៏​ខ្លាំង​ពូកែ។ ដូច្នេះ មិន​ត្រូវ​បរិ‌ភោគ​នំបុ័ង​មាន​ដំបែ​ទេ។ 4គឺ​នៅ​ថ្ងៃ​នេះ ក្នុង​ខែ​អាប៊ីប ដែល​អ្នក​រាល់​គ្នា​ចេញ​ដំណើរ។ 5កាល​ណា​ព្រះ‌យេហូវ៉ា​នាំ​អ្នក​រាល់​គ្នា​ចូល​ទៅ​ក្នុង​ស្រុក​របស់​សាសន៍​កាណាន សាសន៍​ហេត សាសន៍​អាម៉ូរី សាសន៍​ហេវី និង​សាសន៍​យេប៊ូស ដែល​ព្រះ‌អង្គ​បាន​ស្បថ​នឹង​បុព្វ‌បុរស​អ្នក​រាល់​គ្នា​ថា នឹង​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា ជា​ស្រុក​ដែល​មាន​ទឹក​ដោះ និង​ទឹក​ឃ្មុំ​ហូរ‌ហៀរ នោះ​អ្នក​រាល់​គ្នា​ត្រូវ​ធ្វើ​បុណ្យ​នេះ នៅ​ក្នុង​ខែ​នេះ​ឯង។ 6អ្នក​រាល់​គ្នា​ត្រូវ​បរិ‌ភោគ​នំបុ័ង​ឥត​ដំបែ​ក្នុង​រយៈ​ពេល​ប្រាំពីរ​ថ្ងៃ ហើយ​ដល់​ថ្ងៃ​ទី​ប្រាំពីរ ត្រូវ​ឲ្យ​មាន​ពិធី​បុណ្យ​ថ្វាយ​ព្រះ‌យេហូវ៉ា។ 7ក្នុង​អំឡុង​ពេល​ប្រាំពីរ​ថ្ងៃ​ទាំង​នោះ ត្រូវ​បរិ‌ភោគ​តែ​នំបុ័ង​ឥត​ដំបែ​ប៉ុណ្ណោះ មិន​ត្រូវ​ឲ្យ​ឃើញ​នំបុ័ង​មាន​ដំបែ​នៅ​ក្នុង​ផ្ទះ​របស់​អ្នក​រាល់​គ្នា​ឡើយ ក៏​មិន​ត្រូវ​ឲ្យ​ឃើញ​មាន​ដំបែ​ណា​នៅ​ក្នុង​ទឹក​ដី​របស់​អ្នក​រាល់​គ្នា​ដែរ។ 8នៅ​ថ្ងៃ​នោះ ត្រូវ​ប្រាប់​កូន​របស់​អ្នក​រាល់​គ្នា​ថា "ពួក​យើង​ធ្វើ​បុណ្យ​នេះ ដោយ​ព្រោះ​ការ​ដែល​ព្រះ‌យេហូវ៉ា​បាន​ប្រោស​ពួក​យើង នៅ​ពេល​ពួក​យើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ"។ 9ពិធី​នេះ​នឹង​បាន​ជា​ទី​សម្គាល់​មួយ​នៅ​ដៃ​អ្នក​រាល់​គ្នា និង​ជា​សេចក្ដី​រំឭក​នៅ​កណ្ដាល​ថ្ងាស​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌យេហូវ៉ា​បាន​នៅ​ក្នុង​មាត់​អ្នក​រាល់​គ្នា ដ្បិត​ព្រះ‌យេហូវ៉ា​បាន​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីព្ទ ដោយ​ព្រះ‌ហស្ត​ដ៏​ខ្លាំង​ពូកែ។ 10ដូច្នេះ រៀង​រាល់​តែ​ឆ្នាំ ពេល​ដល់​ថ្ងៃ​កំណត់ អ្នក​រាល់​គ្នា​ត្រូវ​កាន់​តាម​ច្បាប់​នេះ។
ការ​ញែក​កូន​ច្បង​ថ្វាយ​ព្រះ‌យេហូវ៉ា
11កាល​ណា​ព្រះ‌យេហូវ៉ា​បាន​នាំ​អ្នក​រាល់​គ្នា​ចូល​ទៅ​ក្នុង​ទឹក​ដី​របស់​សាសន៍​កាណាន ដូច​ព្រះ‌អង្គ​បាន​ស្បថ​នឹង​អ្នក​រាល់​គ្នា និង​បុព្វ‌បុរស​របស់​អ្នក​រាល់​គ្នា ព្រម​ទាំង​ប្រទាន​ស្រុក​នោះ​ឲ្យ​អ្នក​រាល់​គ្នា 12នោះ​ត្រូវ​ញែក​អស់​ទាំង​កូន​ដំបូង​ដែល​កើត​ពីពោះ ថ្វាយ​ព្រះ‌យេហូវ៉ា។ កូន​ដំបូង​ទាំង​អស់​ដែល​កើត​ពី​ហ្វូង​សត្វ​របស់​អ្នក​រាល់​គ្នា បើ​ជា​ឈ្មោល នោះ​នឹង​បាន​ជា​របស់​ព្រះ‌យេហូវ៉ា។ 13ប៉ុន្តែ គ្រប់​ទាំង​កូន​ដំបូង​របស់​សត្វ​លា ត្រូវ​ថ្វាយ​កូន​ចៀម​ជំនួស​វិញ។ ប្រសិន‌បើអ្នក​រាល់​គ្នា​មិន​លោះ​វា​ទេ ត្រូវ​បំបាក់​ក​វា​ទៅ ហើយ​អស់​ទាំង​កូន​ប្រុស​ច្បង ក្នុង​ចំណោម​កូន​របស់​អ្នក​រាល់​គ្នា នោះ​ក៏​ត្រូវ​លោះ​ដែរ។ 14រួច​នៅ​ពេល​ខាង​មុខ បើ​កូន​អ្នក​រាល់​គ្នា​សួរ​ថា "តើ​នេះ​មាន​ន័យ​ដូច​ម្ដេច?" ត្រូវ​ឆ្លើយ​ថា "ព្រះ‌យេហូវ៉ា​បាន​នាំ​ពួក​យើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ ពី​ផ្ទះ​ដែល​អ្នក​ធ្វើ​ជា​ទាសករ ដោយ​ព្រះ‌ហស្ត​ដ៏​ខ្លាំង​ពូកែ។ 15ដ្បិត​កាល​ផារ៉ោន​បាន​តាំង​ព្រះ‌ហឫ‌ទ័យ​រឹង​ទទឹង មិន​ព្រម​បើក​ឲ្យ​ពួក​យើង​ចេញ នោះ​ព្រះ‌យេហូវ៉ា​បាន​សម្លាប់​អស់​ទាំង​កូន​ច្បង​នៅ​ស្រុក​អេស៊ីព្ទ ចាប់​តាំង​ពី​កូន​ច្បង​របស់​មនុស្ស រហូត​ដល់​កូន​ដំបូង​របស់​សត្វ។ ហេតុ​នេះ​ហើយ​បាន​ជា​ពួក​យើង​ថ្វាយ​អស់​ទាំង​កូន​ឈ្មោល ដែល​កើត​មក​ដំបូង ជា​យញ្ញ‌បូជា​ដល់​ព្រះ‌យេហូវ៉ា តែ​អស់​ទាំង​កូន​ប្រុស​ច្បង​របស់​ពួក​យើង នោះ​ពួក​យើង​លោះ​វិញ"។ 16នេះ​នឹង​បាន​ជា​ទី​សម្គាល់​នៅ​លើ​ដៃ និង​ជា​ស្លាក​នៅ​កណ្ដាល​ថ្ងាស​អ្នក​រាល់​គ្នា ដ្បិត​ព្រះ‌យេហូវ៉ា​បាន​នាំ​ពួក​យើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ ដោយ​ព្រះ‌ហស្ត​ដ៏​ខ្លាំង​ពូកែ»។
បង្គោល​ពពក និង​បង្គោល​ភ្លើង
17កាល​ផារ៉ោន​បើក​ឲ្យ​ប្រជា‌ជន​អ៊ីស្រា‌អែល​ចេញ​ទៅ នោះ​ព្រះ‌ទ្រង់​មិន​បាន​នាំ​គេ​តាម​ផ្លូវ​កាត់​ស្រុក​របស់​សាសន៍​ភីលី‌ស្ទីន​ទេ ទោះ​បើ​ផ្លូវ​នោះ​ជិត​ក៏​ដោយ ដ្បិត​ព្រះ‌ទ្រង់​នឹក​គិត​ថា៖ «ប្រសិន‌បើ​គេ​ប្រទះ​នឹង​ចម្បាំង នោះ​គេ​អាច​ដូរ​គំនិត ហើយ​ត្រឡប់​ទៅ​ស្រុក​អេស៊ីព្ទ​វិញ»។ 18ដូច្នេះ ព្រះ​បាន​នាំ​គេ​តាម​ផ្លូវ​វាង ឆ្លង​កាត់​ទី​រហោ‌ស្ថាន ឆ្ពោះ​ទៅ​សមុទ្រ​ក្រហម ។ កូន​ចៅ​អ៊ីស្រា‌អែល​ក៏​ឡើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​ទៅ ទាំង​កាន់​គ្រឿង​សស្ត្រា‌វុធ។ 19លោក​ម៉ូសេ​បាន​យក​ឆ្អឹង​របស់​លោក​យ៉ូសែប​ទៅ​ជា‌មួយ​ដែរ ដ្បិត​លោក​យ៉ូសែប​បាន​ចាប់​ឲ្យ​កូន​ចៅ​អ៊ីស្រា‌អែល​ស្បថ ដោយ​ប្រាប់​ថា «ព្រះ‌ទ្រង់​នឹង​ប្រោស​អ្នក​រាល់​គ្នា​ជា​មិន​ខាន ហើយ​ពេល​នោះ ត្រូវ​យក​ឆ្អឹង​ខ្ញុំ​ចេញ​ពី​ទី​នេះ​ទៅ​ជា‌មួយ​ផង» ។ 20គេ​ក៏​ចេញ​ពី​ក្រុង​ស៊ូកូថ ទៅ​បោះ​ជំរំ​នៅ​ត្រង់​អេថាម នៅ​ជាយ​ទី​រហោ‌ស្ថាន។ 21នៅ​ពេល​ថ្ងៃ ព្រះ‌យេហូវ៉ា​តែង​យាង​នៅ​មុខ​គេ​ក្នុង​បង្គោល​ពពក ហើយ​នៅ​ពេល​យប់ ព្រះ‌អង្គ​យាង​ក្នុង​បង្គោល​ភ្លើង ដើម្បី​បំភ្លឺ​គេ ដើម្បី​ឲ្យ​‌គេ​អាច​ធ្វើ​ដំណើរ​បានទាំង​ថ្ងៃ​ទាំង​យប់។ 22ឯ​បង្គោល​ពពក​នៅ​ពេល​ថ្ងៃ និង​បង្គោល​ភ្លើង​នៅ​ពេល​យប់ នោះ​មិន​ដែល​ចាក​ចេញ​ពី​ពួក‌គេ​ឡើយ។

ទើបបានជ្រើសរើសហើយ៖

និក្ខមនំ 13: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល