ពេលនោះ គេក៏ទូលស្តេចថា៖ «ដានីយ៉ែល ជាម្នាក់ក្នុងចំណោមពួកឈ្លើយមកពីស្រុកយូដា មិនអើពើនឹងព្រះករុណាទេ បពិត្រព្រះករុណា ក៏មិនយកចិត្តទុកដាក់នឹងបំរាមដែលទ្រង់បានឡាយព្រះហស្ដដែរ គឺគាត់នៅតែអធិស្ឋានមួយថ្ងៃបីដង»។ កាលស្តេចបានឮពាក្យទាំងនោះ ទ្រង់ព្រួយព្រះហឫទ័យជាខ្លាំង ហើយទ្រង់គិតរិះរកវិធីដើម្បីរំដោះដានីយ៉ែល។ ស្ដេចខំប្រឹងប្រែងជួយសង្គ្រោះលោក រហូតដល់ថ្ងៃលិច។ ពេលនោះ ពួកអ្នកទាំងនោះក៏លើកគ្នាមកទូលស្តេចថា៖ «បពិតព្រះរាជា សូមទ្រង់ជ្រាបថា តាមច្បាប់របស់សាសន៍មេឌី និងសាសន៍ពើស៊ី ច្បាប់ណា ឬបំរាមណាដែលស្តេចចេញហើយ នោះមិនអាចផ្លាស់ប្តូរបានឡើយ»។ ពេលនោះ ស្ដេចក៏ចេញបញ្ជា ហើយគេនាំដានីយ៉ែលយកទៅបោះក្នុងរូងសិង្ហ។ ស្ដេចមានរាជឱង្ការទៅដានីយ៉ែលថា៖ «ព្រះរបស់លោក ដែលលោកគោរពបម្រើដោយចិត្តស្មោះត្រង់ ទ្រង់នឹងសង្គ្រោះលោកមិនខាន!» គេក៏យកថ្មមួយផ្ទាំងមកសន្ធប់មាត់រូង ហើយស្ដេចក៏ប្រថាប់ត្រាព្រះទម្រង់ និងចិញ្ចៀនត្រារបស់ពួកសេនាបតីស្ដេច ដើម្បីមិនឲ្យមានអ្វីផ្លាស់ប្តូរពីដំណើរដានីយ៉ែលឡើយ។ បន្ទាប់មក ស្ដេចយាងទៅឯរាជវាំងវិញ ឥតសោយអ្វីនៅយប់នោះឡើយ ក៏មិនមានតន្ត្រីប្រគំថ្វាយដែរ ស្ដេចផ្ទំមិនលក់ទាល់តែសោះ។ លុះព្រលឹមស្រាង ស្ដេចក៏តើនឡើង ហើយប្រញាប់ប្រញាល់យាងទៅឯរូងសិង្ហ។ កាលស្ដេចយាងចូលទៅជិតរូង ទ្រង់ក៏ស្រែកហៅដានីយ៉ែល ដោយសំឡេងយ៉ាងក្ដុកក្ដួលថា៖ «ឱដានីយ៉ែល ជាអ្នកបម្រើរបស់ព្រះដ៏មានព្រះជន្មរស់អើយ តើព្រះរបស់លោក ដែលលោកគោរពបម្រើដោយចិត្តស្មោះត្រង់ ព្រះអង្គអាចសង្គ្រោះលោកឲ្យរួចពីពួកសិង្ហបានឬទេ?» ពេលនោះ ដានីយ៉ែលទូលទៅស្ដេចថា៖ «បពិត្រព្រះករុណា សូមឲ្យទ្រង់មានព្រះជន្មយឺនយូរជាអង្វែងតរៀងទៅ! ព្រះរបស់ទូលបង្គំបានចាត់ទេវតារបស់ព្រះអង្គ ឲ្យមកបិទមាត់សិង្ហ មិនឲ្យវាធ្វើបាបទូលបង្គំទេ ព្រោះនៅចំពោះព្រះអង្គ មិនឃើញថាទូលបង្គំមានទោសអ្វីឡើយ ហើយបពិត្រព្រះករុណា នៅចំពោះព្រះករុណា ក៏ទូលបង្គំមិនបានប្រព្រឹត្តអ្វីខុសដែរ»។ ពេលនោះ ស្ដេចមានព្រះហឫទ័យរីករាយក្រៃលែង ហើយក៏បញ្ជាឲ្យគេយោងដានីយ៉ែលចេញពីរូង។ ដូច្នេះ គេក៏យោងដានីយ៉ែលចេញពីរូង ហើយមិនឃើញមានរបួសណានៅខ្លួនលោកឡើយ ព្រោះលោកបានទុកចិត្តដល់ព្រះរបស់លោក។
អាន ដានីយ៉ែល 6
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ដានីយ៉ែល 6:13-23
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ