ចោទិយ‌កថា 20

20
ច្បាប់​អំពី​ការ​ធ្វើ​សង្គ្រាម
1«ពេល​ណា​អ្នក​រាល់​គ្នា​ចេញ​ទៅ​ច្បាំង​នឹង​ខ្មាំង‌សត្រូវ ហើយ​ឃើញ​សេះ ឃើញ​រទេះ និង​ទ័ព​ច្រើន​ជាង​ខ្លួន មិន​ត្រូវ​ខ្លាច​គេ​ឡើយ ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ដែល​បាន​នាំអ្នក​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ព្រះ‌អង្គ​គង់​នៅ​ជា‌មួយ​អ្នក។ 2មុន​ពេល​អ្នក​ចូល​ទៅ​ច្បាំង សង្ឃ​ត្រូវចេញ​មក​និយាយ​ទៅ​កាន់​បណ្ដាជន​ថា 3"ចូរ​ស្តាប់ អ៊ីស្រា‌អែល​អើយ នៅ​ថ្ងៃ​នេះ អ្នក​រាល់​គ្នា​ត្រូវ​ចូល​ទៅ​ត‌យុទ្ធ​នឹង​ខ្មាំង‌សត្រូវ។ មិន​ត្រូវ​មាន​ចិត្ត​តក់‌ស្លុត ក៏​កុំភ័យខ្លាច ញ័រ​រន្ធត់ ឬ​ភ្ញាក់​ផ្អើល​នៅ​មុខ​គេ​ឡើយ 4ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ព្រះ‌អង្គ​យាង​ទៅ​ជា‌មួយ​អ្នក ដើម្បី​ច្បាំង​នឹង​ខ្មាំង‌សត្រូវ​ជំនួស​អ្នក ហើយ​ប្រទាន​ឲ្យ​អ្នក​មាន​ជ័យ​ជម្នះ"។ 5បន្ទាប់មក ពួក​មេ​ដឹក​នាំ​ត្រូវ​សួរ​បណ្ដាជន​ថា "តើ​មាន​អ្នក​ណា​ទើប​នឹង​សង់​ផ្ទះ​ថ្មី ហើយ​មិន​ទាន់​ឡើង​ផ្ទះ​ឬ​ទេ? ចូរ​ឲ្យ​អ្នក​នោះ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ចុះ ក្រែង​ស្លាប់​ក្នុង​ចម្បាំង ហើយ​មាន​ម្នាក់​ទៀត​ឡើង​ផ្ទះ​ជំនួស។ 6តើ​មាន​អ្នក​ណា​បានដាំ​ទំពាំង‌បាយ‌ជូរ ហើយ​មិន​ទាន់​ទទួល​ផល​ឬ​ទេ? ចូរ​ឲ្យ​អ្នក​នោះ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ចុះ ក្រែង​ស្លាប់​ក្នុង​ចម្បាំង ហើយ​មាន​ម្នាក់​ទៀត​ទទួល​ផល​ជំនួស។ 7តើ​មាន​អ្នក​ណា​បាន​ដណ្ដឹង​ប្រពន្ធ ហើយ​មិន​ទាន់​រៀប‌កា​រ​ជា‌មួយ​នាង​នៅ​ឡើយ​ឬ​ទេ? ចូរ​ឲ្យ​អ្នក​នោះ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ចុះ ក្រែង​ស្លាប់​ក្នុង​ចម្បាំង ហើយ​មាន​ម្នាក់​ទៀត​រៀប​ការនឹង​នាង"។ 8ពួកមេ​ដឹកនាំ​ត្រូវ​សួរ​ទៀត​ថា "តើ​មាន​អ្នក​ណា​ដែល​ខ្លាច ហើយ​មាន​ចិត្ត​តក់‌ស្លុត​ឬទេ? ចូរ​ឲ្យ​អ្នក​នោះ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ចុះ ក្រែង​អ្នកនោះ​ធ្វើ​ឲ្យ​ចិត្ត​បង​ប្អូន​របស់​ខ្លួន​រលាយ​ដូច​អ្នក​នោះ​ដែរ"។ 9ពេល​ពួក​មេ​ដឹក​នាំ​បាន​សួរ​បណ្ដាជន​រួច​ហើយ នោះ​ត្រូវ​តាំង​ឲ្យ​មាន​មេ‌ទ័ព ដើម្បីនាំ​មុខពល​ទាហាន។
10មុន​ពេល​អ្នក​ចូល​ទៅ​ជិត​ក្រុង​មួយ ដើម្បី​ច្បាំង​យក​ក្រុង​នោះ ត្រូវ​ប្រកាស​សន្ដិភាព​ដល់​អ្នក​ក្រុង​នោះ។ 11ប្រសិន‌បើអ្នក​ក្រុង​នោះ​ឆ្លើយ​មក​អ្នក​ដោយ​សន្ដិភាព ហើយ​គេ​បើក​ទ្វារ​ក្រុង​ចុះ​ចូល​នឹង​អ្នក នោះ​មនុស្ស​ទាំង​ប៉ុន្មាន​ដែល​ឃើញ​មាន​ក្នុង​ក្រុង​នោះ ត្រូវ​តែ​ចំណុះ​អ្នក ហើយ​បម្រើ​អ្នក។ 12ប៉ុន្ដែ បើ​គេ​មិន​ព្រម​ចុះ​ចូល​នឹង​អ្នក​ដោយ​សន្ដិភាព​ទេ គឺ​បែរ​ជា​ច្បាំង​នឹង​អ្នក​វិញ នោះ​ត្រូវ​ឡោម‌ព័ទ្ធ​ក្រុង​នោះ 13ហើយ​កាល​ណា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ប្រគល់​ក្រុង​នោះ​មក​ក្នុង​កណ្ដាប់​ដៃ​អ្នក នោះ​ត្រូវ​ប្រហារ​ប្រុសៗ​ទាំង​អស់​ដោយ​មុខ​ដាវ 14តែ​ឯ​ស្រីៗ កូន​ក្មេង ព្រម​ទាំង​ហ្វូង​សត្វ និង​អ្វីៗ​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ក្រុង​នោះ គឺ​ទ្រព្យ​សម្បត្តិ​ទាំង​អស់ ត្រូវ​រឹប​អូស​យក​សម្រាប់​អ្នក ហើយ​ត្រូវ​បរិ‌ភោគ​ជ័យ​ភណ្ឌ​របស់​ខ្មាំង‌សត្រូវ ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក បាន​ប្រទាន​មក​អ្នក។ 15ត្រូវ​ឲ្យ​ធ្វើ​យ៉ាង​ដូច្នោះ ដល់​គ្រប់​ទាំង​ក្រុង​ដែល​នៅ​ឆ្ងាយៗ​ពី​អ្នក មិន​មែន​ជា​ក្រុងរបស់​សាសន៍​នានា​នៅទី​នេះ​ទេ។ 16តែ​ឯ​អស់​ទាំង​ទី​ក្រុង​របស់​សាសន៍​ទាំង​នេះ ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​ប្រទាន​ឲ្យ​អ្នក​ទុក​ជា​មត៌ក នោះ​មិន​ត្រូវ​ទុក​អ្វី​ដែល​មាន​ដង្ហើម​ឲ្យ​នៅ​រស់​ឡើយ 17ត្រូវ​ឲ្យ​បំផ្លាញ​គេ​ឲ្យ​អស់ គឺ​សាសន៍​ហេត សាសន៍​អាម៉ូរី សាសន៍​កាណាន សាសន៍​ពេរិស៊ីត សាសន៍​ហេវី និង​សាសន៍​យេប៊ូស ដូច​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​បាន​បង្គាប់ 18ដើម្បី​កុំ​ឲ្យ​គេ​បង្រៀន​អ្នក​រាល់​គ្នា ឲ្យ​ប្រព្រឹត្ត​គ្រប់​ទាំង​អំពើ​គួរ​ស្អប់ ដែល​គេ​បាន​ប្រព្រឹត្ត​ដល់​ព្រះ​របស់​គេ​ឡើយ បើ​ប្រព្រឹត្ត​យ៉ាង​ដូច្នោះ នោះ​អ្នក​រាល់​គ្នា​ធ្វើ​បាប​ទាស់​នឹង​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​ហើយ។
19កាល​ណា​អ្នក​ឡោម‌ព័ទ្ធ​ទី​ក្រុង​មួយ អស់​រយៈ​ពេល​យ៉ាង​យូរ ដោយ​ច្បាំង​ដណ្តើម​យក​ក្រុង​នោះ អ្នក​មិន​ត្រូវ​លើក​ពូថៅ​កាប់​រំលំ​ដើម​ឈើ​ឡើយ ដ្បិត​អ្នក​អាច​បរិ‌ភោគ​ពី​ផ្លែ​ឈើ​នោះ​បាន ដូច្នេះ មិន​ត្រូវ​កាប់​វា​ចោល​ឡើយ។ តើ​ដើម​ឈើ​នៅ​ក្នុង​ចម្ការ​ជា​មនុស្ស​ឬ បាន​ជា​អ្នក​ត្រូវ​ច្បាំង​នឹង​វា​ដូច្នេះ? 20អ្នក​អាច​កាប់​បំផ្លាញ​តែ​ដើម​ឈើ​ណា ដែល​ដឹង​ថា​មិន​មែន​ជា​ដើម​ឈើ​ស៊ី​ផ្លែ​ប៉ុណ្ណោះ គឺ​អ្នក​អាច​យក​ដើម​ឈើ​ទាំង​នោះ ទៅ​ធ្វើ​ជា​របាំង ទាស់​នឹង​ក្រុង​ដែល​ច្បាំង​នឹង​អ្នក រហូត​ដល់​អ្នក​ក្រុង​នោះ​ចុះ​ចាញ់»។

ទើបបានជ្រើសរើសហើយ៖

ចោទិយ‌កថា 20: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល