ចោទិយ‌កថា 17

17
1មិន​ត្រូវ​យក​គោ ឬ​ចៀម​ណា​ដែល​មាន​ស្លាក‌ស្នាម ឬ​អាក្រក់​អ្វី ថ្វាយ​ជា​យញ្ញ‌បូជា​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​ឡើយ ដ្បិត​នោះ​ជា​ទី​ស្អប់​ខ្ពើម​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក។
2នៅ​ក្នុង​ក្រុង​ណា​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​ប្រទាន​មក ប្រសិន‌បើ​ឃើញ​មាន​បុរស​ម្នាក់ ឬ​ស្ដ្រីម្នាក់​នៅ​ក្នុង​ចំណោម​អ្នក ដែល​ប្រព្រឹត្ត​អំពើ​អ្វី​អាក្រក់​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ដោយ​រំលង​សេចក្ដី‌សញ្ញា​របស់​ព្រះ‌អង្គ 3ទៅ​គោរព​ប្រតិ‌បត្តិ ហើយ​ក្រាប​ថ្វាយ‌បង្គំ​ព្រះ​ដទៃ ឬ​ព្រះ‌អាទិត្យ ព្រះ‌ចន្ទ ឬ​ហ្វូង​ផ្កាយ​ទាំង​ប៉ុន្មាន​នៅ​លើ​មេឃ ដែល​ខ្ញុំ​បាន​ហាម 4រួច​បើ​មាន​គេ​ប្រាប់​អ្នក ហើយ​អ្នក​បាន​ឮ ត្រូវ​ស៊ើប‌សួរ​ឲ្យ​អស់​ពី​ចិត្ត ហើយ​បើ​រឿង​នោះ​ពិត​ប្រាកដ គឺ​មាន​គេ​ប្រព្រឹត្ត​ការ​គួរ​ស្អប់​ខ្ពើម​បែប​នោះ ក្នុង​សាសន៍​អ៊ីស្រា‌អែល​មែន 5ត្រូវ​នាំ​បុរស ឬ​ស្ដ្រី​ដែល​បាន​ប្រព្រឹត្ត​ការ​អាក្រក់​នោះ ទៅ​ឯ​ទ្វារ​ក្រុង ហើយ​ចោល​សម្លាប់​បុរស ឬ​ស្រ្ដី​នោះ​នឹង​ថ្ម​ទៅ។ 6អ្នក​ដែល​មាន​ទោស​ដល់​ស្លាប់​នោះ គឺ​សំអាងលើ​ភស្ដុ​តាង​របស់​ស្មរ​បន្ទាល់​ពីរ ឬបី​នាក់ តែ​បើ​មាន​ស្មរ​បន្ទាល់​តែ​ម្នាក់ នោះ​មិន​អាច​ប្រហារ​ជីវិត​អ្នក​នោះ​បាន​ឡើយ ។ 7ត្រូវ​ឲ្យ​ស្មរ​បន្ទាល់​ទាំង​នោះ​ដាក់​ដៃ​មុន​គេ ដើម្បី​ចោល​សម្លាប់​អ្នក​នោះ បន្ទាប់​មក ទើប​ប្រជា‌ជន​គ្រប់​គ្នា​ដាក់​ដៃ​តាម​ក្រោយ។ ធ្វើ​ដូច្នេះ អ្នក​នឹង​បំបាត់​អំពើ​អាក្រក់​ចេញ​ពី​ចំណោម​អ្នក​រាល់​គ្នា»។
ពួក​សង្ឃ និង​ពួក​ចៅ‌ក្រម​ជា​អ្នក​កាត់​ក្តី
8«ប្រសិន‌បើ​មាន​រឿង​ណា​ពិបាក​ពេកនឹង​កាត់​ក្ដី រវាង​ការ​បង្ហូរ​ឈាម​គ្នា​នឹង​គ្នា ការ​ប្ដឹង​ផ្ដល់​គ្នា ការ​វាយតប់​គ្នា ជា​រឿង​ដែល​នាំ​ឲ្យ​មាន​ក្តីក្ដាំ​កើត​ឡើង​នៅ​ក្នុង​ក្រុង​របស់​អ្នក នោះ​ត្រូវ​ក្រោក​ឡើង ហើយ​ទៅ​ឯ​កន្លែង​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​នឹង​ជ្រើស​រើស។ 9ត្រូវ​ចូល​ទៅ​ជួប​ពួក​លេវី​ដែល​ជា​សង្ឃ និង​ចៅ‌ក្រម​ដែល​មាន​តួនាទី​ក្នុង​គ្រា​នោះ ដើម្បី​សួរ​យោបល់ ហើយ​លោក​ទាំង​នោះ​នឹង​ប្រាប់​អ្នក​ពី​ការ​សម្រេច​ក្ដីនោះ។ 10បន្ទាប់​មក អ្នក​ត្រូវ​ធ្វើ​តាម​អ្វី​ដែល​លោក​ទាំង​នោះ​ប្រាប់​អ្នក ពី​កន្លែង​ដែល​ព្រះ‌យេហូវ៉ា​ជ្រើស​រើស ហើយ​ត្រូវ​ប្រយ័ត្ននឹង​ធ្វើ​តាម​គ្រប់​ទាំង​សេចក្ដី​ដែល​លោក​ទាំង​នោះ​ណែនាំ​អ្នក​ចុះ។ 11ត្រូវ​កាត់​សេចក្ដី​ឲ្យ​បាន​ត្រឹម​ត្រូវ តាម​ការ​ណែ​នាំ​ដែល​លោក​ទាំង​នោះ​ប្រាប់​អ្នក និង​តាម​ការ​វិនិច្ឆ័យ​ដែលពួក​លោក​បាន​សម្រេចឲ្យ​អ្នក មិន​ត្រូវ​ងាក​ទៅ​ស្តាំ ឬ​ទៅ​ឆ្វេង ចេញ​ពី​សេចក្ដី​ដែល​ពួក​លោក​ប្រាប់​អ្នក​ឡើយ ។
12អ្នក​ណា​ដែល​ប្រព្រឹត្ត​តាម​តែ​អំពើ​ចិត្ត មិនធ្វើ​តាម​ពាក្យ​សង្ឃ​ដែល​ឈរ​បម្រើ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​នៅ​ទី​នោះ ឬ​តាម​ពាក្យ​ចៅ‌ក្រមទេ អ្នក​នោះ​នឹង​ត្រូវ​ស្លាប់។ ធ្វើ​ដូច្នេះ អ្នក​នឹង​បំបាត់​អំពើ​អាក្រក់​ចេញ​ពី​សាសន៍​អ៊ីស្រា‌អែល 13ហើយ​ប្រជា‌ជន​ទាំង‌អស់​នឹង​ឮ រួច​ភ័យ​ខ្លាច លែង​ប្រព្រឹត្ត​តាម​តែ​អំពើ​ចិត្ត​ទៀត»។
ការ​កំណត់​សិទ្ធិ​អំណាច​របស់​ស្ដេច
14«ពេល​អ្នក​បាន​ចូល​ទៅ​ដល់​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​ប្រទាន​ឲ្យ ហើយ​ចាប់​យក​បាន ព្រម​ទាំង​តាំង​ទី​លំនៅ​ក្នុង​ស្រុកនោះ រួចជំនុំ​គ្នា​ថា "យើង​នឹង​តាំង​ឲ្យ​មាន​ស្តេច​មួយ​សោយ‌រាជ្យ​លើ​យើង ដូច​សាសន៍​ទាំង​ប៉ុន្មាន​ដែល​នៅ​ជុំ‌វិញ​យើង​ដែរ" 15នោះ​អ្នក​អាច​តាំង​ឲ្យ​មាន​ស្តេច​គ្រប់​គ្រង​លើ​អ្នក​បាន តាម​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​នឹង​ជ្រើស​រើស។ ត្រូវ​តាំង​ម្នាក់​ពី​ចំណោម​ពួក​បង​ប្អូន​របស់​អ្នក ឲ្យ​ធ្វើ​ជា​ស្តេច​លើ​អ្នក​ចុះ គឺ​មិន​ត្រូវ​តាំង​អ្នក​ប្រទេស​ក្រៅ ដែល​មិន​មែន​ជា​បង​ប្អូន​របស់​អ្នក ឲ្យ​គ្រប់​គ្រង​លើ​អ្នក​ឡើយ។ 16តែ​ស្តេច​នោះ​មិន​ត្រូវ​មាន​សេះ​ជា​ច្រើន​សម្រាប់​ខ្លួន ក៏​មិន​ត្រូវ​ធ្វើ​ឲ្យ​ប្រជា‌ជន​វិល​ត្រឡប់​ទៅ​ស្រុក​អេស៊ីព្ទ ដើម្បី​ឲ្យ​ខ្លួន​បាន​សេះ​ច្រើន​ឡើង​នោះ​ឡើយ ដ្បិត​ព្រះ‌យេហូវ៉ាបាន​មាន​ព្រះ‌បន្ទូល​មក​កាន់​អ្នក​រាល់​គ្នា​ថា "អ្នក​រាល់​គ្នា​មិន​ត្រូវ​វិល​ត្រឡប់​ទៅ​ផ្លូវ​នោះ​វិញ​ឡើយ"។ 17ស្តេច​របស់​អ្នក​មិន​ត្រូវ​មាន​ប្រពន្ធ​ច្រើន​ឡើយ ក្រែង​ចិត្ត​របស់​ស្ដេច​ងាក​ចេញ ក៏​មិន​ត្រូវ​ប្រមូល​ប្រាក់ និង​មាស​ច្រើន​លើស‌លុប​សម្រាប់​ខ្លួន​ដែរ។ 18កាល​ណា​ស្តេច​បាន​ឡើង​គង់​លើ​បល្ល័ង្ក​រាជ្យ​របស់​ព្រះ‌អង្គ​ហើយ ស្ដេច​ត្រូវ​ចម្លង​ក្រឹត្យ‌វិន័យ​នេះ​មួយ​ច្បាប់ នៅ​មុខ​ពួក​លេវី​ដែល​ជា​សង្ឃ ទុក​ក្នុង​សៀវភៅ​មួយ​សម្រាប់​ខ្លួន។ 19ត្រូវ​ឲ្យ​សៀវភៅ​នោះ​នៅ​ជា‌មួយ​ស្ដេច​ជានិច្ច ហើយ​ស្ដេច​ត្រូវ​អាន​រាល់​ថ្ងៃ អស់​មួយ​ជីវិត ដើម្បី​ឲ្យ​ទ្រង់​រៀន​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​ខ្លួន ដោយ​កាន់​តាម​គ្រប់​ទាំង​សេចក្ដី​ដែល​នៅ​ក្នុង​ក្រឹត្យ‌វិន័យ និង​ច្បាប់​ទាំង​នេះ​កុំ​ខាន 20ហើយ​កុំ​ឲ្យ​កើត​មាន​ចិត្ត​ធំ​លើ​ពួក​បង​ប្អូន​របស់​ខ្លួន ឬ​ងាក​បែរ​ចេញ​ពី​បទ​បញ្ជា ទៅ​ខាង​ស្តាំ ឬ​ខាង​ឆ្វេង​ឡើយ ដើម្បី​ឲ្យ​រាជ្យ​របស់​ស្ដេច និង​កូន​ចៅ​របស់​ស្ដេច បាន​ស្ថិត​ស្ថេរ​យូរ‌អង្វែង​នៅ​ក្នុង​នគរ​របស់​ខ្លួន នៅ​ក្នុង​សាសន៍​អ៊ីស្រា‌អែល​តទៅ»។

ទើបបានជ្រើសរើសហើយ៖

ចោទិយ‌កថា 17: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល