ដានី‌យ៉ែល 7:8-13

ដានី‌យ៉ែល 7:8-13 គកស១៦

ខ្ញុំ​បាន​ពិចា‌រណា​មើល​ស្នែង​ទាំង​នោះ ក៏​ឃើញ​មាន​ស្នែង​មួយ​ទៀត ជា​ស្នែង​តូច ដុះ​ឡើង​នៅ​កណ្ដាល នៅ​ពី​មុខ​វា ស្នែង​ចាស់​បី​ត្រូវ​គេ​ដក​ចេញ​ទាំង​ឫស ស្នែង​នេះ​មាន​ភ្នែក ដូច​ភ្នែក​មនុស្ស ហើយ​មាន​មាត់​ដែល​ពោល​ពាក្យធំៗ។ កាល​ខ្ញុំ​គន់​មើល ឃើញ​គេ​យក​បល្ល័ង្ក​ជា​ច្រើន​មក​តាំង ហើយ​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​ពី​ចាស់​បុរាណ គង់​លើ​បល្ល័ង្ក​របស់​ព្រះ‌អង្គ ព្រះ‌អង្គ​មាន​ព្រះ‌ពស្ត្រ​ស‌ស្គុស​ដូច​ហិមៈ ហើយ​ព្រះ‌កេសា​នៅ​ព្រះ‌សិរ​ព្រះ‌អង្គ ស​ដូច​រោម​ចៀម​យ៉ាង​ស្អាត ឯ​បល្ល័ង្ក​ព្រះ‌អង្គ​សុទ្ធ​តែ​ជា​អណ្ដាត​ភ្លើង ហើយ​កង់​នៃ​បល្ល័ង្ក​នោះ ជា​ភ្លើង​ដែល​កំពុង​ឆេះ។ មាន​ទន្លេ​ជា​ភ្លើង​ហូរ​ចេញ​ពី​ចំពោះ​ព្រះ‌អង្គ មាន​មនុស្ស​រាប់​ពាន់​រាប់​ម៉ឺន​គោរព​បម្រើ​ព្រះ‌អង្គ ហើយ​រាប់​លាន​រាប់​កោដិ​ឈរ​នៅ​ចំពោះ​ព្រះ‌អង្គ។ ការ​វិនិច្ឆ័យ​បាន​រៀប​ចំ​ជា​ស្រេច ហើយ​បញ្ជី​ទាំង​ប៉ុន្មាន​ក៏​បើក​ឡើង​ដែរ។ ពេល​នោះ ខ្ញុំ​គន់​មើល ព្រោះ​មាន​សំឡេង​របស់​ស្នែង ដែល​ពោល​ពាក្យ​យ៉ាង​ធំ។ ពេល​ខ្ញុំ​មើល​ទៅ ឃើញ​គេ​សម្លាប់​សត្វ​នោះ ហើយ​គេ​បំផ្លាញ​ខ្មោច​វា រួច​បោះ​ចោល​ឲ្យ​ភ្លើង​ឆេះ។ ចំណែក​សត្វ​ឯ​ទៀត​ៗ អំណាច​គ្រប់​គ្រង​របស់​វា​ត្រូវ​គេ​ដក​ចេញ តែ​គេ​ឲ្យ​វា​មាន​ជីវិត​មួយ​រយៈ​ពេល​ទៅ​មុខ​ទៀត។ ខ្ញុំ​ក៏​ឃើញ​ក្នុង​និមិត្ត​នៅ​ពេល​យប់​នោះ មាន​ម្នាក់​ដូច​កូន​មនុស្ស យាង​មក​ក្នុង​ពពក​នៅ​លើ​មេឃ ព្រះ‌អង្គ​យាង​មក​ជិត​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​ពី​បុរាណ​នោះ ហើយ​មាន​គេ​នាំ​ចូល​ទៅ​ចំពោះ​ព្រះ‌អង្គ។

អាន ដានី‌យ៉ែល 7