ដូច្នេះ ប្រសិនបើអ្នករាល់គ្នាបានរស់ឡើងវិញជាមួយព្រះគ្រីស្ទមែន ចូរស្វែងរកអ្វីៗដែលនៅស្ថានលើ ជាស្ថានដែលព្រះគ្រីស្ទគង់ខាងស្តាំព្រះហស្តរបស់ព្រះនោះវិញ។ ចូរគិតពីអ្វីៗដែលនៅខាងលើ កុំគិតពីអ្វីៗដែលនៅផែនដីឡើយ ដ្បិតអ្នករាល់គ្នាបានស្លាប់ហើយ ឯជីវិតរបស់អ្នករាល់គ្នាក៏បានលាក់ទុកជាមួយព្រះគ្រីស្ទក្នុងព្រះដែរ។ ពេលព្រះគ្រីស្ទដែលជាជីវិតរបស់អ្នករាល់គ្នាលេចមក នោះអ្នករាល់គ្នាក៏នឹងលេចមកជាមួយព្រះអង្គក្នុងសិរីល្អដែរ។ ដូច្នេះ ចូរសម្លាប់និស្ស័យសាច់ឈាមរបស់អ្នករាល់គ្នា ដែលនៅផែនដីនេះចេញ គឺអំពើសហាយស្មន់ ស្មោកគ្រោក ចិត្តស្រើបស្រាល បំណងប្រាថ្នាអាក្រក់ និងចិត្តលោភលន់ ដែលរាប់ទុកដូចជាការថ្វាយបង្គំរូបព្រះ។ ដោយព្រោះអំពើទាំងនោះហើយ បានជាសេចក្តីក្រោធរបស់ព្រះធ្លាក់លើអស់អ្នកដែលមិនស្ដាប់បង្គាប់។ កាលអ្នករាល់គ្នារស់នៅក្នុងចំណោមអ្នកទាំងនោះពីដើម អ្នករាល់គ្នាក៏បានប្រព្រឹត្តអំពើទាំងនោះដែរ។ តែឥឡូវនេះ អ្នករាល់គ្នាត្រូវលះបង់អំពើទាំងអស់នោះចោល គឺកំហឹង ចិត្តក្ដៅក្រហាយ ចិត្តអាក្រក់ ពាក្យជេរប្រមាថ និងពាក្យអពមង្គលចេញពីមាត់អ្នករាល់គ្នាទៅ។ មិនត្រូវកុហកគ្នាឡើយ ដ្បិតអ្នករាល់គ្នាបានដោះមនុស្សចាស់ និងអំពើរបស់វាចោលចេញហើយ ចូរប្រដាប់ខ្លួនដោយមនុស្សថ្មី ដែលកំពុងតែកែឡើងខាងឯចំណេះដឹង ឲ្យត្រូវនឹងរូបអង្គព្រះ ដែលបង្កើតមនុស្សថ្មីនោះមក។ ក្នុងសណ្ឋាននោះ គ្មានសាសន៍ក្រិក និងសាសន៍យូដា ពួកកាត់ស្បែក និងពួកមិនកាត់ស្បែក ពួកមនុស្សព្រៃ ពួកជនជាតិភាគតិច អ្នកបម្រើ ឬអ្នកជាទៀតឡើយ គឺព្រះគ្រីស្ទជាគ្រប់ទាំងអស់ ហើយគង់នៅក្នុងគ្រប់ទាំងអស់!
អាន កូឡុស 3
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: កូឡុស 3:1-11
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ