ដានី‌យ៉ែល 10

10
ជម្លោះ​ជាតិ​សាសន៍ និង​អំណាច​នៅ​លើ​ស្ថាន‌សួគ៌
1នៅ​ឆ្នាំ​ទី​បី​នៃ​រជ្ជកាល​ព្រះ​បាទ​ស៊ីរូស ជា​ស្តេច​ស្រុក​ពើស៊ី នោះ​មាន​ព្រះ​បន្ទូល​មួយ​បើក​សម្ដែង​ឲ្យ​ដានី‌យ៉ែល ដែល​លោក​មាន​ឈ្មោះ​ថា បេលថិ‌ស្សាសារ បាន​យល់។ ព្រះ​បន្ទូល​នោះ​ជា​សេចក្ដី​ពិត គឺ​ជា​ជម្លោះ​មួយ​យ៉ាង​ធំ។ លោក​ពិចា‌រណា​ព្រះ​បន្ទូល​នោះ ហើយ​ក៏​យល់​អត្ថន័យ​ក្នុង​និមិត្ត។
2នៅ​គ្រា​នោះ ខ្ញុំ ដានី‌យ៉ែល បាន​កាន់​ទុក្ខ​អស់​រយៈ​ពេល​បី​អាទិត្យ 3ខ្ញុំ​មិន​បាន​ទទួល​ទាន​អ្វី​ដែល​ខ្ញុំ​ចូល​ចិត្ត គឺ​មិន​ទទួល​ទាន​សាច់ ឬ​ស្រា​ចូល​មក​ក្នុង​មាត់​ខ្ញុំ​ឡើយ ខ្ញុំ​ក៏​មិន​បាន​យក​ប្រេង​លាប​ខ្លួន រហូត​ដល់​ផុត​បី​អាទិត្យ​នោះ។ 4នៅ​ថ្ងៃ​ម្ភៃ​បួននៃ​ខែ​ទីមួយ កាល​ខ្ញុំ​កំពុង​ឈរ​នៅ​មាត់​ទន្លេ​ធំ គឺ​ទន្លេ​ហ៊ីដេកែល 5ខ្ញុំ​ងើប​ភ្នែក​មើល​ទៅ ឃើញ​មនុស្ស​ម្នាក់​ស្លៀក‌ពាក់​សំពត់​ទេស‌ឯក ហើយ​ក្រវាត់​ចង្កេះ​ដោយ​មាស​សុទ្ធ​ពី​ស្រុក​អ៊ូផាស។ 6រូប​កាយ​របស់​លោក​មើល​ទៅ​ដូច​ជា​ត្បូង​បេរីល ហើយ​មុខ​មាន​ភាព​ដូច​ជា​ផ្លេក‌បន្ទោរ ឯ​ភ្នែក​ក៏​ដូច​ជា​ចន្លុះ​ដែល​ឆេះ ដៃ​ជើង​របស់​លោក ដូច​ជា​លង្ហិន​ខាត់​យ៉ាង​ភ្លឺ ហើយ​សូរ​សំឡេង​របស់​លោក ដូច​ជា​សូរ​សំឡេង​នៃ​មនុស្ស​មួយ​ហ្វូង។ 7ខ្ញុំ ដានី‌យ៉ែល បាន​ឃើញ​និមិត្ត​នេះ​តែ​ម្នាក់ឯង ដ្បិត​មនុស្ស​ដែល​នៅ​ជា​មួយ​ខ្ញុំ មិន​បាន​ឃើញ​និមិត្ត​នេះ​ទេ តែ​គេ​កើត​មាន​សេចក្ដី​ញ័រ​រន្ធត់​ជា​ខ្លាំង ហើយ​នាំ​គ្នា​រត់​ពួន​អស់។ 8ដូច្នេះ នៅ​សល់​តែ​ខ្ញុំ​ម្នាក់​ឯង ដែល​ឃើញ​និមិត្តដ៏​ធំ​នេះ ខ្ញុំ​ក៏​ខ្សោះ​ល្វើយ​ទៅ ទឹក​មុខ​ខ្ញុំ​ផ្លាស់​ប្រែ​ទៅ​ជា​ស្លេក​ស្លាំង ហើយ​ខ្ញុំ​លែង​មាន​កម្លាំង​កំហែង​ទៀត។ 9ពេល​នោះ ខ្ញុំ​ឮ​សំឡេង​នៃ​ពាក្យ​របស់​លោក ហើយ​កាល​ខ្ញុំ​បាន​ឮ​សំឡេង​នៃ​ពាក្យ​របស់​លោក ខ្ញុំ​ក៏​លង់​ស្មារតី​ទៅ ទាំង​ក្រាប​ចុះ មុខ​ដល់​ដី។
10ពេល​នោះ មាន​ដៃ​មួយ​ពាល់​ខ្ញុំ ធ្វើ​ឲ្យ​ខ្ញុំ​ងើប​ឡើង​ទាំង​ញ័រ ដោយ​លុត​ជង្គង់ ហើយ​ច្រត់​ដៃ។ 11លោក​ពោល​មក​ខ្ញុំ​ថា៖ «ឱ​ដានី‌យ៉ែល ជា​អ្នក​សំណព្វ​យ៉ាង​សំខាន់​អើយ ចូរ​យល់​ពាក្យ​ដែល​ខ្ញុំ​ថ្លែង​ប្រាប់​លោក ហើយ​ឈរ​ឡើង​ឲ្យ​ត្រង់​ចុះ ដ្បិតព្រះ​ចាត់​ខ្ញុំ​ឲ្យ​មក​ជួប​លោក»។ កាល​លោក​បាន​ពោល​ពាក្យ​ទាំង​នោះ​មក​ខ្ញុំ​ហើយ ខ្ញុំ​ក៏​ក្រោក​ឈរ​ទាំង​ញាប់‌ញ័រ។ 12ពេល​នោះ លោក​ប្រាប់​ខ្ញុំ​ថា៖ «ដានី‌យ៉ែល​អើយ កុំ​ខ្លាចអី ដ្បិត​ចាប់​ពី​ថ្ងៃ​មុន​ដំបូង ដែល​លោក​បាន​តាំង​ចិត្ត​ចង់​យល់ ហើយ​បន្ទាប​ខ្លួន​នៅ​ចំពោះ​ព្រះ​របស់​លោក ព្រះ‌អង្គ​ឮ​ពាក្យ​របស់​លោក​ហើយ រួច​ខ្ញុំ​បាន​មក ក៏​ព្រោះ​តែ​ពាក្យ​របស់​លោក​ដែរ។ 13ប៉ុន្តែ ម្ចាស់​នៃ​នគរ​ពើស៊ីបាន​តទល់​នឹង​ខ្ញុំ​អស់​ម្ភៃ​មួយ​ថ្ងៃ តែ​មីកែល ជា​មហា​ទេវតា​ដ៏​សំខាន់​មួយ​រូប បាន​មក​ជួយខ្ញុំ ហើយ​ខ្ញុំ​ក៏​ឲ្យ​លោក​នៅ​ទី​នោះ​ជា​មួយ​ស្តេច​ពើស៊ី 14ឥឡូវ​នេះ ខ្ញុំ​មក​ពន្យល់​លោក​ពីហេតុ​ការណ៍​ដែល​ត្រូវ​កើត​មាន​ចំពោះ​ប្រជា‌ជន​របស់​លោក នៅ​គ្រា​ចុង​ក្រោយ ដ្បិត​និមិត្ត​នេះ​សម្រាប់​យូរ​ថ្ងៃ​ទៅ​ខាង​មុខ»។
15កាល​លោក​បាន​មាន​ប្រសាសន៍​មកកាន់​ខ្ញុំ​តាម​សេចក្ដី​ទាំង​នេះ​រួច​ហើយ ខ្ញុំ​ក៏​ឱន​មុខ​មើល​ទៅ​ដី ហើយ​នៅ​ស្ងៀម។ 16ពេល​នោះ ឃើញ​មាន​ម្នាក់​ដូច​កូន​មនុស្ស មក​ពាល់​បបូរ​មាត់​ខ្ញុំ រួច​ខ្ញុំ​ក៏​ហា​មាត់​និយាយ​ទៅ​កាន់​លោក​ម្នាក់ ដែល​ឈរ​នៅខាង​មុខ​ខ្ញុំ​ថា៖ «ឱ​លោក​ម្ចាស់​អើយ ព្រោះ​តែ​និមិត្ត​នេះ ចិត្ត​ខ្ញុំ​កើត​មាន​ការ​ឈឺ​ចាប់​ជា​ខ្លាំង ហើយ​ខ្ញុំ​គ្មាន​កម្លាំង​កំហែង​ទៀត​ទេ។ 17ធ្វើ​ដូច​ម្តេច​ឲ្យ​ខ្ញុំ ជា​បាវ​បម្រើ​លោក​ម្ចាស់ ហ៊ាន​និយាយ​នឹង​លោក​ម្ចាស់​បាន ដ្បិត​ឥឡូវ​នេះ ខ្ញុំ​គ្មាន​កម្លាំង​កំហែង​ទេ ក៏​គ្មាន​ដង្ហើម​សល់​នៅ​ដែរ»។
18ពេល​នោះ លោក​ម្នាក់​មាន​ភាព​ដូច​មនុស្ស បាន​ពាល់​ខ្ញុំ​ម្ដង​ទៀត ហើយ​ធ្វើ​ឲ្យ​ខ្ញុំ​មា​ន​កម្លាំង​ឡើង​វិញ។ 19លោក​ពោល​ថា៖ «ឱ​អ្នក​សំណព្វ​យ៉ាង​សំខាន់​អើយ កុំ​ខ្លាច​អី សូម​ឲ្យ​បាន​ប្រកប​ដោយ​សេចក្ដី​សុខ‌សាន្ដ។ ចូរ​មាន​កម្លាំង ហើយ​ក្លាហាន​ឡើង!» កាល​លោក​មាន​ប្រសាសន៍​មក​ខ្ញុំ ខ្ញុំ​ក៏​មាន​កម្លាំង​ឡើង​វិញ ហើយ​ខ្ញុំ​និយាយ​ថា៖ «សូម​លោក​ម្ចាស់​មាន​ប្រ‌សាសន៍​មក​ចុះ ព្រោះ​លោក​ម្ចាស់​បាន​ចម្រើន​កម្លាំង​ខ្ញុំ​ហើយ»។ 20ពេល​នោះ លោក​មាន​ប្រសាសន៍​ថា៖ «តើ​លោក​ដឹង​ឬទេ ថា​ហេតុ​អ្វី​បាន​ជា​ខ្ញុំ​មករក​លោក? តែ​ឥឡូវ​នេះ ខ្ញុំ​នឹង​ត្រឡប់​ទៅប្រ​យុទ្ធ​នឹង​ម្ចាស់​នៃ​នគរ​ពើស៊ី​វិញ ហើយ​ពេល​ខ្ញុំ​ចេញ​ទៅ នោះ​ម្ចាស់​នៃ​នគរ​ក្រិក​នឹង​មក​ដល់។ 21ប៉ុន្តែ ខ្ញុំ​នឹង​ប្រាប់​លោក​អំពី​សេចក្ដី​ដែល​ចែង​ទុក​ក្នុង​ក្រាំង​នៃ​សេចក្ដី​ពិត។ គ្មាន​អ្នក​ណា​ជួយ​ខ្ញុំ​តទល់​នឹង​ពួក​ទាំង​នោះ​ឡើយ មាន​តែ​មីកែល ជា​ទេវតា​របស់​លោក​ប៉ុណ្ណោះ»។

ទើបបានជ្រើសរើសហើយ៖

ដានី‌យ៉ែល 10: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល