ចោទិយ‌កថា 1

1
ការ​រំឭក​ឡើង​វិញ​អំពី​ព្រឹត្តិការណ៍​នៅ​ភ្នំ​ហោរែប
1នេះ​ជា​សេចក្ដី​ដែល​លោក​ម៉ូសេ​បាន​ថ្លែង​ទៅ​កាន់​ពួក​អ៊ីស្រា‌អែល​ទាំង​អស់ នៅ​ខាង​នាយ​ទន្លេ​យ័រ‌ដាន់ ក្នុង​ទី​រហោ‌ស្ថាន ត្រង់​វាល​ទំនាប​ទល់​មុខ​នឹង​ស៊ូភ នៅ​ចន្លោះ​ម្ខាង គឺ​ប៉ារ៉ាន និង​ម្ខាង​ទៀត គឺ​តូផែល ឡាបាន់ ហាសិរ៉ូត ព្រមទាំង​ឌីសា‌ហាប់។ 2(ចាប់​ពី​ភ្នំ​ហោរែប តាម​ផ្លូវ​ភ្នំ​សៀរ ទៅ​ដល់​កាដេស-បារនា នោះ​មាន​ចម្ងាយ​ផ្លូវ​ដើរ​ចំនួន​ដប់​មួយ​ថ្ងៃ)។ 3នៅ​ឆ្នាំ​ទី​សែសិប ថ្ងៃ​ទី​មួយ​ក្នុង​ខែ​ទី​ដប់​មួយ លោក​ម៉ូសេ​មាន​ប្រសាសន៍​ទៅ​កាន់​កូន​ចៅ​អ៊ីស្រា‌អែល តាម​គ្រប់​ទាំង​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​លោក​ឲ្យ​ប្រាប់​ពួកគេ 4គឺ​ក្រោយ​ពេល​ដែល​លោក​មាន​ជ័យ​ជម្នះ​លើ​ស៊ីហុន ជា​ស្តេច​សាសន៍​អាម៉ូរី​ដែល​នៅ​ក្រុង​ហែសបូន និង​អុក ជា​ស្តេច​ស្រុក​បាសាន​ដែល​នៅ​ក្រុង​អាស‌ថារ៉ូត និង ក្រុង​អេទ្រី ។ 5នៅ​ខាង​នាយ​ទន្លេ​យ័រ‌ដាន់ ក្នុង​ស្រុក​ម៉ូអាប់ លោក​ម៉ូសេ​ចាប់​ផ្ដើម​ពន្យល់​ក្រឹត្យ​វិន័យ​នេះ ដោយ​ពាក្យ​ថា៖
6«ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង មាន​ព្រះ‌បន្ទូល​មក​យើង​នៅ​ភ្នំ​ហោរែប​ថា "អ្នក​រាល់​គ្នា​បាន​ស្នាក់​នៅ​ភ្នំ​នេះ​យូរ​ល្មម​ហើយ។ 7ដូច្នេះ ចូរ​នាំ​គ្នា​ធ្វើ​ដំណើរ​ទៅ​មុខ​ទៀត ហើយ​ធ្វើ​ដំណើរ​ទៅ​ស្រុក​ភ្នំ​របស់​សាសន៍​អាម៉ូរី និង​អស់​ទាំង​កន្លែង​ជិត​ខាង​ស្រុក​នោះ​ទៅ គឺ​តំបន់​អារ៉ាបា ស្រុក​ភ្នំ ស្រុក​ទំនាប ស្រុក​ណេកិប ស្រុក​ក្បែរ​សមុទ្រ និង​ស្រុក​របស់​សាសន៍​កាណាន ហើយ​នៅ​ភ្នំ​ល្បាណូន រហូត​ទៅ​ដល់​ទន្លេ​ធំ គឺ​ទន្លេ​អ៊ើប្រាត។ 8មើល៍ យើង​បាន​ដាក់​ស្រុក​នោះ​នៅ​មុខ​អ្នក​រាល់​គ្នា​ហើយ។ ចូរ​ចូល​ទៅ​ចាប់​យក​ស្រុក​ដែល​យើង​ជា​ព្រះ‌យេហូវ៉ា​បាន​ស្បថ​ថា​នឹង​ឲ្យ​ដល់​បុព្វ‌បុរស​របស់​អ្នក​រាល់​គ្នា​ចុះ គឺ​ដល់​អ័ប្រា‌ហាំ អ៊ីសាក និង​យ៉ាកុប ដើម្បី​នឹង​ឲ្យ​ដល់​គេ និង​ពូជ​ពង្ស​របស់​គេ​ដែល​កើត​មក​តាម​ក្រោយ"»។
ការ​តែង​តាំង​មេ​ដឹក‌នាំ​កុល‌សម្ព័ន្ធ
9«នៅ​វេលា​នោះ ខ្ញុំ​បាន​និយាយ​ប្រាប់​រាល់​អ្នក​គ្នា​ថា "ខ្ញុំ​ពុំ​អាច​នឹង​បី​ទ្រ​អ្នក​រាល់​គ្នា​តែ​ម្នាក់​ឯង​បាន​ទេ។ 10ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា បាន​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​មាន​ចំនួន​កើន​ឡើង ហើយ​មើល៍ សព្វ​ថ្ងៃ​នេះ អ្នក​រាល់​គ្នា​មាន​ចំនួន​ច្រើន ដូច​ផ្កាយ​នៅ​លើ​មេឃ។ 11សូម​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​បុព្វ‌បុរស​របស់​អ្នក​រាល់​គ្នា ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​មាន​ចំនួន​កើន​ឡើង មួយ​ពាន់​ដង​លើស​ជាង​នេះ ហើយ​ប្រទាន​ពរ​អ្នក​រាល់​គ្នា ដូច​ព្រះ‌អង្គ​បាន​សន្យា​នឹង​អ្នក​រាល់​គ្នា​ស្រាប់​ហើយ! 12ប៉ុន្ដែ ធ្វើ​ដូច​ម្ដេច​ឲ្យ​ខ្ញុំ​តែ​ម្នាក់​ឯង អាច​ទ្រាំ‌ទ្រ​នឹង​បន្ទុក​ដ៏​ធ្ងន់ ដោយ​សារ​ការ​ឈ្លោះ​ប្រកែក​របស់​អ្នក​រាល់​គ្នា​ទៅ​បាន? 13ចូរ​អ្នក​រាល់​គ្នា​ជ្រើស​រើស​មនុស្ស​ដែល​មាន​ប្រាជ្ញា មាន​ការ​យល់​ដឹង និង​មាន​កេរ្តិ៍‌ឈ្មោះ​ក្នុង​កុល‌សម្ព័ន្ធ​នីមួយៗ​របស់​អ្នក​រាល់​គ្នា​មក ខ្ញុំ​នឹង​តែង​តាំង​គេ​ឲ្យ​ធ្វើ​ជា​មេ​ដឹក​នាំ​របស់​អ្នក​រាល់​គ្នា"។ 14អ្នក​រាល់​គ្នា​បាន​ឆ្លើយ​មក​ខ្ញុំ​ថា "សេចក្ដី​ដែល​លោក​មាន​ប្រសាសន៍​នេះ​ល្អ​សម្រាប់​យើង​មែន"។ 15ដូច្នេះ ខ្ញុំ​ក៏​បាន​យក​មេ​ដឹក‌នាំ​ពី​ក្នុង​កុល‌សម្ព័ន្ធ​របស់​អ្នក​រាល់​គ្នា ជា​មនុស្ស​ដែល​មាន​ប្រាជ្ញា និង​មាន​កេរ្តិ៍‌ឈ្មោះ មក​តាំង​គេ​ជា​មេ​ដឹក​នាំ​លើ​អ្នក​រាល់​គ្នា គឺ​ជា​មេ​បញ្ជាការ​លើ​មួយ​ពាន់​នាក់ ជា​មេ​បញ្ជាការ​លើ​មួយ​រយ​នាក់ ជា​មេ​បញ្ជាការ​លើ​ហាសិប​នាក់ និង​ជា​មេ​បញ្ជាការ​លើ​ដប់​នាក់ ព្រម​ទាំង​ពួក​មេ​ដឹក​នាំ តាម​កុល‌សម្ព័ន្ធ​របស់​អ្នក​រាល់​គ្នា។ 16នៅ​វេលា​នោះ ខ្ញុំ​បាន​បញ្ជា​ពួក​ចៅ‌ក្រម​របស់​អ្នក​រាល់​គ្នា​ថា "ចូរ​យក​ចិត្ត​ទុក​ដាក់​ស្តាប់​រឿង​ក្តី​របស់​បង​ប្អូន​អ្នក​រាល់​គ្នា​ចុះ ហើយ​កាត់​ក្ដី​ដោយ​សុចរិត​រវាង​មនុស្ស​ម្នាក់​នឹង​មនុស្ស​ម្នាក់​ទៀត ទោះ​ជា​ជន​រួម​ជាតិ​របស់​ខ្លួន ឬ​ជា​អ្នក​ស្រុក​ក្រៅ​ដែល​ស្នាក់​នៅ​ជា‌មួយ​ក្ដី។ 17អ្នក​រាល់​គ្នា​មិន​ត្រូវ​ល្អៀង​ទៅ​ខាង​ណា​ក្នុង​ការ​កាត់​ក្តី​ឡើយ ត្រូវ​ស្តាប់​អ្នក​តូច​ដូច​ជា​អ្នក​ធំ​ដែរ មិន​ត្រូវ​ខ្លាច​មុខ​មនុស្ស​ណា​ឲ្យ​សោះ ដ្បិត​ការ​វិនិច្ឆ័យ នោះ​ស្ថិត​លើ​ព្រះ ឯ​រឿង​ណា​ដែល​ពិបាក​ពេក​ដល់​អ្នក​រាល់​គ្នា ត្រូវ​នាំ​មក​ឯ​ខ្ញុំ នោះ​ខ្ញុំ​នឹង​ពិចារណា​មើល"។ 18នៅ​វេលា​នោះ ខ្ញុំ​ក៏​បាន​បង្គាប់​អ្នក​រាល់​គ្នា​គ្រប់​ទាំង​សេចក្ដី​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ប្រព្រឹត្ត​តាម»។
ពួក​អ៊ីស្រា‌អែល​បដិសេធ​មិន​ព្រម​ចូល​ទៅ​ក្នុង​ស្រុក​នោះ
19«បន្ទាប់​មក យើង​ក៏​ចេញ​ដំណើរ​ពី​ភ្នំ​ហោរែប ឆ្លង​កាត់​អស់​ទាំង​ទី​រហោ‌ស្ថាន​ដ៏​ធំ គួរ​ស្ញែង‌ខ្លាច​នោះ ដែល​អ្នក​រាល់​គ្នា​បាន​ឃើញ តាម​ផ្លូវ​ទៅ​ស្រុក​ភ្នំ​របស់​សាសន៍​អាម៉ូរី ដូច​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​បាន​បង្គាប់​មក រហូត​ដល់​យើង​មក​ដល់​កាដេស-បារនា។ 20ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​ថា "អ្នក​រាល់​គ្នា​បាន​មក​ដល់​ស្រុក​ភ្នំ​របស់​សាសន៍​អាម៉ូរី ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​បាន​ប្រទាន​មក​យើង​ហើយ។ 21មើល៍ ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក បាន​ប្រគល់​ស្រុក​នោះ​ដល់​អ្នក​ហើយ ចូរ​ឡើង​ទៅ​ចាប់​យក​ចុះ ដូច​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​បុព្វ‌បុរស​របស់​អ្នក​បាន​សន្យា​នឹង​អ្នក។ កុំ​ខ្លាច ឬ​តក់​ស្លុត​ឲ្យ​សោះ"។
22ពេល​នោះ អ្នក​ទាំង​អស់​គ្នា​បាន​ចូល​មក​ជួប​ខ្ញុំ ហើយ​និយាយ​ថា "សូម​យើង​ចាត់​មនុស្ស​ឲ្យ​ទៅ​មុន​ពួក​យើង ដើម្បី​សង្កេត​មើល​ស្រុក​នោះ​ឲ្យ​យើង ហើយ​ត្រឡប់​មក​ប្រាប់​ពី​ផ្លូវ​ដែល​យើង​ត្រូវ​ឡើង​ទៅ និង​ពី​ទី​ក្រុង​ដែល​យើង​ត្រូវ​ចូល​ទៅ"។ 23ខ្ញុំ​យល់​ថា​នោះ​ជា​ការ​ល្អ ហើយ​ខ្ញុំ​ក៏​រើស​យក​មនុស្ស​ដប់ពីរ​នាក់​ពី​ក្នុង​ចំណោម​អ្នក​រាល់​គ្នា គឺ​ម្នាក់​ពី​កុល‌សម្ព័ន្ធ​មួយ។ 24អ្នក​ទាំង​នោះ​ក៏​ចេញ​ទៅ ហើយ​ឡើង​ទៅ​ក្នុង​ស្រុក​ភ្នំ រហូត​ដល់​ជ្រលង​ភ្នំ​អែស‌កុល រួច​សង្កេត​មើល​ស្រុក​នោះ 25ទាំង​នាំ​យក​ផល​ផ្លែ​ពី​ស្រុក​នោះ កាន់​នៅ​ដៃ​ត្រឡប់​មក​វិញ ហើយ​ប្រាប់​ដំណឹង​ដល់​យើង​ថា "ស្រុក​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ប្រទាន​មក​យើង ជា​ស្រុក​ល្អ​ណាស់"។ 26ប៉ុន្តែ អ្នក​រាល់​គ្នា​មិន​ព្រម​ឡើង​ទៅ​ទេ គឺ​បាន​បះបោរ​ប្រឆាំង​នឹង​បញ្ជា​របស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​វិញ 27ហើយ​អ្នក​រាល់​គ្នា​បាន​រអ៊ូ‌រទាំ​នៅ​ក្នុង​ជំរំ​របស់​អ្នក​រាល់​គ្នា​ថា "ព្រះ‌យេហូវ៉ា​ស្អប់​ពួក​យើង​ហើយ បាន​ជា​ព្រះ‌អង្គ​នាំ​ពួក​យើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ដើម្បី​ប្រគល់​ពួក​យើង​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​សាសន៍​អាម៉ូរី​ឲ្យ​បំផ្លាញ​ពួក​យើង។ 28តើ​យើង​នឹង​ឡើង​ទៅ​ឯ​ណា? បង​ប្អូន​របស់​យើង​បាន​រំលាយ​ចិត្ត​យើង ដោយ​ពាក្យ​ថា ប្រជា‌ជន​នោះ​ខ្លាំង​ពូកែ ហើយ​មាឌ​ខ្ពស់​ជាង​យើង ឯ​ទី​ក្រុង​របស់​គេ​ក៏​ធំ ហើយ​មាន​កំផែង​ការពារ​ខ្ពស់​ដល់​មេឃ! មួយ​ទៀត យើង​បាន​ឃើញ​កូន​ចៅ​អ័ណាក់​នៅ​ស្រុក​នោះ​ទៀត​ផង!"។ 29ពេល​នោះ ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​ថា "កុំ​ញញើត ឬ​ខ្លាច​ពួកគេ​ឡើយ។ 30ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ដែល​យាង​នាំ​មុខ​អ្នក​រាល់​គ្នា ព្រះ‌អង្គ​នឹង​ច្បាំង​ជំនួស​អ្នក​រាល់​គ្នា ដូច​ជា​ព្រះ‌អង្គ​បាន​ច្បាំង​សម្រាប់​អ្នក​រាល់​គ្នា​នៅ​ស្រុក​អេស៊ីព្ទ នៅ​ចំពោះ​មុខ​អ្នករាល់​គ្នា 31ហើយ​នៅ​ក្នុង​ទី​រហោ‌ស្ថាន អ្នក​រាល់​គ្នា​បាន​ឃើញ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា បាន​បី​ទ្រ​អ្នក​រាល់​គ្នា ដូច​មនុស្ស​បី​កូន​របស់​ខ្លួន តាម​ផ្លូវ​ដែល​អ្នក​រាល់​គ្នា​បាន​ធ្វើ​ដំណើរ រហូត​មក​ដល់​ទី​នេះ។ 32តែ​ទោះ​បើ​យ៉ាង​នោះ​ក៏​ដោយ អ្នក​រាល់​គ្នា​នៅ​តែ​មិន​ទុក​ចិត្ត​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​ទេ 33ដែល​ព្រះ‌អង្គ​បាន​នាំ​មុខ​អ្នក​រាល់​គ្នា​តាម​ផ្លូវ ដើម្បី​រក​ទី​កន្លែង​ឲ្យ​អ្នក​រាល់​គ្នា​បោះ​ជំរំ គឺ​ដោយ​ភ្លើង​នៅ​ពេល​យប់ និង​ដោយ​ពពក​នៅ​ពេល​ថ្ងៃ សម្រាប់​បង្ហាញ​ផ្លូវ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ដើរ"»។
ព្រះ​ពិន័យ​ពួក​អ៊ី‌ស្រាអែល​ដោយ​ព្រោះ​ការ​បះបោរ
34«កាល​ព្រះ‌យេហូវ៉ា​ឮ​ពាក្យ​របស់​អ្នក​រាល់​គ្នា ព្រះ‌អង្គ​មាន​សេចក្ដី‌ក្រោធ ហើយ​ស្បថ​ថា 35"ក្នុង​ចំណោម​មនុស្ស​អាក្រក់​ជំនាន់​នេះ គ្មាន​អ្នក​ណា​ម្នាក់​ឃើញ​ស្រុក​ដ៏​ល្អ ដែល​យើង​បាន​ស្បថ​នឹង​ឲ្យ​ដល់​បុព្វ‌បុរស​របស់​អ្នក​រាល់​គ្នា​ឡើយ 36លើក​លែង​តែ​កាលែប ជា​កូន​យេភូនេ​ប៉ុណ្ណោះ។ គាត់​នឹង​បាន​ឃើញ​ស្រុក​នោះ ហើយ​យើង​នឹង​ឲ្យ​ស្រុក​ដែល​គាត់​បាន​ដើរ​ជាន់​នោះ​ដល់​គាត់ និង​កូន​ចៅ​របស់​គាត់ ដ្បិត​គាត់​បាន​ប្រព្រឹត្ត​តាម​ព្រះ‌យេហូវ៉ា​គ្រប់​ជំពូក"។ 37ព្រះ‌យេហូវ៉ា​ក៏​ខ្ញាល់​នឹង​ខ្ញុំ​ដែរ ដោយ​ព្រោះ​អ្នក​រាល់​គ្នា ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា "អ្នក​ក៏​មិន​ត្រូវ​ចូល​ទៅ​ក្នុង​ស្រុក​នោះ​ដែរ។ 38យ៉ូស្វេ​ជា​កូន​របស់​នុន ដែល​ឈរ​នៅ​មុខ​អ្នក នឹង​ចូល​ទៅ​ក្នុង​ស្រុក​នោះ។ ចូរ​លើក​ទឹក​ចិត្ត​គាត់ ដ្បិត​គាត់​នឹង​ធ្វើ​ឲ្យ​សាសន៍​អ៊ីស្រា‌អែល​បាន​ស្រុក​នោះ​ជា​មត៌ក។ 39រីឯ​កូន​តូចៗ​របស់​អ្នក​រាល់​គ្នា ដែល​អ្នក​រាល់​គ្នា​ពោល​ថា នឹង​ទៅ​ជា​រំពា​គេ និង​កូន​របស់​អ្នក​រាល់​គ្នា ដែល​សព្វ​ថ្ងៃ​នេះ​មិន​ទាន់​ដឹង​ខុស​ត្រូវ​នៅ​ឡើយ នោះ​គេ​នឹង​ចូល​ទៅ​ក្នុង​ស្រុក​នោះ យើង​នឹង​ប្រគល់​ស្រុក​នោះ​ឲ្យ​គេ ហើយ​គេ​នឹង​ចាប់​យក​ស្រុក​នោះ​ជា​កេរ‌អាករ។ 40តែ​ឯ​អ្នក​រាល់​គ្នា​វិញ ចូរ​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ក្នុង​ទី​រហោ‌ស្ថាន តាម​ផ្លូវ​សមុទ្រ​ក្រហម វិញ​ទៅ"។
41ពេល​នោះ អ្នក​រាល់​គ្នា​បាន​ឆ្លើយ​មក​ខ្ញុំ​ថា "យើង​ខ្ញុំ​បាន​ធ្វើ​បាប​ទាស់​នឹង​ព្រះ‌យេហូវ៉ា​ហើយ! យើង​ខ្ញុំ​នឹង​ឡើង​ទៅ​ច្បាំង ដូច​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​បាន​បង្គាប់​យើង​ខ្ញុំ"។ ដូច្នេះ អ្នក​រាល់​គ្នា​បាន​ប្រដាប់​អាវុធ​រៀងៗ​ខ្លួន ហើយ​គិត​ថា​ងាយ​ស្រួល​នឹង​ឡើង​ទៅ​ច្បាំង​ក្នុង​ស្រុក​ភ្នំ។ 42ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា "ចូរ​ប្រាប់​គេ​ថា កុំ​ឡើង​ទៅ​ច្បាំង​ឡើយ ដ្បិត​យើង​មិន​នៅ​ក្នុង​អ្នក​រាល់​គ្នា​ទេ ក្រែង​អ្នក​រាល់​គ្នា​ត្រូវ​បរាជ័យ​នៅ​ចំពោះ​មុខ​ខ្មាំង‌សត្រូវ"។ 43ដូច្នេះ ខ្ញុំ​ក៏​ប្រាប់​អ្នក​រាល់​គ្នា តែ​អ្នក​មិន​បាន​ស្តាប់​ទេ គឺ​បាន​បះ‌បោរ​ទាស់​ទទឹង​នឹង​បញ្ជា​របស់​ព្រះ‌យេហូវ៉ា ហើយ​ឡើង​ទៅ​ក្នុង​ស្រុក​ភ្នំ​នោះ​ទាំង​ចិត្ត​ព្រហើន។ 44ពេល​នោះ សាសន៍​អាម៉ូរី​ដែល​រស់​នៅ​ស្រុក​ភ្នំ ក៏​ចេញ​មក​ទាស់​នឹង​អ្នក​រាល់​គ្នា ហើយ​ដេញ​តាម​អ្នក​រាល់​គ្នា​ដូច​ជា​ឃ្មុំ ព្រម​ទាំង​វាយ​ផ្តួល​អ្នក​រាល់​គ្នា​នៅ​តំបន់​ភ្នំ​សៀរ រហូត​ដល់​ហោម៉ា។ 45ពេល​ត្រឡប់​មក​វិញ អ្នក​រាល់​គ្នា​យំ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា តែ​ព្រះ‌យេហូវ៉ា​មិន​បាន​ស្តាប់​សំឡេង​អ្នក​រាល់​គ្នា​ទេ ក៏​មិន​បាន​ផ្ទៀង​ព្រះ‌កាណ៌​ចំពោះ​អ្នក​រាល់​គ្នា​ដែរ។ 46ដូច្នេះ អ្នក​រាល់​គ្នា​បាន​ស្នាក់​នៅ​ត្រង់​កាដេស​ជា​ច្រើន​ថ្ងៃ គឺ​អ្នក​រាល់​គ្នា​ស្នាក់​នៅ​ទី​នោះ​ជា​យូរ»។

ទើបបានជ្រើសរើសហើយ៖

ចោទិយ‌កថា 1: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល