នាងអេសធើរ 5
5
ពិធីជប់លៀងរបស់ព្រះនាងអេសធើរ
1លុះដល់ថ្ងៃទីបី ព្រះនាងអេសធើរទ្រង់គ្រឿងជាអគ្គមហេសី ចូលទៅឈរក្នុងរាជរោងខាងក្នុង ដែលទល់មុខនឹងដំណាក់របស់ស្ដេច ឯស្ដេចគង់លើបល្ល័ង្ករាជ្យ ក្នុងមហាមន្ទីរ ទល់មុខនឹងផ្លូវចូលរាជដំណាក់។ 2កាលស្ដេចទតឃើញព្រះនាងអេសធើរ ជាអគ្គមហេសី ឈរក្នុងរាជរោងដូច្នេះ ទ្រង់ក៏ប្រោសមេត្តាដល់ព្រះនាង ហើយហុចដំបងមាស ដែលកាន់នៅព្រះហស្តថ្វាយព្រះនាង រួចព្រះនាងក៏យាងចូលទៅពាល់ចុងដំបងនោះ។ 3ស្ដេចមានរាជឱង្ការសួរថា៖ «អេសធើរ អគ្គមហេសីអើយ តើព្រះនាងមកចង់បានអ្វី តើគិតចង់សូមអ្វី យើងនឹងបើកឲ្យតាមព្រះនាងសូម ទោះបើដល់នគរមួយចំហៀងក៏ដោយ»។ 4ព្រះនាងអេសធើរទូលថា៖ «ប្រសិនបើព្រះករុណាសព្វព្រះហឫទ័យ សូមព្រះករុណា និងលោកហាម៉ាន ស្ដេចយាង និងអញ្ជើញទៅចូលរួមពិធីជប់លៀង ដែលខ្ញុំម្ចាស់បានរៀបថ្វាយនៅថ្ងៃនេះ»។ 5ដូច្នេះ ស្ដេចក៏បង្គាប់គេថា៖ «ចូរទៅហៅហាម៉ានឲ្យមកជាប្រញាប់ ដើម្បីសម្រេចតាមបំណងព្រះនាងអេសធើរ»។ ដូច្នេះ ស្តេច និងហាម៉ានក៏យាង និងអញ្ជើញទៅចូលរួមពិធីជប់លៀង ដែលព្រះនាងអេសធើរបានរៀបចំថ្វាយ។ 6កាលកំពុងសោយស្រា ស្តេចមានរាជឱង្ការសួរព្រះនាងអេសធើរថា៖ «តើព្រះនាងចង់បានអ្វី? យើងនឹងប្រទានឲ្យទាំងអស់ តើព្រះនាងមានសំណូមអ្វី? ទោះបីជានគរមួយចំហៀងរបស់យើងក៏ដោយ ក៏យើងសម្រេចឲ្យដែរ»។ 7ព្រះនាងអេសធើរទូលថា៖ «សំណូមរបស់ខ្ញុំម្ចាស់ និងសេចក្ដីដែលខ្ញុំម្ចាស់ចង់បានគឺ 8ប្រសិនបើព្រះករុណាសព្វព្រះហឫទ័យនឹងខ្ញុំម្ចាស់ ហើយប្រសិនបើព្រះករុណាសព្វព្រះហឫទ័យនឹងប្រោសប្រទានដល់ខ្ញុំម្ចាស់ តាមសំណូមដែលខ្ញុំម្ចាស់ចង់បាន សូមព្រះករុណា និងលោកហាម៉ាន ស្ដេចយាង និងអញ្ជើញចូលរួមពិធីជប់លៀង ដែលខ្ញុំម្ចាស់នឹងរៀបចំថ្វាយនៅថ្ងៃស្អែកទៀត ហើយពេលនោះ ខ្ញុំម្ចាស់នឹងទូលថ្វាយព្រះករុណា អំពីសំណូមរបស់ខ្ញុំម្ចាស់ »។
ហាម៉ានគ្រោងនឹងយកម៉ាដេកាយទៅព្យួរក
9នៅថ្ងៃនោះ ហាម៉ានក៏ចេញទៅដោយមានចិត្តត្រេកអរ ហើយរីករាយ។ ប៉ុន្ដែ កាលហាម៉ានឃើញម៉ាដេកាយនៅមាត់ទ្វាររាជវាំង ដែលមិនឈរឡើង ឬឱនគោរពនៅមុខខ្លួន នោះលោកមានពេញដោយកំហឹងចំពោះម៉ាដេកាយ។ 10ប៉ុន្តែ ហាម៉ានទប់ចិត្ត ហើយត្រឡប់ទៅផ្ទះ រួចចាត់គេឲ្យទៅហៅមិត្តសម្លាញ់ និងសេរែស ជាប្រពន្ធខ្លួនមកជួប។ 11ហាម៉ានរៀបរាប់ប្រាប់ពួកគេពីភាពរុងរឿងនៃទ្រព្យសម្បត្តិរបស់លោក ពីចំនួនកូនប្រុសៗរបស់លោក និងពីកិត្តិយសទាំងប៉ុន្មានដែលស្តេចបានលើកតម្កើង ហើយពីដំណើរដែលស្ដេចតាំងលោកឡើង ខ្ពស់ជាងពួកនាម៉ឺនសព្វមុខមន្ត្រីរបស់ស្ដេច។ 12ហាម៉ានក៏ថ្លែងទៀតថា៖ «សូម្បីតែព្រះនាងអេសធើរ ជាអគ្គមហេសី ក៏មិនបានបើកឲ្យអ្នកណាទៅជាមួយស្តេចក្រៅពីខ្ញុំ ដើម្បីចូលរួមពិធីជប់លៀង ដែលព្រះនាងបានរៀបចំនោះឡើយ ហើយថ្ងៃស្អែក ព្រះនាងក៏បានអញ្ជើញខ្ញុំទៅជាមួយស្តេចទៀតដែរ។ 13ប៉ុន្តែ ដរាបណាខ្ញុំនៅតែឃើញម៉ាដេកាយ ជាសាសន៍យូដានោះអង្គុយនៅមាត់ទ្វាររាជវាំង នោះសគុណទាំងប៉ុន្មាននេះគ្មានតម្លៃអ្វីចំពោះខ្ញុំទេ»។ 14ពេលនោះ សេរែស ជាប្រពន្ធរបស់លោក និងមិត្តសម្លាញ់ទាំងប៉ុន្មានរបស់លោកក៏ពោលឡើងថា៖ «ចូរឲ្យគេដំឡើងបង្គោលមួយកម្ពស់ហាសិបហត្ថ ហើយព្រឹកឡើងចូលទៅទូលសូមស្តេច ដើម្បីយកម៉ាដេកាយនេះទៅព្យួរកនៅលើបង្គោលនោះទៅ នោះទើបលោកអាចទៅចូលរួមពិធីជប់លៀងជាមួយស្តេចបានដោយអំណរ»។ គំនិតនេះពេញចិត្តហាម៉ានណាស់ ហើយលោកក៏ឲ្យគេដំឡើងបង្គោល។
ទើបបានជ្រើសរើសហើយ៖
នាងអេសធើរ 5: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies