ទុតិយកថា 8:1-20
ទុតិយកថា 8:1-20 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
«អស់ទាំងបទបញ្ជាដែលខ្ញុំបង្គាប់អ្នករាល់គ្នានៅថ្ងៃនេះ នោះអ្នករាល់គ្នាត្រូវកាន់ខ្ជាប់ ហើយប្រព្រឹត្តតាម ដើម្បីឲ្យបានរស់នៅ និងចម្រើនគ្នាជាច្រើនឡើង ឲ្យបានចូលទៅកាន់កាប់ស្រុកដែលព្រះយេហូវ៉ាបានស្បថនឹងពួកបុព្វបុរសរបស់អ្នករាល់គ្នា។ ត្រូវនឹកចាំពីអស់ទាំងការដែលកើតមានតាមផ្លូវ ដែលព្រះយេហូវ៉ាជាព្រះរបស់អ្នក បាននាំអ្នកនៅក្នុងទីរហោស្ថាន អស់រយៈពេលសែសិបឆ្នាំនេះ ដើម្បីនឹងបន្ទាបចិត្តអ្នក ហើយល្បងលអ្នកឲ្យដឹងថាអ្នកមានចិត្តដូចម្ដេច គឺតើនឹងកាន់តាមបទបញ្ជារបស់ព្រះអង្គ ឬយ៉ាងណា។ ព្រះអង្គបានបន្ទាបចិត្តអ្នក ហើយឲ្យអ្នកឃ្លានផង រួចបានចិញ្ចឹមអ្នកដោយនំម៉ាណា ដែលអ្នក និងដូនតារបស់អ្នកមិនធ្លាប់ស្គាល់ ដើម្បីឲ្យអ្នកដឹងថា មនុស្សមិនមែនរស់ដោយសារតែនំបុ័ងប៉ុណ្ណោះទេ គឺរស់ដោយសារគ្រប់ទាំងព្រះបន្ទូលដែលចេញពីព្រះឱស្ឋរបស់ព្រះយេហូវ៉ាមកដែរ ។ សម្លៀកបំពាក់របស់អ្នកមិនបានសឹកនៅលើខ្លួនសោះ ហើយជើងរបស់អ្នកក៏មិនបានពងដែរ ក្នុងរយៈពេលសែសិបឆ្នាំនេះ។ ត្រូវនឹកពិចារណាក្នុងចិត្តថា ព្រះយេហូវ៉ាជាព្រះរបស់អ្នក បានវាយផ្ចាលអ្នក ដូចជាមនុស្សវាយផ្ចាលកូនរបស់ខ្លួន។ ដូច្នេះ ត្រូវកាន់តាមបទបញ្ជារបស់ព្រះយេហូវ៉ាជាព្រះរបស់អ្នក ដោយដើរតាមអស់ទាំងផ្លូវរបស់ព្រះអង្គ ហើយដោយកោតខ្លាចព្រះអង្គចុះ។ ដ្បិតព្រះយេហូវ៉ាជាព្រះរបស់អ្នក កំពុងនាំអ្នកចូលទៅក្នុងស្រុកដ៏ល្អ ជាស្រុកដែលមានស្ទឹង មានរន្ធទឹក និងក្បាលទឹក ដែលហូរចេញតាមជ្រលងភ្នំ និងតាមភ្នំ ជាស្រុកដែលមានស្រូវសាលី និងស្រូវឱក ក៏មានទំពាំងបាយជូរ មានល្វា និងទទឹម ជាស្រុកដែលមានដើមអូលីវ និងទឹកឃ្មុំ ជាស្រុកដែលអ្នកនឹងបរិភោគនំប៉័ង ដោយមិនរិតត្បិត អ្នកនឹងមិនខ្វះខាតអ្វីឡើយ ឯថ្មនៅស្រុកនោះសុទ្ធតែជាដែក ហើយនៅក្នុងភ្នំ នោះនឹងជីករកបានទង់ដែង។ អ្នកនឹងបរិភោគឆ្អែតស្កប់ស្កល់ ហើយថ្វាយព្រះពរព្រះយេហូវ៉ាជាព្រះរបស់អ្នក ដោយព្រោះស្រុកដ៏ល្អ ដែលព្រះអង្គបានប្រទានឲ្យអ្នក។ ចូរប្រយ័ត្នក្រែងភ្លេចព្រះយេហូវ៉ាជាព្រះរបស់អ្នក ដោយមិនកាន់តាមអស់ទាំងបទបញ្ជា ច្បាប់ និងបញ្ញត្តិរបស់ព្រះអង្គ ដែលខ្ញុំបង្គាប់អ្នកនៅថ្ងៃនេះ។ ពេលអ្នកបរិភោគឆ្អែតស្កប់ស្កល់ ហើយបានសង់ផ្ទះយ៉ាងល្អជាលំនៅ ពេលអ្នកមានហ្វូងគោ ហ្វូងចៀមចម្រើនជាច្រើនឡើង មានប្រាក់ និងមាសក៏ចម្រើនជាច្រើនឡើង ហើយគ្រប់ទាំងរបស់អ្នកក៏ចម្រើនជាច្រើនឡើង នោះក្រែងអ្នកមានចិត្តអួតអាង រួចភ្លេចព្រះយេហូវ៉ាជាព្រះរបស់អ្នក ដែលបាននាំអ្នកចេញពីស្រុកអេស៊ីព្ទ ពីផ្ទះដែលអ្នកធ្វើជាទាសករ ព្រះអង្គបាននាំអ្នកដើរកាត់ទីរហោស្ថានដ៏ធំ គួរឲ្យស្ញែងខ្លាច ជាកន្លែងដែលមានពស់ភ្លើង និងខ្យាដំរី មានដីហួតហែង ឥតមានទឹក តែព្រះអង្គបានធ្វើឲ្យទឹកចេញពីថ្មដ៏រឹងបំផុតឲ្យអ្នក ព្រះអង្គបានចិញ្ចឹមអ្នកនៅក្នុងទីរហោស្ថាន ដោយនំម៉ាណាដែលដូនតារបស់អ្នកមិនធ្លាប់ស្គាល់ ដើម្បីនឹងបន្ទាបចិត្តអ្នក ហើយល្បងលអ្នក ប្រយោជន៍នឹងប្រោសឲ្យអ្នកបានសេចក្ដីល្អនៅចុងបំផុត ។ ចូរប្រយ័ត្នក្រែងអ្នកនឹកក្នុងចិត្តថា "ខ្ញុំមានទ្រព្យសម្បត្តិទាំងនេះ គឺដោយសារឥទ្ធិឫទ្ធិ និងកម្លាំងដៃរបស់ខ្ញុំ"។ ផ្ទុយទៅវិញ ត្រូវនឹកចាំពីព្រះយេហូវ៉ាជាព្រះរបស់អ្នក ដ្បិតគឺព្រះអង្គហើយដែលប្រទានឲ្យអ្នកមានឥទ្ធិឫទ្ធិ ឲ្យបានទ្រព្យសម្បត្តិ ដើម្បីបញ្ជាក់សេចក្ដីសញ្ញា ដែលព្រះអង្គបានស្បថនឹងបុព្វបុរស ដូចមាននៅថ្ងៃនេះ។ តែប្រសិនបើអ្នកភ្លេចព្រះយេហូវ៉ាជាព្រះរបស់អ្នក ហើយទៅប្រព្រឹត្តតាមព្រះដទៃ ទាំងគោរពប្រតិបត្តិ និងក្រាបថ្វាយបង្គំព្រះទាំងនោះ នោះខ្ញុំសូមព្រមានអ្នករាល់គ្នាយ៉ាងមុតមាំនៅថ្ងៃនេះថា អ្នករាល់គ្នានឹងត្រូវវិនាសជាមិនខាន។ អ្នករាល់គ្នានឹងត្រូវវិនាស ដូចជាសាសន៍ទាំងប៉ុន្មាន ដែលព្រះយេហូវ៉ាកំពុងធ្វើឲ្យវិនាសនៅមុខអ្នកដូច្នោះដែរ ព្រោះអ្នករាល់គ្នាមិនបានស្តាប់តាមព្រះបន្ទូលរបស់ព្រះយេហូវ៉ាជាព្រះរបស់អ្នក»។
ទុតិយកថា 8:1-20 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
«ចូរកាន់ និងប្រតិបត្តិតាមបទបញ្ជាទាំងប៉ុន្មាន ដែលខ្ញុំប្រគល់ឲ្យអ្នករាល់គ្នា នៅថ្ងៃនេះ ដើម្បីឲ្យអ្នករាល់គ្នាមានជីវិត កើនចំនួនច្រើនឡើង ហើយកាន់កាប់ទឹកដី ដែលព្រះអម្ចាស់សន្យាយ៉ាងម៉ឺងម៉ាត់ថា នឹងប្រគល់ឲ្យបុព្វបុរសរបស់អ្នករាល់គ្នា។ ចូរនឹកចាំថាព្រះអម្ចាស់ ជាព្រះរបស់អ្នក បានឲ្យអ្នកធ្វើដំណើរកាត់វាលរហោស្ថាននេះ អស់រយៈពេលសែសិបឆ្នាំ ដើម្បីឲ្យអ្នកស្គាល់ទុក្ខលំបាក។ ព្រះអង្គល្បងលអ្នក ចង់ដឹងថា តើអ្នកមានចិត្តដូចម្ដេច ហើយអ្នកកាន់តាមបទបញ្ជារបស់ព្រះអង្គ ឬយ៉ាងណា។ ព្រះអង្គបានឲ្យអ្នកជួបទុក្ខលំបាក និងការអត់ឃ្លាន ព្រះអង្គប្រទាននំម៉ាណាឲ្យអ្នកបរិភោគ គឺជាអាហារដែលអ្នក និងដូនតារបស់អ្នក ពុំធ្លាប់ស្គាល់។ ធ្វើដូច្នេះ ព្រះអង្គប្រៀនប្រដៅឲ្យអ្នកដឹងថា មនុស្សមិនមែនរស់ដោយអាហារប៉ុណ្ណោះទេ តែមនុស្សរស់ដោយសារព្រះបន្ទូលទាំងប៉ុន្មាន ដែលចេញមកពីព្រះឱស្ឋរបស់ព្រះអម្ចាស់។ ក្នុងអំឡុងពេលសែសិបឆ្នាំនេះ សម្លៀកបំពាក់របស់អ្នកមិនដែលសឹក ហើយជើងរបស់អ្នកក៏មិនដែលហើមដែរ។ ចូរទទួលស្គាល់ថា ព្រះអម្ចាស់ ជាព្រះរបស់អ្នក បានអប់រំអ្នកដូចឪពុកអប់រំកូន។ ចូរកាន់តាមបទបញ្ជារបស់ព្រះអម្ចាស់ ជាព្រះនៃអ្នក ហើយដើរតាមមាគ៌ារបស់ព្រះអង្គ និងគោរពកោតខ្លាចព្រះអង្គ»។ «ព្រះអម្ចាស់ ជាព្រះរបស់អ្នក នឹងនាំអ្នកចូលទៅក្នុងស្រុកដ៏ល្អ ជាស្រុកសម្បូណ៌ស្ទឹង អណ្ដូង និងប្រភពទឹក ដែលហូរចេញមកស្រោចស្រពតាមវាល និងតាមភ្នំ។ ស្រុកនោះក៏សម្បូណ៌ស្រូវ ពោត ទំពាំងបាយជូរ ឧទុម្ពរ និងទទឹម ព្រមទាំងដើមអូលីវ និងទឹកឃ្មុំ។ នៅស្រុកនោះ អ្នកនឹងមានអាហារបរិបូណ៌ ឥតខ្វះខាតអ្វីឡើយ។ ស្រុកនោះសម្បូណ៌ដែកនៅក្នុងថ្ម ហើយមានរ៉ែស្ពាន់នៅតាមភ្នំ។ ពេលអ្នកមានអាហារបរិភោគគ្រប់គ្រាន់ហើយ ចូរអរព្រះគុណព្រះអម្ចាស់ ជាព្រះរបស់អ្នក ដែលបានប្រទានស្រុកនេះឲ្យអ្នក។ ចូរប្រយ័ត្ន ក្រែងអ្នកភ្លេចព្រះអម្ចាស់ ជាព្រះរបស់អ្នក ហើយលែងកាន់តាមបទបញ្ជា វិន័យ និងច្បាប់របស់ព្រះអង្គ ដែលខ្ញុំប្រគល់ឲ្យអ្នកនៅថ្ងៃនេះ។ ពេលអ្នកមានអាហារបរិភោគគ្រប់គ្រាន់ ពេលអ្នកសង់ផ្ទះស្អាតៗធ្វើជាលំនៅដ្ឋាន ពេលអ្នកមានហ្វូងគោ ហ្វូងចៀម មាសប្រាក់ និងអ្វីៗទាំងអស់យ៉ាងច្រើន ចូរប្រយ័ត្នក្រែងលោអ្នកមានចិត្តអួតអាង ហើយភ្លេចព្រះអម្ចាស់ ជាព្រះរបស់អ្នក ដែលបាននាំអ្នកចេញមកពីស្រុកអេស៊ីប ជាកន្លែងដែលអ្នកធ្វើជាទាសករ។ ព្រះអង្គបានឲ្យអ្នកធ្វើដំណើរក្នុងវាលរហោស្ថានដ៏ធំធេង គួរឲ្យស្ញែងខ្លាច ជាកន្លែងសម្បូណ៌ដោយពស់ភ្លើង និងខ្យាដំរី ជាវាលហួតហែង គ្មានទឹកទាល់តែសោះ។ ព្រះអង្គធ្វើឲ្យមានទឹកហូរចេញពីថ្មដ៏រឹងបំផុត សម្រាប់អ្នក។ ព្រះអង្គប្រទាននំម៉ាណាឲ្យអ្នកបរិភោគ ជាអាហារដែលដូនតារបស់អ្នកពុំធ្លាប់ស្គាល់។ ព្រះអង្គធ្វើឲ្យអ្នកជួបទុក្ខលំបាក និងល្បងលអ្នកដូច្នេះ ដើម្បីប្រទានពរអ្នកនៅពេលក្រោយ។ មិនត្រូវគិតថា អ្នកមានសម្បត្តិ ដោយសារកម្លាំង និងស្នាដៃរបស់អ្នកផ្ទាល់។ ចូរនឹកចាំពីព្រះអម្ចាស់ ជាព្រះរបស់អ្នក ដែលប្រទានឲ្យអ្នកមានកម្លាំង ប្រមូលបានសម្បត្តិ ដើម្បីបញ្ជាក់សម្ពន្ធមេត្រី* ដែលព្រះអង្គបានចងជាមួយបុព្វបុរសរបស់អ្នក ដូចព្រះអង្គធ្វើនៅថ្ងៃនេះស្រាប់។ ប្រសិនបើអ្នកបំភ្លេចព្រះអម្ចាស់ ជាព្រះរបស់អ្នក ទៅជំពាក់ចិត្តនឹងព្រះដទៃ ប្រសិនបើអ្នកគោរពបម្រើ និងថ្វាយបង្គំព្រះទាំងនោះ ខ្ញុំសូមប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់នៅថ្ងៃនេះថា អ្នករាល់គ្នាមុខជាវិនាសសូន្យពុំខាន។ ពិតមែនហើយ ប្រសិនបើអ្នករាល់គ្នាមិនស្ដាប់តាមព្រះបន្ទូលរបស់ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នាទេ អ្នករាល់គ្នានឹងត្រូវវិនាសដូចប្រជាជាតិនានា ដែលព្រះអង្គបានធ្វើឲ្យវិនាសសូន្យ បាត់ពីមុខអ្នករាល់គ្នាដែរ»។
ទុតិយកថា 8:1-20 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឯអស់ទាំងសេចក្ដីបង្គាប់ ដែលអញប្រាប់ដល់ឯងរាល់គ្នានៅថ្ងៃនេះ នោះត្រូវឲ្យឯងកាន់ខ្ជាប់ ហើយប្រព្រឹត្តតាម ដើម្បីឲ្យបានរស់នៅ ហើយចំរើនជាច្រើនឡើង ហើយឲ្យបានចូលទៅទទួលយកស្រុកដែលព្រះយេហូវ៉ាបានស្បថនឹងពួកឰយុកោឯង ត្រូវឲ្យឯងនឹកចាំពីអស់ទាំងការដែលកើតមានតាមផ្លូវ ដែលព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់បាននាំឯងនៅក្នុងទីរហោស្ថាន ក្នុងរវាង៤០ឆ្នាំនេះ ដើម្បីនឹងបន្ទាបចិត្តឯង ហើយនឹងល្បងលឯងឲ្យដឹងជាសេចក្ដីណាដែលនៅក្នុងចិត្តឯង គឺបើនឹងកាន់តាមបញ្ញត្តទ្រង់ឬទេ ទ្រង់ក៏បានបន្ទាបចិត្តឯងមែន ព្រមទាំងឲ្យឃ្លានផង រួចបានចិញ្ចឹមឯងដោយនំម៉ាន៉ា ដែលឯង នឹងពួកឰយុកោឯងមិនដែលស្គាល់ឡើយ ដើម្បីឲ្យឯងបានដឹងថា មនុស្សមិនមែនរស់ដោយសារតែនំបុ័ងប៉ុណ្ណោះទេ គឺរស់ដោយសារគ្រប់ទាំងព្រះបន្ទូលដែលចេញពីព្រះឱស្ឋនៃព្រះយេហូវ៉ាមកដែរ សំលៀកបំពាក់ឯងមិនបានសឹកនៅលើខ្លួនសោះ ហើយជើងឯងក៏មិនបានពុរពងនៅរវាង៤០ឆ្នាំនេះផង ក៏ត្រូវនឹកពិចារណាក្នុងចិត្តថា ព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់បានវាយផ្ចាលឯង ដូចជាមនុស្សវាយផ្ចាលកូនរបស់ខ្លួន។ ដូច្នេះត្រូវឲ្យកាន់តាមអស់ទាំងបញ្ញត្តរបស់ព្រះយេហូវ៉ាជាព្រះនៃឯង ដើម្បីនឹងដើរតាមអស់ទាំងផ្លូវរបស់ទ្រង់ ព្រមទាំងកោតខ្លាចដល់ទ្រង់ផង។ ដ្បិតព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់នាំឯងចូលទៅក្នុងស្រុកដ៏ល្អ ជាស្រុកដែលមានស្ទឹង មានរន្ធទឹក ហើយនឹងក្បាលទឹក ហូរចេញនៅក្នុងច្រក ហើយក្នុងភ្នំផង ជាស្រុកដែលមានស្រូវសាលី នឹងស្រូវឱក ក៏មានទំពាំងបាយជូរ មានល្វា នឹងទទឹម ហើយមានដើមអូលីវ នឹងទឹកឃ្មុំផង ជាស្រុកដែលឯងនឹងបរិភោគអាហារ មិនមែនដោយរិតត្បិតទេ ឯងនឹងមិនខ្វះខាតអ្វីនៅស្រុកនោះឡើយ ឯថ្មនៅស្រុកនោះសុទ្ធតែជាដែក ហើយនៅក្នុងភ្នំនោះនឹងជីករកបានទង់ដែង ឯងនឹងបរិភោគទាល់តែឆ្អែត ហើយនឹងសរសើរដំកើងដល់ព្រះយេហូវ៉ាជាព្រះនៃឯង ដោយព្រោះស្រុកដ៏ល្អដែលទ្រង់បានប្រទានមក។ ចូរប្រយ័ត ក្រែងភ្លេចព្រះយេហូវ៉ាជាព្រះនៃឯង ដោយមិនកាន់តាមអស់ទាំងសេចក្ដីបង្គាប់ នឹងច្បាប់ ហើយនឹងបញ្ញត្តទាំងប៉ុន្មានរបស់ទ្រង់ ដែលអញបង្គាប់ដល់ឯងនៅថ្ងៃនេះ ហើយកាលណាឯងបានបរិភោគឆ្អែត បានសង់ផ្ទះយ៉ាងល្អ បានហ្វូងគោ ហ្វូងចៀមចំរើនជាច្រើនឡើង បានប្រាក់មាសសំបូរឡើង ហើយគ្រប់ទាំងរបស់ឯងក៏បានបរិបូរផង នោះក្រែងចិត្តឯងបានអួតអាង រួចភ្លេចព្រះយេហូវ៉ាជាព្រះនៃឯង ដែលទ្រង់បាននាំឯងចេញរួចពីផ្ទះបាវបំរើ នៅស្រុកអេស៊ីព្ទមក ហើយបាននាំឯងដើរកាត់ទីរហោស្ថានសំបើមគួរស្ញែងខ្លាច ដែលមានពស់ភ្លើង នឹងខ្យាដំរី មានដីហួតហែង ឥតមានទឹក តែទ្រង់បានធ្វើឲ្យទឹកចេញពីថ្មយ៉ាងរឹងឲ្យឯង ក៏បានចិញ្ចឹមឯង នៅក្នុងទីរហោស្ថាន ដោយនំម៉ាន៉ាដែលពួកឰយុកោឯងមិនដែលស្គាល់ ដើម្បីនឹងបន្ទាបចិត្តឯង ហើយនឹងល្បងលឯង ប្រយោជន៍នឹងប្រោសឲ្យឯងបានសេចក្ដីល្អដល់ចុងបំផុត ហើយក្រែងឯងនឹកក្នុងចិត្តថា គឺដោយឥទ្ធិឫទ្ធិ ហើយនឹងកំឡាំងដៃនៃអញទេ ដែលអញបានទ្រព្យសម្បត្តិទាំងនេះ ត្រូវឲ្យនឹកពីព្រះយេហូវ៉ាជាព្រះនៃឯងវិញ ដ្បិតគឺទ្រង់ហើយ ដែលប្រទានឲ្យឯងមានឥទ្ធិឫទ្ធិ ឲ្យបានទ្រព្យសម្បត្តិ ដើម្បីនឹងបញ្ជាក់សេចក្ដីសញ្ញា ដែលទ្រង់បានស្បថនឹងពួកឰយុកោឯងដូចជាមានសព្វថ្ងៃនេះ តែបើឯងភ្លេចព្រះយេហូវ៉ាជាព្រះនៃឯងមែន ហើយទៅប្រព្រឹត្តតាមព្រះដទៃ ទាំងគោរពប្រតិបត្តិ ក្រាបថ្វាយបង្គំដល់ព្រះនោះវិញ នោះអញធ្វើបន្ទាល់ទាស់នឹងឯងរាល់គ្នានៅថ្ងៃនេះថា នឹងត្រូវវិនាសទៅអស់រលីង ឯងរាល់គ្នានឹងត្រូវវិនាសទៅ ដូចជាសាសន៍ទាំងប៉ុន្មាន ដែលព្រះយេហូវ៉ាទ្រង់កំពុងតែធ្វើឲ្យវិនាសពីមុខឯងចេញនោះដែរ ដោយព្រោះឯងរាល់គ្នាមិនបានស្តាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ាជាព្រះនៃឯងឡើយ។