ដានី‌យ៉ែល 12

12
ការ​រស់​ពី​ស្លាប់​ឡើង​វិញ
1នៅ​គ្រា​នោះ មីកែល ជា​មហា​ទេវតា ដែល​ថែ​រក្សា​ប្រជា‌ជន​របស់​លោក នឹង​ក្រោក​ឈរ​ឡើង ហើយ​នឹង​មាន​គ្រា​វេទនា​ជា​ខ្លាំង ដែល​ចាប់​តាំង​ពី​មាន​ជាតិ​សាសន៍​មួយ រហូត​មក​ដល់​ពេល​នោះ មិន​ដែល​កើត​មាន​ដូច្នេះ​ឡើយ។ ប៉ុន្ដែ នៅ​គ្រា​នោះ ប្រជា‌ជន​របស់​លោក​នឹង​ត្រូវ​រួច​ខ្លួន គឺ​អស់​អ្នក​ណា​ដែល​មាន​ឈ្មោះ​កត់​ទុក​ក្នុង​បញ្ជី។ 2មនុស្ស​ជា​ច្រើន ក្នុង​ចំណោម​អស់​អ្នក​ដែល​ដេក​លក់​នៅ​ក្នុង​ធូលី​ដី នឹង​ភ្ញាក់​ឡើង ខ្លះ​ភ្ញាក់​ខាងឯ​ជីវិត​អស់‌កល្ប​ជា‌និច្ច ហើយ​ខ្លះ​ទៀត​ភ្ញាក់​ខាងឯ​សេចក្ដី​អាម៉ាស់ ហើយ​អាប់​យស​អស់‌កល្ប​ជា‌និច្ច។ 3អស់​អ្នក​ដែល​មាន​ប្រាជ្ញា​នឹង​ភ្លឺ​ដូច​ពន្លឺ​នៅ​លើ​មេឃ ហើយ​អស់​អ្នក​ដែល​ទាញ​នាំ​មនុស្ស​ជា​ច្រើន ឲ្យ​វិល​មក​ឯ​សេចក្ដី​សុចរិត នឹង​ភ្លឺ​ដូច​ផ្កាយ​អស់​កល្ប​ជា​អង្វែង​តរៀង​ទៅ។ 4ប៉ុន្ដែ ចំពោះ​លោក​វិញ ដានី‌យ៉ែល​អើយ សូម​លាក់​ពាក្យ​នេះ​ជា​សម្ងាត់ ហើយ​បិទ​ត្រា​លើ​សៀវ‌ភៅ​នេះ ទុក​រហូត​ដល់​គ្រា​ចុង​ក្រោយ​បំផុត។ មនុស្ស​ជា​ច្រើន​នឹង​ខំ​ស្វែង​យល់ ហើយ​សេចក្ដី​អាក្រក់ នឹង​ចម្រើន​ឡើង»។
5ពេល​នោះ ខ្ញុំ​ដានី‌យ៉ែល​ក៏​មើល​ទៅ ហើយ​ឃើញ​មាន​ពីរ​នាក់​ទៀត​ឈរ ម្នាក់​នៅ​ត្រើយ​ទន្លេ​ខាង​អាយ ហើយ​ម្នាក់​ទៀត​នៅ​ត្រើយ​ទន្លេ​ខាង​នាយ។ 6ម្នាក់​ពោល​ទៅ​កាន់​មនុស្ស​ស្លៀក‌ពាក់​សំពត់​ទេស​ឯក ដែល​នៅ​ពី​លើ​ទឹក​ទន្លេ​ថា៖ «តើ​ពេល​ណា​ទើប​បាន​ដល់​ចុង​បញ្ចប់​នៃ​ការ​អស្ចារ្យ​ទាំង​នេះ?»។ 7ខ្ញុំ​ក៏​ឮ​បុរស​ម្នាក់​ដែល​ស្លៀក‌ពាក់​សំពត់​ទេស​ឯក ដែល​ឈរ​នៅ​លើ​ទឹក​ទន្លេ លោក​លើក​ដៃ ទាំង​ស្តាំ​ទាំង​ឆ្វេង​ទៅ​លើ​មេឃ ហើយ​ស្បថ​ដោយ​នូវ​ព្រះ‌អង្គ​ដែល​មាន​ព្រះ‌ជន្ម​រស់​នៅ​អស់‌កល្ប​ជា‌និច្ច​ថា៖ «ហេតុ​ការណ៍​នេះ​នឹង​មាន​រយៈ​ពេល​មួយ​ខួប ពីរ​ខួប និង​កន្លះ​ខួប ហើយ​កាល​ណា​គេ​បាន​បង្ហើយ​ការ​បំបែក​អំណាច​របស់​ប្រជា‌ជន​បរិសុទ្ធ​រួច​ហើយ នោះ​គ្រប់​ការ​ទាំងអស់​នេះ​នឹង​បាន​សម្រេច»។ 8ខ្ញុំ​បាន​ឮ តែ​មិន​បាន​យល់​ទេ ដូច្នេះ ខ្ញុំ​ក៏​សួរ​ថា៖ «ឱ​លោក​ម្ចាស់​អើយ តើ​ចុង​បំផុត​នៃ​ការ​ទាំង​នេះ​នឹង​បាន​ដូច​ម្ដេច​ទៅ?»។ 9លោក​តប​ថា៖ «ដានី‌យ៉ែល​អើយ កុំ​ខ្វល់​ខ្វាយ​ធ្វើ​អ្វី ដ្បិត​សេចក្ដី​ទាំង​នេះ​ត្រូវ​រក្សា​ជា​សម្ងាត់ ហើយ​បិទ​ត្រា​ទុក រហូត​ដល់​គ្រា​ចុង​ក្រោយ​បំផុត។ 10មនុស្ស​ជា​ច្រើន​នឹង​សម្អាត​ខ្លួន ហើយ​ជម្រះ​ខ្លួន​ឲ្យ​បាន​ស‌ស្គុស ហើយ​ត្រូវ​បាន​បន្សុទ្ធ ឯ​មនុស្ស​អាក្រក់​វិញ នឹងនៅ​តែ​ប្រព្រឹត្ត​យ៉ាង​អាក្រក់ ហើយគ្មាន​មនុស្ស​អាក្រក់​ណា​យល់​ឡើយ តែ​អស់​អ្នក​ដែល​មាន​ប្រាជ្ញា គេ​នឹង​យល់។ 11ចាប់​ពី​ពេល​ដែល​គេ​បញ្ឈប់​លែង​ឲ្យ​ថ្វាយ​តង្វាយ​ដុត​ប្រចាំ​ថ្ងៃ ហើយ​របស់​គួរ​ឲ្យ​ស្អប់​ខ្ពើម ដែល​នាំ​ឲ្យ​វិនាស​បាន​តាំង​ឡើង នោះ​នឹង​មាន​រយៈ​ពេល ១២៩០ ថ្ងៃ។ 12មាន​ពរ​ហើយ អ្នក​ណា​ដែល​រង់​ចាំ ហើយ​រហូត​ដល់​គ្រប់ ១៣៣៥ ថ្ងៃ។ 13ចំពោះ​លោក​វិញ សូម​កាន់​ចិត្ត​ឲ្យ​បាន​រឹង​ប៉ឹង​រហូត​ដល់​ទី​បំផុត​ចុះ ដ្បិត​លោក​នឹង​ត្រូវ​សម្រាក ហើយ​លោក​នឹង​ក្រោក​ឡើង​វិញ ដើម្បី​ទទួល​ចំណែក​របស់​លោក​នៅ​គ្រា​ចុង​ក្រោយ​បំផុត»។:៚

ទើបបានជ្រើសរើសហើយ៖

ដានី‌យ៉ែល 12: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល