ទុតិយកថា 1:1-12

ទុតិយកថា 1:1-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នេះ​ជា​សេចក្ដី​ដែល​លោក​ម៉ូសេ​បាន​ថ្លែង​ទៅ​កាន់​ពួក​អ៊ីស្រា‌អែល​ទាំង​អស់ នៅ​ខាង​នាយ​ទន្លេ​យ័រ‌ដាន់ ក្នុង​ទី​រហោ‌ស្ថាន ត្រង់​វាល​ទំនាប​ទល់​មុខ​នឹង​ស៊ូភ នៅ​ចន្លោះ​ម្ខាង គឺ​ប៉ារ៉ាន និង​ម្ខាង​ទៀត គឺ​តូផែល ឡាបាន់ ហាសិរ៉ូត ព្រមទាំង​ឌីសា‌ហាប់។ (ចាប់​ពី​ភ្នំ​ហោរែប តាម​ផ្លូវ​ភ្នំ​សៀរ ទៅ​ដល់​កាដេស-បារនា នោះ​មាន​ចម្ងាយ​ផ្លូវ​ដើរ​ចំនួន​ដប់​មួយ​ថ្ងៃ)។ នៅ​ឆ្នាំ​ទី​សែសិប ថ្ងៃ​ទី​មួយ​ក្នុង​ខែ​ទី​ដប់​មួយ លោក​ម៉ូសេ​មាន​ប្រសាសន៍​ទៅ​កាន់​កូន​ចៅ​អ៊ីស្រា‌អែល តាម​គ្រប់​ទាំង​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​លោក​ឲ្យ​ប្រាប់​ពួកគេ គឺ​ក្រោយ​ពេល​ដែល​លោក​មាន​ជ័យ​ជម្នះ​លើ​ស៊ីហុន ជា​ស្តេច​សាសន៍​អាម៉ូរី​ដែល​នៅ​ក្រុង​ហែសបូន និង​អុក ជា​ស្តេច​ស្រុក​បាសាន​ដែល​នៅ​ក្រុង​អាស‌ថារ៉ូត និង ក្រុង​អេទ្រី ។ នៅ​ខាង​នាយ​ទន្លេ​យ័រ‌ដាន់ ក្នុង​ស្រុក​ម៉ូអាប់ លោក​ម៉ូសេ​ចាប់​ផ្ដើម​ពន្យល់​ក្រឹត្យ​វិន័យ​នេះ ដោយ​ពាក្យ​ថា៖ «ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង មាន​ព្រះ‌បន្ទូល​មក​យើង​នៅ​ភ្នំ​ហោរែប​ថា "អ្នក​រាល់​គ្នា​បាន​ស្នាក់​នៅ​ភ្នំ​នេះ​យូរ​ល្មម​ហើយ។ ដូច្នេះ ចូរ​នាំ​គ្នា​ធ្វើ​ដំណើរ​ទៅ​មុខ​ទៀត ហើយ​ធ្វើ​ដំណើរ​ទៅ​ស្រុក​ភ្នំ​របស់​សាសន៍​អាម៉ូរី និង​អស់​ទាំង​កន្លែង​ជិត​ខាង​ស្រុក​នោះ​ទៅ គឺ​តំបន់​អារ៉ាបា ស្រុក​ភ្នំ ស្រុក​ទំនាប ស្រុក​ណេកិប ស្រុក​ក្បែរ​សមុទ្រ និង​ស្រុក​របស់​សាសន៍​កាណាន ហើយ​នៅ​ភ្នំ​ល្បាណូន រហូត​ទៅ​ដល់​ទន្លេ​ធំ គឺ​ទន្លេ​អ៊ើប្រាត។ មើល៍ យើង​បាន​ដាក់​ស្រុក​នោះ​នៅ​មុខ​អ្នក​រាល់​គ្នា​ហើយ។ ចូរ​ចូល​ទៅ​ចាប់​យក​ស្រុក​ដែល​យើង​ជា​ព្រះ‌យេហូវ៉ា​បាន​ស្បថ​ថា​នឹង​ឲ្យ​ដល់​បុព្វ‌បុរស​របស់​អ្នក​រាល់​គ្នា​ចុះ គឺ​ដល់​អ័ប្រា‌ហាំ អ៊ីសាក និង​យ៉ាកុប ដើម្បី​នឹង​ឲ្យ​ដល់​គេ និង​ពូជ​ពង្ស​របស់​គេ​ដែល​កើត​មក​តាម​ក្រោយ"»។ «នៅ​វេលា​នោះ ខ្ញុំ​បាន​និយាយ​ប្រាប់​រាល់​អ្នក​គ្នា​ថា "ខ្ញុំ​ពុំ​អាច​នឹង​បី​ទ្រ​អ្នក​រាល់​គ្នា​តែ​ម្នាក់​ឯង​បាន​ទេ។ ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា បាន​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​មាន​ចំនួន​កើន​ឡើង ហើយ​មើល៍ សព្វ​ថ្ងៃ​នេះ អ្នក​រាល់​គ្នា​មាន​ចំនួន​ច្រើន ដូច​ផ្កាយ​នៅ​លើ​មេឃ។ សូម​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​បុព្វ‌បុរស​របស់​អ្នក​រាល់​គ្នា ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​មាន​ចំនួន​កើន​ឡើង មួយ​ពាន់​ដង​លើស​ជាង​នេះ ហើយ​ប្រទាន​ពរ​អ្នក​រាល់​គ្នា ដូច​ព្រះ‌អង្គ​បាន​សន្យា​នឹង​អ្នក​រាល់​គ្នា​ស្រាប់​ហើយ! ប៉ុន្ដែ ធ្វើ​ដូច​ម្ដេច​ឲ្យ​ខ្ញុំ​តែ​ម្នាក់​ឯង អាច​ទ្រាំ‌ទ្រ​នឹង​បន្ទុក​ដ៏​ធ្ងន់ ដោយ​សារ​ការ​ឈ្លោះ​ប្រកែក​របស់​អ្នក​រាល់​គ្នា​ទៅ​បាន?

ចែក​រំលែក
អាន ទុតិយកថា 1

ទុតិយកថា 1:1-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

នេះ​ជា​សុន្ទរ‌កថា​ដែល​លោក​ម៉ូសេ​ថ្លែង​ទៅ​កាន់​ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង‌មូល នៅ​ត្រើយ​ខាង​កើត​ទន្លេ​យ័រដាន់ ក្នុង​វាល​រហោ‌ស្ថាន​តំបន់​អារ៉ាបា នៅ​ទល់​មុខ​នឹង​ស៊ូភ ត្រង់​ចន្លោះ​ប៉ារ៉ាន តូផែល ឡាបាន់ ហាសិ‌រ៉ូត និង​ឌីសា‌ហាប។ ចាប់​ពី​ភ្នំ​ហោរែប​រហូត​ដល់​កាដេស-‌បារនា ដោយ​កាត់​តាម​តំបន់​ភ្នំ​សៀរ មាន​ចម្ងាយ​ផ្លូវ​ដើរ​ចំនួន​ដប់​មួយ​ថ្ងៃ។ នៅ​ឆ្នាំ​ទី​សែ‌សិប ថ្ងៃ​ទី​មួយ ខែ​ទី​ដប់​មួយ លោក​ម៉ូសេ​មាន​ប្រសាសន៍​ទៅ​កាន់​ជន‌ជាតិ​អ៊ីស្រា‌អែល​នូវ​ព្រះ‌បន្ទូល​ទាំង​ប៉ុន្មាន ដែល​ព្រះ‌អម្ចាស់​បង្គាប់​ឲ្យ​លោក​ថ្លែង​ប្រាប់​ពួក​គេ គឺ​នៅ​ក្រោយ​ពេល​លោក​មាន​ជ័យ‌ជម្នះ​លើ​ព្រះ‌បាទ​ស៊ីហុន ជា​ស្ដេច​ជន‌ជាតិ​អាម៉ូរី គង់​នៅ​ក្រុង​ហេស‌បូន និង​ព្រះ‌បាទ​អុក ជា​ស្ដេច​ស្រុក​បាសាន គង់​នៅ​ក្រុង​អាសថា‌រ៉ូត និង​អេទ្រី។ កាល​នៅ​ត្រើយ​ខាង​កើត​ទន្លេ​យ័រដាន់ គឺ​នៅ​ក្នុង​ស្រុក​ម៉ូអាប់ លោក​ម៉ូសេ​ចាប់​ផ្ដើម​បង្រៀន​ក្រឹត្យ‌វិន័យ*​ដូច​ត​ទៅ៖ «ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​យើង មាន​ព្រះ‌បន្ទូល​មក​យើង នៅ​ភ្នំ​ហោរែប​ថា “អ្នក​រាល់​គ្នា​ស្នាក់​នៅ​ភ្នំ​នេះ​អស់​រយៈ​ពេល​ជា​យូរ​មក​ហើយ។ ដូច្នេះ ចូរ​នាំ​គ្នា​ចេញ​ដំណើរ​ទៅ​មុខ​ទៀត ឆ្ពោះ​ទៅ​ស្រុក​ភ្នំ​របស់​ជន‌ជាតិ​អាម៉ូរី និង​តំបន់​ទាំង​ប៉ុន្មាន​នៅ​ជុំ‌វិញ ព្រម​ទាំង​តំបន់​អារ៉ា‌បា តំបន់​ភ្នំ តំបន់​វាល​ទំនាប តំបន់​ណេកិប តំបន់​ឆ្នេរ​សមុទ្រ ស្រុក​កាណាន ស្រុក​លីបង់ រហូត​ដល់​ទន្លេ​ធំ គឺ​ទន្លេ​អឺប្រាត។ មើល​ចុះ! យើង​ប្រគល់​ស្រុក​ឲ្យ​អ្នក​រាល់​គ្នា​ហើយ គឺ​ស្រុក​ដែល​យើង​ជា​ព្រះ‌អម្ចាស់​បាន​សន្យា​ប្រគល់​ឲ្យ​អប្រាហាំ អ៊ីសាក និង​យ៉ាកុប ជា​បុព្វបុរស​របស់​អ្នក​រាល់​គ្នា ព្រម​ទាំង​ពូជ‌ពង្ស​ដែល​កើត​មក​តាម​ក្រោយ។ ដូច្នេះ ចូរ​នាំ​គ្នា​ចូល​ទៅ​កាន់​កាប់​ស្រុក​នោះ​ទៅ”។ នៅ​គ្រា​នោះ ខ្ញុំ​ធ្លាប់​ប្រាប់​អ្នក​រាល់​គ្នា​ថា “ខ្លួន​ខ្ញុំ​តែ​ម្នាក់​ពុំ​អាច​ទទួល​ខុស​ត្រូវ​លើ​អ្នក​រាល់​គ្នា​ទេ។ ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា បាន​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​កើន​ចំនួន​ឡើង ហើយ​សព្វ​ថ្ងៃ អ្នក​រាល់​គ្នា​មាន​ចំនួន​ច្រើន​ដូច​ផ្កាយ​នៅ​លើ​មេឃ។ សូម​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​បុព្វបុរស​របស់​អ្នក​រាល់​គ្នា ប្រោស​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​កើន​ចំនួន​មួយ​ពាន់​ដង​លើស​នេះ​ទៅ​ទៀត សូម​ព្រះអង្គ​ប្រទាន​ពរ​អ្នក​រាល់​គ្នា ដូច​ព្រះអង្គ​បាន​សន្យា​ចំពោះ​អ្នក​រាល់​គ្នា​ស្រាប់​ហើយ។ ប៉ុន្តែ ខ្លួន​ខ្ញុំ​ម្នាក់​ឯង​ពុំ​អាច​ទទួល​បន្ទុក​ដោះ​ស្រាយ​បញ្ហា​ក្ដី‌ក្ដាំ និង​ជម្លោះ​របស់​អ្នក​រាល់​គ្នា​បាន​ទេ។

ចែក​រំលែក
អាន ទុតិយកថា 1

ទុតិយកថា 1:1-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នេះ​ជា​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​ម៉ូសេ​បាន​ពោល​ដល់​ពួក​អ៊ីស្រាអែល​ទាំង​អស់ ត្រង់​កន្លែង​ឆ្លង​ទន្លេ​យ័រដាន់ ក្នុង​ទី​រហោ‌ស្ថាន នា​ស្រុក​វាល ទល់​មុខ​នឹង​ស៊ូភ នៅ​ជា​កណ្តាល​ប៉ារ៉ាន តូផែល ឡាបាន់ ហាសិរ៉ូត នឹង​ឌីសា‌ហាប់ រីឯ​ពី​ភ្នំ​ហោរែប តាម​ផ្លូវ​ភ្នំ​សៀរ ទៅ​ដល់​កាដេស-បារនា នោះ​ទាំង​អស់​មាន​ចំនួន​ដើរ​ផ្លូវ​អស់​១១​ថ្ងៃ ហើយ​នៅ​ថ្ងៃ​ទី​១ ក្នុង​ខែ​មាឃ ឆ្នាំ​ទី​៤០ នោះ​ម៉ូសេ​រំឭក​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល តាម​គ្រប់​ទាំង​សេចក្ដី ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​គេ ដោយ‌សារ​លោក គឺ​ពេល​ក្រោយ​ដែល​បាន​វាយ​ស៊ីហុន ជា​ស្តេច​សាសន៍​អាម៉ូរី​ដែល​នៅ​ក្រុង​ហែសបូន នឹង​អុក ជា​ស្តេច​ស្រុក​បាសាន​ដែល​នៅ​ក្នុង​អាស‌ថារ៉ូត ត្រង់​ទី​ក្រុង​អេទ្រី ត្រើយ​ខាង​កើត​ទន្លេ​យ័រដាន់ ក្នុង​ស្រុក​ម៉ូអាប់​ហើយ នោះ​ម៉ូសេ​ចាប់​តាំង​សំដែង​ពន្យល់ ពី​បណ្តា​ក្រឹត្យ​វិន័យ​នេះ ដោយ​ពាក្យ​ថា ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​រាល់​គ្នា ទ្រង់​មាន​ព្រះ‌បន្ទូល​មក​យើង នៅ​ត្រង់​ភ្នំ​ហោរែប​ថា ឯង​រាល់​គ្នា​បាន​នៅ​ភ្នំ​នេះ​ល្មម​ប៉ុណ្ណេះ​ហើយ ដូច្នេះ ចូរ​នាំ​គ្នា​ចេញ​ទៅ​ចុះ ហើយ​ធ្វើ​ដំណើរ​ទៅ​ឯ​ស្រុក​ភ្នំ​របស់​សាសន៍​អាម៉ូរី នឹង​អស់​ទាំង​កន្លែង​ជិត​ខាង​ស្រុក​នោះ​ទៅ គឺ​ជា​ស្រុក​វាល ស្រុក​ភ្នំ ស្រុក​ទំនាប ស្រុក​ត្បូង ស្រុក​ក្បែរ​សមុទ្រ នឹង​ស្រុក​របស់​សាសន៍​កាណាន ហើយ​នៅ​ភ្នំ​ល្បាណូន រហូត​ទៅ​ដល់​ទន្លេ​ធំ គឺ​ជា​ទន្លេ​អ៊ើប្រាត មើល អញ​បាន​ប្រគល់​ស្រុក​នោះ ឲ្យ​ឯង​រាល់​គ្នា​ហើយ ដូច្នេះ​ឲ្យ​ចូល​ទៅ ទទួល​យក​ស្រុក ដែល​ព្រះ‌យេហូវ៉ា​បាន​ស្បថ​ថា នឹង​ឲ្យ​ដល់​ពួក​ឰយុកោ​ឯង​រាល់​គ្នា​ចុះ គឺ​ថា​នឹង​ឲ្យ​ដល់​អ័ប្រា‌ហាំ អ៊ីសាក នឹង​យ៉ាកុប ហើយ​នឹង​ពូជ​ដំណ​លោក​ត​ទៅ។ នៅ​វេលា​នោះ អញ​បាន​និយាយ​នឹង​ឯង​រាល់​គ្នា​ថា អញ​ពុំ​អាច​នឹង​បី​ទ្រ​ឯង​រាល់​គ្នា​តែ​ម្នាក់​ឯង​បាន​ទេ ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​បាន​ចំរើន​ឯង​ជា​ច្រើន​ឡើង ហើយ​មើល សព្វ​ថ្ងៃ​នេះ ឯង​មាន​គ្នា​យ៉ាង​សន្ធឹក​ដូច​ជា​ផ្កាយ​នៅ​លើ​មេឃ សូម​ឲ្យ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ពួក​ឰយុកោ​ឯង ចំរើន​ឲ្យ​បាន​គ្នា​ជា​ច្រើន​លើស​ជាង​ឥឡូវ​នេះ ជា​១​ពាន់​ដង​ទៅ​ទៀត​ចុះ ហើយ​ប្រទាន​ពរ ដូច​ជា​ទ្រង់​បាន​មាន​បន្ទូល​នឹង​ឯង​រាល់​គ្នា​ដែរ តែ​ធ្វើ​ដូច​ម្តេច​ឲ្យ​អញ​តែ​ម្នាក់​ឯង​ទ្រាំ‌ទ្រ​នឹង​ឯង​រាល់​គ្នា ដែល​ជា​បន្ទុក ហើយ​ជា​សេចក្ដី​លំបាក​ដល់​អញ​ដូច្នេះ នឹង​សេចក្ដី​ឈ្លោះ​ប្រកែក​របស់​ឯង​រាល់​គ្នា​ទៅ​បាន

ចែក​រំលែក
អាន ទុតិយកថា 1