កូឡុស 4
4
1ចៅហ្វាយរាល់គ្នាអើយ ចូរប្រព្រឹត្តចំពោះអ្នកបម្រើរបស់ខ្លួនដោយសុចរិត និងយុត្តិធម៌ចុះ ដោយដឹងថា អ្នកក៏មានចៅហ្វាយម្នាក់នៅស្ថានសួគ៌ដែរ។
ពាក្យដាស់តឿនផ្សេងៗ
2ចូរព្យាយាមអធិស្ឋាន ទាំងចាំយាមក្នុងសេចក្តីនោះឯង ដោយពាក្យអរព្រះគុណ 3ហើយអធិស្ឋានឲ្យយើងខ្ញុំផង ដើម្បីឲ្យព្រះបានបើកទ្វារឲ្យយើងខ្ញុំប្រកាសព្រះបន្ទូល គឺប្រកាសពីសេចក្ដីអាថ៌កំបាំងរបស់ព្រះគ្រីស្ទ ដែលខ្ញុំជាប់ចំណងដោយសារការនេះឯង 4ហើយដើម្បីឲ្យខ្ញុំបានសម្ដែងសេចក្ដីអាថ៌កំបាំងនេះ តាមដែលខ្ញុំត្រូវនិយាយ។ 5ចូរប្រព្រឹត្តចំពោះពួកអ្នកក្រៅដោយប្រាជ្ញា ទាំងចេះប្រើពេលវេលាផង។ 6ចូរឲ្យពាក្យសម្ដីរបស់អ្នករាល់គ្នាបានប្រកបដោយព្រះគុណជានិច្ច ទាំងបង់អំបិលផង ដើម្បីឲ្យដឹងថា អ្នករាល់គ្នាគួរឆ្លើយដល់មនុស្សគ្រប់គ្នាយ៉ាងណា។
ពាក្យជម្រាបសួរ និងពាក្យប្រសិទ្ធពរចុងក្រោយ
7លោកទីឃីកុស ជាបងប្អូនស្ងួនភ្ងា ជាអ្នកជំនួយដ៏ស្មោះត្រង់ និងជាអ្នកបម្រើជាមួយគ្នាក្នុងព្រះអម្ចាស់ គាត់នឹងប្រាប់ឲ្យអ្នករាល់គ្នាដឹងគ្រប់ការទាំងអស់អំពីខ្ញុំ។ 8ខ្ញុំបានចាត់គាត់ឲ្យមកជួបអ្នករាល់គ្នាសម្រាប់គោលបំណងនេះឯង គឺឲ្យអ្នករាល់គ្នាបានដឹងពីសុខទុក្ខរបស់យើង ហើយឲ្យគាត់បានលើកទឹកចិត្តអ្នករាល់គ្នា 9ខ្ញុំចាត់ឲ្យគាត់មកជាមួយលោកអូនេស៊ីម ជាបងប្អូនស្ងួនភ្ងា និងជាមនុស្សស្មោះត្រង់ ជាម្នាក់ក្នុងចំណោមអ្នករាល់គ្នា។ អ្នកទាំងពីរនឹងប្រាប់ឲ្យអ្នករាល់គ្នាដឹងពីគ្រប់ការទាំងអស់នៅទីនេះ។
10លោកអើរីស្តាក ដែលជាប់គុកជាមួយខ្ញុំ សូមជម្រាបសួរមកអ្នករាល់គ្នា ហើយលោកម៉ាកុស ជាក្មួយលោកបាណាបាស ក៏សូមជម្រាបសួរមកអ្នករាល់គ្នាដែរ អ្នករាល់គ្នាបានទទួលបង្គាប់ ពីរឿងគាត់រួចទៅហើយថា ប្រសិនបើគាត់មក សូមអ្នករាល់គ្នាទទួលគាត់ចុះ។ 11រីឯលោកយេស៊ូវ ដែលហៅថា យូស្ទុស ក៏សូមជម្រាបសួរមកអ្នករាល់គ្នាដែរ។ ក្នុងចំណោមពួកអ្នកកាត់ស្បែក មានតែអ្នកទាំងនេះទេដែលបានរួមការងារជាមួយខ្ញុំសម្រាប់ព្រះរាជរបស់ព្រះ ហើយគេបានកម្សាន្តចិត្តខ្ញុំ។ 12លោកអេប៉ាប្រាស ជាអ្នកបម្រើរបស់ព្រះគ្រីស្ទ និងជាម្នាក់ក្នុងចំណោមអ្នករាល់គ្នា ក៏សូមជម្រាបសួរមកអ្នករាល់គ្នាដែរ។ គាត់ខំប្រឹងអធិស្ឋានឲ្យអ្នករាល់គ្នាជានិច្ច ដើម្បីឲ្យអ្នករាល់គ្នាបានឈរមាំមួន ពេញវ័យ ហើយយល់ច្បាស់ពីព្រះហឫទ័យរបស់ព្រះគ្រប់ជំពូក។ 13ដ្បិតខ្ញុំសូមធ្វើបន្ទាល់ពីគាត់ថា គាត់ខំប្រឹងប្រែងណាស់សម្រាប់អ្នករាល់គ្នា សម្រាប់អស់អ្នកនៅក្រុងឡៅឌីសេ និងក្រុងហេរ៉ាប៉ូល។ 14លោកលូកា ជាគ្រូពេទ្យស្ងួនភ្ងា និងលោកដេម៉ាស ក៏សូមជម្រាបសួរមកអ្នករាល់គ្នាដែរ។ 15សូមជម្រាបសួរដល់ពួកបងប្អូននៅក្រុងឡៅឌីសេ និងដល់នាងនីមផាស ព្រមទាំងក្រុមជំនុំដែលប្រជុំគ្នានៅផ្ទះគាត់ផង។ 16ពេលអានសំបុត្រនេះនៅក្នុងចំណោមអ្នករាល់គ្នាហើយ សូមឲ្យក្រុមជំនុំនៅក្រុងឡៅឌីសេអានផង ហើយអ្នករាល់គ្នាក៏ត្រូវអានសំបុត្រពីក្រុងឡៅឌីសេវិញដែរ។ 17សូមប្រាប់លោកអើឃីពថា «ចូរយកចិត្តទុកដាក់នឹងបំពេញការងារដែលអ្នកបានទទួលក្នុងព្រះអម្ចាស់ឲ្យបានសម្រេចចុះ»។
18ខ្ញុំ ប៉ុល សរសេរពាក្យជម្រាបសួរនេះដោយដៃខ្ញុំផ្ទាល់។ សូមអ្នករាល់គ្នានឹកចាំពីចំណងរបស់ខ្ញុំ។ សូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណ។ អាម៉ែន។:៚
ទើបបានជ្រើសរើសហើយ៖
កូឡុស 4: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies