នៅគ្រានោះ មានស្តេចថ្មីមួយអង្គឡើងសោយរាជ្យនៅស្រុកអេស៊ីព្ទ ស្ដេចនោះមិនបានស្គាល់លោកយ៉ូសែបទេ។ ស្ដេចមានរាជឱង្ការទៅប្រជារាស្ត្ររបស់ខ្លួនថា៖ «មើល៍! ប្រជាជនអ៊ីស្រាអែលមានគ្នាកាន់តែច្រើនឡើង ហើយក៏កាន់តែមានកម្លាំងជាងពួកយើងដែរ។ ឥឡូវនេះ យើង ត្រូវប្រព្រឹត្តនឹងគេដោយប្រាជ្ញា ក្រែងគេចម្រើនគ្នាច្រើនឡើង ហើយប្រសិនបើមានសង្គ្រាមកើតឡើង ពួកគេមុខជាចូលដៃជាមួយខ្មាំងសត្រូវដើម្បីច្បាំងនឹងយើង រួចនាំគ្នារត់ចេញពីស្រុក»។ ដូច្នេះ គេក៏ដាក់ឲ្យមានពួកតម្រួតត្រួតត្រា ដើម្បីធ្វើទុក្ខពួកអ៊ីស្រាអែល ដោយបង្ខំឲ្យធ្វើការជាទម្ងន់។ ពួកអ៊ីស្រាអែលបានសង់ក្រុងពីថំ និងក្រុងរ៉ាមសេស សម្រាប់ជាឃ្លាំងថ្វាយផារ៉ោន។ ប៉ុន្តែ ដែលធ្វើទុក្ខគេប៉ុណ្ណា នោះគេក៏ចម្រើនជាច្រើន ទាំងសាយពេញពាសឡើងប៉ុណ្ណោះដែរ ហើយសាសន៍អេស៊ីព្ទមានការភ័យខ្លាច ដោយព្រោះប្រជាជនអ៊ីស្រាអែល។ ដូច្នេះ ពួកអេស៊ីព្ទបានបង្ខំឲ្យប្រជាជនអ៊ីស្រាអែលធ្វើការយ៉ាងធ្ងន់ធ្ងរ ហើយធ្វើឲ្យជីវិតគេជូរល្វីងដោយការនឿយលំបាក គឺប្រើឲ្យធ្វើបាយអ និងធ្វើដុំឥដ្ឋ ព្រមទាំងធ្វើការនៅស្រែចម្ការគ្រប់មុខ។ ការងារដែលគេបង្ខំឲ្យធ្វើទាំងប៉ុន្មាន សុទ្ធតែជាការងារយ៉ាងតឹងរ៉ឹងទាំងអស់។ ពេលនោះ ស្តេចស្រុកអេស៊ីព្ទបញ្ជាទៅឆ្មបសាសន៍ហេព្រើរ ម្នាក់ឈ្មោះនាងស៊ីប្រា ហើយម្នាក់ទៀតឈ្មោះនាងពូអាថា៖ «ពេលណានាងបង្កើតកូនឲ្យពួកស្ត្រីសាសន៍ហេព្រើរ ចូរពិនិត្យមើលកូនដែលកើតមកនោះ ប្រសិនបើជាកូនប្រុស ត្រូវសម្លាប់ចោល តែប្រសិនបើជាកូនស្រី ត្រូវទុកឲ្យនៅរស់»។ ប៉ុន្តែ ឆ្មបទាំងនោះកោតខ្លាចព្រះ នាងមិនបានធ្វើតាមបញ្ជារបស់ស្តេចស្រុកអេស៊ីព្ទឡើយ គឺនាងបានទុកឲ្យកូនប្រុសៗនៅរស់វិញ។ ស្តេចស្រុកអេស៊ីព្ទក៏កោះហៅឆ្មបទាំងនោះមក ហើយសួរថា៖ «ហេតុអ្វីបានជានាងធ្វើដូច្នេះ ហើយទុកឲ្យកូនប្រុសៗនៅរស់?» ឆ្មបទាំងពីរទូលផារ៉ោនថា៖ «ព្រោះស្ត្រីសាសន៍ហេព្រើរមិនដូចស្ត្រីសាសន៍អេស៊ីព្ទទេ គេរឹងប៉ឹងណាស់ ឆ្មបមិនទាន់ទៅដល់ផង នាងសម្រាលកូនរួចស្រេចទៅហើយ»។ ដូច្នេះ ព្រះទ្រង់ក៏ប្រទានពរឆ្មបទាំងនោះ ហើយប្រជាជនអ៊ីស្រាអែលមានចំនួនកាន់តែច្រើនឡើង និងមានកម្លាំងកាន់តែខ្លាំង។ ដោយព្រោះពួកឆ្មបទាំងនោះកោតខ្លាចព្រះ ព្រះអង្គក៏ប្រទានឲ្យពូជពង្សរបស់នាងបានចម្រុងចម្រើន។ បន្ទាប់មក ផារ៉ោនបញ្ជាដល់ប្រជារាស្ត្រទាំងអស់ថា៖ «អស់ទាំងកូនប្រុសៗដែលកើតពីពួកហេព្រើរ ត្រូវបោះចោលទៅក្នុងទន្លេនីល តែត្រូវទុកឲ្យកូនស្រីៗទាំងប៉ុន្មាននៅរស់»។
អាន និក្ខមនំ 1
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: និក្ខមនំ 1:8-22
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ