ប្រសិនបើជាឯងឃើញគេសង្កត់សង្កិនមនុស្សទាល់ក្រ ឬពួកច្រឡោតកំពុងតែបង្វែរសេចក្ដីយុត្តិធម៌ និងសេចក្ដីសុចរិតនៅក្នុងស្រុកណា កុំឲ្យឆ្ងល់ពីការនោះឡើយ ដ្បិតមានអ្នកមួយដែលខ្ពស់ជាង គេត្រួតមើលអ្នកធំនោះ ហើយក៏មានអ្នកដែលខ្ពស់ជាងគេទៅទៀតផង។ ប៉ុន្តែ ផលកើតពីដី នោះសម្រាប់គ្រប់គ្នា ទោះទាំងស្តេចក៏បានស្បៀងអាហារពីចម្ការមកដែរ។ អ្នកណាដែលស្រឡាញ់ប្រាក់ នឹងមិនស្កប់ចិត្តដោយប្រាក់ប៉ុណ្ណោះទេ ឬអ្នកណាដែលចូលចិត្តទ្រព្យដ៏បរិបូរ ក៏មិនស្កប់ចិត្តដោយផលចម្រើនប៉ុណ្ណោះដែរ នេះក៏ជាការឥតប្រយោជន៍។ កាលណារបស់ទ្រព្យបានចម្រើនឡើង ពួកអ្នកដែលស៊ីទ្រព្យនោះ ក៏មានគ្នាច្រើនឡើងដែរ ដូច្នេះ តើមានប្រយោជន៍អ្វីដល់ម្ចាស់ទ្រព្យសម្បត្តិនោះ លុះត្រាតែបានឃើញដោយភ្នែក? ការដេកលក់របស់មនុស្សដែលធ្វើការនឿយហត់ ស្រួលឆ្ងាញ់ ទោះបើបានបរិភោគតិច ឬច្រើនក្តី ប៉ុន្តែ ការបរិភោគហួសប្រមាណរបស់អ្នកមាន មិនឲ្យគេដេកលក់បានទេ។ មានការអាក្រក់យ៉ាងធ្ងន់មួយមុខ ដែលយើងបានឃើញនៅក្រោមថ្ងៃ គឺមានទ្រព្យសម្បត្តិដែលម្ចាស់រក្សាទុកដរាបដល់កើតអន្តរាយដល់ខ្លួន ហើយទ្រព្យសម្បត្តិនោះរមែងបាត់ទៅ ដោយគ្រោះអាក្រក់ណាមួយ បើអ្នកនោះបានបង្កើតកូនប្រុសម្នាក់ គ្មានសល់អ្វីនៅដៃវាទេ។ អ្នកនោះសម្រាលចេញពីផ្ទៃម្តាយមកយ៉ាងណា ក៏ត្រូវត្រឡប់ទៅវិញខ្លួនទទេ ដូចជាបានមកនោះដែរ ឥតយកអ្វីពីការនឿយហត់របស់ខ្លួនជាប់នៅដៃទៅជាមួយបានឡើយ។ នេះជាការអាក្រក់យ៉ាងធ្ងន់ដែរ គឺដែលកើតមកយ៉ាងណា នោះត្រូវទៅវិញយ៉ាងនោះឯង ការដែលបានធ្វើដោយនឿយហត់ ជាអសារឥតការដូច្នេះ តើមានប្រយោជន៍អ្វីដល់ខ្លួន? គ្រប់មួយជីវិត ត្រូវរោយរៀវទៅក្នុងសេចក្ដីងងឹត ក៏កើតមានទុក្ខព្រួយច្រើន ព្រមទាំងមានជំងឺបៀតបៀន និងក្រហល់ក្រហាយចិត្តផង។ នេះហើយជាការដែលយើងបានគិតឃើញថាល្អ ហើយគួរសម គឺឲ្យមនុស្សបានស៊ី ហើយផឹក ព្រមទាំងមានចិត្តរីករាយក្នុងកិច្ចការទាំងប៉ុន្មានដែលខ្លួនធ្វើ ដោយនឿយហត់នៅក្រោមថ្ងៃ ដរាបដល់អស់មួយជីវិត ដែលព្រះបានប្រទានមកខ្លួន ដ្បិតនោះហើយជាចំណែករបស់ខ្លួន។ អ្នកណាដែលព្រះបានប្រទានឲ្យមានទ្រព្យសម្បត្តិ និងធនធាន ព្រមទាំងឲ្យមានអំណាច និងបរិភោគផលនៃរបស់ទាំងនោះ នឹងទទួលយកចំណែករបស់ខ្លួនបាន ហើយរីករាយក្នុងការដែលខ្លួនធ្វើដែរ នេះឯងជាអំណោយទានពីព្រះ។
អាន សាស្តា 5
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: សាស្តា 5:8-19
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ