ចោទិយកថា 20
20
ច្បាប់អំពីការធ្វើសង្គ្រាម
1«ពេលណាអ្នករាល់គ្នាចេញទៅច្បាំងនឹងខ្មាំងសត្រូវ ហើយឃើញសេះ ឃើញរទេះ និងទ័ពច្រើនជាងខ្លួន មិនត្រូវខ្លាចគេឡើយ ដ្បិតព្រះយេហូវ៉ាជាព្រះរបស់អ្នក ដែលបាននាំអ្នកចេញពីស្រុកអេស៊ីព្ទមក ព្រះអង្គគង់នៅជាមួយអ្នក។ 2មុនពេលអ្នកចូលទៅច្បាំង សង្ឃត្រូវចេញមកនិយាយទៅកាន់បណ្ដាជនថា 3"ចូរស្តាប់ អ៊ីស្រាអែលអើយ នៅថ្ងៃនេះ អ្នករាល់គ្នាត្រូវចូលទៅតយុទ្ធនឹងខ្មាំងសត្រូវ។ មិនត្រូវមានចិត្តតក់ស្លុត ក៏កុំភ័យខ្លាច ញ័ររន្ធត់ ឬភ្ញាក់ផ្អើលនៅមុខគេឡើយ 4ដ្បិតព្រះយេហូវ៉ាជាព្រះរបស់អ្នក ព្រះអង្គយាងទៅជាមួយអ្នក ដើម្បីច្បាំងនឹងខ្មាំងសត្រូវជំនួសអ្នក ហើយប្រទានឲ្យអ្នកមានជ័យជម្នះ"។ 5បន្ទាប់មក ពួកមេដឹកនាំត្រូវសួរបណ្ដាជនថា "តើមានអ្នកណាទើបនឹងសង់ផ្ទះថ្មី ហើយមិនទាន់ឡើងផ្ទះឬទេ? ចូរឲ្យអ្នកនោះត្រឡប់ទៅផ្ទះវិញចុះ ក្រែងស្លាប់ក្នុងចម្បាំង ហើយមានម្នាក់ទៀតឡើងផ្ទះជំនួស។ 6តើមានអ្នកណាបានដាំទំពាំងបាយជូរ ហើយមិនទាន់ទទួលផលឬទេ? ចូរឲ្យអ្នកនោះត្រឡប់ទៅផ្ទះវិញចុះ ក្រែងស្លាប់ក្នុងចម្បាំង ហើយមានម្នាក់ទៀតទទួលផលជំនួស។ 7តើមានអ្នកណាបានដណ្ដឹងប្រពន្ធ ហើយមិនទាន់រៀបការជាមួយនាងនៅឡើយឬទេ? ចូរឲ្យអ្នកនោះត្រឡប់ទៅផ្ទះវិញចុះ ក្រែងស្លាប់ក្នុងចម្បាំង ហើយមានម្នាក់ទៀតរៀបការនឹងនាង"។ 8ពួកមេដឹកនាំត្រូវសួរទៀតថា "តើមានអ្នកណាដែលខ្លាច ហើយមានចិត្តតក់ស្លុតឬទេ? ចូរឲ្យអ្នកនោះត្រឡប់ទៅផ្ទះវិញចុះ ក្រែងអ្នកនោះធ្វើឲ្យចិត្តបងប្អូនរបស់ខ្លួនរលាយដូចអ្នកនោះដែរ"។ 9ពេលពួកមេដឹកនាំបានសួរបណ្ដាជនរួចហើយ នោះត្រូវតាំងឲ្យមានមេទ័ព ដើម្បីនាំមុខពលទាហាន។
10មុនពេលអ្នកចូលទៅជិតក្រុងមួយ ដើម្បីច្បាំងយកក្រុងនោះ ត្រូវប្រកាសសន្ដិភាពដល់អ្នកក្រុងនោះ។ 11ប្រសិនបើអ្នកក្រុងនោះឆ្លើយមកអ្នកដោយសន្ដិភាព ហើយគេបើកទ្វារក្រុងចុះចូលនឹងអ្នក នោះមនុស្សទាំងប៉ុន្មានដែលឃើញមានក្នុងក្រុងនោះ ត្រូវតែចំណុះអ្នក ហើយបម្រើអ្នក។ 12ប៉ុន្ដែ បើគេមិនព្រមចុះចូលនឹងអ្នកដោយសន្ដិភាពទេ គឺបែរជាច្បាំងនឹងអ្នកវិញ នោះត្រូវឡោមព័ទ្ធក្រុងនោះ 13ហើយកាលណាព្រះយេហូវ៉ាជាព្រះរបស់អ្នក ប្រគល់ក្រុងនោះមកក្នុងកណ្ដាប់ដៃអ្នក នោះត្រូវប្រហារប្រុសៗទាំងអស់ដោយមុខដាវ 14តែឯស្រីៗ កូនក្មេង ព្រមទាំងហ្វូងសត្វ និងអ្វីៗទាំងប៉ុន្មាននៅក្នុងក្រុងនោះ គឺទ្រព្យសម្បត្តិទាំងអស់ ត្រូវរឹបអូសយកសម្រាប់អ្នក ហើយត្រូវបរិភោគជ័យភណ្ឌរបស់ខ្មាំងសត្រូវ ដែលព្រះយេហូវ៉ាជាព្រះរបស់អ្នក បានប្រទានមកអ្នក។ 15ត្រូវឲ្យធ្វើយ៉ាងដូច្នោះ ដល់គ្រប់ទាំងក្រុងដែលនៅឆ្ងាយៗពីអ្នក មិនមែនជាក្រុងរបស់សាសន៍នានានៅទីនេះទេ។ 16តែឯអស់ទាំងទីក្រុងរបស់សាសន៍ទាំងនេះ ដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកប្រទានឲ្យអ្នកទុកជាមត៌ក នោះមិនត្រូវទុកអ្វីដែលមានដង្ហើមឲ្យនៅរស់ឡើយ 17ត្រូវឲ្យបំផ្លាញគេឲ្យអស់ គឺសាសន៍ហេត សាសន៍អាម៉ូរី សាសន៍កាណាន សាសន៍ពេរិស៊ីត សាសន៍ហេវី និងសាសន៍យេប៊ូស ដូចព្រះយេហូវ៉ាជាព្រះរបស់អ្នកបានបង្គាប់ 18ដើម្បីកុំឲ្យគេបង្រៀនអ្នករាល់គ្នា ឲ្យប្រព្រឹត្តគ្រប់ទាំងអំពើគួរស្អប់ ដែលគេបានប្រព្រឹត្តដល់ព្រះរបស់គេឡើយ បើប្រព្រឹត្តយ៉ាងដូច្នោះ នោះអ្នករាល់គ្នាធ្វើបាបទាស់នឹងព្រះយេហូវ៉ាជាព្រះរបស់អ្នកហើយ។
19កាលណាអ្នកឡោមព័ទ្ធទីក្រុងមួយ អស់រយៈពេលយ៉ាងយូរ ដោយច្បាំងដណ្តើមយកក្រុងនោះ អ្នកមិនត្រូវលើកពូថៅកាប់រំលំដើមឈើឡើយ ដ្បិតអ្នកអាចបរិភោគពីផ្លែឈើនោះបាន ដូច្នេះ មិនត្រូវកាប់វាចោលឡើយ។ តើដើមឈើនៅក្នុងចម្ការជាមនុស្សឬ បានជាអ្នកត្រូវច្បាំងនឹងវាដូច្នេះ? 20អ្នកអាចកាប់បំផ្លាញតែដើមឈើណា ដែលដឹងថាមិនមែនជាដើមឈើស៊ីផ្លែប៉ុណ្ណោះ គឺអ្នកអាចយកដើមឈើទាំងនោះ ទៅធ្វើជារបាំង ទាស់នឹងក្រុងដែលច្បាំងនឹងអ្នក រហូតដល់អ្នកក្រុងនោះចុះចាញ់»។
ទើបបានជ្រើសរើសហើយ៖
ចោទិយកថា 20: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies