ចោទិយ‌កថា 8:1-20

ចោទិយ‌កថា 8:1-20 គកស១៦

«អស់​ទាំង​បទ​បញ្ជា​ដែលខ្ញុំ​បង្គាប់​អ្នក​រាល់​គ្នា​នៅ​ថ្ងៃ​នេះ នោះ​អ្នក​រាល់គ្នា​ត្រូវ​កាន់​ខ្ជាប់ ហើយ​ប្រព្រឹត្ត​តាម ដើម្បី​ឲ្យ​បាន​រស់​នៅ និង​ចម្រើន​គ្នា​ជា​ច្រើន​ឡើង ឲ្យ​បាន​ចូល​ទៅកាន់​កាប់​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​បាន​ស្បថ​នឹង​ពួក​បុព្វ​បុរស​របស់​អ្នករាល់​គ្នា។ ត្រូវ​នឹក​ចាំ​ពី​អស់​ទាំង​ការដែល​កើត​មាន​តាម​ផ្លូវ ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក បាន​នាំអ្នក​នៅ​ក្នុង​ទី​រហោ‌ស្ថាន អស់​រយៈ​ពេលសែសិប​ឆ្នាំ​នេះ ដើម្បី​នឹង​បន្ទាប​ចិត្ត​អ្នក ហើយ​ល្បង‌លអ្នក​ឲ្យ​ដឹង​ថា​អ្នកមាន​ចិត្ត​ដូច​ម្ដេច គឺតើ​នឹង​កាន់​តាម​បទ​បញ្ជារបស់​ព្រះ‌អង្គ ឬយ៉ាង​ណា។ ព្រះ‌អង្គ​បាន​បន្ទាប​ចិត្ត​អ្នក ហើយ​ឲ្យ​អ្នក​ឃ្លាន​ផង រួច​បាន​ចិញ្ចឹម​អ្នក​ដោយ​នំ​ម៉ាណា ដែលអ្នក និង​ដូន​តា​របស់​អ្នក​មិន​ធ្លាប់​ស្គាល់ ដើម្បី​ឲ្យ​អ្នក​ដឹង​ថា មនុស្ស​មិន​មែន​រស់​ដោយ‌សារ​តែ​នំបុ័ង​ប៉ុណ្ណោះ​ទេ គឺ​រស់​ដោយ‌សារ​គ្រប់​ទាំង​ព្រះ‌បន្ទូល​ដែល​ចេញ​ពី​ព្រះ‌ឱស្ឋ​របស់​ព្រះ‌យេហូវ៉ា​មក​ដែរ ។ សម្លៀក‌បំពាក់​របស់​អ្នក​មិន​បាន​សឹក​នៅ​លើ​ខ្លួន​សោះ ហើយ​ជើង​របស់​អ្នក​ក៏​មិន​បាន​ពង​ដែរ ក្នុង​រយៈពេល​សែ​សិប​ឆ្នាំ​នេះ។ ត្រូវ​នឹក​ពិចារណា​ក្នុង​ចិត្ត​ថា ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក បាន​វាយ​ផ្ចាល​អ្នក ដូច​ជា​មនុស្ស​វាយ​ផ្ចាល​កូន​របស់​ខ្លួន។ ដូច្នេះ ត្រូវ​កាន់​តាម​បទ​បញ្ជា​របស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ដោយ​ដើរ​តាម​អស់​ទាំង​ផ្លូវ​របស់​ព្រះ‌អង្គ ហើយ​ដោយ​កោត‌ខ្លាច​ព្រះ‌អង្គ​ចុះ។ ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក កំពុង​នាំអ្នក​ចូល​ទៅ​ក្នុង​ស្រុក​ដ៏​ល្អ ជា​ស្រុក​ដែល​មាន​ស្ទឹង មាន​រន្ធ​ទឹក និង​ក្បាល​ទឹក ដែល​ហូរ​ចេញ​តាម​ជ្រលង​ភ្នំ និង​តាម​ភ្នំ ជា​ស្រុក​ដែល​មាន​ស្រូវ‌សាលី និង​ស្រូវ​ឱក ក៏​មាន​ទំពាំង‌បាយ‌ជូរ មាន​ល្វា និង​ទទឹម ជាស្រុកដែល​មាន​ដើម​អូលីវ និង​ទឹក​ឃ្មុំ ជា​ស្រុក​ដែល​អ្នក​នឹង​បរិ‌ភោគ​នំប៉័ង ដោយ​មិន​រិត‌ត្បិត អ្នក​នឹង​មិន​ខ្វះ‌ខាត​អ្វី​ឡើយ ឯ​ថ្ម​នៅ​ស្រុក​នោះ​សុទ្ធ​តែ​ជា​ដែក ហើយ​នៅ​ក្នុង​ភ្នំ នោះ​នឹង​ជីក​រក​បាន​ទង់‌ដែង។ អ្នក​នឹង​បរិ‌ភោគ​ឆ្អែត​ស្កប់​ស្កល់ ហើយ​ថ្វាយ​ព្រះ​ពរ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ដោយ​ព្រោះ​ស្រុក​ដ៏​ល្អ ដែល​ព្រះ‌អង្គ​បាន​ប្រទានឲ្យ​អ្នក។ ចូរ​ប្រយ័ត្ន​ក្រែង​ភ្លេច​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ដោយ​មិន​កាន់​តាម​អស់​ទាំងបទ​បញ្ជា ច្បាប់ និង​បញ្ញត្តិ​របស់​ព្រះ‌អង្គ ដែលខ្ញុំ​បង្គាប់​អ្នក​នៅ​ថ្ងៃ​នេះ។ ពេល​អ្នក​បរិ‌ភោគ​ឆ្អែតស្កប់​ស្កល់ ហើយ​បាន​សង់​ផ្ទះ​យ៉ាង​ល្អជា​លំនៅ ពេល​អ្នក​មាន​ហ្វូង​គោ ហ្វូង​ចៀម​ចម្រើន​ជា​ច្រើន​ឡើង មាន​ប្រាក់ និង​មាស​ក៏​ចម្រើន​ជាច្រើន​ឡើង ហើយ​គ្រប់​ទាំង​របស់​អ្នក​ក៏​ចម្រើន​ជាច្រើន​ឡើង នោះ​ក្រែង​អ្នក​មាន​ចិត្ត​អួត‌អាង រួច​ភ្លេច​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ដែល​បាន​នាំ​អ្នក​ចេញ​ពី​ស្រុក​អេស៊ីព្ទ ពី​ផ្ទះ​ដែល​អ្នក​ធ្វើ​ជា​ទាសករ ព្រះ‌អង្គ​បាន​នាំ​អ្នក​ដើរ​កាត់​ទី​រហោ‌ស្ថាន​ដ៏​ធំ គួរ​ឲ្យ​ស្ញែង‌ខ្លាច ជា​កន្លែង​ដែល​មាន​ពស់​ភ្លើង និង​ខ្យា‌ដំរី មាន​ដី​ហួត‌ហែង ឥត​មាន​ទឹក តែ​ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ទឹក​ចេញ​ពី​ថ្ម​ដ៏​រឹង​បំផុត​ឲ្យ​អ្នក ព្រះ‌អង្គ​បាន​ចិញ្ចឹម​អ្នក​នៅ​ក្នុង​ទី​រហោ‌ស្ថាន ដោយ​នំ​ម៉ាណា​ដែល​ដូន​តា​របស់​អ្នក​មិន​ធ្លាប់​ស្គាល់ ដើម្បី​នឹង​បន្ទាប​ចិត្ត​អ្នក ហើយ​ល្បង‌ល​អ្នក ប្រយោជន៍​នឹង​ប្រោស​ឲ្យអ្នក​បាន​សេចក្ដី​ល្អ​នៅ​ចុង​បំផុត ។ ចូរ​ប្រយ័ត្ន​ក្រែង​អ្នក​នឹក​ក្នុង​ចិត្ត​ថា "ខ្ញុំ​មាន​ទ្រព្យ​សម្បត្តិ​ទាំង​នេះ គឺ​ដោយ​សារឥទ្ធិ‌ឫទ្ធិ និង​កម្លាំង​ដៃ​របស់​ខ្ញុំ"។ ផ្ទុយ​ទៅ​វិញ ត្រូវ​នឹកចាំ​ពី​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ដ្បិត​គឺ​ព្រះ‌អង្គ​ហើយ​ដែល​ប្រទាន​ឲ្យ​អ្នក​មាន​ឥទ្ធិ‌ឫទ្ធិ ឲ្យ​បាន​ទ្រព្យ​សម្បត្តិ ដើម្បី​បញ្ជាក់​សេចក្ដី‌សញ្ញា ដែលព្រះ‌អង្គ​បាន​ស្បថ​នឹងបុព្វ​បុរស ដូច​មាន​នៅ​ថ្ងៃ​នេះ។ តែ​ប្រសិន‌បើ​អ្នក​ភ្លេច​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ហើយ​ទៅ​ប្រព្រឹត្ត​តាម​ព្រះ​ដទៃ ទាំង​គោរព​ប្រតិ‌បត្តិ និ​ង​ក្រាប​ថ្វាយ‌បង្គំ​ព្រះ​ទាំង​នោះ នោះ​ខ្ញុំសូម​ព្រមាន​អ្នក​រាល់​គ្នា​យ៉ាង​មុត​មាំ​នៅ​ថ្ងៃ​នេះ​ថា អ្នក​រាល់​គ្នា​នឹង​ត្រូវ​វិនាស​ជា​មិន​ខាន។ អ្នក​រាល់​គ្នា​នឹង​ត្រូវ​វិនាស ដូច​ជា​សាសន៍​ទាំង​ប៉ុន្មាន ដែល​ព្រះ‌យេហូវ៉ា​កំពុង​ធ្វើ​ឲ្យ​វិនាស​នៅ​មុខអ្នក​ដូច្នោះ​ដែរ ព្រោះ​អ្នក​រាល់​គ្នា​មិន​បាន​ស្តាប់​តាម​ព្រះ‌បន្ទូលរបស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក»។

អាន ចោទិយ‌កថា 8