អេភេសូរ 5:1-17

អេភេសូរ 5:1-17 គកស១៦

ដូច្នេះ ចូរ​ត្រាប់​តាម​ព្រះ ដូច​ជា​កូន​ស្ងួន‌ភ្ងា ហើយ​រស់​នៅ​ក្នុង​សេចក្តី​ស្រឡាញ់ ដូច​ព្រះ‌គ្រីស្ទ​បាន​ស្រឡាញ់​យើង ព្រម​ទាំង​ប្រគល់​ព្រះ‌អង្គ​ទ្រង់​ជំនួស​យើង ទុក​ជា​តង្វាយ និង​ជា​យញ្ញ‌បូជា​ដ៏​មាន​ក្លិន​ក្រអូប​ចំពោះ​ព្រះ។ រីឯ​អំពើ​សហាយ​ស្មន់ សេចក្ដី​ស្មោក​គ្រោក​គ្រប់​យ៉ាង និង​សេចក្តី​លោភ​លន់ នោះ​មិន​ត្រូវ​ឲ្យ​ឮ​ឈ្មោះ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ផង ព្រោះ​មិន​គួរ​គប្បី​ក្នុង​ពួក​បរិសុទ្ធ​ឡើយ។ ឯ​រឿង​គួរ​ខ្មាស ពាក្យ​សម្ដី​ចម្កួត និង​ពាក្យ​សម្ដី​អាស​គ្រាម ក៏​មិន​ត្រូវ​ឲ្យ​មាន​ដែរ គឺ​ត្រូវ​ពោល​ពាក្យ​អរ​ព្រះ‌គុណ​វិញ។ ចូរ​អ្នក​រាល់​គ្នា​ដឹង​សេចក្ដី​នេះ​ឲ្យ​ច្បាស់​ថា អ្នក​ប្រព្រឹត្ត​អំពើ​សហាយ​ស្មន់ មនុស្ស​ស្មោក​គ្រោក ឬ​មនុស្ស​ដែល​មាន​ចិត្ត​លោភ​លន់ (គឺ​មនុស្ស​ថ្វាយ​បង្គំ​រូប​ព្រះ) មិន​អាច​គ្រង​មត៌ក​ក្នុង​ព្រះរាជ្យ​របស់​ព្រះ‌គ្រីស្ទ និង​របស់​ព្រះ​បាន​ឡើយ។ កុំ​ឲ្យ​អ្នក​ណា​ម្នាក់​បញ្ឆាត​អ្នក​រាល់​គ្នា ដោយ​ពាក្យ​សម្ដី​ឥត​ប្រយោជន៍​ឡើយ ដ្បិត​គឺ​ដោយ​ព្រោះ​សេចក្តី​ទាំង​នេះ​ហើយ ដែល​សេចក្តី​ក្រោធ​របស់​ព្រះ​ធ្លាក់​មក​លើ​អស់​អ្នក​ដែល​មិន​ស្ដាប់​បង្គាប់។ ដូច្នេះ កុំ​សេព​គប់​ជាមួយ​ពួកគេ​ឲ្យ​សោះ។ ដ្បិត​កាល​ពី​ដើម អ្នក​រាល់​គ្នា​ងងឹត​មែន តែ​ឥឡូវ​នេះ អ្នក​រាល់​គ្នា​ជា​ពន្លឺ​ក្នុង​ព្រះ‌អម្ចាស់ ដូច្នេះ ចូរ​រស់​នៅ​ដូច​ជា​កូន​នៃ​ពន្លឺ​ចុះ (ដ្បិត​ផល​ផ្លែ​នៃ​ពន្លឺ មាន​នៅ​ក្នុង​គ្រប់​សេចក្ដី​ល្អ សេចក្តី​សុចរិត និង​សេចក្តី​ពិត)។ ត្រូវ​ល​មើល​ឲ្យ​ដឹង​ពី​សេចក្តី​អ្វី​ដែល​ព្រះ‌អម្ចាស់​សព្វ​ព្រះ‌ហឫ‌ទ័យ​ចុះ។ កុំ​ចូល​រួម​ក្នុង​កិច្ច‌ការ​ឥត​ផល​ប្រយោជន៍​របស់​សេចក្តី​ងងឹត​ឡើយ ប៉ុន្តែ ត្រូវ​លាត​ត្រដាង​ការ​ទាំង​នោះ​វិញ។ ដ្បិត​ការ​ទាំង​ប៉ុន្មាន​ដែល​គេ​ប្រព្រឹត្ត​ដោយ​សម្ងាត់ នោះ​សូម្បី​តែ​និយាយ ក៏​គួរ​ឲ្យ​ខ្មាស​ទៅ​ហើយ តែ​ការ​ទាំង​អស់​បាន​លាត​ត្រដាង​ឲ្យ​ឃើញ​ច្បាស់ ដោយ​សារ​ពន្លឺ ដ្បិត​គឺ​ពន្លឺ​ហើយ​ដែល​គេ​មើល​ឃើញ​អ្វីៗ​ទាំង​អស់។ ហេតុ​នេះ​ហើយ​បាន​ជា​មាន​សេចក្ដី​ថ្លែង​ទុក​មក​ថា «អ្នក​ដែល​ដេក​លក់​អើយ ចូរ​ភ្ញាក់​ឡើង ចូរ​ក្រោក​ពី​ពួក​មនុស្ស​ស្លាប់​ឡើង នោះ​ព្រះ‌គ្រីស្ទ​នឹង​ចាំង​ពន្លឺ​មក​លើ​អ្នក»។ ដូច្នេះ ចូរ​ប្រយ័ត្ន​ពី​របៀប​ដែល​អ្នក​រាល់​គ្នា​រស់​នៅ​ឲ្យ​មែន​ទែន កុំ​ឲ្យ​ដូច​មនុស្ស​ឥត​ប្រាជ្ញា​ឡើយ តែ​ដូច​ជា​មនុស្ស​មាន​ប្រាជ្ញា​វិញ ទាំង​ចេះ​ប្រើ​ប្រាស់​ពេល​វេលា​ផង ព្រោះ​សម័យ​នេះ​អាក្រក់​ណាស់។ ដូច្នេះ កុំ​ល្ងង់​ខ្លៅ​ឡើយ តែ​ត្រូវ​យល់​ពី​អ្វី​ដែល​ជា​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌អម្ចាស់។

អាន អេភេសូរ 5

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង អេភេសូរ 5:1-17