ចោទិយកថា 21
21
ច្បាប់ស្ដីអំពីឃាតកដែលគេមិនស្គាល់មុខ
1«ប្រសិនបើឃើញមានមនុស្សដែលគេសម្លាប់ ដេកស្លាប់នៅទីវាល ក្នុងស្រុកដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកប្រទានឲ្យអ្នកកាន់កាប់ ហើយមិនដឹងថាអ្នកណាបានសម្លាប់ 2នោះពួកចាស់ទុំ និងពួកចៅក្រមរបស់អ្នក ត្រូវចេញទៅវាស់ចម្ងាយទៅកាន់ទីក្រុងនានា ដែលនៅជុំវិញសាកសពនោះ។ 3ទីក្រុងណាដែលឃើញថា នៅជិតខ្មោចនោះជាងគេ ពួកចាស់ទុំរបស់ក្រុងនោះ ត្រូវយកគោស្ទាវមួយ ដែលមិនទាន់ប្រើការ ឬទឹមនៅឡើយ 4ដឹកចុះទៅក្នុងជ្រោះដែលមានទឹកហូរ ជាកន្លែងមិនដែលភ្ជួររាស់ ឬសាបព្រោះ ហើយត្រូវបំបាក់កគោនោះនៅក្នុងជ្រោះ។ 5បន្ទាប់មក ពួកសង្ឃ ជាកូនចៅលេវី ត្រូវចូលទៅជិត ដ្បិតគឺអ្នកទាំងនោះហើយ ដែលព្រះយេហូវ៉ាជាព្រះរបស់អ្នក បានជ្រើសរើសឲ្យបម្រើព្រះអង្គ និងឲ្យពរក្នុងព្រះនាមព្រះយេហូវ៉ា ហើយគ្រប់ទាំងការទាស់ទែងគ្នា និងការវាយតប់គ្នាទាំងប៉ុន្មាន នោះស្រេចនឹងអ្នកទាំងនោះអារកាត់ចុះ។ 6ពួកចាស់ទុំទាំងអស់របស់ទីក្រុងណាមួយដែលជិតខ្មោចនោះជាងគេ ត្រូវលាងដៃពីលើគោស្ទាវ ដែលបានបំបាក់កនៅក្នុងជ្រោះនោះ 7ហើយពួកលោកត្រូវធ្វើបន្ទាល់ថា "ដៃរបស់យើងខ្ញុំមិនបានកម្ចាយឈាមនេះទេ ហើយភ្នែករបស់យើងខ្ញុំក៏មិនបានឃើញដែរ។ 8ឱព្រះយេហូវ៉ាអើយ សូមលើកលែងទោសអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គ ដែលព្រះអង្គបានប្រោសលោះផង។ សូមកុំឲ្យមានទោសចំពោះឈាមរបស់មនុស្សដែលឥតទោស បាននៅជាប់កណ្ដាលពួកអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គឡើយ"។ នោះទោសនៃការកម្ចាយឈាមនឹងបានលើកលែងឲ្យ។ 9ដូច្នេះ អ្នកនឹងបំបាត់ទោសនៃការកម្ចាយឈាមមនុស្សស្លូតត្រង់ចេញពីចំណោមអ្នករាល់គ្នា ពេលអ្នកធ្វើការដែលត្រឹមត្រូវនៅព្រះនេត្រព្រះយេហូវ៉ា»។
ច្បាប់ស្តីអំពីស្ត្រីដែលជាឈ្លើយសឹក
10«ពេលណាអ្នកចេញទៅច្បាំងនឹងខ្មាំងសត្រូវ ហើយព្រះយេហូវ៉ាជាព្រះរបស់អ្នក ប្រគល់គេមកក្នុងកណ្ដាប់ដៃរបស់អ្នក ហើយអ្នកចាប់ពួកគេមកជាឈ្លើយ 11រួចបើអ្នកឃើញស្រ្ដីម្នាក់មានរូបស្អាត ក្នុងចំណោមពួកឈ្លើយនោះ ហើយអ្នកមានចិត្តចង់យកនាងជាប្រពន្ធ 12នោះត្រូវនាំនាងទៅផ្ទះរបស់អ្នក រួចឲ្យនាងកោរសក់ ហើយកាត់ក្រចក។ 13នាងត្រូវដោះអាវដែលពាក់កាលពីចាប់បាននោះចេញ រួចត្រូវឲ្យនាងនៅក្នុងផ្ទះរបស់អ្នក ហើយយំសោកនឹងឪពុកម្តាយរបស់នាង រយៈពេលពេញមួយខែ។ បន្ទាប់មក អ្នកអាចចូលទៅជិតនាង ធ្វើជាប្ដីរបស់នាង ហើយនាងនឹងក្លាយជាប្រពន្ធរបស់អ្នក។ 14ប៉ុន្ដែ បើអ្នកមិនពេញចិត្តនឹងនាង ត្រូវឲ្យនាងចេញទៅដោយសេរីចុះ មិនត្រូវលក់នាង ឬប្រព្រឹត្តនឹងនាងទុកដូចជាបាវបម្រើឡើយ ដ្បិតអ្នកបានបន្ទាបនាងរួចទៅហើយ»។
ច្បាប់អំពីសិទ្ធិរបស់កូនច្បង
15«ប្រសិនបើបុរសម្នាក់មានប្រពន្ធពីរ តែគាត់ស្រឡាញ់មួយ ហើយមិនស្រឡាញ់មួយ ឯនាងទាំងពីរ ទាំងនាងដែលគាត់ស្រឡាញ់ ទាំងនាងដែលគាត់មិនស្រឡាញ់បានបង្កើតកូនឲ្យគាត់ដូចគ្នា តែកូនច្បង ជាកូនរបស់នាងដែលគាត់មិនស្រឡាញ់ 16ដូច្នេះ នៅថ្ងៃណាដែលគាត់ត្រូវចែកមត៌កដល់កូន គាត់មិនត្រូវលើកកូនរបស់ប្រពន្ធដែលគាត់ស្រឡាញ់ទុកជាកូនច្បង ជំនួសឲ្យកូនច្បងពិតរបស់ប្រពន្ធដែលគាត់មិនស្រឡាញ់នោះឡើយ 17គឺគាត់ត្រូវតែទទួលស្គាល់កូនច្បងរបស់ប្រពន្ធដែលគាត់មិនស្រឡាញ់ ដោយចែកទ្រព្យសម្បត្តិដល់កូននោះមួយជាពីរ ដ្បិតកូននោះផលដំបូងនៃកម្លាំងរបស់គាត់ ហើយសិទ្ធិរបស់កូនច្បងជារបស់កូននោះឯង»។
ច្បាប់ស្តីអំពីកូនដែលបះបោរ
18«បើអ្នកណាមានកូនដែលរឹងរូស ហើយបះបោរ មិនស្តាប់បង្គាប់ពាក្យរបស់ឪពុកម្តាយសោះ ហើយទោះបើឪពុកម្តាយវាយស្តីប្រដៅ ក៏វានៅតែមិនព្រមស្ដាប់ 19នោះឪពុកម្តាយត្រូវនាំយកទៅជួបពួកចាស់ទុំរបស់ទីក្រុងនោះ នៅត្រង់ទ្វារក្រុងរបស់ខ្លួនរស់នៅ 20រួចត្រូវជម្រាបពួកចាស់ទុំរបស់ក្រុងនោះថា "កូនយើងខ្ញុំនេះវារឹងរូស ហើយបះបោរ មិនព្រមស្តាប់បង្គាប់យើងខ្ញុំទេ។ វាជាមនុស្សល្មោភស៊ី ហើយជាមនុស្សប្រមឹក"។ 21នោះមនុស្សទាំងប៉ុន្មាននៅទីក្រុងនោះ ត្រូវចោលសម្លាប់កូននោះនឹងថ្មទៅ។ ធ្វើដូច្នេះ អ្នកនឹងបំបាត់អំពើអាក្រក់ចេញពីចំណោមអ្នករាល់គ្នា ហើយអ៊ីស្រាអែលទាំងអស់នឹងឮ ហើយភ័យខ្លាច»។
ច្បាប់ផ្សេងៗ
22«ប្រសិនបើអ្នកណាម្នាក់បានប្រព្រឹត្តអំពើឧក្រិដ្ឋត្រូវមានទោសដល់ស្លាប់ ហើយអ្នកនោះត្រូវគេប្រហារជីវិត ដោយព្យួរកនៅលើឈើ 23មិនត្រូវទុកសាកសពឲ្យជាប់នៅលើឈើពេញមួយយប់ឡើយ គឺត្រូវយកសពអ្នកនោះទៅកប់នៅថ្ងៃដដែលនោះកុំខាន ដ្បិតអ្នកណាដែលត្រូវព្យួរកលើឈើ ជាអ្នកដែលព្រះដាក់បណ្ដាសា។ ត្រូវធ្វើយ៉ាងនោះ ដើម្បីកុំឲ្យស្រុកដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកប្រទានឲ្យអ្នកទុកជាមត៌ក ត្រូវស្មោកគ្រោកឡើយ»។
ទើបបានជ្រើសរើសហើយ៖
ចោទិយកថា 21: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies