ចោទិយ‌កថា 1:1-12

ចោទិយ‌កថា 1:1-12 គកស១៦

នេះ​ជា​សេចក្ដី​ដែល​លោក​ម៉ូសេ​បាន​ថ្លែង​ទៅ​កាន់​ពួក​អ៊ីស្រា‌អែល​ទាំង​អស់ នៅ​ខាង​នាយ​ទន្លេ​យ័រ‌ដាន់ ក្នុង​ទី​រហោ‌ស្ថាន ត្រង់​វាល​ទំនាប​ទល់​មុខ​នឹង​ស៊ូភ នៅ​ចន្លោះ​ម្ខាង គឺ​ប៉ារ៉ាន និង​ម្ខាង​ទៀត គឺ​តូផែល ឡាបាន់ ហាសិរ៉ូត ព្រមទាំង​ឌីសា‌ហាប់។ (ចាប់​ពី​ភ្នំ​ហោរែប តាម​ផ្លូវ​ភ្នំ​សៀរ ទៅ​ដល់​កាដេស-បារនា នោះ​មាន​ចម្ងាយ​ផ្លូវ​ដើរ​ចំនួន​ដប់​មួយ​ថ្ងៃ)។ នៅ​ឆ្នាំ​ទី​សែសិប ថ្ងៃ​ទី​មួយ​ក្នុង​ខែ​ទី​ដប់​មួយ លោក​ម៉ូសេ​មាន​ប្រសាសន៍​ទៅ​កាន់​កូន​ចៅ​អ៊ីស្រា‌អែល តាម​គ្រប់​ទាំង​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​លោក​ឲ្យ​ប្រាប់​ពួកគេ គឺ​ក្រោយ​ពេល​ដែល​លោក​មាន​ជ័យ​ជម្នះ​លើ​ស៊ីហុន ជា​ស្តេច​សាសន៍​អាម៉ូរី​ដែល​នៅ​ក្រុង​ហែសបូន និង​អុក ជា​ស្តេច​ស្រុក​បាសាន​ដែល​នៅ​ក្រុង​អាស‌ថារ៉ូត និង ក្រុង​អេទ្រី ។ នៅ​ខាង​នាយ​ទន្លេ​យ័រ‌ដាន់ ក្នុង​ស្រុក​ម៉ូអាប់ លោក​ម៉ូសេ​ចាប់​ផ្ដើម​ពន្យល់​ក្រឹត្យ​វិន័យ​នេះ ដោយ​ពាក្យ​ថា៖ «ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង មាន​ព្រះ‌បន្ទូល​មក​យើង​នៅ​ភ្នំ​ហោរែប​ថា "អ្នក​រាល់​គ្នា​បាន​ស្នាក់​នៅ​ភ្នំ​នេះ​យូរ​ល្មម​ហើយ។ ដូច្នេះ ចូរ​នាំ​គ្នា​ធ្វើ​ដំណើរ​ទៅ​មុខ​ទៀត ហើយ​ធ្វើ​ដំណើរ​ទៅ​ស្រុក​ភ្នំ​របស់​សាសន៍​អាម៉ូរី និង​អស់​ទាំង​កន្លែង​ជិត​ខាង​ស្រុក​នោះ​ទៅ គឺ​តំបន់​អារ៉ាបា ស្រុក​ភ្នំ ស្រុក​ទំនាប ស្រុក​ណេកិប ស្រុក​ក្បែរ​សមុទ្រ និង​ស្រុក​របស់​សាសន៍​កាណាន ហើយ​នៅ​ភ្នំ​ល្បាណូន រហូត​ទៅ​ដល់​ទន្លេ​ធំ គឺ​ទន្លេ​អ៊ើប្រាត។ មើល៍ យើង​បាន​ដាក់​ស្រុក​នោះ​នៅ​មុខ​អ្នក​រាល់​គ្នា​ហើយ។ ចូរ​ចូល​ទៅ​ចាប់​យក​ស្រុក​ដែល​យើង​ជា​ព្រះ‌យេហូវ៉ា​បាន​ស្បថ​ថា​នឹង​ឲ្យ​ដល់​បុព្វ‌បុរស​របស់​អ្នក​រាល់​គ្នា​ចុះ គឺ​ដល់​អ័ប្រា‌ហាំ អ៊ីសាក និង​យ៉ាកុប ដើម្បី​នឹង​ឲ្យ​ដល់​គេ និង​ពូជ​ពង្ស​របស់​គេ​ដែល​កើត​មក​តាម​ក្រោយ"»។ «នៅ​វេលា​នោះ ខ្ញុំ​បាន​និយាយ​ប្រាប់​រាល់​អ្នក​គ្នា​ថា "ខ្ញុំ​ពុំ​អាច​នឹង​បី​ទ្រ​អ្នក​រាល់​គ្នា​តែ​ម្នាក់​ឯង​បាន​ទេ។ ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា បាន​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​មាន​ចំនួន​កើន​ឡើង ហើយ​មើល៍ សព្វ​ថ្ងៃ​នេះ អ្នក​រាល់​គ្នា​មាន​ចំនួន​ច្រើន ដូច​ផ្កាយ​នៅ​លើ​មេឃ។ សូម​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​បុព្វ‌បុរស​របស់​អ្នក​រាល់​គ្នា ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​មាន​ចំនួន​កើន​ឡើង មួយ​ពាន់​ដង​លើស​ជាង​នេះ ហើយ​ប្រទាន​ពរ​អ្នក​រាល់​គ្នា ដូច​ព្រះ‌អង្គ​បាន​សន្យា​នឹង​អ្នក​រាល់​គ្នា​ស្រាប់​ហើយ! ប៉ុន្ដែ ធ្វើ​ដូច​ម្ដេច​ឲ្យ​ខ្ញុំ​តែ​ម្នាក់​ឯង អាច​ទ្រាំ‌ទ្រ​នឹង​បន្ទុក​ដ៏​ធ្ងន់ ដោយ​សារ​ការ​ឈ្លោះ​ប្រកែក​របស់​អ្នក​រាល់​គ្នា​ទៅ​បាន?

អាន ចោទិយ‌កថា 1

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ចោទិយ‌កថា 1:1-12