អេម៉ុស 2:4-16

អេម៉ុស 2:4-16 គកស១៦

ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ដោយ​ព្រោះ​អំពើ​រំលង​ទាំង​បី​របស់​ពួក​យូដា អើ ដោយ​ព្រោះ​បួន​ផង យើង​នឹង​មិន​ព្រម​លើក​លែង​ទោស​គេ​ឡើយ ព្រោះ​គេ​បាន​បោះ‌បង់​ចោល​ក្រឹត្យ‌វិន័យ របស់​ព្រះ‌យេហូវ៉ា ហើយ​មិន​បាន​កាន់​តាម​ច្បាប់​របស់​ព្រះ‌អង្គ​សោះ គឺ​សេចក្ដី​ភូត​ភរ​របស់​គេ​បាន​ធ្វើ​ឲ្យ​គេ​វង្វេង​ចេញ ជា​សេចក្ដី​ភូត​ភរ​បុព្វ‌បុរស​គេ​បាន​គោរព​តាម។ យើង​នឹង​ចាត់​ភ្លើង​ឲ្យ​ទៅ​លើ​ស្រុក​យូដា ភ្លើង​នោះ​នឹង​ឆេះ​បំផ្លាញ​ទីមាំ​មួន របស់​ក្រុង​យេរូ‌សាឡិម។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ដោយ​ព្រោះ​អំពើ​រំលង​ទាំង​បី​របស់​អ៊ីស្រា‌អែល អើ ដោយ​ព្រោះ​បួន​ផង យើង​នឹង​មិន​ព្រម​លើក​លែង​ទោស​គេ​ឡើយ ព្រោះ​គេ​បាន​មនុស្ស​សុចរិត ដើម្បី​ប្រាក់ ហើយ​លក់​មនុស្ស​កម្សត់​ទុគ៌ត ដើម្បី​ស្បែក​ជើង​មួយ​គូ គេ​ជាន់​ក្បាល​ជន​ក្រីក្រ​ពន្លិច​ក្នុង​ធូលីដី គេ​បង្វែរ​ផ្លូវ​របស់​មនុស្ស​ទុគ៌ត ទាំង​កូន​ទាំង​ឪពុក​ចូល​ទៅ​ឯ​ស្រី​តែ​ម្នាក់ ដែល​ជា​កា​រប្រមាថ​នាម​ដ៏​បរិសុទ្ធ​របស់​យើង គេ​ក្រាល​សម្លៀក‌បំពាក់​ដែល​បាន​ទទួល​បញ្ចាំ ដេក​ចុះ​នៅ​ក្បែរ​គ្រប់​ទាំង​អាសនា ហើយ​នៅ​ក្នុង​ដំណាក់​នៃ​ព្រះ​របស់​គេ គេ​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ​របស់​ពួក​អ្នក ដែល​ខ្លួន​បាន​ពិន័យ។ ប៉ុន្តែ យើង​បាន​បំផ្លាញ​សាសន៍​អាម៉ូរី ដែល​មាន​កម្ពស់​ដូច​ដើម​តា‌ត្រៅ ហើយ​មាន​កម្លាំង​ដូច​ដើម​ម៉ៃសាក់ នៅ​មុខ​ពួក​គេ គឺយើង​បាន​បំផ្លាញ​ទាំង​ផល​របស់​គេ​ខាង​លើ ទាំង​ឫស​របស់​គេ​នៅ​ខាង​ក្រោម។ យើង​ក៏​បាន​នាំ​អ្នក​រាល់​គ្នា​ឡើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ ហើយ​បាន​នាំអ្នក​រាល់​គ្នា នៅ​ក្នុង​ទី​រហោ‌ស្ថាន​សែសិប​ឆ្នាំ ដើម្បី​ចាប់​យក​ស្រុក​របស់​សាសន៍​អាម៉ូរី ទុក​ជា​កេរ‌អាករ។ យើង​បាន​តាំង​កូន​ចៅ​ខ្លះ​របស់​អ្នក​រាល់​គ្នា ឡើង​ធ្វើ​ជា​ហោរា ហើយ​កំលោះ​ខ្លះ​របស់​អ្នក​រាល់​គ្នា ធ្វើ​ជា​ពួក​ណាសារីត ឱ​ប្រជាជន​អ៊ីស្រា‌អែល​អើយ តើ​មិន​មែន​ដូច្នោះ​ទេ​ឬ? នេះ​ជា​ព្រះ​បន្ទូល​របស់​ព្រះ‌យេហូវ៉ា។ ប៉ុន្តែ អ្នក​រាល់​គ្នា​បាន​បង្ខំ​ឲ្យ​ពួក​ណាសារីត ផឹក​ស្រា ហើយ​បាន​ហាម​ដល់​ពួក​ហោរា​ថា "កុំ​ទាយ​ឡើយ"។ មើល៍ យើង​នឹង​កិន​អ្នក​រាល់​គ្នានៅ​កន្លែង​របស់​អ្នក ដូច​រទេះ​កិន​នៅ​ពេល​ដឹក​កណ្ដាប់ស្រូវ​ពេញ​ដែរ។ អំណាច​រត់​រួចនឹង​ចេញ​បាត់​ពី​មនុស្ស​លឿន ឯ​មនុស្ស​មាន​កម្លាំងក៏​មិនអាច បញ្ចេញ​កម្លាំង​របស់​ខ្លួន​បាន ហើយ​មនុស្ស​ខ្លាំង​ពូកែ​ក៏​សង្គ្រោះ​ខ្លួន​មិន​បាន​ដែរ អ្នក​ដែល​កាន់​ធ្នូ​នឹង​មិន​អាច​ឈរ​នៅ​បាន អ្នក​ដែល​ជើង​ពូកែ​រត់ នឹង​សង្គ្រោះ​ខ្លួន​ឯង​មិន​រួច ហើយ​អ្នក​ដែល​ជិះ​សេះ ក៏​នឹង​សង្គ្រោះ​ខ្លួន​មិន​បាន​ដែរ អ្នក​ដែល​មាន​ចិត្ត​ក្លាហាន ក្នុង​ចំណោម​មនុស្ស​ខ្លាំង​ពូកែ គេ​នឹង​រត់​ទៅ​ទាំង​ខ្លួន​អាក្រាត​នៅ​ថ្ងៃ​នោះ នេះ​ជា​ព្រះ​បន្ទូល​របស់​ព្រះ‌យេហូវ៉ា។

អាន អេម៉ុស 2

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង អេម៉ុស 2:4-16