ដានី‌យ៉ែល 4:23-37

ដានី‌យ៉ែល 4:23-37 គកស១៦

ឯ​ដំណើរ​ដែល​ព្រះ‌ករុណា​បាន​ឃើញ​អ្នក​ត្រួត​ពិនិត្យ​មួយ​រូប គឺ​អ្នក​បរិសុទ្ធ​មួយ​រូប ចុះ​ពី​ស្ថាន‌សួគ៌​មក ហើយ​ពោល​ថា "ចូរ​កាប់​រំលំ​ដើម​ឈើ​នេះ ហើយ​បំផ្លាញ​វា​ទៅ តែ​ត្រូវ​ទុក​គល់ និង​ឫស​របស់​វា​នៅ​ក្នុង​ដី ហើយ​យក​វ័ណ្ឌ‌ដែក និង​លង្ហិន​ចង​ព័ទ្ធ​ជុំ​វិញ នៅ​កណ្ដាល​វាល​ស្មៅ ឲ្យ​ទទឹក​ជោក​ដោយ​ទឹក​សន្សើម​ពី​លើ​មេឃ ព្រម​ទាំង​ឲ្យ​មាន​ចំណែក​ជា​មួយ​សត្វ​នៅ​ទីវាល រហូត​ទាល់​តែ​កន្លង​ផុត​ប្រាំពីរ​ខួប" បពិត្រ​ព្រះ‌ករុណា សេចក្ដី​កាត់​ស្រាយ​មាន​ន័យ​បែប​នេះ គឺ​ជា​រាជ​បញ្ជា​នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត ជា​ការ​ដែល​ត្រូវ​កើត​មាន​ដល់​ព្រះ‌ករុណា​ជា​អម្ចាស់​នៃ​ទូល‌បង្គំ គឺ​ព្រះ​ករុណា​នឹង​ត្រូវ​គេ​បណ្តេញ​ចេញ​ពី​មនុស្ស​លោក​ទៅ ហើយ​ទ្រង់​នឹង​មាន​ទី​លំ‌នៅ​ជា​មួយ​សត្វ​ព្រៃ គេ​ឲ្យ​ទ្រង់​សោយ​ស្មៅ​ដូច​គោ ទ្រង់​នឹង​ទទឹក​ជោក​ដោយ​ទឹក​សន្សើម​ពី​លើ​មេឃ ដរាប​ដល់​បាន​កន្លង​ផុត​ប្រាំពីរ​ខួប គឺ​ទាល់​តែ​ព្រះ​ករុណា​ជ្រាប​ថា ព្រះ​ដ៏​ខ្ពស់​បំផុត​គ្រប់‌គ្រង​លើ​រាជ្យ​របស់​មនុស្ស ហើយ​ក៏​ប្រទាន​រាជ្យ​ដល់​អ្នក​ណា​តាម​តែ​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌អង្គ។ ឯ​ដំណើរ​ដែល​បញ្ជា​ឲ្យ​ទុក​គល់ និង​ឫស​នៃ​ដើម​នោះ គឺ​ថា រាជ្យ​របស់​ព្រះ​ករុណា​នឹង​ត្រូវ​ប្រគល់​មក​ព្រះ​ករុណា​វិញ នៅ​ពេល​ទ្រង់​ជ្រាប​ថា ស្ថាន‌សួគ៌​មាន​អំណាច​គ្រប់‌គ្រង។ ដូច្នេះ បពិត្រ​ព្រះ‌ករុណា សូម​ទ្រង់​ប្រោស​មេត្តា​ទទូល​យោបល់​ទូល‌បង្គំ​ចុះ សូម​ទ្រង់​លះ​បង់​អំពើ​បាប ដោយ​ប្រព្រឹត្ត​សេចក្ដី​សុចរិត​វិញ ហើយ​លះ​បង់​អំពើ​ទុច្ចរិត​ផង ដោយ​សម្ដែង​សេចក្ដី​មេត្តា‌ករុណា​ដល់​ពួក​ក្រីក្រ ដើម្បី​ឲ្យ​ព្រះ​ករុណា​បាន​ចម្រុង​ចម្រើន​យូរ​អង្វែង»។ ហេតុ​ការណ៍​ទាំង​នោះ​កើត​មាន​ដល់​ព្រះ​បាទ​នេប៊ូ‌ក្នេសា​មែន។ កន្លង​មក​បាន​ដប់ពីរ​ខែ កាល​ស្ដេច​កំពុង​យាង​ក្រសាល​ក្នុង​រាជ‌វាំង​នៅ​ក្រុង​បាប៊ី‌ឡូន ស្ដេច​មាន​រាជ‌ឱង្ការ​ថា៖ «នេះ​តើ​មិន​មែន​ជា​ក្រុង​បាប៊ី‌ឡូន​ដ៏​ធំ ដែល​យើង​បានសង់​ទុក​ជា​‌រាជ‌ស្ថាន ដោយ​អំណាច​អានុ‌ភាព​របស់​យើង ហើយ​សម្រាប់​ជា​សិរី‌ល្អ​នៃ​តេជា​‌នុភាព​របស់​យើង​ទេ​ឬ?» កាល​ស្តេច​កំពុង​តែ​មាន​រាជ​ឱង្ការ​ពាក្យ​ទាំង​នោះ​នៅ​ឡើយ នោះ​មាន​ឮ​សំឡេង​ចេញ​ពី​លើ​មេឃ​មក​ថា៖ «ម្នាល​ស្តេច​នេប៊ូ‌ក្នេសា​អើយ មាន​សេចក្ដី​ប្រកាស​ប្រាប់​អ្នក​ថា រាជ្យ​បាន​ចេញ​ផុត​ពី​អ្នក​ហើយ គេ​នឹង​បណ្តេញ​អ្នក​ចេញ​ពី​ចំណោម​មនុស្ស​លោក អ្នក​នឹង​មាន​ទី​លំ‌នៅ​ជា​មួយ​សត្វ​នៅ​ទីវាល គេ​នឹង​ឲ្យ​អ្នក​ស៊ី​ស្មៅ​ដូច​គោ ដរាប​ដល់​បាន​កន្លង​ទៅ​អស់​ប្រាំពីរ​ខួប ទាល់​តែ​អ្នក​បាន​ដឹង​ថា ព្រះ​ដ៏​ខ្ពស់​បំផុត​គ្រប់‌គ្រង​លើ​រាជ្យ​របស់​មនុស្ស ហើយ​ក៏​ប្រទាន​រាជ្យ​ដល់​អ្នក​ណា តាម​តែ​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌អង្គ»។ រំពេច​នោះ ពាក្យ​នោះ​ក៏​បាន​សម្រេច​ដល់​ព្រះ​បាទ​នេប៊ូ‌ក្នេសា​មែន គឺ​ទ្រង់​ត្រូវ​គេ​បណ្តេញ​ចេញ​ពី​ចំណោម​មនុស្ស ហើយ​សោយ​ស្មៅ​ដូច​គោ ព្រះ​កាយ​ទទឹក​ជោក​ដោយ​ទឹក​សន្សើម​ពី​លើ​មេឃ ទាល់​តែ​ព្រះ‌កេសា​របស់​ស្ដេច​ដុះ​វែង ដូច​ស្លាប​ឥន្ទ្រី ហើយ​ក្រចក​ប្រៀប​ដូច​ជា​ក្រចក​សត្វ​ស្លាប។ លុះ​ពេល​កំណត់​កន្លង​ផុត​ទៅ យើង​នេប៊ូ‌ក្នេសា​ងើប​ភ្នែក​ឡើង​ទៅ​លើ​មេឃ ហើយ​ស្មារតី​របស់​យើង ក៏​ត្រឡប់​មក​រក​យើង​វិញ។ យើង​ថ្វាយ​ព្រះ​ពរ​ដល់​ព្រះ​ដ៏​ខ្ពស់​បំផុត ហើយ​សរសើរ និង​លើក​តម្កើង ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​គង់​នៅ​អស់‌កល្ប​ជា‌និច្ច។ ដ្បិត​អំណាច​គ្រប់‌គ្រង​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប ហើយ​រាជ្យ​របស់​ព្រះ‌អង្គ ក៏​នៅគង់​វង្ស​គ្រប់​ជំនាន់​ត​រៀង​ទៅ។ មនុស្ស​លោក​ទាំង​អស់​នៅ​ផែន​ដី រាប់​ដូច​ជា​គ្មាន​អ្វី​សោះ ព្រះ‌អង្គ​ធ្វើ​តាម​តែ​ព្រះ‌ហឫ‌ទ័យ ក្នុង​ចំណោម​ពល​បរិវារ​នៅ​ស្ថាន‌សួគ៌ ហើយ​ក្នុង​ចំណោម​មនុស្ស​លោក​នៅ​ផែន​ដី គ្មាន​អ្នក​ណា​អាច​នឹង​ទប់​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ ឬ​ពោល​ទៅ​ព្រះ‌អង្គ​ថា "ទ្រង់​ធ្វើ​អ្វី​ដូច្នេះ?" បាន​ឡើយ។ នៅ​ពេល​នោះ ស្មារតី​របស់​យើង​ក៏វិល​មក​រក​យើង​វិញ ឯ​សិរី‌ល្អ​នៃ​រាជ្យ​របស់​យើង ហើយ​តេជា​នុភាព ព្រម​ទាំង​ភាព​ថ្កុំ​ថ្កើង​របស់​យើង ក៏​វិល​មក​រក​យើង​វិញ​ដែរ។ ពួក​ទី​ប្រឹក្សា និង​ពួក​សេនាបតី បាន​ស្វែង​រក​យើង គេ​តាំង​យើង​ក្នុង​រាជ្យ​របស់​យើង​ឡើង​វិញ ហើយ​អំណាច​យើង​ក៏​កាន់​តែ​ធំឡើង​ថែម​ទៀត។ ឥឡូវ​នេះ យើង​នេប៊ូ‌ក្នេសា សូម​សរសើរ ហើយ​លើក​តម្កើង ព្រម​ទាំង​ថ្វាយ​កិត្តិនាម​ដល់​មហា‌ក្សត្រ​នៃ​ស្ថាន‌សួគ៌ ដ្បិត​អស់​ទាំង​កិច្ច​ការ​របស់​ព្រះ‌អង្គ សុទ្ធ​តែ​ពិត​ត្រង់ ហើយ​ផ្លូវ​ប្រព្រឹត្ត​ទាំង​ប៉ុន្មាន​របស់​ព្រះ‌អង្គ ក៏​យុត្តិ‌ធម៌​ដែរ ព្រះ‌អង្គ​អាច​បន្ទាប​អស់​អ្នក​ដែល​ប្រព្រឹត្ត ដោយ​ចិត្ត​អំនួត។

អាន ដានី‌យ៉ែល 4