ចោទិយ‌កថា 31

31
លោក​យ៉ូស្វេ​ទទួល​មុខ‌ងារ​ជំនួស​លោក​ម៉ូសេ
1លោក​ម៉ូសេ​បន្ដ​មាន​ប្រសាសន៍​ពាក្យ​ទាំង​នេះ ទៅ​កាន់​ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​អស់។ 2លោក​មាន​ប្រសាសន៍​ទៅ​ពួក‌គេ​ថា៖ «នៅ​ថ្ងៃ​នេះ ខ្ញុំ​មាន​អាយុ​មួយ​រយ​ម្ភៃ​ឆ្នាំ​ហើយ ខ្ញុំ​មិន​អាច​ធ្វើ​ដំណើរ​ទៅ​មក​ទៀត​បាន​ទេ ហើយ​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា "អ្នក​មិន​ត្រូវ​ឆ្លង​ទន្លេ​យ័រ‌ដាន់​នេះ​ឡើយ"។ 3ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក នឹង​យាង​នាំ​មុខ​អ្នក។ ព្រះ‌អង្គ​នឹង​បំផ្លាញ​សាសន៍​ទាំង​នេះ​ចេញ​ពី​មុខ​អ្នក ហើយ​អ្នក​នឹង​ចាប់​យក​ស្រុក​ទាំង​នេះ។ លោក​យ៉ូស្វេ​នឹង​នាំ​មុខ​អ្នក​ឆ្លង​ទៅ ដូច​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល។ 4ព្រះ‌យេហូវ៉ា​នឹង​ធ្វើ​ដល់​គេ ដូច​ព្រះ‌អង្គ​បាន​ធ្វើ​ដល់​ស៊ីហុន និង​អុក ជា​ស្តេច​សាសន៍​អាម៉ូរី និង​ដល់​ស្រុក​របស់​គេ កាល​ព្រះ‌អង្គ​បាន​បំផ្លាញ​គេ។ 5ព្រះ‌យេហូវ៉ា​នឹង​ប្រគល់​គេ​មក​អ្នក​រាល់​គ្នា ហើយ​អ្នក​ត្រូវ​ប្រព្រឹត្ត​ចំពោះ​គេ តាម​គ្រប់​ទាំង​បទ​បញ្ជា​ដែល​ខ្ញុំ​បាន​បង្គាប់​អ្នក។ 6ចូរ​មាន​កម្លាំង និង​ចិត្ត​ក្លាហាន​ឡើង កុំ​ខ្លាច ឬ​ភ័យ​ញ័រ​ចំពោះ​គេ​ឡើយ ដ្បិត​គឺ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​ហើយ​ដែល​យាង​ទៅ​ជា‌មួយ​អ្នក។ ព្រះ‌អង្គ​នឹង​មិន​ចាក​ចោល​អ្នក ក៏​មិន​លះ​ចោល​អ្នក​ឡើយ»។
7លោក​ម៉ូសេ​ហៅ​លោក​យ៉ូស្វេ​មក ហើយ​មាន​ប្រសាសន៍​ទៅ​កាន់​លោក នៅ​ចំពោះ​មុខ​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់​ថា៖ «ចូរ​មាន​កម្លាំង និង​ចិត្ត​ក្លាហាន​ឡើង ដ្បិត​អ្នក​ត្រូវ​ទៅ​ជា‌មួយ​ប្រជា‌ជន​នេះ ចូល​ទៅ​ក្នុង​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​បាន​ស្បថ​នឹង​បុព្វ​បុរស​របស់​គេ​ថា នឹង​ឲ្យ​ដល់​គេ។ អ្នក​ត្រូវ​ឲ្យ​គេ​ចាប់​យក​ស្រុក​នោះ ទុក​ជា​មត៌ក។ 8គឺ​ព្រះ‌យេហូវ៉ា​ហើយ​ដែល​យាង​នាំ​មុខ​អ្នក ព្រះ‌អង្គ​គង់​ជា‌មួយ​អ្នក ព្រះ‌អង្គ​នឹង​មិន​ចាក​ចោល​អ្នក ក៏​មិន​លះ​ចោល​អ្នក​ឡើយ។ កុំ​ខ្លាច ឬ​ស្រយុត​ចិត្ត​ឲ្យ​សោះ»។
បញ្ជា​ឲ្យ​អាន​ក្រឹត្យ‌វិន័យ​រៀង​រាល់​ប្រាំ​ពីរ​ឆ្នាំ
9លោក​ម៉ូសេ​បាន​សរ​សេរ​ក្រឹត្យ‌វិន័យ​នេះ ហើយ​ប្រគល់​ជូន​ពួក​សង្ឃ ជា​កូន​ចៅ​លេវី ដែល​គេ​សែង​ហិប​នៃ​សេចក្ដី‌សញ្ញា​របស់​ព្រះ‌យេហូវ៉ា និងជូន​ពួក​ចាស់‌ទុំ​នៃ​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់។ 10លោក​ម៉ូសេ​បង្គាប់​អ្នក​ទាំង​នោះ​ថា៖ «ប្រាំ​ពីរ​ឆ្នាំ​ម្ដង គឺ​នៅ​ចុង​ឆ្នាំ ជា​កាល​កំណត់​នៃ​ឆ្នាំ​ដែល​ត្រូវ​ដោះ​លែង នៅ​ឱកាស​បុណ្យ​បារាំ 11ពេល​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់​នាំ​គ្នា​មក​ឈរ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ត្រង់​កន្លែង​ដែល​ព្រះ‌អង្គ​នឹងជ្រើស​រើស ហើយ​ត្រូវ​អាន​ក្រឹត្យ‌វិន័យ​នេះ នៅ​មុខ​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់ ឲ្យ​គេ​បានឮ។ 12ត្រូវ​ប្រមូល​ប្រជា‌ជន ទាំង​ប្រុស ទាំង​ស្រី ទាំង​កូន​ក្មេង ទាំង​ពួក​អ្នក​ប្រទេស​ក្រៅ​ដែល​រស់​នៅ​ក្នុង​ទី​ក្រុង​ជាមួយ​អ្នក ដើម្បី​ឲ្យ​គេ​បាន​ឮ ហើយ​រៀន​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ទាំង​ប្រយ័ត្ន​នឹង​ប្រព្រឹត្ត​តាម​អស់​ទាំង​ពាក្យ​ក្នុង​ក្រឹត្យ‌វិន័យ​នេះ 13ហើយ​ឲ្យ​កូន​ចៅ​របស់​គេ​ដែល​មិន​ដឹង​បាន​ឮ​ដែរ ទាំង​រៀន​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក នៅ​ពេល​អ្នករស់​នៅ​ក្នុង​ស្រុក​ដែល​អ្នក​ត្រូវ​ឆ្លង​ទន្លេ​យ័រ‌ដាន់​ទៅ​ចាប់​យក​នោះ»។
14ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «មើល៍ ថ្ងៃ​ដែល​អ្នក​ត្រូវ​ស្លាប់​ជិត​ដល់​ហើយ។ ចូរ​ហៅ​យ៉ូស្វេ​មក ហើយ​ចូល​ទៅ​ក្នុង​ត្រសាល​ជំនុំ ដើម្បី​ឲ្យ​យើង​បាន​ប្រគល់​បន្ទុក​លើ​លោក»។ ដូច្នេះ លោក​ម៉ូសេ និង​លោក​យ៉ូស្វេ​ក៏ចូល​ទៅ​ក្នុង​ត្រសាល​ជំនុំ។ 15ព្រះ‌យេហូវ៉ា​បាន​លេច​មក​ក្នុង​ត្រសាល នៅ​ក្នុង​បង្គោល​ពពក។ បង្គោល​ពពក​នោះ​ស្ថិត​នៅ​ពី​លើ​ទ្វារ​ត្រសាល។
16ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «មើល៍ អ្នក​ត្រូវ​ដេក​លក់​ទៅ​ជា‌មួយ​បុព្វ​បុរស​របស់​អ្នក។ បន្ទាប់​មក ប្រជា‌ជន​នេះ​នឹង​លើក​គ្នា ហើយ​ផិត​ទៅ​តាម​ព្រះ​ដទៃ ជា​ព្រះ​របស់​ស្រុក​ដែល​គេ​ចូល​ទៅ​នៅ​កណ្ដាល​នោះ។ គេ​នឹង​បោះ‌បង់​ចោល​យើង ហើយ​ផ្តាច់​សេចក្ដី‌សញ្ញា​ដែល​យើង​បាន​តាំង​ជាមួយ​គេ។ 17ពេល​នោះ កំហឹង​របស់​យើង​នឹង​ឆួល​ឡើង​ទាស់​នឹង​គេ​នៅ​ថ្ងៃ​នោះ។ យើង​នឹង​បោះ‌បង់​ចោល​គេ ហើយ​គេច​មុខ​ចេញ​ពី​គេ គេ​នឹង​ត្រូវ​បាន​លេប​ត្របាក់​អស់​ទៅ។ សេចក្ដី​អាក្រក់ និង​សេចក្ដី​វេទនា​ជា​ច្រើន​នឹង​កើត​ឡើង​ដល់​គេ ដល់​ម៉្លេះ​បាន​ជា​គេ​នឹង​និយាយ​នៅ​ថ្ងៃ​នោះ​ថា "សេចក្ដី​អាក្រក់​ទាំង​នេះ​បាន​កើត​ឡើង​ដល់​យើង តើ​មិនមែន​ដោយ​ព្រោះ​តែ​ព្រះ​នៃ​យើង​មិន​គង់​ក្នុង​ចំណោម​យើង​ទេឬ?" 18នៅ​ថ្ងៃ​នោះ យើង​នឹង​គេច​មុខ​ចេញ​ជា​ប្រាកដ ដោយ​សារ​តែ​សេចក្ដី​អាក្រក់​ទាំង​ប៉ុន្មាន​ដែល​គេ​បាន​ប្រព្រឹត្ត ព្រោះ​គេ​បាន​ងាក​បែរ​ទៅ​រក​ព្រះ​ដទៃ។ 19ដូច្នេះ ចូរ​សរសេរ​បទ​ចម្រៀង​នេះ ហើយ​បង្ហាត់​បង្រៀន​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ចុះ។ ចូរ​ដាក់​បទ​ចម្រៀង​នេះ​នៅ​ក្នុង​មាត់​របស់​គេ ដើម្បី​ឲ្យ​បទ​ចម្រៀង​នេះ​ធ្វើ​បន្ទាល់​ឲ្យ​យើង ទាស់​នឹង​ប្រជា‌ជន​អ៊ីស្រា‌អែល។ 20ដ្បិត​កាល​ណា​យើង​បាន​នាំ​គេ​ចូល​ទៅ​ក្នុង​ស្រុក​មាន​ទឹក​ដោះ និង​ទឹក​ឃ្មុំ​ហូរ‌ហៀរ ដែល​យើង​បាន​ស្បថ​ថា​នឹង​ឲ្យ​ដល់​បុព្វ​បុរស​របស់​គេ ហើយ​គេ​បាន​បរិ‌ភោគ​ឆ្អែត បាន​ធំធាត់ នោះ​គេ​នឹង​ងាក​បែរ​ទៅ​រក​ព្រះ​ដទៃ ទាំង​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ​ទាំង​នោះ រួច​មើល‌ងាយ​យើង ហើយ​ផ្តាច់​សេចក្ដី‌សញ្ញា​របស់​យើង។ 21កាល​ណា​មាន​សេចក្ដី​អាក្រក់ និង​សេចក្ដី​វេទនា​ជា​ច្រើន​កើត​មាន​ដល់​គេ បទ​ចម្រៀង​នេះ​នឹង​ធ្វើ​បន្ទាល់​ទាស់​នឹង​គេ ព្រោះ​បទ​ចម្រៀង​នេះ​នឹង​មិន​ដែល​ភ្លេច​បាត់​ពី​មាត់​នៃ​ពូជ​ពង្ស​របស់​គេ​ឡើយ។ ដ្បិត​យើង​ស្គាល់​គំនិត​ដែល​កើត​ឡើង​ក្នុង​ចិត្ត​របស់​គេ​ហើយ សូម្បី​តែ​ឥឡូវ​នេះ មុន​ពេល​ដែល​យើង​នាំ​ពួក‌គេ​ចូល​ទៅ​ក្នុង​ស្រុក​ដែល​យើង​បាន​ស្បថ​ថា​នឹង​ឲ្យ​ដល់​គេ​ផង»។ 22នៅ​ថ្ងៃ​នោះ លោក​ម៉ូសេ​បាន​សរសេរ​បទ​ចម្រៀង​នេះ ហើយ​បាន​បង្ហាត់​បង្រៀន​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល។
23បន្ទាប់​មក ព្រះ‌យេហូវ៉ា​បង្គាប់​លោក​យ៉ូស្វេ ជា​កូន​របស់​លោក​នុន​ថា៖ «ចូរ​មាន​កម្លាំង ហើយ​ចិត្ត​ក្លាហាន​ចុះ ដ្បិត​អ្នក​ត្រូវ​នាំ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ចូល​ទៅ​ក្នុង​ស្រុក​ដែល​យើង​បាន​ស្បថ​ថា​នឹង​ឲ្យ​ដល់​គេ។ យើង​នឹង​នៅ​ជា‌មួយ​អ្នក»។
24កាល​លោក​ម៉ូសេ​បាន​សរសេរ​អស់​ទាំង​ពាក្យ​នៃ​ក្រឹត្យ‌វិន័យ​នេះ ទុក​ក្នុង​សៀវភៅ​មួយ​ស្រេច​ហើយ 25លោក​ម៉ូសេ​បង្គាប់​ពួក​លេវី ដែល​សែង​ហិប​នៃ​សេចក្ដី‌សញ្ញា​របស់​ព្រះ‌យេហូវ៉ា​ថា៖ 26«ចូរ​យក​គម្ពីរ​ក្រឹត្យ‌វិន័យ​នេះ ទៅ​ដាក់​នៅ​ចំហៀង​ហិប​នៃ​សេចក្ដី‌សញ្ញា​របស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​ទៅ ដើម្បី​ឲ្យ​គម្ពីរ​នេះ​បាន​នៅ​ទី​នោះ ទុក​ជា​បន្ទាល់​ទាស់​នឹង​អ្នក។ 27ដ្បិត​ខ្ញុំ​ស្គាល់​ចិត្ត​បះ‌បោរ និង​ចិត្ត​រឹង‌រូស​របស់​អ្នក​ហើយ។ មើល៍ កាល​ខ្ញុំ​រស់​នៅ​ជា‌មួយ​អ្នក​រាល់​គ្នានៅ​ឡើយ អ្នក​បាន​បះ‌បោរ​នឹង​ព្រះ‌យេហូវ៉ា​ទៅ​ហើយ ចុះ​ចំណង់​បើ​ថ្ងៃ​ក្រោយ​ដែល​ខ្ញុំ​ស្លាប់​ទៅ តើ​នឹង​លើស​ជាង​អម្បាល​ម៉ាន​ទៅ​ទៀត! 28ចូរ​ទៅ​ប្រមូល​ពួក​ចាស់‌ទុំនៃ​កុល‌សម្ព័ន្ធ និង​ពួក​មេ​ដឹក​នាំ​ទាំង​អស់​របស់​អ្នក​រាល់​គ្នា​មក​ជួប​ខ្ញុំ ដើម្បី​ឲ្យ​ខ្ញុំ​បាន​ប្រាប់​ពាក្យ​ទាំង​នេះ​ឲ្យ​គេ​ស្តាប់ ព្រម​ទាំង​យក​ស្ថាន‌សួគ៌ និង​ផែន‌ដី​ជា​បន្ទាល់​ទាស់​នឹង​គេ។ 29ដ្បិត​ខ្ញុំ​ដឹង​ថា ក្រោយ​ខ្ញុំ​បាន​ស្លាប់​ទៅ អ្នក​រាល់​គ្នា​នឹង​បង្ខូច​ខ្លួន ហើយ​ងាក​ចេញ​ពី​ផ្លូវ​ដែល​ខ្ញុំ​បាន​បង្គាប់​អ្នក​រាល់​គ្នា។ នៅ​ថ្ងៃ​ខាង​មុខ សេចក្ដី​អាក្រក់​នឹង​ធ្លាក់​មក​លើ​អ្នក​រាល់​គ្នា ព្រោះ​តែ​អ្នក​រាល់​គ្នា​ចូល​ចិត្ត​តែ​ធ្វើ​ការ​ដែល​អាក្រក់ នៅ​ចំពោះ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ដែល​បណ្ដាល​ឲ្យ​ព្រះ‌អង្គ‌ខ្ញាល់ ដោយ​អំពើ​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត»។
ចម្រៀង​របស់​លោក​ម៉ូសេ
30បន្ទាប់​មក លោក​ម៉ូសេ​សូត្រ​ពាក្យ​នៅ​ក្នុង​បទ​ចម្រៀង​នេះ ឲ្យ​ក្រុម​ជំនុំ​សាសន៍​អ៊ីស្រា‌អែល​ទាំង​មូល​ស្ដាប់​រហូត​ដល់​ចប់។

ទើបបានជ្រើសរើសហើយ៖

ចោទិយ‌កថា 31: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល