ត្រូវនឹកចាំពីអស់ទាំងការដែលកើតមានតាមផ្លូវ ដែលព្រះយេហូវ៉ាជាព្រះរបស់អ្នក បាននាំអ្នកនៅក្នុងទីរហោស្ថាន អស់រយៈពេលសែសិបឆ្នាំនេះ ដើម្បីនឹងបន្ទាបចិត្តអ្នក ហើយល្បងលអ្នកឲ្យដឹងថាអ្នកមានចិត្តដូចម្ដេច គឺតើនឹងកាន់តាមបទបញ្ជារបស់ព្រះអង្គ ឬយ៉ាងណា។ ព្រះអង្គបានបន្ទាបចិត្តអ្នក ហើយឲ្យអ្នកឃ្លានផង រួចបានចិញ្ចឹមអ្នកដោយនំម៉ាណា ដែលអ្នក និងដូនតារបស់អ្នកមិនធ្លាប់ស្គាល់ ដើម្បីឲ្យអ្នកដឹងថា មនុស្សមិនមែនរស់ដោយសារតែនំបុ័ងប៉ុណ្ណោះទេ គឺរស់ដោយសារគ្រប់ទាំងព្រះបន្ទូលដែលចេញពីព្រះឱស្ឋរបស់ព្រះយេហូវ៉ាមកដែរ ។ សម្លៀកបំពាក់របស់អ្នកមិនបានសឹកនៅលើខ្លួនសោះ ហើយជើងរបស់អ្នកក៏មិនបានពងដែរ ក្នុងរយៈពេលសែសិបឆ្នាំនេះ។ ត្រូវនឹកពិចារណាក្នុងចិត្តថា ព្រះយេហូវ៉ាជាព្រះរបស់អ្នក បានវាយផ្ចាលអ្នក ដូចជាមនុស្សវាយផ្ចាលកូនរបស់ខ្លួន។ ដូច្នេះ ត្រូវកាន់តាមបទបញ្ជារបស់ព្រះយេហូវ៉ាជាព្រះរបស់អ្នក ដោយដើរតាមអស់ទាំងផ្លូវរបស់ព្រះអង្គ ហើយដោយកោតខ្លាចព្រះអង្គចុះ។ ដ្បិតព្រះយេហូវ៉ាជាព្រះរបស់អ្នក កំពុងនាំអ្នកចូលទៅក្នុងស្រុកដ៏ល្អ ជាស្រុកដែលមានស្ទឹង មានរន្ធទឹក និងក្បាលទឹក ដែលហូរចេញតាមជ្រលងភ្នំ និងតាមភ្នំ ជាស្រុកដែលមានស្រូវសាលី និងស្រូវឱក ក៏មានទំពាំងបាយជូរ មានល្វា និងទទឹម ជាស្រុកដែលមានដើមអូលីវ និងទឹកឃ្មុំ ជាស្រុកដែលអ្នកនឹងបរិភោគនំប៉័ង ដោយមិនរិតត្បិត អ្នកនឹងមិនខ្វះខាតអ្វីឡើយ ឯថ្មនៅស្រុកនោះសុទ្ធតែជាដែក ហើយនៅក្នុងភ្នំ នោះនឹងជីករកបានទង់ដែង។ អ្នកនឹងបរិភោគឆ្អែតស្កប់ស្កល់ ហើយថ្វាយព្រះពរព្រះយេហូវ៉ាជាព្រះរបស់អ្នក ដោយព្រោះស្រុកដ៏ល្អ ដែលព្រះអង្គបានប្រទានឲ្យអ្នក។ ចូរប្រយ័ត្នក្រែងភ្លេចព្រះយេហូវ៉ាជាព្រះរបស់អ្នក ដោយមិនកាន់តាមអស់ទាំងបទបញ្ជា ច្បាប់ និងបញ្ញត្តិរបស់ព្រះអង្គ ដែលខ្ញុំបង្គាប់អ្នកនៅថ្ងៃនេះ។ ពេលអ្នកបរិភោគឆ្អែតស្កប់ស្កល់ ហើយបានសង់ផ្ទះយ៉ាងល្អជាលំនៅ ពេលអ្នកមានហ្វូងគោ ហ្វូងចៀមចម្រើនជាច្រើនឡើង មានប្រាក់ និងមាសក៏ចម្រើនជាច្រើនឡើង ហើយគ្រប់ទាំងរបស់អ្នកក៏ចម្រើនជាច្រើនឡើង នោះក្រែងអ្នកមានចិត្តអួតអាង រួចភ្លេចព្រះយេហូវ៉ាជាព្រះរបស់អ្នក ដែលបាននាំអ្នកចេញពីស្រុកអេស៊ីព្ទ ពីផ្ទះដែលអ្នកធ្វើជាទាសករ ព្រះអង្គបាននាំអ្នកដើរកាត់ទីរហោស្ថានដ៏ធំ គួរឲ្យស្ញែងខ្លាច ជាកន្លែងដែលមានពស់ភ្លើង និងខ្យាដំរី មានដីហួតហែង ឥតមានទឹក តែព្រះអង្គបានធ្វើឲ្យទឹកចេញពីថ្មដ៏រឹងបំផុតឲ្យអ្នក ព្រះអង្គបានចិញ្ចឹមអ្នកនៅក្នុងទីរហោស្ថាន ដោយនំម៉ាណាដែលដូនតារបស់អ្នកមិនធ្លាប់ស្គាល់ ដើម្បីនឹងបន្ទាបចិត្តអ្នក ហើយល្បងលអ្នក ប្រយោជន៍នឹងប្រោសឲ្យអ្នកបានសេចក្ដីល្អនៅចុងបំផុត ។
អាន ចោទិយកថា 8
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ចោទិយកថា 8:2-16
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ